Thursday, December 26, 2024
Homeព័ត៌មានជាតិប្តីប្រពន្ធស្អប់គ្នា អះអាងត្រូវអំពើគេ

ប្តីប្រពន្ធស្អប់គ្នា អះអាងត្រូវអំពើគេ

ជំនឿទៅលើខ្មោចបិសាច អាបធ្មប់ អំពើអំព័ន្ធ ត្រូវបានប្រជាពលរដ្ឋ នៅតាមព្រំប្រទល់ដែនកម្ពុជា-វៀតណាម ក្នុងខេត្តកំពត ផ្តោតជំនឿ មិនប្រែប្រួលឡើយ។ យ៉ាងណាមិញ ប្តីប្រពន្ធ១គូនេះ ចេះតែស្អប់គ្នា រហូតប្រើអំពើហិង្សា មិនព្រមរួមដំណេកជាមួយគ្នា ក៏ជឿថា មកពីមានគេធ្វើអំពើ ខណៈដែលពួកគាត់មិនព្រមទៅមន្ទីរពេទ្យ…។

លោកសុខ ប៊ី អាយុ៤២ឆ្នាំ រស់នៅភូមិ បាយទា ឃុំស្វាយទងខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត បានរៀបរាប់ទាំងក្រៀមក្រំថា លោកជា កូនកសិករមិនបានរៀនសូត្រអ្វីទេ លុះធំដឹងក្តីចេះ តែស៊ីឈ្នួលជួលព័ទ្ធគេប៉ុណ្ណោះ។ លុះមានអាយុ២២ឆ្នាំ ក៏បានចាប់ចិត្តប្រតិព័ទ្ធលើនាងក្រមុំម្នាក់ ឈ្មោះឆាយ សុខា អាយុប្អូនលោក១ឆ្នាំ នៅភូមិជាមួយគ្នា រហូតដល់ចាស់ៗផ្សំផ្គុំឱ្យទៅ។ តាំងពីរៀបការរួចមក ប្តីប្រពន្ធលោកស្រលាញ់គ្នាល្អូកល្អិនរហូត បង្កើតបានកូន៥នាក់ (ប្រុស៤ ស្រី១) ជាចំណងដៃ ផងដែរ។ លុះចូលមកដល់ឆ្នាំ២០១៥ លោកចេះតែ ឮអ្នកស្រុកនិយាយគ្រប់មាត់ថា មានបុរសៗខ្លះក្នុង ភូមិនេះ បានទៅរៀនវិជ្ជាធ្មប់ពីគ្រូនៅកម្ពុជាក្រោម លុះ វិលមកវិញ ក៏ចាប់ផ្តើមសាកល្បងមន្តអាគម របស់ខ្លួន បណ្តាលឱ្យមានជនរងគ្រោះជាបន្តបន្ទាប់។ ឱ្យតែអ្នកភូមិណាមានជំងឺប្លែក ដូចជាហើមពោះ ចាក់ ដោតពេញខ្លួនដាក់ថ្នាំមិនត្រូវ ក៏ជឿថា មកពីត្រូវអំពើ គេ ហើយក៏មិនស្គាល់អ្នកធ្វើអំពើនោះ ជាអ្នកណាដែរ។ ចំពោះរូបលោក ដើមឡើយមានសុខភាពល្អណាស់ លុះប៉ុន្មានឆ្នាំចុងក្រោយនេះ ចេះតែពិបាកក្នុងខ្លួន ឆាប់ខឹងក្រេវក្រោធ ជាពិសេស ស្អប់ប្រពន្ធមិនចង់ឃើញមុខ  ឱ្យតែឃើញចង់តែស្ទុះទៅក្រញីហែកសាច់ស៊ីទាំងរស់។

លោកសុខ ប៊ី និងអ្នកស្រីឆាយ សុខា

លោកសុខ ប៊ី បន្តថា ពេលលោកត្រូវការរួមរ័កជាមួយប្រពន្ធ ម្តងៗ វាចេះតែក្តៅក្រហាយអន្ទះអន្ទែង ដូចឱបភ្លើង មិនដូចកាល រួមរស់ជាមួយគ្នាពីមុននោះឡើយ។ ២ឆ្នាំ កន្លងមកនេះ លោកខាន ប៉ះពាល់ដេករួមរឹតជាមួយប្រពន្ធ ចំណែកប្រពន្ធក៏ខ្លាចប្តីដូចខ្លា លុះទៅរកគ្រូទស្សន៍ទាយមើល គ្រូប្រាប់ថា មកពីលោកនិងប្រពន្ធ ត្រូវអំពើគេ លុះសួរថា អ្នកណាធ្វើអំពើ? គ្រូថា មិនដឹងទេ។ សព្វថ្ងៃ លោកពិបាកក្នុងខ្លួនពេក រកស៊ីអ្វីក៏មិនកើតដែរ ធ្វើឱ្យប្រពន្ធកូនមួម៉ៅ និងត្រូវប្រពន្ធព្រមានថា បើលោកនៅតែធ្វើបាបនាងមិនឈប់ នាងនឹងរត់ចោលថ្ងៃណាមួយមិនខាន។ ឥឡូវលោកកំពុងតែពិបាក ចិត្តមិនដឹងបានគ្រូណាជួយដោះអំពើចង្រៃនេះចេញពីខ្លួនទេ បើឃើញប្រពន្ធចង់តែហែកស៊ីបែបនេះ។

អ្នកស្រីឆាយ សុខា

ដោយឡែក អ្នកស្រីឆាយ សុខា អាយុ៤១ឆ្នាំ ជាប្រពន្ធបាន ឱ្យដឹងថា អ្នកស្រីនិងប្តីនេះ តាំងពីចាប់ដៃគ្នាមក ទោះស៊ីអត់ស៊ីឃ្លាន យ៉ាងណា ក៏នៅតែមានសុភមង្គលក្នុងគ្រួសារ រហូតបង្កើតបានកូន ៥នាក់ ជាចំណងដៃនិស្ស័យស្នេហ៍។ លុះចូលមកដល់ឆ្នាំ២០១៥ ប្តីអ្នកស្រីដូចមានអ្វីចូលក្នុងខ្លួនចេះតែមួម៉ៅ កាចខុសពីមុន ជួនកាល គេហក់មកវ៉ៃធ្វើបាបគាត់អត់អាសូរ លុះត្រាតែកូនចាប់ទាញចេញ ទើបរួចខ្លួន។ ដោយសារតែប្តីធ្វើបាបពេក ទើបរយៈពេល២ឆ្នាំនេះ អ្នកស្រីមិនហ៊ានដេកជិតប្តីនេះទេ លុះ២ខែចុងក្រោយនេះ ក៏ត្រូវគេធ្វើបាបបន្ថែម ទ្រាំទ្រលែងបានហើយ។ អ្នកស្រីក៏មានដុំពោះ ប៉ុនកដៃ រត់ចុះឡើងក្នុងពោះ ចាក់រុកធ្វើឱ្យចុកចាប់ ទើបមិនអាច បំពេញបំណងប្តីបាន និងសង្ស័យថា ត្រូវអំពើគេទាំងពីរនាក់ប្តីប្រពន្ធ រកអ្នកណាជួយយោងអ្នកណាមិនបានទេ ណាមួយអស់ប្រាក់រលីងពីខ្លួន រកតែបាយហូបស្ទើរមិនបានផង។

លោកសុខ ប៊ី

អ្នកស្រីតឹង ឃី អាយុ៥១ឆ្នាំ និងអ្នកស្រីអ៊ុំ ទ្រី អាយុ៥៨ឆ្នាំ ជាម្តាយមីងរបស់អ្នកស្រីឆាយ សុខា បាននិយាយស្របគ្នាថា នៅក្នុងភូមិស្រុកនេះ ប៉ុន្មានឆ្នាំកន្លងមក ឮតែគេនិយាយតៗគ្នាថា មាន គេទៅរៀនវិជ្ជាធ្មប់ពីគ្រូនៅកម្ពុជាក្រោម។ សិស្សធ្មប់នោះ ពេលវិល មកស្រុកវិញ ក៏សាកល្បងសិល្ប៍ធ្មប់ របស់ខ្លួន គឺឱ្យតែស្អប់អ្នកណា ក៏ធ្វើឱ្យឈឺចាប់ ឬទាស់ទែងប្តីប្រពន្ធ។ ដូចគ្រួសារក្មួយទាំងពីរនេះ ដើមឡើយ ស្រលាញ់គ្នាល្អូកល្អិន ស្រាប់តែពេលនេះ ប្តីឃើញ មុខប្រពន្ធមិនបាន ចេះតែខឹងច្រឡោត ត្រូវវ៉ៃៗ ត្រូវ ទាត់ៗ ធ្វើឱ្យប្រពន្ធភ័យខ្លាចបាក់ស្បាតចង់រត់ចោល។ ចំណែកប្រពន្ធក៏មានដុំពោះរត់ចុះឡើងមិន អាចបម្រើ តណ្ហាប្តីបានឡើយ ម៉្លោះហើយទំនាស់ក្នុងគ្រួសារ កាន់តែធ្ងន់ទៅៗ។

លោកសុខ ប៊ី និងអ្នកស្រីឆាយ សុខា ជាមួយកូន

រីឯអ្នកជិតខាងមួយចំនួន បានឱ្យដឹងស្របគ្នាថា ពួកគាត់ជឿថា ប្តីប្រពន្ធមួយគូនេះពិតជាត្រូវអំពើគេតែ ម្តង ឯអ្នកធ្វើអំពើនោះ បានទៅរៀនពីគ្រូនៅកម្ពុជាក្រោម គង់តែថ្ងៃអស់លក្ខណ៍។ ពួកគាត់ក៏មានការ ប្រុងប្រយ័ត្នដែរ ដោយខ្លាចគេធ្វើអំពើបណ្តាល ឱ្យហើមពោះ ឬឆ្កួតវង្វេង មានតែធ្វើយ៉ាងណាកុំឱ្យគេ ស្អប់ ទើបបានសុខ ព្រោះអ្នកធ្វើអំពើនោះ លុះត្រាតែ ស្អប់ ទើបគេធ្វើ។

អ្នកស្រីអ៊ុំ ទ្រី

គួរបញ្ជាក់ថា ជំនឿបែបនេះ គ្មានភ័ស្តុតាងទេ ដែលជាហេតុនាំឱ្យមានការគុំកួនសងសឹកគ្នា។ កាលពី ប៉ុន្មានឆ្នាំមុន មានបុរសម្នាក់ នៅស្រុកកំពង់ត្រាច នេះ ដែរ បានទៅចងសន្ទូចឯវាលស្រែ ក៏ត្រូវគេស្ទាក់កាប់ សម្លាប់ រួចកាត់ក្បាលជាន់ពន្លិចក្នុងភក់ទឹកបឹង។ លុះ សមត្ថកិច្ចស្រាវជ្រាវក៏ចាប់បានឃាតករ៣នាក់ យក ទៅសាកសួរ និងមានចម្លើយថា មកពីជនរងគ្រោះ នោះជាគ្រូធ្មប់ បានធ្វើអំពើឱ្យបងប្អូនក្រុមគ្រួសារគេ ស្លាប់ ទើបពួកគេ

អ្នកស្រីតឹង ឃី

សងសឹកវិញ។ លុះសាកសួរប្រពន្ធ ជនរងគ្រោះ ដែលត្រូវគេសម្លាប់នោះ ឆ្លើយថា ប្តីគាត់ គ្មានចេះធ្មប់អ្វីទេ តែធ្លាប់សូត្រធម៌ថ្វាយបង្គំព្រះយប់ៗ ដែរ គឺធ្លាប់បួសពីមុន ទោះជាចេញទៅរកត្រីក៏មិនភ្លេច ធម៌ព្រះ។ ទំនងជាអ្នកស្តាប់ឮជនរងគ្រោះថ្វាយបង្គំ ព្រះ ស្មានថារាយមន្តអាគមធ្មប់ ក៏បបួលគ្នាស្ទាក់ សម្លាប់ ដែលទីបំផុតបានត្រឹមជាប់គុក។ ហេតុនេះ គួរតែបងប្អូនអញ្ជើញទៅមន្ទីរពេទ្យពិនិត្យអាការរោគ នោះសិន ព្រោះជំងឺដុំពោះអាចជាដុំគីសត្រូវវះកាត់ ទើបជាសះស្បើយ ឯអាការប្តីមួម៉ៅឃើញប្រពន្ធមិន បាននោះ អាចជារោគសរសៃប្រសាទ ឬជំងឺស្ត្រេស ក៏ថាបាន….”៕

RELATED ARTICLES