ខេត្តកំពង់ចាម ៖ បុរសម្នាក់ បានឡើងបេះដូងតែម្នាក់ឯង រួចក៏រអិលជើងធ្លាក់ចុះពីលើចុងដូង បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម អស់រយៈពេល៣ថ្ងៃ រហូតដល់សពមានសភាពហើមស្អុយ ទើបប្រពន្ធបានដើររកឃើញ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១និង១៥នាទីរសៀល ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចភូមិត្រពាំងបិត ឃុំបឹងណាយ ស្រុកព្រៃឈរ។
សពជនរងគ្រោះដែលធ្លាក់ពីលើចុងដូងស្លាប់រហូតដល់ហើមស្អុយ ទើបប្រពន្ធដើររកឃើញនោះ មានឈ្មោះយែម សៅ ហៅពៅ អាយុ ៤៥ឆ្នាំ មានលំនៅក្នុងភូមិកើតហេតុខាងលើ។
តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ជនរងគ្រោះស្នាក់នៅផ្ទះជាមួយប្រពន្ធ ដែលស្ថិតនៅឆ្ងាយដាច់ស្រយាលពីផ្ទះអ្នកភូមិផ្សេងទៀត ហេតុនេះ ទើបពេលមានបញ្ហាមិនមានអ្នកដឹង។ នៅមុនពេលកើតហេតុ ជនរងគ្រោះ បានបាត់ពីផ្ទះតាំងពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយមិនដឹងដើរទៅណា ចំណែកស្ត្រីជាប្រពន្ធ បានព្យាយាមតាមរកដែរ តែរកមិនឃើញសោះ ហើយក៏មិនបានឆោឡោប្តឹងប៉ូលិសអ្វីដែរ ព្រោះនឹកស្មានថា ប្តីចេញទៅលេងផ្ទះសាច់ញាតិ។
ប្រភពដដែលបន្តថា លុះមកដល់វេលាម៉ោងកើតហេតុខាងលើ ស្ត្រីរងគ្រោះបានដើរតាមរកប្តី មកដល់ក្បែរគល់ដូង ដែលមានព្រៃស៊ុបទ្រុបពីក្រោម ក៏បានធុំក្លិនស្អុយចម្លែក ទើបដើរតាមរកមើល ស្រាប់តែប្រទះឃើញសពប្តីមានសភាពហើមស្អុយទៅហើយ ក៏ស្រែកឆោឡា រត់ចូលទៅក្នុងភូមិប្រាប់គេឯងឱ្យជួយ និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យតែម្តង។
លោកសួន រស់ អធិការរងនគរបាលស្រុកព្រៃឈរ បានឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មានខាងលើ កម្លាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុ បង្កើតគណៈកម្មាការចម្រុះពិនិត្យសព និងរកឃើញថា សពមានសភាពហើមក្លិនស្អុយខ្លាំង នៅក្រោមដើមដូង ព្រមទាំងមានខ្សែកាលីង សម្រាប់ឡើងដូងនៅក្បែសពផងដែរ។
លោកអធិការរងបញ្ជាក់ថា ឆ្លងតាមការស្រាវជ្រាវស៊ើបអង្កេតជុំវិញកន្លែងកើតហេតុ និងតាមប្រភពពីសាក្សីនានា សមត្ថកិច្ចជំនាញបានសន្និដ្ឋានថា ការស្លាប់នេះ មិនមានការពាក់ព័ន្ធទៅនឹងបទល្មើសព្រហ្មទណ្ឌនោះឡើយ ពោលគឺជនរងគ្រោះខាងលើពិតជាស្លាប់ដោយសារធ្លាក់ពីលើចុងដូងដោយខ្លួនឯងប្រាកដមែន។
សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕