Sunday, January 12, 2025
Homeសង្គម និងជីវិតខឹងកូនធម៌លែបខាយចៅក្រមុំ ឪពន្លះ២កាំបិត ទុកជាការព្រមាន

ខឹងកូនធម៌លែបខាយចៅក្រមុំ ឪពន្លះ២កាំបិត ទុកជាការព្រមាន

ខេត្តពោធិសាត់ ៖ សុរាមេរ័យ បើផឹកល្មមបាយឆ្ងាញ់ មានសុខភាពល្អ តែបើដាក់វាច្រើនហួសកម្រិត បណ្តាលឱ្យអ្នកផឹកមោហ៍៍បាំងជញ្ជាំងបិទពន្លះគ្នាឯង អត់ស្គាល់ឪកូនមិនខានឡើយ។ ជាក់ស្តែង បន្ទាប់ពីដកមេស្រឿងៗ ឮកូនធម៌ ឌឺដងលែបខាយឱ្យចៅក្រមុំគាត់ ស្រាប់តែបុរសជាឪធម៌កន្ទ្រាក់បានកាំបិតចែតពន្លះក្បាល កូនប្រុសធម៌ឈាមស្រោចខ្លួនប្រឈមជាមួយ ខ្នោះ។ ហេតុការណ៍ផ្ទុះអំពើហិង្សានេះ បានកើតឡើងនៅវេលាម៉ោង៧ពន្លះយប់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចផ្ទះជនរងគ្រោះ (កូនធម៌) ក្នុងភូមិរូង ឃុំបឹងខ្នារ ស្រុកបាកាន។

ប្រភពព័ត៌មានពីលោកវរសេនីយ៍នាង វុធ អធិការនគរបាលស្រុកបាកាន បានឱ្យដឹងថា ជនរងគ្រោះជាកូនធម៌មានឈ្មោះឈាង ឈង ភេទប្រុស អាយុ៥៥ឆ្នាំ មានលំនៅភូមិដូចខាងលើ ចំណែកជនល្មើសជាឪពុកធម៌មានឈ្មោះ ឈឹម សាត ភេទប្រុស អាយុ៧១ឆ្នាំ មានលំនៅភូមិជាមួយគ្នា។ មុនពេលកើតហេតុ ឪពុកនិងកូនធម៌ដោយមានអ្នកជិតខាងមួយចំនួនទៀត នាំគ្នាព័ទ្ធវង់ផឹកស្រាថ្នាំ ក្លែមជ្រក់ស្ពៃ និងម្ហូបស្រែដទៃទៀត លុះត្រូវស្រាស្រឿងៗ ស្រាប់តែឈ្មោះឈាង ឈង និយាយលែបខាយលេង សើចប៉ះពាល់ដល់កិត្តិយសនាងក្រមុំម្នាក់ ដែលត្រូវជាចៅរបស់ឪពុកធម៌ខ្លួន។ ពេលនោះតាឪពុកធម៌ឈ្មោះឈឹម សាត ព្យាយាមរារាំងដែរថា និយាយអីនិយាយទៅ កុំឱ្យប៉ះពាល់ដល់ចៅគាត់ តែបុរសកូនធម៌មិនព្រមស្តាប់ ក៏ចេះតែបន្តចាក់ចេកចាក់ស្ករដៀមដាមឱ្យនាងក្រមុំម្នាក់នោះ បណ្តាលឱ្យតាសាត ទ្រាំមិនបានក៏ទាញកាំបិតកាប់ក្បាលកូនធម៌ជាការព្រមាន។

ប្រភពដដែលបន្តទៀតថា នៅពេលស្ទាបក្បាលឃើញឈាម បណ្តាលឱ្យជនរងគ្រោះ ច្រឡោតតោតតូង ដូចរលាកភ្លើង លោតវឹប! បម្រុងវាយសងតបតទៅឪធម៌វិញ ប៉ុន្តែតាសាត មានកាំបិតជាប់ដៃស្រាប់ក៏ពន្លះ១កាំបិតទៀត ចំក្បាលឈាមហូរស្រោចខ្លួន ផ្អើលដល់សាច់ញាតិស្ទុះទៅបំបែកចេញ រួចចាត់ចែងបញ្ជូនជនរងគ្រោះទៅរុំរបួសនៅមន្ទីរពេទ្យ និងរាយការណ៍ទៅសមត្ថកិច្ចផង។

ប្រភពពីមន្ត្រីប៉ូលិសស្រុកបាកាន បានឱ្យដឹងទៀតថា មិនយូរប៉ុន្មាន សមត្ថកិច្ចនគរបាលប៉ុស្តិ៍បានចុះទៅដល់ធ្វើការឃាត់ខ្លួនបុរសចំណាស់ ជាឪធម៌ទៅសាកសួរតាមនីតិវិធី។ នៅចំពោះមុខសមត្ថកិច្ច តាសាត បានឆ្លើយថា មូលហេតុមកពីគាត់ស្រវឹងស្រា លុះឮកូនធម៌បន្តុះបង្អាប់ចៅស្រីគាត់ ធ្វើឱ្យគាត់ក្តៅគុម្ពត្រចៀកក៏ទាញកាំបិតកាប់ក្បាលកូនធម៌មាត់ដាចនោះជាការព្រមាន ដែលមួយកាំបិតដំបូងដាក់ថ្នមដៃទេ។ លុះកូនធម៌លោតមកតដៃ គាត់ក៏ថែម១កាំបិតទៀត ធ្ងន់ដៃជាងមុន មកពីខឹងទ្រាំមិនបានដែលខ្លួនឯងមានឋានៈជាឪធម៌ បែរជាកូនធម៌មិនគោរព។

បច្ចុប្បន្នជនដៃដល់អាយុជាង៧០ឆ្នាំនេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកបាកាន និងបន្តទៅស្នងការដ្ឋានខេត្តតាមនីតិវិធី។ ចំណែកជនរងគ្រោះកំពុងព្យាបាលរបួសនៅមន្ទីរពេទ្យ ដែលស្តែងឱ្យឃើញថា ស្រាជាប្រភពនៃអំពើហិង្សា ទៅជាក្បាលសក់ស្កូវ បើត្រូវស្រាហើយ ច្បាស់ជាមោហ៍បាំងជញ្ជាំងបិទយ៉ាងនេះឯង៕

RELATED ARTICLES