ខេត្តប៉ៃលិន ៖ ក្មេងប្រុសអាយុជាង២ខួបម្នាក់ បានដើរលេងនៅក្បែរចង្ក្រាន ខណៈដែលម្តាយរវល់ដាក់ចំណីមាន់ទា ស្រាប់តែមិនដឹងយ៉ាងម៉េច ក៏រអិលជើងដួលអុកគូទចូលទៅក្នុងឆ្នាំទឹកដែលកំពុងដាំពុះលើចង្ក្រាន បណ្តាលឱ្យរងរបួសរលាកកំប៉េះគូទ និងចង្កេះរងរបួសធ្ងន់ ប៉ុន្តែដោយសារតែឪពុកក្មេងប្រុសរងគ្រោះ រវល់ជាប់ដៃផឹកស្រា ទើបត្រូវទុកកូនប្រុសឱ្យដេកស្រែកឈឺផ្សារយ៉ាងវេទនាអស់រយៈពេល៤ម៉ោង ទើបឪពុកត្រឡប់មកពីផឹកស្រា ដឹកបញ្ជូនទៅមន្ទីរពេទ្យ។
ហេតុការណ៍ខាងលើនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចផ្ទះចម្ការមួយកន្លែង ជិតភ្នំដោះក្រមុំ ស្ថិតក្នុងភូមិដោះក្រមុំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។
ក្មេងប្រុសរងគ្រោះដែលដើរដួលអុកគូទចូលឆ្នាំងទឹកពុះ បណ្តាលឱ្យរលាករលេះរលួយកំប៉េះគូទនោះ មានឈ្មោះវិរៈ ឡូយ អាយុ២ខួប១ខែ សព្វថ្ងៃរស់នៅក្នុងបន្ទុកម្តាយឈ្មោះ អ៊ឹម អេង អាយុ២៦ឆ្នាំ មុខរបរកម្មករចាំចម្ការ ស្នាក់នៅភូមិកើតហេតុខាងលើ។
តាមសម្តីស្ត្រីជាម្តាយក្មេងប្រុសរងគ្រោះ បានរៀបរាប់ប្រាប់ថា នាងបានមកធ្វើជាកម្មករស៊ីឈ្នួលចាំចម្ការឱ្យឈ្មោះកែវ សែន នៅចំណុចភូមិខាងលើ អស់រយៈពេលជាង៥ខែមកហើយ។ នៅមុនពេលកើតហេតុ នាងបានទុកកូនប្រុស ឱ្យរត់លេងនៅក្រោមដើមស្វាយមុខផ្ទះ ចំណែកនាងបានដើរទៅយកបាយដាក់ឱ្យមាន់ទា និងឆ្កែស៊ី។ លុះពេលដែលនាងកំពុងតែរវល់ដាក់ចំណីឱ្យមាន់ទានោះ ស្រាប់តែឮសូរកូនប្រុស ស្រែកយំយ៉ាងខ្លាំង ទើបធ្វើឱ្យនាងប្រញាប់ស្ទុះរត់ទៅមើល ស្រាប់តែឃើញកូនប្រុសរបស់នាង ដួលនៅក្បែរចង្ក្រានដែលមានឆ្នាំងទឹកក្តៅស្ងោរ គ្រាប់ខ្នុរកំពុងតែពុះ បណ្តាលឱ្យខ្ចាយរលាកពងបែកពេញសាច់កំប៉េះគូទនិងខ្នង។ ភ្លាមៗនោះ នាងនិងអ្នកភូមិ ក៏លើកកូនដាក់លើគ្រែ រង់ចាំប្តីមកពីផឹកស្រានៅផ្ទះមិត្តភក្តិខាងចុងភូមិ អស់រយៈ៤ម៉ោង ទើបប្តីមកដល់ផ្ទះនាំកូនប្រុស លើកដាក់រថយន្តម្ចាស់ចម្ការបញ្ជូនយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។
ស្ត្រីជាម្តាយក្មេងប្រុសរងគ្រោះ បានបន្តថា ក្រោយពីបញ្ជូនកូនប្រុសរបស់នាងចូលមកព្យាបាលក្នុងមន្ទីរពេទ្យខេត្តប៉ៃលិន នៅម៉ោង៦ព្រលប់ លោកគ្រូពេទ្យជំនាញក៏បានពិនិត្យភ្លាមៗ រួចបាញ់ថ្នាំការពារកុំឱ្យពងបែក និងឱ្យត្រជាក់សាច់ ហើយដោយកូនគាត់ធ្ងន់ពេក ទើបគ្រូពេទ្យសម្រេចបញ្ជូនបន្តទៅព្យាបាលនៅមន្ទីរពេទ្យខេត្តបាត់ដំបងទាំងយប់តែម្តង៕