Thursday, December 26, 2024
Homeព័ត៌មានជាតិម៉ែឳរត់ចោល ទុកកូន៤នាក់ ឲ្យតាយាយឃ្វាល

ម៉ែឳរត់ចោល ទុកកូន៤នាក់ ឲ្យតាយាយឃ្វាល

នារីមួយចំនួនពូកែទ្រាំណាស់ ទោះជាប្តីប្រមឹកផឹកមិនស្វាង វាយធ្វើបាបយ៉ាងណា ក៏មិនដាច់ចិត្តចុះចោលឡើយ ព្រោះមានកូនជា ចំណងនិស្ស័យ។ ផ្ទុយទៅវិញ នារីម្នាក់នេះ ខឹងប្តីប្រមឹក ថ្ងៃណា ក៏ផឹកស្រវឹងធ្លាក់ភ្នែក ក៏ឱបបង្វេច រត់ចោលបាត់ ទោះជាប្តីតាមរក យ៉ាងណាក៏មិនឃើញដែរ តែស្ត្រី ជាម្តាយក្មេកបានប្រាប់ថា សព្វថ្ងៃ កូនប្រុសស្រីគាត់មានប្តីទៀតហើយ…។

ស្ត្រីរត់ចោលប្តីនេះ មានឈ្មោះលឹម ស៊ន អាយុ៣២ឆ្នាំ រស់នៅភូមិត្រពាំងអណ្តូង ឃុំខ្ជាយខាងត្បូង ស្រុកដងទង់ ខេត្តកំពត មានប្តីឈ្មោះនាក់ ប៉ែត អាយុ៣៦ឆ្នាំ។ ដោយសារនាងរត់ចោលប្តី ទើបស្ត្រីជាម្តាយក្មេកចេញមុខរៀបរាប់ជំនួស។
លោកយាយស៊ុម ខ្មៅ អាយុ៦៣ឆ្នាំ រស់នៅ ភូមិឃុំដូចខាងលើ បានឱ្យដឹងថា គាត់មានប្តីឈ្មោះ នាក់ នីម អាយុ៦១ឆ្នាំ បង្កើតបានកូន៧នាក់ (ប្រុស៣ ស្រី៤) ក្នុងនោះកូនប្រុសទី៥ឈ្មោះនាក់ ប៉ែត ជាតួអង្គក្នុងរឿងនេះ។ កូនប្រុសនេះ កាលនៅកំលោះ មានគំនិតមារយាទត្រឹមត្រូវណាស់ ទើបគាត់ទៅស្តីដណ្តឹងប្រពន្ធឱ្យ ជាកូនក្រមុំគេមានពូជពង្សវង្សត្រកូល ល្អឈ្មោះលឹម ស៊ន ស្រុកកំណើតនៅភូមិទួលស្រងាំ ឃុំភ្នំលាវ ស្រុកកំពង់ត្រាច ខេត្តកំពត។ បន្ទាប់ពីរៀបការរួចមក មុនដំបូង កូនប្រុសនេះរស់នៅខាងប្រពន្ធ ប្រកបមុខរបរធ្វើស្រែចម្ការចិញ្ចឹមជីវិត ដោយបង្កើតបាន កូនប្រុស១ ជាចំណងដៃនិស្ស័យស្នេហ៍។ ក្រោយមក បន្ទាប់ពីកូនៗរៀបការបែកសម្បុកអស់មក គាត់ក៏ទៅ យកកូនប្រុសនាក់ ប៉ែត និងកូនប្រសាស្រីនោះមកនៅជាមួយ គ្រាន់បានជាគ្នាកុំឱ្យស្ងាត់ពេក និងចែកដីស្រែឱ្យ កូនខ្លះគ្រាន់នឹងប្រកបរបរកសិកម្មតទៅ។

លោកនាក់ ប៉ែត និងនាងលឹម ស៊ន (កាលថ្ងៃរៀបការ)

លោកយាយស៊ន ខ្មៅ បន្តទៀតថា ពេលបានមករស់នៅផ្ទះកំណើតវិញ ស្រាប់តែកូនប្រុសភ្លើតភ្លើនមានមិត្តភក្តិបនភឿន ស៊ីផឹកស្រវឹងអួទីនួរាល់ថ្ងៃ ស្តីប្រដៅយ៉ាងណាក៏គេមិនយកត្រចៀកស្តាប់។ ពេលចូលមកដល់ផ្ទះម្តងៗ កូនប្រុសនេះតែងរករឿងវាយប្រពន្ធកូន ធ្វើឱ្យកូនប្រសាស្រីរងទុក្ខវេទនាថ្ងៃណាក៏យំដែរ និងធ្វើឱ្យជីវភាព ដុនដាបក្រទៅៗ រហូតដល់ថ្នាក់រកអង្ករច្រកឆ្នាំងស្ទើរមិនបាន។ ពេលប្តីក្លាយជាមនុស្សប្រមឹក ប្រពន្ធអត់ចេះ វិធីពន្យារកំណើត ក៏បង្កើតបានកូនឱ្យរដឹក សរុបទាំងមុនទាំងក្រោយ៤នាក់ឯណោះ (ស្រី៣ ប្រុស១) ធ្វើឱ្យភាពក្រីក្រ ជាន់ពន្លិចកាន់តែខ្លាំងជាងមុន។ ប្រឈមនឹងបញ្ហានេះ កូនប្រសាស្រី តែងតែពកូនតូចរត់ទៅស្រុកកំណើតនាង ជារឿយៗ លុះប្តីតាមអង្វរលួងលោមទន់ចិត្ត ក៏ត្រឡប់មកវិញ ហើយមិនបានប៉ុន្មាន ក៏ទាស់ទែងខ្វែងគំនិតគ្នាទៀត។

កូនៗ របស់លោកនាក់ ប៉ែត និងនាងលឹម ស៊ន


ស្ត្រីជាម្តាយបន្តទៀតថា ជាចុងក្រោយ នាងលឹម ស៊ន រត់ចោលប្តី លែងវិលត្រឡប់ ដោយប្តូរលេខទូរស័ព្ទ ទោះជាតាមទៅរកដល់ស្រុកកំណើតរបស់នាង ក៏រកមិនឃើញដែរ។ ទីបំផុត គាត់បានដំណឹងថា នាងគេចទៅនៅស្រុកឆ្ងាយ យកប្តីម្នាក់ទៀតហើយ ដោយទុកប្តីប្រមឹកឱ្យដេកឱបដបស្រាទៅ។ គាត់ស្តាយ កូនប្រសាស្រីនោះណាស់ ហើយក៏មិនបន្ទោសនាងដែរ ព្រោះនេះជាកំហុសកូន ប្រុសគាត់ដែលប្រដៅមិនស្តាប់ ឥឡូវប្រពន្ធទៅចោលបាត់ ក៏នៅតែផឹកមិនស្វាង។

លោកតានាក់ នីម

លោកតានាក់ នីម អាយុ៦១ឆ្នាំ ជាឪពុក បានឱ្យដឹងថា ចំពោះរឿងកូនប្រុស ប្រមឹកនោះ ពួកគាត់ជាឪពុកម្តាយខំប្រឹងទូន្មានកូនអស់ពីសមត្ថភាពហើយ តែដូច ចាក់ទឹកលើក្បាលទា។ ហេតុតែកូនប្រសាស្រីទ្រាំមិនបាន ក៏ឱបបង្វេចរត់ចោល ប្តីបាត់ ដែលមុនដំបូងរត់ជិតៗទេ ត្រឹមគេចទៅផ្ទះកំណើតរបស់នាង លុះក្រោយ មកក៏រត់ទៅធ្វើកម្មការិនីសំណង់នៅទីក្រុង។ ពេលកូនប្រសារត់បាត់ម្តងៗ ពួកគាត់ខំតាមអង្វរហៅនាងមកវិញ និងបង្រួបបង្រួមផ្សះផ្សាឱ្យកូនជានាគ្នាវិញ ប៉ុន្តែកូនប្រមឹកមិនព្រមកែខ្លួន ទើបប្រពន្ធរត់ចោលទៅមានប្តីថ្មីទៀតទៅ។ នាងបានផ្តាំផ្ញើតាមអ្នកភូមិថា នាងមិនវិលមកយកប្តីប្រមឹកនេះទៀតទេ និងប្រាប់ ពួកគាត់ឈប់តាមអង្វរនាងទៀតទៅ បានទាំងប្តូរលេខទូរស័ព្ទទៀតផង។

លោកយាយស៊ន ខ្មៅ

បុរសចំណាស់ជាឪពុកបន្តទៀតថា បើគិតមកទល់ពេលនេះ នាងកូនប្រសា ទៅបាត់៥ឆ្នាំហើយ មិនដែលមកអើតផ្ទះទេ និងឮ ដំណឹងថា នាងបង្កើតបានកូន២នាក់ទៀត ជាមួយប្តី ក្រោយនោះ និងឮដំណឹងទៀតថា នាងនិងប្តីទី២ ចេញទៅរកស៊ីនៅប្រទេសថៃ។ លុះដល់ប្រពន្ធរត់ ចោល ស្រាប់តែកូនប្រុសគាត់នៅមិនសុខ ក៏ចេញទៅ ធ្វើកម្មករសំណង់នៅទីក្រុងបាត់ដែរ ដោយទុកកូន ទាំងអស់ឱ្យយាយតាចិញ្ចឹមសែនវេទនាដូចអណ្តើកចូល ភ្លើង។ ទោះយ៉ាងណាក៏ពួកគាត់នៅតែព្យាយាម រកអង្ករដាំបាយចិញ្ចឹមចៅឱ្យរស់ និងព្យាយាមអប់រំ ពួកគេកុំឱ្យយកគំរូតាមឪពុកម្តាយឱ្យសោះ។


លោកយាយញ៉ន ភី អាយុ៦៥ឆ្នាំ លោកយាយអែម លាង អាយុ៧២ឆ្នាំ ជាអ្នកជិតខាង បានឱ្យដឹងស្របគ្នាថា ពួកគាត់អាណិតតែក្មេងៗនៅវ័យ កុមារ ត្រូវឪពុកម្តាយដើរចោលគ្មានមេត្តា មិនដឹងជា អនាគតពួកគេក្លាយជាយ៉ាងណាឡើយ។ ប្តីប្រមឹកនោះ ទោះជាចេញទៅធ្វើសំណង់ រកលុយបានគ្រាន់តែ ផឹកហ្នឹង មិនអាចចិញ្ចឹមកូនរស់ទេ ឯប្រពន្ធនោះខឹង ប្តីប្រមឹក បែរជារត់ចោលទាំងប្តីទាំងកូន ធ្វើឱ្យអ្នកស្រុក សម្តែងការមិនពេញចិត្តគ្រប់គ្នា។

លោកយាយអែម លាង

គួរបញ្ជាក់ថា ករណីប្តីប្រមឹក ប្រពន្ធរត់ចោល ទុកកូនឱ្យតាយាយចិញ្ចឹមបែបនេះឃើញមានជាហូរហែ ដែល “អង្គរធំ” ធ្លាប់ចុះផ្សាយកន្លងមក។ បើប្រពន្ធនោះខឹងប្តី ក៏មិនគួរភ្លេចកូននោះដែរ ឯប្តីនោះ ទោះជាប្រពន្ធរត់ចោល ក៏មិនត្រូវទម្លាក់កូនចោលខ្វះ ការទទួលខុសត្រូវនោះដែរ។ ផលវិបាកនៃការបែកបាក់គ្នារបស់ឪពុកម្តាយ បានត្រឹម

លោកយាយញ៉ន ភី

ទុកកូនៗក្លាយ ជាមនុស្សអភ័ព្វ ដែលជួនកាលពេលធំពេញវ័យ ក៏ចេះលួចឆក់ ជក់ថ្នាំញៀន បង្កផលវិបាកដល់សង្គម ព្រោះតែពួកគេខូចចិត្ត។ ហេតុនេះគួរតែនាងជាម្តាយ ដែលចេញទៅរកស៊ីនៅប្រទេសថៃ ពេលឃើញ ការចុះផ្សាយអត្ថបទជីវិតពិតរបស់គ្រួសារនាង កុំភ្លេចកូនសម្បុកមុនឱ្យសោះ បើមិនអាចចិញ្ចឹមផ្ទាល់ ដៃ គួរតែផ្ញើលុយកាក់មកចិញ្ចឹមកូនផង ព្រោះមិន អាចសង្ឃឹមប្តីដើមប្រមឹកជោកនេះបានទេ…”៕

RELATED ARTICLES