Thursday, December 26, 2024
Homeព័ត៌មានជាតិប្រពន្ធឆ្លងទន្លេបាន៧ថ្ងៃ ប្តីបង្ខំរួមភេទ

ប្រពន្ធឆ្លងទន្លេបាន៧ថ្ងៃ ប្តីបង្ខំរួមភេទ

ភ្លើងតណ្ហា ពេលវាឆេះងំដល់កម្រិត ធ្វើឱ្យ មនុស្សមួយចំនួនមោហ៍បាំងជញ្ជាំងបិទ លែងស្គាល់ខុសត្រូវ ជាពិសេស គឺប្រុសៗ។ យ៉ាងណាមិញបុរសម្នាក់នេះ ត្រូវបានប្រពន្ធអះអាងថា ប្តីនាងមានចរិតឆេវឆាវ និងមិនសូវស្តាប់ បង្គាប់ចាស់ទុំឡើយ ធ្ងន់ជាងនេះ បើគេកម្រើកតណ្ហាហើយ ទោះបីប្រពន្ធទើបឆ្លងទន្លេកូនខ្ចី បាន៧ថ្ងៃ ក៏ប្តីចាប់បង្ខំរួមភេទទាល់តែបានសម្រេច មិនខ្លាចនាងទាស់សរសៃស្លាប់ឡើយ…។

នាងសឿង កែវ អាយុ៣៧ឆ្នាំ រស់នៅភូមិភ្ញាក់រលឹក ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ បានរៀបរាប់ឱ្យដឹងថា នាង មានម្តាយឈ្មោះទិត សួន អាយុ៧០ឆ្នាំ ឪពុកឈ្មោះពុត សួន (ស្លាប់) រូបនាងជាកូនបន្ទាប់ពៅ ក្នុងចំណោមបងប្អូន៧នាក់ លុះពេលធំពេញវ័យ ម្តាយទុកឪពុកដាក់ឱ្យរៀបការជាមួយប្តីឈ្មោះ ព្រហ្ម លាង សព្វថ្ងៃអាយុ៤១ឆ្នាំ រួមរស់ជាមួយគ្នាបង្កើតបាន កូន៦នាក់ (ប្រុស៤ ស្រី២) សម្រាប់តពូជពង្សវង្សត្រកូល។ តាំងពីរៀបការរួចមក ជីវិតគាត់មិនសូវមានសេចក្តីសុខសុភមង្គលប៉ុន្មានឡើយ ព្រោះប្តីនាងជាមនុស្ស ចិត្តនៅចុងច្រមុះ ឆេវឆាវ ឆាប់ខឹង ច្រឡោតណាស់ ប្រពន្ធ កូនធ្វើឱ្យឃ្នើសចិត្តបន្តិចមិនបានឡើយ តែងប្រើអំណាចជាប្តី ជាមេគ្រួសារ គាបសង្កត់ប្រពន្ធ បើមិនដូច្នោះទេ ទាល់តែបាន វាយបំផ្លាញទ្រព្យសម្បត្តិ របស់របរក្នុងផ្ទះកម្ទេចចោល ទើបប្តី រលាយកំហឹងរបស់ខ្លួន។ ចំណែកម្តាយកូនពួកនាងវិញ ត្បិតតែ ប្តីមិនធ្លាប់បានប្រើកម្លាំងបាយវាយដំលើរាងកាយមែន ប៉ុន្តែប្តី តែងប្រើពាក្យសម្តីគំរាម សម្លុតនាងឡើងបាក់ស្បាតទៅហើយ។

នាងសឿង កែវ និងកូន

ស្ត្រីជាប្រពន្ធរូបនេះ បន្តទាំងឈឺចាប់ថា ប្តីរបស់នាង មិនត្រឹមធ្វើឱ្យប្រពន្ធគ្រាំគ្រាផ្លូវចិត្តទេ ថែមទាំងបំពានលើផ្លូវភេទ ទៀត មិនស្គាល់សុខទុក្ខប្រពន្ធឡើយ ឱ្យតែកម្រើកតណ្ហា សូម្បីតែ ប្រពន្ធទើបឆ្លងទន្លេកូនខ្ចីបាន៧ថ្ងៃ កំពុងដេកឆ្អើរភ្លើងនៅលើគ្រែ ក៏ប្តីចាប់បង្ខំរួមភេទដែរ មិនខ្លាចប្រពន្ធទាស់សរសៃស្លាប់ទេ។ បើនាងប្រកែកមិនឱ្យរួមរ័កមេត្រី ប្តីខឹងច្រឡោត រករឿងឈ្លោះ ទាំងកណ្តាលយប់ ផ្អើលដល់អ្នកជិតខាងជាមិនខាន ដែលទង្វើ ដ៏គម្រក់របស់ប្តីបែបនេះ ធ្វើឱ្យនាងឈឺចាប់ណាស់ បើកុំតែ អាណិតកូនៗខ្លាចក្លាយជាក្មេងកំព្រា ម៉្លេះនាងឱបបង្វេចរត់ ចោលប្តីរូបនេះ បាត់ទៅហើយ មិនទ្រាំរួមរស់ជាមួយឱ្យរងកម្ម ដល់សព្វថ្ងៃនេះទេ។
លោកព្រហ្ម លាង ជាប្តី បានឱ្យដឹងថា លោកពិតជាបាន ធ្វើបាបប្រពន្ធកូន កាលពីកន្លងមកមែន ប៉ុន្តែក្នុងនោះប្រពន្ធ ក៏មានចំណែកបង្កាត់ភ្លើងជម្លោះនេះផងដែរ ព្រោះនាងជាមនុស្ស មានចិត្តរឹងរូសណាស់ អ្វីដែលប្តីប្រាប់ និងហាមកុំឱ្យធ្វើ នាងនៅតែធ្វើ ហាក់បីដូចជាផ្គើនជាមួយប្តីណាស់ តើឱ្យប្រុសណា ទ្រាំនឹងប្រពន្ធរបៀបនេះបាននោះ? តាមពិតទៅ ប្រពន្ធក៏ដឹងលោកជាមនុស្សមានចិត្តឆេវឆាវដែរ ហេតុអ្វីបានជា នាងមិនព្រមបោះបង់ចរិតឈប់ធ្វើឱ្យប្តីខឹងនេះចោលទៅ។ ចំណែករឿងយប់ព្រលប់វិញ ប្តីប្រពន្ធចៀសមិន ផុតពីការរួមមេត្រីជាមួយគ្នានោះទេ ហើយនេះក៏មិនមែនជាលើកទី១ដែរ លោកបានរួមស្នេហាជាមួយនាងរាប់ភ្លេចទៅហើយ និងបង្កើតកូនបាន ទាំងហ្វូង រឿងអីទើបតែពេលនេះ ប្រពន្ធលើកយករឿងនេះមកវាយប្រហារ ប្តី ធ្វើឱ្យលោកមិនយល់ចិត្តនាងសោះ។ បើប្រពន្ធមិនចង់ឱ្យប្តីប៉ះពាល់ ខ្លួនប្រាណ គួរតែប្រាប់លោកស្ងាត់ៗទៅ រឿងប៉ុណ្ណឹងលោកអាចធ្វើតាម បំណងរបស់នាងបាន។ តែបើនាងមិនព្រមកែចរិតមានះចង់ឈ្នះចង់ ចាញ់ជាមួយប្តីចោលទេ ប្រហែលរកទីបញ្ចប់ជម្លោះគ្មានដែរ ដូច្នេះមិន អាចបន្ទោសលោកតែម្នាក់បានទេ។

លោកព្រហ្ម លាង (ជាប្តី)

លោកយាយទិត សួន ជាម្តាយបានឱ្យដឹងថា ប្តីប្រពន្ធកូនស្រី១គូនេះ ធ្វើឱ្យគាត់ពិបាកចិត្តខ្លាំងណាស់ បាយមិនឆ្ងាញ់ឡើយ ព្រោះតែពួកគេជួប រឿងរ៉ាវឈ្លោះប្រកែកគ្នាឥតឈប់ឈរ រំខានដល់អ្នកជិតខាងស្ទើរតែរកពេលដេកពួនមិនបាន។ ចំណែកគាត់ ជាម្តាយវិញមិនហ៊ានចូលទៅស្តីប្រដៅអប់រំពួកគេបានឡើយ ជាពិសេស កូនប្រសាតែម្តង ព្រោះគេមានចរិត ឆេវឆាវមិនព្រមទទួលយកការអប់រំរបស់អ្នកណាឡើយ សូម្បីតែគាត់ជាម៉ែក្មេក។ អ្វីដែលគាត់អាចធ្វើបាន គឺមានតែប្រាប់កូនស្រីរបស់ខ្លួនឱ្យខំប្រឹងខាំមាត់សង្កត់ចិត្ត ដើម្បីអនាគតរបស់កូនៗ ហើយរឿងរ៉ាវដែលកំពុង ប្រឈមជាមួយប្តីសព្វថ្ងៃ ចាត់ទុកជាសម្ពាយកម្មរបស់ខ្លួនពីអតីតជាតិ ដែលជំពាក់ប្តីទៅចុះ។

លោកព្រហ្ម លាង (ជាប្តី) និងនាងសឿង កែវ

អ្នកស្រីម៉ក រឿង ជាមេភូមិភ្ញាក់រលឹក បានឱ្យដឹងថា បើតាមគាត់សង្កេតឃើញជាក់ស្តែង ប្តីប្រពន្ធរបស់ នាងសឿង កែវ គឺផ្តើមឡើង ពីសំណាក់បុរសជាប្តីតែម្តង ឱ្យតែគេមានបញ្ហាអ្វីមួយជាមួយអ្នកផ្សេង តែងមក រករឿងបង្កជម្លោះជាមួយប្រពន្ធកូន។ បើនិយាយឱ្យខ្លីទៅ លោកព្រហ្ម លាង គឺឆាប់ខឹងឆេវឆាវណាស់ មិនសូវ មានភាពអត់ធ្មត់ឡើយ ដែលជាហេតុធ្វើឱ្យប្តីប្រពន្ធពួកគេ ជួបរឿងរ៉ាវរកាំរកូសឥតស្វាងបែបនេះ។


ស្ត្រីជាមេភូមិរូបនេះ បន្តឱ្យដឹងទៀតថា បើតាមស្ត្រីជាប្រពន្ធធ្លាប់មករាយការណ៍ប្រាប់ អ្នកស្រីថា ប្តីរបស់នាងជាមនុស្សមិនសូវដឹងទុក្ខធុរៈប្រពន្ធឡើយ តែងប្រើអំពើហិង្សាលើផ្លូវភេទ ចាប់បង្ខំប្រពន្ធរួមរ័កមេត្រីជាហូរហែ សូម្បីតែប្រពន្ធទើបសម្រាលកូនខ្ចីបាន៧ថ្ងៃ កំពុងដេក ឆ្អើរភ្លើងនៅលើគ្រែ ក៏ប្តីចាប់បង្ខំរួមភេទដែរ មិនខ្លាច ប្រពន្ធទាស់សរសៃអាយុខ្លីស្លាប់ចោលកូនទេ។ តែយ៉ាងណា មួយរយៈចុងក្រោយនេះ អ្នកស្រីសង្កេត ឃើញថា លោកព្រហ្ម លាង មានការភ្ញាក់រលឹកកែ ខ្លួនបានខ្លះៗហើយ មិនសូវរករឿងឈ្លោះ ប្រើពាក្យសម្តី ស្រែកគំហកសម្លុតឱ្យប្រពន្ធកូនដូចមុនឡើយ។

អ្នកស្រីម៉ក រឿង

រីឯអ្នកស្រុកមួយចំនួនទៀតបានឱ្យដឹងស្របគ្នាថា ពួកគាត់មានចិត្តអាណិតនាងសឿង កែវ ណាស់ កើតមកជាតិនេះអភ័ព្វ ជួបប្តីមិនគាប់ប្រសើរដូចគេ ពោលគឺតាំងពីពួកគេចាប់ដៃគ្នាជាប្រពន្ធប្តីមក នាង រស់នៅមានសេចក្តីសុខតិចតួចបំផុត ថ្ងៃណាក៏ដូចជា ថ្ងៃណាដែរ បើកភ្នែកកាលណាឃើញតែនាងហូរទឹក ភ្នែកឱ្យរហាម ត្រូវប្តីរករឿងឈ្លោះស្រែកគំហកគំរាម កាប់សម្លាប់ចោល។ រីឯអ្នករស់នៅភូមិផងរបងជាប់ គ្នា ក៏មិនហ៊ានចូលឃាត់ដែរ ព្រោះគេគ្រប់គ្នាសុទ្ធតែ បានស្គាល់ពីចរិតរបស់បុរសជាប្តី មិនដែលទទួលយក ការអប់រំរបស់អ្នកណាឡើយ សូម្បីតែម្តាយក្មេក។ ម៉្លោះហើយទើបអ្នកស្រុកធ្វើមិនដឹងមិនឮ បានត្រឹមតែ លួចអាណិតនាងសឿង កែវ ជាប្រពន្ធនៅក្នុងចិត្ត ប៉ុណ្ណោះ ព្រោះខ្លាចមានរឿងដល់ខ្លួនគេដែរ សមដូច ពាក្យចាស់ពោលថា “សាច់មិនបានស៊ីយកឆ្អឹងព្យួរក”។
គួរបញ្ជាក់ថា មនុស្សដែលមានអត្តចរិតឆាប់ ខឹងឆេវឆាវ ពីធម្មជាតិ មិនងាយនឹងកែបានឡើយ ទោះជាឪពុកម្តាយបង្កើតអប់រំយ៉ាងណាក្តី លុះត្រា សាមីខ្លួនចេះភ្ញាក់រលឹកកែខ្លួនដោយខ្លួនឯង ទើបមានសង្ឃឹម ប៉ុន្តែទោះជាយ៉ាងណា ធ្វើជាមនុស្សគួរតែស្គាល់ អាក្រក់ល្អ សខ្មៅ មិនត្រូវបណ្តែតបណ្តោយខ្លួនឱ្យភ្លើង កំហឹង ឬភ្លើងកាមគុណអូសទាញ រហូតហ៊ានបង្ខំ ប្រពន្ធរួមភេទ ដែលទើបនឹងឆ្លងទន្លេបាន៧ថ្ងៃ ទាំង នៅសរសៃខ្ចីបែបនេះទេ ដែលនឹងបណ្តាលាឱ្យប្រពន្ធ ទាស់សរសៃ អាចឈឺស្លាប់បាន…”៕

RELATED ARTICLES