ក្រុមហ៊ុនវីតាល់ដែលជាក្រុមហ៊ុនផលិតទឹកពិសាគុណភាពខ្ពស់ និងល្បីល្បាញលើសកម្មភាពសប្បុរសធម៌ បានសហការជាមួយនិងក្រុមយុវជនស្ម័គ្រចិត្តជាង៥០នាក់ ដើរប្រមូលចាស់ជរាក្រីក្រគ្មានផ្ទះសំបែង ជាង២០០នាក់នៅភ្នំពេញ មកទទួលយកភួយ និងគ្រឿងឧបភោគបរិភោគ ព្រមទាំងថ្នាំសង្កូវ ដើម្បីបំពេញនូវតម្រូវការកំឡុងពេលរដូវធ្លាក់ខ្យល់អាកាសធាតុត្រជាក់ឈានចូលមកដល់។
កម្មវិធី «វីតាល់ផ្តល់ភាពកក់ក្តៅ» បានធ្វើឡើងកាលពីរសៀលថ្ងៃសៅរ៍ ទី២៥ ខែ វិច្ឆិកា ឆ្នាំ ២០១៧ នៅទល់មុខវាលព្រះសុមេរុ ដែលអញ្ជើញចូលរួមពីលោកស្រី ជឹង សុគន្ធាវី អគ្គនាយិកានៃក្រុមហ៊ុន វីតាល់ មន្ត្រីខណ្ឌដូនពេញ យុវជនអ្នកស្ម័គ្រចិត្ត និងក្រុមការងារវីតាល់ជាច្រើននាក់។
យុវជនតាំង គឹមឡេង អ្នកដឹកនាំក្រុមយុវជនស្ម័គ្រចិត្តបានឱ្យដឹងថាបើតាមការសិក្សាស្រាវជ្រាវរបស់យុវជនស្ម័គ្រចិត្ត បានបញ្ជាក់ថាលោកតាលោកយាយចាស់ជរាដែលគ្មានផ្ទះសម្បែងជាង២០០នាក់នេះ ភាគច្រើនប្រកបរបររកស៊ីតូចតាច ពួកគាត់មានអាយុចាប់ពី ៦០ឆ្នាំឡើងទៅ។ពួកគាត់បានចាកចេញពីស្រុកកំណើតមកប្រកបរបរតិចតូចដើម្បីចញ្ចឹមជីវិត អ្នកខ្លះលក់អំបោស សំលៀងកាំបិត និងកាន់ជញ្ជីងថ្លឹងគីឡូ។ល។ ប្រាក់ចំណូលដែលពួកគាត់រកបានគឺតិចតូចណាស់ដែលជាមធ្យម ក្រោម២ម៉ឺនរៀលប៉ុណ្ណោះក្នុងមួយថ្ងៃដែលធ្វើឲ្យគាត់មិនមានលទ្ធភាពជួលផ្ទះនិងបង្ខំចិត្តដើរសម្រាន្តតាមសំយ៉ាបផ្ទះអ្នកដទៃ។
ដោយសារតែមើលឃើញការលំបាកច្រើនសណ្ឋានបែបនេះ ស្របពេលនឹង ខែធ្លាក់ខ្យល់នឹងឈានចូលមកដល់ មូលនិធិវីតាល់បានពាំនាំ កម្មវិធី «វីតាល់ផ្តល់ភាពកក់ក្តៅ» ដែលនឹងនាំយកអំណោយជាភួយដ៏កក់ក្តៅ អង្ករ១០គីឡូ ថ្នាំសង្កូវ និងថវិកាជូនពួកគាត់ ដែលរំពឹងថាអាចនឹងជួយសម្រួលនិងដោះស្រាយបញ្ហាជីវភាពលោកតាលោយាយមួយគ្រាកំឡុងពេលរដូវធ្លាក់ខ្យល់រងានេះ។
លោកស្រីអគ្គនាយិកាវីតាល់ ជឹង សុគន្ធាវី បានមានប្រសាសន៍ថា៖លោកស្រី ពិតជាមានចិត្តរំភើបនិងរីករាយជាខ្លាំងដែលបានដឹកនាំក្រុមការងារវីតាល់ឲ្យមានវត្តមាននៅទីនេះដើម្បីប្រារព្ធកម្មវិធី«វីតាល់ផ្តល់ភាពកក់ក្តៅ»ដែលជាកម្មវិធីសប្បុរសធម៌ចែកភួយ និងស្បៀង ដ៏ធំមួយប្រចាំឆ្នាំដើម្បីជួយដល់ចាស់ជរាដែលមានជីវភាពក្រលំបាកជាង២០០នាក់ ដែលកំពុងរស់តាមទីសាធារណៈនៅទីក្រុងភ្នំពេញ។
លោកស្រីបានបន្តថា ការប្រារព្ធកម្មវិធីនេះឡើងគឺផ្អែកលើគោលបំណង ពង្រឹងវប្បធម៌ចែករំលែក, បង្កើនការផ្តល់ភាពកក់ក្តៅដល់ដូនចាស់ៗក្នុងពេលរដូវរំហើយចូលមកដល់ ,លើកទឹកចិត្តឲ្យមានការចូលរួមពីសាធារណជននិងបំពេញបន្ថែមនូវកង្វះខាតស្បៀងនិងថ្នាំសង្កូវដល់ជនចាស់ជរា។
ឈ្លៀតក្នុងឱកាសនោះដែរ លោកស្រីក៏ បានថ្លែងអំណរគុណដល់ក្រុមយុវជនស្ម័គ្រចិត្តជាង ៥០នាក់ដែលបានចូលរួមក្នុងការងារស្ម័គ្រចិត្តនៅថ្ងៃនេះ ដែលការចួលរួមនេះគឺមានតម្លៃមិនអាចកាត់ថ្លៃបាននិងបង្ហាញកាន់តែច្បាស់ពីសាមគ្គីភាពរបស់យុវជនក្នុងសង្គមខ្មែរយើង។
ទស្សនៈវិស័យរបស់ វីតាល់មិនត្រឹមតែចង់ធ្វើសកម្មភាពសប្បុរសធម៌កាន់តែច្រើននោះតែ ក្រុមហ៊ុនក៏មានបំណង លើកទឹកចិត្តនិងផ្សព្វផ្សាយកម្មវិធីសប្បុរសធម៌នៅក្នុងប្រទេសកម្ពុជាឲ្យមានភាពកាន់តែពុះកញ្ជ្រោលផងដែរ។ វីតាល់ប្តេជ្ញាថានឹងយកកញ្ចប់ថវិកាសប្បុរសធម៌ ដែលបានចូលរួមពីអតិថិជនទាំងអស់ទៅធ្វើកម្មវិធីសប្បុរសធម៌ជាច្រើនបន្ថែមទៀត ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនត្រឡប់ទៅអតិថិជនទាំងអស់វិញ។ ដូច្នេះសូមចងចាំថា គ្រាន់តែជាអតិថិជនវីតាល់ អ្នកគឺបានចូលរួមធ្វើបុណ្យកុសល និងចូលរួមចំណែកនៃការជួយ និងអភិវឌ្ឍសង្គមបានជាច្រើន «វីតាល់មោទនភាពផលិតផលជាតិ»៕