Sunday, January 12, 2025
Homeសង្គម និងជីវិតគួរឲ្យសង្វេគណាស់! ការដ្ឋានបំផ្ទុះថ្ម ធ្លាក់ដុំថ្មចំស្ត្រីម្នាក់ បែកក្បាលស្លាប់យ៉ាងអាណោចអាធ័ម

គួរឲ្យសង្វេគណាស់! ការដ្ឋានបំផ្ទុះថ្ម ធ្លាក់ដុំថ្មចំស្ត្រីម្នាក់ បែកក្បាលស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តត្បូងឃ្មុំ ៖ ពុំដឹងជាកម្មពៀរអ្វី ស្ត្រីអភ័ព្វម្នាក់នេះ កំពុងដើរសុខៗក្បែរការដ្ឋានកិនថ្ម មួយកន្លែង ស្រាប់តែគេបំផ្ទុះថ្មលាន់សន្ធឹកខ្ទរខ្ទារ ជាអកុសល ស្រាប់តែមានថ្ម១ដុំ ប៉ើងទៅលើមេឃ លុះធ្លាក់មកវិញ ក៏ត្រូវក្បាលស្ត្រីអភ័ព្វនោះ ស្លាប់យ៉ាងអាណោចអាធ័ម ចោលប្តី និងកូន។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង១២ថ្ងៃត្រង់ នៅចំណុចការដ្ឋានកិនថ្ម ក្នុងភូមិស្រែសៀម ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ។

ស្ត្រីរងគ្រោះមានឈ្មោះខេង សំណាង អាយុ៣៣ឆ្នាំ មានលំនៅភូមិ-ឃុំដូចខាងលើ និងប្តីឈ្មោះមិន សុខ អាយុ៣៥ឆ្នាំ មានមុខរបរដើរស៊ីឈ្មួញ ច្រូតស្រូវឱ្យគេ រកកម្រៃផ្គត់ផ្គង់ជីវភាព។

ប្រភពព័ត៌មានពីបុរសជាប្តីស្ត្រីរងគ្រោះ បានឱ្យដឹងថា ថ្ងៃកើតហេតុនោះ គាត់បានចេញទៅស៊ីឈ្នួលច្រូតស្រូវឱ្យគេតាមទម្លាប់ ចំណែកប្រពន្ធមិនបានចេញទៅទេ ដោយជាប់រវល់ក្នុងពិធីភ្ជាប់ពាក្យកូនចៅអ្នកជិតខាង។ លុះដល់ម៉ោង១១ថ្ងៃជិតត្រង់ ពេលចេញពីភ្ជាប់ពាក្យវិញ ប្រពន្ធបានយកបាយទៅឱ្យគាត់នៅឯស្រែ ជាកន្លែងរកលុយ ប៉ុន្តែជាអកុសល ពេលនាងដើរទៅក្បែរការដ្ឋានកិនថ្ម ក៏ស្របពេលកម្មករកំពុងបំផ្ទុះថ្ម។ ទោះជាមានឮស៊ីរ៉ែនឱ្យសញ្ញាប្រកាសអាសន្នយ៉ាងណា ក៏ប្រពន្ធគាត់រត់ទៅរកជម្រកមិនទាន់ដែរ។ លុះថ្មផ្ទុះឡើង បំណែកថ្មហើរព្រោងព្រាតទៅលើអាកាស។ ជាគ្រោះអាក្រក់ ក៏មានថ្មមួយដុំធ្លាក់មកត្រូវនាង បែកក្បាលដួលស្លាប់នៅកន្លែងកើតហេតុ គួរឱ្យសង្វេគ។ គាត់ស្តាយប្រពន្ធ យំសោកបោកខ្លួនដូចអកព្រាត់គូ ព្រោះមានកូនតូចៗក្នុងបន្ទុក ត្រូវរស់កំព្រាម្តាយ គាត់ក៏មានសំណូមពរដល់លោកឧកញ៉ាម្ចាស់ការដ្ឋានថ្មនេះ ជួយដោះស្រាយអនាគតជូនកូនៗគាត់២នាក់ ដែលកំពុងរៀនសូមត្រផង។

ប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា បន្ទាប់ពីមានពលរដ្ឋរាយការណ៍ថា មានស្ត្រីដ៏ក្រីក្រម្នាក់ ត្រូវដុំថ្មធ្លាក់លើ បែកក្បាលស្លាប់ សមត្ថកិច្ចក៏បានចុះពិនិត្យ និងធ្វើកោសល្យវិច័យ បញ្ជាក់ថា ស្ត្រីរងគ្រោះពិតជាស្លាប់ដោយដុំថ្មធ្លាក់លើប្រាកដមែន។ ការដ្ឋានកិនថ្មនេះ ជាកម្មសិទ្ធិរបស់លោកឧកញ៉ា លីម ប៊ុណ្ណា បានបើកធ្វើអាជីវកម្មជាច្រើនឆ្នាំមកហើយ លុះមានមនុស្សស្លាប់ដោយសារការបំផ្ទុះថ្ម នៅមិនទាន់មានការឆ្លើយតបពីម្ចាស់ការដ្ឋាននៅឡើយ។

រីឯអ្នកស្រុកមួយចំនួនបានឱ្យដឹងស្របគ្នាថា ការដ្ឋាននេះ មានច្បាប់ត្រឹមត្រូវ និងមុនពេលបំផ្ទុះថ្ម កម្មករបានចុចស៊ីរ៉ែន ឱ្យសញ្ញាអាសន្នជានិច្ច មិនដែលបង្កគ្រោះថ្នាក់អ្វីទេ។ ចំពោះមរណភាពរបស់ស្ត្រីទុរគតនេះ អាចថា មកពីកម្មពៀរតែម្តង ព្រោះសុខៗមកដើរក្បែរកន្លែងបំផ្ទុះថ្ម រហូតស្លាប់ចោលប្តី និងកូនឱ្យរស់ទេវនា៕

RELATED ARTICLES