Friday, December 27, 2024
Homeព័ត៌មានជាតិគូស្នេហ៍ភក្តី ឪពុកខាងស្រីកាត់កាល់

គូស្នេហ៍ភក្តី ឪពុកខាងស្រីកាត់កាល់

ហេតុតែសេចក្តីស្នេហា បានអូសទាញនារីម្នាក់នេះ ឱ្យភ្លេចប្រពៃណីទំនៀមទម្លាប់ខ្មែរ ហ៊ានសាងស្នេហ៍អត់ខាន់ស្លា ជាមួយសង្សារ ដែលនាងស្រលាញ់ពេញបេះដូង។ ឪពុករបស់នាងខ្លាចខូចពូជ អម្បូរ ក៏ព្យាយាមហៅនាងទៅស្រុកវិញ រួចបង្ខាំងឱ្យនៅតែក្នុងផ្ទះ តែនាង ជម្នះលួចរត់មកជួបគូជីវិត ទាល់តែបាន ធ្វើឱ្យឪពុកខឹងសម្បា កាត់សាច់១ដុំនេះចោល គ្មានស្រណោះ…។

នាងទូច សុខខេង អាយុ២២ឆ្នាំ រស់នៅភូមិពនកក ឃុំ បាស្រែ ស្រុកអង្គរបុរី ខេត្តតាកែវ បានរៀបរាប់ថា រូបនាងជាកូនពៅ ក្នុងចំណោមបងប្អូន៣នាក់ ម្តាយស្លាប់ នៅតែឪពុកបានយកប្រពន្ធ ក្រោយទៀត។ តាមពិត នាងមានស្រុកកំណើត នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ឯណោះទេ បន្ទាប់ពីឈប់រៀនត្រឹមថ្នាក់ទី៩ ចប់អនុវិទ្យាល័យ ឯស្រុកកំណើត ក៏ចេញដើររកស៊ីស្រុកឆ្ងាយរហូតមក។ មុនដំបូង នាងបានទៅដល់ភ្នំពេញ ក៏មានមិត្តភក្តិជួយទាក់ទងឱ្យបាន ចូលធ្វើការក្នុងហាងលក់ដូរសម្លៀកបំពាក់មួយកន្លែង ជិតចម្ការព្រីង ជាសួនឧទ្យានល្បីដីភ្នំពេញ។ នៅកន្លែងធ្វើការនោះ នាងរាប់អានមិត្តស្រីម្នាក់ ដែលមកពីខេត្តតាកែវ ហើយមិត្តស្រីនោះ មានបងប្រុសម្នាក់នៅកំលោះឈ្មោះកែម វ៉ន សព្វថ្ងៃ អាយុ២២ឆ្នាំ ឧស្សាហ៍មកលេងដល់ហាង សួរសុខទុក្ខប្អូនស្រីគេ។ ដោយបានមិត្តស្រីណែនាំ នាងក៏បន្តរាប់អានកំលោះវ៉ន ជាមិត្តម្នាក់ដែរ និងតែងឆ្លើយឆ្លងគ្នាតាមទូរស័ព្ទមិនសូវដាច់។ នៅពេលទំនេរពីការងារម្តងៗ កំលោះវ៉ន តែងមកបបួលប្អូនស្រីគេ និងរូបនាងទៅដើរលេង កម្សាន្ត ក្នុងឧទ្យានចម្ការព្រីង ផ្តិតទំព័រអនុស្សាវរីយ៍ជាមួយ គ្នាមិនអាចបំភ្លេចបានឡើយ។

លោកកែម វ៉ន និងនាងទូច សុខខេង ជាមួយកូនៗ

នាងទូច សុខខេង បន្តទៀតថា រាប់អានគ្នាបានជាង២ខែ រវាងនាងនិងកំលោះវ៉ន ក៏ប្រែក្លាយមិត្តភាពទៅ ជាសេចក្តីស្នេហាពេញបេះដូង។ ទោះជាដឹងថា គ្រួសារគេមកពីជំរំ គ្មានទ្រព្យសម្បត្តិអ្វីជាដុំកំភួន ក៏នាងនៅតែ ស្រលាញ់គេបាត់មុខស្ទើរមិនបាន រហូត ដាច់ចិត្តកាត់កេរ្តិ៍ខ្មាសចេញពីហាងលក់សម្លៀកបំពាក់ ស្កាត់ទៅជួប គេដល់ស្រុកកំណើតរបស់គេឯខេត្តតាកែវ។ ពេលបានជួបគ្នា នាងហ៊ានបូជាព្រហ្មចារីជូនសង្សារដោយមិន ស្តាយស្រណោះ ព្រោះចាស់ទុំខាងគេមិនជំទាស់អ្វីឡើយ។ ផ្ទុយទៅវិញ ឪពុកនិងម្តាយចុងរបស់នាងខឹងសម្បាខ្លាំងណាស់ បានទូរស័ព្ទស្តីបន្ទោសនាងថា ជាស្រីមារយាទថោកហ៊ានយកប្តីចិត្តឯង ខូចពូជអម្បូរអស់ហើយ។ ឪពុកបានទាំងតាមស៊ើបសួររកនាងទាល់តែឃើញ និងហៅទៅនៅស្រុកវិញទៀតផង តែនាងប្រកែកមិនព្រម ទៅ ធ្វើឱ្យគាត់មួម៉ៅវិលទៅវិញបាត់។

លោកកែម វ៉ន

នាងទូច សុខខេង បន្តទៀតថា ក្រោយមក ឪពុកបានប្រើល្បិចឱ្យអ៊ំរបស់នាងទូរស័ព្ទមកប្រាប់ថា ឪពុក មានជំងឺធ្ងន់ណាស់ ត្រូវនាងប្រញាប់ទៅស្រុកជាបន្ទាន់។ ហេតុតែបារម្ភនឹងជំងឺឪពុក នាងក៏លាគូស្នេហ៍ចេញ ទៅស្រុកកំណើតឯខេត្តកំពង់ចាម ទាំងក្រៀមក្រំ លុះទៅដល់ បែរជាឃើញឪពុកមានសុខភាពល្អ ងាកមកស្តីបន្ទោសនាងមិនបណ្តាក់មាត់ គាត់ថានាងយកប្តីអ្នកក្រ តើសង្ឃឹមអ្វីបាន? បន្ទាប់មក គាត់ចាក់សោបង្ខាំង នាងឱ្យនៅតែក្នុងផ្ទះ ធ្វើឱ្យនាងពិបាកចិត្តស្ទើរប្រេះដើមទ្រូងស្លាប់។ ថ្ងៃមួយ នាងសុំឪពុកចេញទៅបត់ជើង ក្រោយផ្ទះ លុះឪពុកប្រហែសតែបន្តិច នាងក៏លួចរត់តែខោអាវមួយចង្កេះ តែមានសោហ៊ុយខ្លះ ទៅឡើងរថយន្តឈ្នួល គេចមកជួបគូជីវិតវិញ។ តាំងពីពេលនោះមក ឪពុកក៏កាត់កាល់នាង ចោលតែម្តង សូម្បីនាងបង្កើតបានកូន២នាក់ទៅហើយ ក៏គាត់មិនដែលមកអើត ចំណែក រូបនាងក៏មិនហ៊ានទៅជួបគាត់ដែរ។

នាងទូច សុខខេង

ដោយឡែក លោកកែម វ៉ន អាយុ២២ឆ្នាំ ជាប្តី បានឱ្យដឹងថា រឿងស្នេហា រវាងលោក និងភរិយានេះកម្សត់ណាស់ ព្រោះត្រូវឪពុកក្មេកបំបែកបំបាក់ កាត់កាល់អត់អាសូរ។ នេះមកពីកំហុសរបស់លោកផងដែរ ដែលមិន បានចូលស្តីដណ្តឹងរៀបការតាមប្រពៃណី បែរជានាំគ្នាលេងផ្លូវកាត់ ធ្វើឱ្យឪពុកក្មេកខឹងសម្បាខ្មាសញាតិ ដោយហេតុជីវភាពគ្រួសារលោកក្រីក្រ អត់លុយរៀបការ។ តាមពិត លោកចាប់កំណើត នៅឯជំរំព្រំប្រទល់ដែនថៃ ឯណោះទេ លុះបានធ្វើ មាតុភូមិនិវត្តន៍ ក៏គ្មានដីស្រែចម្ការដូចគេ រស់ដោយសារការដើរស៊ីឈ្នួលជួលព័ទ្ធគេ។ ទោះយ៉ាងណា រវាងលោក និងនាងសុខខេង បានត្រឹមសែនព្រេនមួយ ព្រឹកដែរ ដើម្បីបំពេញភ្នែកញាតិ ដែលសព្វថ្ងៃបង្កើត បានកូន២នាក់ (ស្រី១ ប្រុស១) ដែលកូនទី២ ទើប នឹងកើតនាពេលថ្មីៗនេះ។

ខ្ទមកម្សត់ របស់គូស្នេហ៍ទាំងពីរ

អ្នកស្រីមឿង សារ៉ុម អាយុ៤៧ឆ្នាំ ជាម្តាយខាងប្រុស បានឱ្យដឹងថា មូលហេតុដែលគ្រួសារគាត់ក្រ គឺមកពីរវល់រត់ចុះឡើងពេលស្រុកកើតសង្គ្រាម។ គាត់ពិតជាគ្មានលុយស្តីដណ្តឹងកូនប្រសាស្រីនេះមែន បណ្តាលឱ្យដន្លងប្រុសនោះខឹងសម្បា តាមយកកូន ទៅវិញ តែដោយសារនាងសុខខេង ស្មោះត្រង់នឹង កូនប្រុសគាត់ ក៏លួចរត់មកវិញ ទើបអ្នកដន្លងនោះ កាត់កាល់កូនតែម្តងទៅ។

លោកតាលេង លៀង

លោកតាលេង លៀង អាយុ៦១ឆ្នាំ ជាអ្នកជិតខាង បានឱ្យដឹងថា គាត់អាណិតអាសូរប្តីប្រពន្ធ ក្មេងៗនេះណាស់ ព្រោះបើទោះជាឪពុកព្យាយាមបំបែក យ៉ាងណា ក៏នាងសុខខេង សុខចិត្តមករួមរស់ជាមួយ ប្តីដ៏ក្រីក្រ។ បើតាមគាត់ដឹង គ្រួសារខាងស្រីនៅខេត្ត កំពង់ចាម មានដីស្រែចម្ការបង្កបង្កើនផលមិនក្រទេ លុះមកឃើញជីវភាពខាងប្រុសត្រដាបត្រដួស ដើរ ស៊ីឈ្នួលជួលព័ទ្ធគេបែបនេះ ក៏ចង់បំបែក លុះធ្វើអ្វី មិនកើតក៏កាត់កាល់។ ទោះយ៉ាងណា គាត់មានជំនឿ ថា បើឪពុកខាងស្រីបានឃើញចៅតូចៗទាំងពីរច្បាស់ ជាត្រជាក់ចិត្តវិញមិនខាន ព្រោះធម្មតាខ្មែរយើង “ស្រលាញ់កូន១តៅ ស្រលាញ់ចៅ១ថាំង”។

អ្នកស្រីមឿង សារ៉ុម

គួរបញ្ជាក់ថា សេចក្តីស្នេហាវាចាប់ប្រភពពី សេចក្តីអាណិតធំជាងស្រលាញ់ទៅទៀត ពោលគឺមក ពីនាងសុខខេង បានឃើញជីវភាពគ្រួសារប្តី ដ៏ក្រីក្រ ធ្វើឱ្យនាងអាណិតដកចិត្តមិនរួច ក៏ផុសសេចក្តីស្នេហា ទ្វេឡើង។ ទោះយ៉ាងណា ការប្រព្រឹត្តិខុសប្រពៃណី ចាត់ទុកជាកំហុសរបស់នាង ជាហេតុនាំឱ្យអ្នកមានគុណខឹងសម្បា គួរតែនាងនិងប្តីព្យាយាមអត់ធ្មត់ កុំតបតនឹងឪពុក យូរៗទៅ គាត់នឹងទន់ចិត្តអាណិត មេត្តាទៅវិញ មិនខានឡើយ…”៕

RELATED ARTICLES