តាមរយៈប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកន្លងមក ធ្លាប់តែ មានតាចាស់យកប្រពន្ធក្មេង ឬគោចាស់ប្រទះស្មៅខ្ចី ប៉ុន្តែចំពោះប្រុសក្មេងម្នាក់នេះយកស្រីចំណាស់អាយុ ច្រើនជាងម៉ែ ធ្វើប្រពន្ធ ព្រោះតែចាញ់ឥទ្ធិពលប្រាក់ដុល្លារ របស់ មេម៉ាយស្តុក២ភ្លើង…។
លោកឆន ពៅ អាយុ២៣ឆ្នាំ រស់នៅភូមិត្រពាំងរាំង ឃុំអង្គរមាស ស្រុកដងទង់ ខេត្តកំពត បានរៀបរាប់ឱ្យដឹងថា លោកជាកូនទី៤ក្នុងចំណោមបងប្អូន៧នាក់(ស្រី២ ប្រុស៥) ដែល ម្តាយឈ្មោះឃឹម ខន អាយុ៥៤ឆ្នាំ ឪពុកឈ្មោះឆន ឈឿន អាយុ៥៤ឆ្នាំ ជាកសិករ។ លោករៀនសូត្រមិនបានវែងឆ្ងាយ នឹងគេទេ ស្គាល់តែការងារស្រែចម្ការរហូតមក លុះធំពេញកំលោះ លោកខូចខិលរឿងស្រីញីណាស់ ដើរទាក់ទងស្រីៗមកនែបនិត្យ ប្រាណសប្បាយក្នុងផ្លូវកាមគុណជាបន្តបន្ទាប់ តែប្រពន្ធជាផ្លូវការ រួមទាំងប្រពន្ធវ័យចំណាស់អាយុច្រើនជាងម៉ែ ដែលកំពុងរួមរស់ជាមួយគ្នាសព្វថ្ងៃនេះផង មានទៅដល់៥នាក់ឯណោះ។
លោកបញ្ជាក់ថា ប្រពន្ធទី១ ឈ្មោះសុខ ស្រលាញ់គ្នាចិត្ត នឹងចិត្តយកគ្នាជាប្រពន្ធប្តីឥតខាន់ស្លា តែរួមរស់ជាមួយគ្នា នាង ពោះធំប៉ុន្មានខែ ក៏បែកបាក់គ្នាទៅ។ ក្រោយមកទើបជួបស្នេហ៍ ជាមួយប្រពន្ធទី២ ឈ្មោះឡៃ សាងស្នេហ៍នឹងគ្នាបានរយៈពេល១ឆ្នាំ ប្រពន្ធពោះធំ៥ខែ ក៏ចែកផ្លូវគ្នាដើរទៀត។ លុះមួយរយៈ ក្រោយមកទៀត លោកបានសាងស្នេហ៍ជាមួយប្រពន្ធទី៣ ឈ្មោះ មុំ ខណៈដែលនាងពោះធំជិតគ្រប់ខែ ក៏បែកបាក់គ្នាទៀតទៅ។ តាមពិតទៅការបែកបាក់គ្នាជាមួយប្រពន្ធទាំង៣ ខាងលើគឺលោក ជាអ្នករត់ចោលពួកនាងទាំងអស់ ព្រោះលោកយកនាងធ្វើ ប្រពន្ធមិនបានស្រលាញ់តាំងចិត្តធ្វើជាគូជីវិតដល់ចាស់ កោងខ្នង ឡើយ ពោលគឺស្រលាញ់មួយរយៈខ្លីសម្រាប់កំដរការសប្បាយ ក្នុងផ្លូវកាមគុណតែប៉ុណ្ណោះ។
បុរសចិត្តសាវារូបនេះបន្តទៀតថា ក្រោយពីរស់នៅជាបុរស ពោះម៉ាយ៣ភ្លើងអត់យូរជូរមាត់មួយរយៈខ្លី លោកបានបង្កាត់ ភ្លើងស្នេហ៍តាមទូរស័ព្ទជាមួយប្រពន្ធទី៤ម្នាក់ទៀត ឈ្មោះអែម ដា។ តាមពិតប្រពន្ធទី៤រូបនេះ ក៏ធ្លាប់ឆ្លងកាត់ប្តីច្រើននាក់ដែរ ព្រមទាំងមានអាយុច្រើនទៅដល់៦៤ឆ្នាំឯណោះ ចាស់ជាង ឪពុកម្តាយលោកទៅទៀត ប៉ុន្តែប្រពន្ធរូបនេះជាមេម៉ាយស្តុក មានលុយច្រើនណាស់ គ្រាន់តែមានទំនាក់ទំនងស្នេហាជាមួយ គ្នាមិនបានប៉ុន្មានផង បោះលុយទិញម៉ូតូទំនើបម៉ាកហុងដាឌ្រីម ស៊េរី២០១៥ មួយគ្រឿងឱ្យលោកជិះបង្អួតគេបាត់ទៅហើយ។ លុះក្រោយមកស៊េរី២០១៦ ចេញភ្លាម ប្តូរស៊េរី២០១៥ ទិញ ស៊េរី២០១៦ ឱ្យលោកភ្លែត ទើបធ្វើឱ្យលោកចាញ់ក្រោមឥទ្ធិពល ប្រាក់ដុល្លាររបស់ស្រីមេម៉ាយចំណាស់នេះ ក៏ព្រមសែនព្រេន យកធ្វើជាប្រពន្ធទី៤តែម្តង សូម្បីតែឪពុកម្តាយលោកក៏យល់ ព្រមឱ្យលោកយកប្រពន្ធចាស់រូបនេះដែរ ប៉ុន្តែសម្រាប់ក្នុងចិត្ត លោកវិញមិនសូវស្រលាញ់ប្រពន្ធចាស់នេះប៉ុន្មានទេ និងមិន ដែលប៉ះពាល់ខ្លួនប្រាណគ្នាម្តងណាឡើយ គឺលោកស្រលាញ់ ទ្រព្យសម្បត្តិប្រាក់ដុល្លាររបស់ប្រពន្ធនេះច្រើនជាង។ មិនត្រឹមតែប៉ុណ្ណោះ លោកលួចខិលខូចទៅរួមស្នេហ៍ជាមួយប្រពន្ធទី៥ម្នាក់ ទៀតឈ្មោះពៅ តែលាក់បាំងមិនឱ្យប្រពន្ធចាស់រូបនេះដឹងឡើយ។
លោកយាយអែម ដា អាយុ៦៤ឆ្នាំ ជាប្រពន្ធទី៤ របស់ លោកឆន ពៅ បានឱ្យដឹងថា គាត់មានប្តីទាំងអស់ចំនួន៣នាក់ ឯណោះ ដោយប្តីទី១ ឈ្មោះអ៊ីត ប្តីទី២ ឈ្មោះប្រុស និងប្តីទី៣ ឈ្មោះឆន ពៅ កំពុងតែរស់នៅជាមួយគ្នាសព្វថ្ងៃនេះឯង។
ស្ត្រីរូបនេះបញ្ជាក់ថា គាត់សាងស្នេហ៍ជាមួយប្តីមុនៗមិន មានកូនចៅ១គ្រាប់សម្រាប់តពូជនឹងគេទេ ក៏បែកបាក់គ្នាអស់ទៅ ទើបសម្រេចចិត្តយកប្រុសក្មេងរូប នេះធ្វើជាប្តីទី៣ ទោះជាអ្នកជិតខាងសើចយំ យ៉ាងណា ក៏គាត់មិនឈឺក្បាលវិលមុខដែរ សំខាន់ឱ្យតែមានប្តី សម្រាប់មើលថែគ្នានៅពេលឈឺថ្កាត់យប់ ព្រលប់ប៉ុណ្ណោះ។ គាត់មិនលាក់បាំងទេ ប្តីក្មេងរូបនេះ មានចំណង់តណ្ហាខ្ពស់ណាស់ ពោលគឺចាប់តាំងពី សែនព្រេនយកគ្នាជាប្រពន្ធប្តីមក ពួកគាត់ដឹកដៃគ្នា ឡើងឋានសួគ៌លោកីយ៍ ជាច្រើនដងរាប់មិនអស់។ រីឯប្តីថា មិនបានរួមភេទជាមួយប្រពន្ធសោះនោះ គឺជា ការនិយាយកុហកទេ។ ចំណែករឿងប្តីលួចមានស្រីញី ឬប្រពន្ធចុងមួយទៀតនៅខាងក្រៅ គាត់មិនដឹងទេ តែយ៉ាងណាកុំឱ្យគាត់តាមទាន់ ជាន់កែង ព្រោះបេះដូងនៅក្នុងសាច់តែងមានការឈឺចាប់ និងម្ទេសណា មិនហឹរ ស្រីណាមិនប្រចណ្ឌនោះ។
នាងស្រី អូន អាយុ២៨ឆ្នាំ ជាអ្នកជិតខាងបាន ឱ្យដឹងថា ប្តីប្រពន្ធខុសវ័យមួយគូនេះពិតជាដូចការ រៀបរាប់ខាងលើមែន។ ចំពោះបុរសជាប្តីជាមនុស្ស ខូចខិលស្រីញី មានប្រពន្ធច្រើននាក់រួចមកហើយ រីឯស្ត្រីចំណាស់ជាប្រពន្ធក៏មានប្តី២នាក់រួចមកហើយ ដែរ លុះប្រុសក្មេងជួបមេម៉ាយចាស់ទ្រព្យស្តុក ក៏ ពេញចិត្ត ពេញថ្លើម ម្នាក់ៗសុទ្ធតែសម្លឹងឃើញផល ប្រយោជន៍រៀងៗខ្លួន ក៏ព្រមសែនព្រេនយកគ្នាជា ប្រពន្ធប្តី រួមរស់ជាមួយគ្នាមកទល់សព្វថ្ងៃ ដោយ មិនខ្វល់ខ្វាយពាក្យរិះគន់ពីអ្នកដែលរស់នៅជុំវិញ ខ្លួនឡើយ។
អ្នកស្រុកមួយចំនួនទៀតបានឱ្យដឹងស្របគ្នាថា កាលដើមឡើយគ្មានអ្នកណាម្នាក់យល់ថា លោក ឆន ពៅ និងយាយអែម ដា យកគ្នាជាប្តីប្រពន្ធទេ ព្រោះមើលទៅអាយុមានគម្លាតខុសគ្នាឆ្ងាយអាចធ្វើ ជាចៅបាន ប៉ុន្តែនេះមកពីឥទ្ធិពលដុល្លារបានរុញច្រាន ប្រុសក្មេងឱ្យសាងក្តីស្នេហ៍មួយផ្អែមល្ហែម យក យាយចំណាស់ធ្វើជាប្រពន្ធ ដោយឥតលក្ខខណ្ឌ ដែលពីមុនមកធ្លាប់តែឃើញតាចាស់យកប្រពន្ធក្មេង ឬគោចាស់ប្រទះស្មៅខ្ចី ឥឡូវនេះ ស្រាប់តែមាន យាយចាស់យកប្តីក្មេងវិញម្តង ព្រោះតែយកដុល្លារ ធ្វើជានុយ…”៕