ខេត្តព្រៃវែង ៖ យុវជនឈាមរាវម្នាក់បានអង្គុយមើលទូរទស្សន៍នៅផ្ទះអ្នកជិតខាងជាមួយក្មេងស្រីម្នាក់ លុះយប់បន្តិចក៏ប្រើល្បិចល្បួងក្មេងស្រីឱ្យជូនខ្លួនទៅរកឌុយសាកទូរស័ព្ទនៅក្នុងខ្ទមចាំស្រូវឯស្រែ លុះជិះម៉ូតូដឹកក្មេងស្រីទៅដល់ខ្ទមស្រែ ឃើញឱកាសស្ងាត់ល្អ ក៏ធ្វើសកម្មភាពចាប់អូសក្មេងស្រីរងគ្រោះចូលទៅក្នុងខ្ទមចាំស្រូវ រួចចាប់រំលោភសេពសន្ថវៈ រហូតដល់បានសម្រេច។
ករណីប្រុសស្ទាវចាប់រំលោភសេពសន្ថវៈក្មេងស្រីរហូតដល់បានសម្រេចនេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៥០នាទីយប់ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចរោងចាំ ស្រូវទួលសង្កែ ស្ថិតក្នុងភូមិជើងទឹក ឃុំរោងដំរី ស្រុកបាភ្នំ។
ជនសង្ស័យល្មោភកាមដែលចាប់រំលោភសេពសន្ថវៈក្មេងស្រី មានឈ្មោះហេង បញ្ញា អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិក្តីដូង ឃុំរោងដំរី ស្រុកបាភ្នំ។ ចំណែកក្មេងស្រីរងគ្រោះនោះ មានឈ្មោះអាត ស៊ីណា អាយុ១២ឆ្នាំ មុខរបរសិស្ស មានលំនៅក្នុងភូមិកើតហេតុខាងលើ។
តាមសម្តីក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីក្បាលព្រលប់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧ នាងបានទៅអង្គុយមើលទូរទស្សន៍នៅផ្ទះអ្នកភូមិម្នាក់ឈ្មោះប៉ុល ឡា ភេទប្រុស អាយុ៣៥ឆ្នាំ ដែលស្ថិតនៅជាប់នឹងផ្ទះរបស់នាង។ លុះទៅដល់បានបន្តិច ក៏ឃើញជនសង្ស័យឈ្មោះហេង បញ្ញា បានចូលមកអង្គុយមើលទូរទស្សន៍ក្បែរនាងដែរ។
ក្មេងស្រីរងគ្រោះបន្តថា បន្ទាប់ពីមើលទូរទស្សន៍ដល់យប់ជ្រៅបន្តិច ជនសង្ស័យខាងលើក៏បានប្រើល្បិចលួងលោមនាងថា រូបគេបានភ្លេចឌុយទូរស័ព្ទ នៅឯរោងចាំស្រូវទួលសង្កែ (ទីតាំងកើតហេតុ) ឯណោះ និងបានពឹងឱ្យនាងទៅជួយរក។ ចំណែកនាងដោយយល់ថា សុទ្ធតែជាអ្នកភូមិ និងជាមនុស្សស្គាល់គ្នា ក៏យល់ព្រមទៅជួយរកឌុយទូរស័ព្ទតាមការពឹងពាក់របស់ជនសង្ស័យ។ ពេលនោះ ជនសង្ស័យក៏បានជិះម៉ូតូដឹកនាងសំដៅទៅខ្ទមស្រែកន្លែងកើតហេតុ លុះពេលទៅដល់ ស្រាប់តែជនសង្ស័យបានចាប់អូសដៃរបស់នាងចូលទៅក្នុងខ្ទមស្រែ និងបានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈនាងទាំងកំរោល រហូតដល់បានសម្រេច ទោះជានាងប្រឹងស្រែកហៅគេឱ្យជួយ ក៏គ្មានអ្នកណាស្តាប់ឮដែរ។
ក្មេងស្រីរងគ្រោះបានឱ្យដឹងទៀតថា ក្រោយពីធ្វើសកម្មភាពរំលោភសេពសន្ថវៈនាង រួចជនសង្ស័យក៏បានរត់គេចចខ្លួនបាត់។ ចំណែកនាងបានរត់ត្រឡប់មកផ្ទះវិញរៀបរាប់រឿងរ៉ាវប្រាប់ ជីដូនឱ្យបានដឹង និងនាំគ្នាទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។
សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា ក្មេងស្រីរងគ្រោះ សព្វថ្ងៃស្នាក់នៅផ្ទះតែ២នាក់ជីដូនប៉ុណ្ណោះ ព្រោះឪពុកម្តាយរវល់ចេញទៅធ្វើកម្មករនៅភ្នំពេញ។ ជារៀងរាល់យប់ ក្មេងស្រីរងគ្រោះតែងចេញទៅមើលទូរទស្សន៍នៅផ្ទះអ្នកជិតខាង លុះមកដល់ថ្ងៃកើតហេតុក៏ត្រូវជនសង្ស័យ ឈ្មោះហេង បញ្ញា បានលួងលោមឱ្យទៅជួយរកឌុយទូរស័ព្ទនៅខ្ទមចាំស្រែ រួចក៏ចាប់រំលោភសេពសន្ថវៈរហូតដល់បានសម្រេច។
ជុំវិញករណីខាងលើនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវតាមស្វែងរកចាប់ខ្លួនជនសង្ស័យ ដើម្បីនាំយកមកសាកសួរ និងចាត់ការបន្តតាម នីតិវិធី៕