ភ្នំពេញ ៖ បុរសម្នាក់ផឹកស៊ីជាមួយមិត្តភក្តិអស់ស្រាបៀរ១៦កំប៉ុង ដើរឆ្លងផ្លូវទៅបត់ជើងតូចមិនបានប្រយ័ត្នត្រូវម៉ូតូមិនស្គាល់ម៉ាក បុកដួលសន្លប់ ត្រូវមិត្តភក្តិដឹកតាមរ៉ឺម៉កម៉ូតូយកទៅព្យាបាលនៅគ្លីនិកជិតនឹងកន្លែងកើតហេតុ ត្រូវគ្លីនិកមិនទទួលព្យាបាល មិនដឹងដឹកយកទៅ ណា បានដឹកយកទៅទម្លាក់ចោលនៅតាមចិញ្ចើមផ្លូវ ធ្វើឲ្យផ្អើលថា មនុស្សខ្យល់គស្លាប់ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទី យប់ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវ១១៨ កែងផ្លូវ១៧ នៅចំណុចមុខហាងកាហ្វេចាន់ ធូ ស្ថិតនៅក្នុងសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ។
សាក្សីដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់មានឈ្មោះ ស្លា ទុំ ភេទប្រុស អាយុ៣៧ឆ្នាំ ស្នាក់នៅកោះដាច់ ខេត្តកណ្តាល បានផឹកស៊ីជាមួយមិត្តភក្តិជាអ្នករត់រ៉ឺម៉កម៉ូតូដូចគ្នា តាំងពីម៉ោង៧យប់ថ្ងៃកើតហេតុ ដោយជនរងគ្រោះផឹកអស់ស្រាបៀរចំនួន១៦កំប៉ុង ក៏ដើរទៅបត់ជើងតូច ចៃដន្យអីត្រូវម៉ូតូមិនស្គាល់ម៉ាកបើកក្នុងល្បឿនយ៉ាងលឿន ទិសដៅពីលិចទៅកើត ចាប់ហ្វ្រាំងអត់ទាន់ ក៏ជ្រុលទៅបុកបុរសដែលដើរឆ្លងផ្លូវបណ្តាលឲ្យដួលរងរបួសសន្លប់ស្លូកស្តឹងនៅកន្លែងកើតហេតុ ភ្លាមៗនោះដែលមិត្តភក្តិរបស់ជនរងគ្រោះបានដឹកជនរងគ្រោះតាមរ៉ឺម៉កម៉ូតូយកទៅគ្លីនិកមួយ ដែលនៅជិតនឹងកន្លែងកើតហេតុ ប៉ុន្តែខាងគ្លីនិកប្រាប់ថាមិនមានជំនាញទេ ឲ្យបញ្ចូនទៅកាន់មន្ទីរពេទ្យផ្សេងទៅ ។
ប្រភពដដែលបន្តទៀតថា បន្ទាប់មកមិត្តភក្កិរបស់ជនរងគ្រោះមិនបានដឹកជនរងគ្រោះយក ទៅមន្ទីរពេទ្យនោះទេ គឺដឹកយកមកទម្លាក់ចោលនៅតាមចិញ្ចើមផ្លូវ ធ្វើឲ្យប្រជាពលរដ្ឋនាំគ្នាចោមរោមមើលស្មានតែមានមនុស្សដេកខ្យល់គស្លាប់ រហូតផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះមកកន្លែងកើតហេតុ ហើយទំនាក់ទំនងហៅរថយន្តសង្គ្រោះដឹកយកទៅព្យាបាល។
ក្រោយពេលកើតហេតុរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យកាល់ម៉ែត បានមកដល់ដឹកយកជនរងគ្រោះយកទៅព្យាបាល ៕