បុរសមួយចំនួន មានចំណង់ផ្លូវភេទ ខ្ពស់ណាស់ ទោះជាមានប្រពន្ធហើយ ក្តីនៅតែមានស្នៀតលួចមានស្រី ថែមទៀត។ ជាក់ស្តែង ប្រពន្ធប្តីមួយ គូនេះ រួមរស់មានកូនទាំងហ្វូងទៅ ហើយ ប្តីនៅតែក្បត់ចិត្តប្រពន្ធ ទៅមានស្រីម្នាក់ទៀត យកមក រួមរ័កមេត្រីដល់ផ្ទះ បញ្ឈឺ ចិត្តប្រពន្ធដើមនៅនឹង មុខ ធ្វើឱ្យនាងឈឺ ចាប់ទ្រាំមិនបាន ក៏វេចបង្វេចនាំកូន រត់ចេញពីផ្ទះ…។
នាងហង រុន អាយុ២៩ឆ្នាំ រស់នៅភូមិត្រពាំងខ្នុរ ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ បានរៀបរាប់ឱ្យដឹងថា នាងជាកូនពៅក្នុង ចំណោមបងប្អូន៥នាក់ (ប្រុស២ ស្រី៣) ដែលម្តាយមានឈ្មោះសែម ដៀម អាយុ៦៦ឆ្នាំ ឪពុកស្លាប់។ កាលពីក្មេង ដោយសារក្រុមគ្រួសារមានជីវភាពទីទ័លក្រ នាងមិនមានសំណាងបានរៀនសូត្រជ្រៅជ្រះ នឹងគេ គឺមិនចប់ថ្នាក់បឋមសិក្សាផងក៏ឈប់ទៅ ស្គាល់តែការងារស្រែចម្ការ គ្មានទំនេរដៃ។ លុះចូលដល់វ័យក្រមុំ ម្តាយទុកឪពុកដាក់ផ្សំផ្គុំឱ្យរៀបការ ជាមួយបុរសម្នាក់ឈ្មោះវង់ មុះ អាយុបងនាង៣ឆ្នាំ ធ្វើជាគូគាប់ទ្រនាប់ជីវិត។ នៅពេលរៀបការហើយ ប្តីប្រពន្ធពួកនាងស្រលាញ់ផ្អែមល្ហែមជាមួយគ្នាណាស់ ដូចទឹកនិងត្រី រហូតបង្កើតបានកូន៤នាក់ ជាចំណងដៃនិស្ស័យស្នេហ៍ តែអកុសល លង់ទឹកស្លាប់ម្នាក់ នៅសល់តែ៣នាក់ (ប្រុស២ ស្រី១) ប៉ុណ្ណោះ ដោយចាប់របរ ធ្វើស្រែចម្ការច្បារដាំដំណាំជាស្បៀងលៀងជីវិត។
ស្ត្រីជាប្រពន្ធរូបនេះបន្តទៀតថា កាលដើមឡើយ ប្តីប្រពន្ធនាងស្រលាញ់ ស្មគ្រ័ស្មោះជាមួយគ្នាណាស់ មិនដែលមានចិត្តបែកឆ្វេងក្បត់ចិត្តគ្នាលួចទៅបង្កាត់ ភ្លើងស្នេហ៍ត្រីកោណជាមួយអ្នកទី៣ឡើយ តែដឹងអី! ពេលនាងទុកចិត្តប្តីមិន បានចាប់អារម្មណ៍តាមដានពីសកម្មភាពប្តី ស្រាប់តែប្តីជើងល្អរូបនេះ លួចទៅ បង្កាត់ភ្លើងស្នេហ៍ជាមួយនារីម្នាក់ឈ្មោះអ៊ឹម ភាព មានប្តីឈ្មោះសំ អាត និងមានកូនប្រុសចំនួន២នាក់ទៅហើយ ជាអ្នករស់នៅក្នុងភូមិជាមួយគ្នា ក្នុងរូប ភាពម្ខាងក្បត់ចិត្តប្រពន្ធ រីឯម្ខាងទៀតក្បត់ចិត្តប្តី លួចសហាយស្មន់នឹងគ្នា ហើយពួកគេបានលាក់បាំងរឿងនេះជិតល្អណាស់ មិនឱ្យនាងជាប្រពន្ធដើមដឹង នោះទេ។ ប៉ុន្តែដោយសារក្រដាសមិនអាចខ្ចប់ភ្លើងបាន ទីបំផុតរឿងអាស្រូវស្នេហា របស់ប្តីជាមួយនាងអ៊ឹម ភាព ត្រូវបានលោកសំ អាត ជាប្តីរបស់នាងអ៊ឹម ភាព ដឹងពីទង្វើផិតក្បត់របស់ប្រពន្ធខ្លួនជាមួយប្តីនាង បណ្តាលឱ្យលោកសំ អាត មិនអាចទ្រាំរស់នៅជាប្រុសមានឈ្មោះជាអាវែក ក៏ប្តឹងសុំលែងលះជាមួយ នាងអ៊ឹម ភាព តែម្តងទៅ។ បន្ទាប់ពីត្រូវប្តីប្តឹងលែងលះរួច នាងអ៊ឹម ភាព និង ប្តីជើងល្អរបស់នាងបានរួមរស់ជាមួយគ្នាដោយបើកចំហ តែម្តង ធ្វើឱ្យនាងឈឺ ចាប់ពើតផ្សាក្នុងឱរា ទាមទារលែងលះជាមួយប្តីជាដាច់ខាត ប៉ុន្តែប្តីមិនព្រមផ្តិត មេដៃ ព្រមទាំងអង្វរនាងសុំយកនាងអ៊ឹម ភាព ជាប្រពន្ធមករស់នៅក្រោមដំបូល ផ្ទះតែមួយជាមួយនាងជាប្រពន្ធដើមទៀត។
នាងហង រុន បន្តទាំងឈឺចាប់ថា ពេលមករស់នៅក្នុងផ្ទះតែមួយជាមួយគ្នា ប្តីនិងនាងអ៊ឹម ភាព មិនក្រែងចិត្តនាងជាប្រពន្ធដើមបន្តិចឡើយ ពួកគេតែងនាំ គ្នារួមរ័កមេត្រីបញ្ឈឺចិត្តនាងនៅ នឹងមុខយ៉ាងត្រេកត្រអាល តើឱ្យស្រីណាទ្រាំ បាននោះ? ដោយហេតុផលទាំងអស់នេះហើយ ទើបធ្វើឱ្យនាងដេកឈឺចាប់ បង្ហូរទឹកភ្នែករាល់យប់ មិនគួរណាប្តីធ្វើបែបនេះចំពោះមុខនាងឡើយ ហើយ នាងមិនអាចទ្រាំរស់នៅប្តីមួយប្រពន្ធពីរ ក្រោមដំបូលផ្ទះតែមួយបានតទៅទៀតទេ ទើបរត់ទៅប្តឹងលែងលះ ប្តីត្រឹមអាជ្ញាធរភូមិ រួចវេចបង្វេចនាំកូនទាំង៣នាក់ មកសង់កូនខ្ទមរស់នៅ ទុកផ្ទះធំទ្រនំខ្ពស់ឱ្យប្តី និង ប្រពន្ធចុងរូបនេះរស់នៅយ៉ាងមានសេចក្តីសុខទៅចុះ។
លោកវង់ មុះ អាយុ៣២ឆ្នាំ ជាប្តីបានទទួលស្គាល់ថា លោកពិតជាបានក្បត់ចិត្តប្រពន្ធទៅ លួចទាក់ទងស្នេហាជាមួយប្រពន្ធចុងឈ្មោះអ៊ឹម ភាព មែន តាំងពីនាងអ៊ឹម ភាព នៅរួមរស់ ជាមួយប្តីដើមរបស់នាងមកម៉្លេះ។ លុះប្តីដើមរបស់នាងភាព (ប្រពន្ធចុង) ដឹងរឿងអាស្រូវ ស្នេហ៍ត្រីកោណនេះ ក៏ឈឺចិត្តស្អិតទ្រូងទ្រាំរួមរស់ជាមួយប្រពន្ធក្បត់ផិតនេះ លែងបាន ក៏ធ្វើការលែងលះគ្នាតែម្តង ហើយពេលនោះលោកក៏បានសុំចិត្តប្រពន្ធដើមយកនាងភាព មករួមរស់ក្រោមដំបូលផ្ទះតែមួយម្តង។ តែយ៉ាងណា ភ្នំមួយមិនអាចមានខ្លាពីរបានឡើយ ដោយប្រពន្ធដើមចេះតែអាក់អន់ស្រពន់ចិត្ត ពូកែរករឿងបង្កជម្លោះក្នុងគ្រួសារជាហូរហែ ព្រោះតែលោកស្រលាញ់ប្រពន្ធក្រោយជាង រហូតនាងប្តឹងសុំចែកផ្លូវគ្នាតែម្តង។
បុរសជាប្តីរូបនេះបញ្ជាក់ថា តាមពិតទៅរវាងប្រពន្ធដើមនិងប្រពន្ធចុង លោកមានចិត្ត ស្រលាញ់ស្មើគ្នា ហើយក៏មិនចង់ឱ្យអ្នកណាមួយឃ្លាតឆ្ងាយពីលោកដែរ ប៉ុន្តែដោយសារ ប្រពន្ធទទូចសុំលែងលះជាមួយលោកពេក ទើបលោកព្រមទៅផ្តិតមេដៃបំពេញបំណងរបស់ នាងទៅ តែយ៉ាងណា លោកមិនចោលកូនៗរបស់លោកឡើយ។
នាងអ៊ឹម ភាព អាយុ៣០ឆ្នាំ ជាប្រពន្ធចុងបានឱ្យដឹងថា នាងមានប្តីដើមឈ្មោះសំ អាត រួមរស់ជាមួយ គ្នាបង្កើតបានកូនប្រុស២នាក់ ស្រាប់តែលោកវង់ មុះ ប្តីសព្វថ្ងៃនេះ តែងទៅលួងលោមប្រលោមសុំស្នេហ៍ នាងដូចជាស្រមោលអន្ទោលតាមប្រាណ ពោលគឺឱ្យ តែប្តីដើមរបស់នាងមិននៅផ្ទះ រហូតនាងទន់ចិត្តភ្លេច ខ្លួនថា មានប្តីនិងកូនទៅហើយ ក៏ថ្លោះធ្លោយប្រគល់ ប្រាណឱ្យលោកវង់ មុះ កន្លងតែម្តង ហើយក្រោយៗ មកទៀតឱ្យតែប្តីដើមរបស់នាង មិននៅផ្ទះ លោកវង់ មុះ តែងមកសៀតស៊ករួមរ័កមេត្រីជាមួយនាង លុះ ប្តីដើមដឹងរឿងអាស្រូវរបស់នាងជាមួយលោកវង់ មុះ ក៏បែកបាក់គ្នាទៅ។ បន្ទាប់មក នាងនិងលោកវង់ មុះ ទទួលយកគ្នាជាប្រពន្ធប្តី ដោយបើកចំហតែម្តង ហើយប្តីក្រោយនេះ បាននាំនាងមករួមរស់ក្រោម ដំបូលផ្ទះជាមួយប្រពន្ធដើម។ លុះប្តីស្រលាញ់នាង ច្រើនជាង ធ្វើឱ្យប្រពន្ធដើមផ្ទុះភ្លើងកំហឹង មិនអាចទ្រាំ រស់នៅប្តីមួយប្រពន្ធពីរបាន ក៏ប្តឹងសុំលែងលះជាមួយ ប្តី រួចវេចបង្វេចនាំកូនចុះចេញទៅ។
លោកយាយសែម ដៀម ជាម្តាយនាងហង រុន បានឱ្យដឹងថា ក្នុងចិត្តគាត់អាណិតកូនស្រីនេះណាស់ ដែលត្រូវប្តីក្បត់ចិត្ត យកប្រពន្ធចុងមករួមរស់នៅ ក្រោមដំបូលផ្ទះតែមួយបែបនេះសោះ តើឱ្យស្រីណា ទ្រាំបាននោះ? ចំណែកកូនប្រសាជើងល្អរបស់គាត់វិញ ព្រោះតែស្រីម្នាក់ សុខចិត្តបោះបង់ប្រពន្ធស្របច្បាប់ និងកូនបង្កើតរបស់ខ្លួនចោល ធ្វើឱ្យកូនស្រីនិងចៅ ទាំង៣របស់គាត់រស់នៅយ៉ាងលំបាកវេទនា។
លោកយាយសុខ ពៅ អាយុ៦៦ឆ្នាំ និងអ្នកជិតខាងមួយចំនួនទៀតបានឱ្យដឹងស្របគ្នាថា កាល ដើមឡើយ ប្តីប្រពន្ធរបស់នាងហង រុន រស់នៅមាន សេចក្តីសុខ ស្រលាញ់ស្មោះស្មគ្រ័ជាមួយគ្នាណាស់ តែមួយរយៈក្រោយមក ស្រាប់តែបុរសជាប្តី បាន ក្បត់ចិត្តប្រពន្ធរបស់ខ្លួន លួចទៅទាក់ទងស្នេហ៍ ជាមួយប្រពន្ធរបស់គេ (នាងភាព ប្រពន្ធចុងសព្វថ្ងៃ នេះ) រហូតធ្វើឱ្យប្តីប្រពន្ធគេបែកបាក់គ្នា រួចលោកវង់ មុះ ក៏យកនាងភាព ជាប្រពន្ធចុង មករស់នៅក្រោម ដំបូលផ្ទះតែមួយ រួមរ័កមេត្រីបញ្ឈឺចិត្តប្រពន្ធដើម នៅនឹងមុខ តើឱ្យស្រីណាទ្រាំបាន? ទើបនាងហង រុន សុខចិត្តនាំកូនរត់មកសង់ខ្ទមរស់នៅបែបនេះតែម្តង ទុកឱ្យប្តីនិងប្រពន្ធចុងរស់នៅយ៉ាងមានសេចក្តីសុខ លើគំនរទុក្ខប្រពន្ធដើម…”៕