Sunday, January 12, 2025
Homeសង្គម និងជីវិតអតីតអាចារ្យរំលោភក្មេងស្រី ត្រូវពលរដ្ឋចោទថាប្លន់ដីវត្តលក់៧ហិកតារ

អតីតអាចារ្យរំលោភក្មេងស្រី ត្រូវពលរដ្ឋចោទថាប្លន់ដីវត្តលក់៧ហិកតារ

ភ្នំពេញ ៖ លោករស់ សារិន អតីតប្រធានគណៈកម្មការអាចារ្យវត្ត សុវណ្ណធម្មរាជ នៅតាមបណ្តោយផ្លូវលេខ៥១ ស្ថិតក្នុងភូមិព្រៃពង្រ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីអំឡុងឆ្នាំ២០០៩ ដាក់ពន្ធនាគាររយៈពេល៣ឆ្នាំ ពីបទរំលោភសេពសន្ថវៈក្មេងស្រីជាអនីតិជន និងទើបចេញពីពន្ធនាគារវិញកាលពីឆ្នាំ២០១២ បច្ចុប្បន្នកំពុងទទួលរងការចោទប្រកាន់ពីសំណាក់គណៈកម្មការអាចារ្យវត្ត និងប្រជាពលរដ្ឋជាម្ចាស់ដីដើមចំនួន៤គ្រួសារទៀតថា បានក្លែងបន្លំឯកសារ លួចយកដីវត្តប្រមាណជិត៧ហិកតារ ទៅលក់ឱ្យឈ្មួញ ក្នុងតម្លៃរាប់សិបម៉ឺនដុល្លារ ហើយពេលនេះ ឈ្មួញ១ក្រុមបាននាំយកគ្រឿងចក្រ ទៅឈូសឆាយព្រៃ បម្រុងពុះជាដីឡូតិ៍សម្រាប់លក់បន្ត ធ្វើឱ្យប្រជាពលរដ្ឋកើតទុក្ខមិនសុខចិត្តផ្ទុះការតវ៉ា កាលពីព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៧។

តាមសម្តីលោកតាស៊ីន សុខុម ប្រធាន​គណៈកម្មការអាចារ្យវត្តសុវណ្ណធម្មរាជ បានឱ្យដឹងថា ដីចំនួនជិត៧ហិកតាររបស់វត្ត ស្ថិតនៅជាប់ខាងត្បូងរបងវត្តសុវណ្ណធម្មរាជ ត្រូវបានឯកភាពមូលមតិគ្នាប្រមូលបច្ច័យមកពីគ្រប់ទិសទី ដើម្បីទិញយកមកគ្រប់គ្រង ដោយបង់រំលោះត្រឹមមួយម៉ែត្រការ៉េតែ២កាក់ប៉ុណ្ណោះ ពីអ្នកភូមិចំនួន៤គ្រួសារ តាំងពីឆ្នាំ២០០៧រហូតមក ស្រាប់តែថ្មីៗនេះ ក៏លេចមុខលោករស់ សារិន អតីតប្រធានគណៈកម្មការចាស់ ដែលធ្លាប់មានរឿងអាស្រូវរំលោភសេពសន្ថវៈក្មេងស្រីនៅកុដិក្នុងវត្ត ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួនដាក់ពន្ធនាគាររយៈពេល៣ឆ្នាំ ចេញមកក្លែងបន្លំឯកសារ យកដីរបស់វត្តទៅលក់ឱ្យឈ្មួញ ក្នុងតម្លៃរាប់សិបម៉ឺនដុល្លារ ហើយនៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៧ មានឈ្មួញដែលបានទិញដីពីលោក រស់ សារិន បានយកគ្រឿងចក្រទៅឈូសឆាយ ដីខាងលើនេះ ទើបត្រូវបានប្រជាពលរដ្ឋ និងគណៈកម្មការអាចារ្យវត្ត បាននាំគ្នាចុះទៅហាមឃាត់មិនឱ្យឈូសឆាយលើដីដែលកំពុងមានទំនាស់នោះតែម្តង។ ក្នុងនាមគណៈកម្មការអាចារ្យវត្តទាំងអស់ គ្មានអ្វីក្រៅពីការស្នើសុំអំពាវនាវយ៉ាងទទូចចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេត្តាជួយអន្តរាគមន៍ពន្លឿនការដោះស្រាយ ដើម្បីយកដីវត្តដែលបានថែរក្សាគ្រប់គ្រងតាំងពីឆ្នាំ២០០៧មកវិញ។

ចំណែកប្រជាពលរដ្ឋជាម្ចាស់ដីដើម​ទាំង​៤គ្រួសារ បានអះអាងផងដែរថា ពួកគាត់ពិតជាបានលក់ដីទាំងជិត៧ហិកតារ ទៅឱ្យវត្តសុវណ្ណធម្មរាជ ក្នុងអំឡុងឆ្នាំ២០០៧ ពិតមែន ដែលជំនាន់នោះមានការគ្រប់គ្រងពីគណៈកម្មការអាចារ្យវត្ត លោករស់ សារិន ប៉ុន្តែការទិញលក់នោះមិនបានផ្តិតមេដៃលើឯកសារផ្ទេរសិទ្ធិឡើយ ចុះហេតុអ្វីបានជា លោករស់ សារិន ពេលចេញពីពន្ធនាគារមកវិញ បែរជាអាចយកដីរបស់វត្ត ទៅលក់ឱ្យឈ្មួញបានយ៉ាងដូច្នេះទៅវិញ ?

លោកគូ អឿន ចៅសង្កាត់ពញាពន់ បានបញ្ជាក់ប្រាប់តាមទូរស័ព្ទថា អតីតប្រធានគណៈកម្មការអាចារ្យវត្តសុវណ្ណធម្មរាជ ពិតជាមានឯកសារពាក់ព័ន្ធក្បាលដីស្របច្បាប់ត្រឹមត្រូវ និងបានលក់ដីបន្តទៅឱ្យឈ្មួញជាបណ្តើរៗមែន។

ពាក់ព័ន្ធទៅនឹងការចោទប្រកាន់ពីគណៈកម្មការវត្ត រួមនឹងប្រជាពលរដ្ឋខាងលើនេះ លោក រស់ សារិន អតីតគណៈកម្មការវត្ត បានឱ្យដឹងតាមទូរស័ព្ទថា ការចោទប្រកាន់នោះ វាមិនមែនជាការពិតទេ ដីទំហំជិត៧ហិកតារនោះ គឺលោកបានទិញពីប្រជាពលរដ្ឋចំនួន៤គ្រួសារពិតប្រាកដ ដោយយកលុយរបស់លោកផ្ទាល់ទៅទិញ មិនមែនជាលុយរបស់វត្តទេ ហើយបានប្រគល់ប្រាក់គ្រប់ចំនួន ព្រមទាំងផ្ទេរសិទ្ធិរួចរាល់ ហើយនិងអាជ្ញាធរបានទទួលស្គាល់ថាពិតជាដីរបស់គាត់មែន។

លោករស់ សារិន បន្តថា ដោយឡែក ផ្ទៃដី ៧ហិកតារ ដែលវត្តសាងសង់លើដីនោះ ត្រូវបានប្រគល់ទៅឱ្យអាជ្ញាធរ និងក្រសួងធម្មការរួចរាល់អស់ហើយ ពុំមានការពាក់ព័ន្ធដល់រូបលោកទៀតទេ ចំណែកដីដែលមានចំនួនទំហំជិត ៧ហិកតារនោះ គឺជាប្រាក់ផ្ទាល់ខ្លួនរបស់លោក មិនមែនជារបស់វត្តទេ៕

RELATED ARTICLES