ជារឿងគួរឱ្យអាណិតផង អស់សំណើចផង ខណៈដែលបុរសម្នាក់នេះទ្រាំនៅកំលោះ ចាស់អាយុជាង៣០ឆ្នាំ ទើបរៀបការប្រពន្ធ ប៉ះស្រីបោកប្រាស់ រត់ចោលរាត្រីផ្សំដំណេក វេចទាំងលុយចំណងដៃ ទៅបាត់ ស្រមោល។ ទោះយ៉ាងណា ដើម្បីប៉ះប៉ូវការខូចចិត្តនេះ បុរសអភ័ព្វសម្រេចសាងស្នេហ៍ជាថ្មី ជាមួយស្រីមេម៉ាយកូន២ ស្គាល់តែសុភមង្គល…។
លោកអេប ព្រំ អាយុ៣៦ឆ្នាំ រស់នៅភូមិស្តុកធ្លក ឃុំទទុង ស្រុកដងទង់ ខេត្តកំពត បានរៀបរាប់ថា រូបលោកជាកូនពៅ ក្នុងចំណោមបងប្អូន៦នាក់ ឪពុកស្លាប់ នៅតែម្តាយឈ្មោះកិល ហេន អាយុ៧៨ឆ្នាំ។ កាលពីកុមារ លោកបានរៀនសូត្រដល់ថ្នាក់ទី៨ នៃអនុវិទ្យាល័យត្រពាំងត្រាញ់ ក៏ឈប់ទៅ ដោយងាកមក ធ្វើស្រែចម្ការវិញ។ តាំងពីចូលវ័យកំលោះអាយុ១៨ឆ្នាំ មក មិនខ្វះទេក្រមុំៗក្នុងភូមិឱ្យដៃ តែលោកមិនភ្លើតភ្លើន នឹងកាមតណ្ហាដូចកំលោះខ្លះនោះទេ ក៏ស៊ូនៅលីវរហូតក្លាយជាកំលោះចាស់ ត្រូវមាត់អ្នកស្រុកបង្អាប់ថា នៅយូររបៀបនេះ ចៀសមិនផុតពីបានប្រពន្ធមេម៉ាយ។ លុះមានវ័យ៣៤ឆ្នាំ លោកបានចេញពីស្រុក ទៅ រកស៊ីនៅប្រទេសថៃ ជាមួយបងប្អូនឯទៀត
ដែលពេលទៅដល់ដំបូងបានចូលធ្វើកម្មករ ក្នុងរោងចក្រផលិត អំបោះ ដោយបានប្រាក់ខែគ្រប់គ្រាន់ រហូតមានសេសសល់សន្សំទុក និងផ្ញើជូនម្តាយចាស់ជរាមិនដែលដាច់។ នៅរោងចក្រ ដែលលោកទៅធ្វើការនោះមាននារីម្នាក់ឈ្មោះរិន ស្រីមុំ សព្វថ្ងៃអាយុ២៦ឆ្នាំ ឧស្សាហ៍លេង សើចជាមួយលោក ដោយប្រាប់លោក និងបងប្អូនឯទៀតថា រូបនាងជា ស្រីមេម៉ាយកូន១ ស្រុកកំណើតនៅខេត្តបាត់ដំបង បានលែងលះប្តី ព្រោះតែមិនចុះសម្រុងនឹងគ្នា។
លោកព្រំ បន្តទៀតថា កាលនោះបងថ្លៃប្រុស របស់លោកដែលនៅ ធ្វើការចេះតែចំអែចំអន់លោកថា “នៅដល់ណាទៀត កំលោះចាស់ប៉ះ មេម៉ាយកូនមួយស្រួយដូចបាយក្តាំង!” ឯរូបលោក ពេលបងថ្លៃផ្គូផ្គង ក៏បាក់ចិត្តទៅលើស្រីមុំ បន្តិចម្តងៗ រហូតណាត់ជួបនិយាយគ្នាតាមទូរស័ព្ទ រាល់យប់។ លោកមិនបានដេញដោលសួរប្រវត្តិនាងច្បាស់ទេ គឺទាក់ទង បានត្រឹម១ខែ ក៏សម្រេចចិត្តឱ្យបងថ្លៃចែចូវតែម្តង តាមលក្ខណៈ “ក្រមុំ ដណ្តឹងម្តាយ មេម៉ាយដណ្តឹងចិត្ត”។ ពេលនោះស្រីមុំ អត់ប្រកែកទេ តែបានសុំថ្លៃផ្ទះចំនួន២៥ ០០០បាត និងឱ្យលោកនាំនាងទៅរៀបការខាងប្រុសចុះ ព្រោះផ្ទះនាងគ្មានទីធ្លាសង់រោងការទេ។
លោកអេប ព្រំ បន្តទៀតថា លោកក៏យល់ព្រមឱ្យលុយនាង២៥ ០០០ បាត ភ្លាម រួចចេញមកស្រុកមុន ដើម្បីពឹងពាក់បងប្អូនឱ្យជួយ ដោយកក់ ភ្លេងភ្លាត់ ចុងភៅ អាចារ្យ ផ្នួងទុកជាស្រេច ដោយខាងស្រីចាំតែចូលខ្លួនមក រៀបការប៉ុណ្ណោះ។ លុះដល់ថ្ងៃចូលរោង ក៏លេចស្រីមុំ ទៅដល់ ដោយ បណ្តើរបុរសម្នាក់មកជាមួយផង និងកុហកថា ជាបងប្រុសរបស់នាង លោកក៏ចាប់ដៃស្វាគមន៍បងប្រុសនោះយ៉ាងរាក់ទាក់។ ពេលរៀបការចូល មកដល់ ក៏មានភ្ញៀវចូលរួមយ៉ាងច្រើនកុះករ ដោយបានចំណងដៃលើខ្នើយ ៦០ម៉ឺនរៀល ចំណងដៃក្នុងបញ្ជីជាង២លានរៀល។ ព្រឹកស្អែកឡើងត្រូវ សារោង សាកន្ទេល ប្រពន្ធក៏ប្រាប់ថា នាងសុំទៅស្រុក១យប់ ដើម្បីយក លិខិតឆ្លងដែនទៅឱ្យក្មួយ ហើយយប់ស្អែក នឹងវិលមកផ្សំដំណេកវិញ។ លោកក៏អនុញ្ញាតឱ្យ ប្រពន្ធចេញទៅជាមួយបងប្រុសនោះ លុះនាងទៅបាត់ ១ថ្ងៃ ឆែកទូពិនិត្យក៏ដឹងថា បាត់លុយលើខ្នើយ លុយបញ្ជី និងទូរស័ព្ទលោក ១គ្រឿងតម្លៃ៧០០០បាត
ទៀតផង។ លុះស៊ើបសួរទៅទើបដឹងថា បងប្រុស ដែលជូននាងមកនោះ គឺជាប្តីរបស់នាងទេ គឺពួកហ្នឹងដើររកស៊ីបោកប្រាស់ គេជាហូរហែ តែមិនដឹងទៅរកឯណាឃើញទេ បើមិន ស្គាល់ផ្ទះពួកគេយ៉ាងនេះ។ លោកមិនបានប្តឹងផ្តល់អ្វីទេ នេះហេតុតែខ្លួនល្ងង់ខ្វះការពិចារណា ចំណែក បងថ្លៃមេអណ្តើកនោះ ក៏កប់យោបល់និយាយ លែងរួច។
លោកព្រំ បន្តទាំងតូចចិត្តថា បន្ទាប់ពីប៉ះប្រពន្ធ បោកមក លោកនៅជំពាក់គេ សងមិនទាន់រួចនៅឡើយ តែក៏មិនរត់ចោលបំណុលនោះដែរ។ លោក ក្លាយជាពោះម៉ាយខាន់ស្លាមួយប៉ប្រិចភ្នែក និងត្រូវ បានបងប្អូនណែនាំថា “សេះដាច់យកសេះតាម” ដោយចង្អុលបង្ហាញស្រីមេម៉ាយម្នាក់ទៀត ឈ្មោះ គឹម ធី អាយុ៣៧ឆ្នាំ ដោយគ្រាន់តែសែនព្រេន១ព្រឹក ប៉ុណ្ណោះ ដែលប្រពន្ធនេះមិនរត់ចោលរាត្រីផ្សំដំណេក ទៀតទេ ហើយលោកក៏ធ្វើឱ្យនាងមានផ្ទៃពោះភ្លាម ព្រោះតែធាតុត្រូវគ្នា។
នាងគឺម ធី ជាប្រពន្ធ បានឱ្យដឹងថា នាងមានប្តី មុនឈ្មោះប៉ូ កឺត បង្កើតបានកូន២នាក់ ក៏លែងលះគ្នា ទៅ។ បន្ទាប់ពីដឹងថា លោកព្រំ ចាញ់បោកស្រី និងប្តី លាក់លៀមនោះ នាងអាណិតជាពន់ពេក លុះគេចូល ចែចូវក៏យល់ព្រមតែម្តងទៅ ដោយនាំកូនទាំងពីរមក រួមរស់ជាមួយប្តីក្រោយនេះ។ នាងទទួលស្គាល់ថា ប្តី ទី២នេះ ពិតជានៅកំលោះបរិសុទ្ធ ទើបគេមិនសូវចេះ ពិចារណា រហូតចាញ់បោកគេ តែប្តីនេះមានសមត្ថភាព ខ្ពស់ណាស់ អាចធ្វើឱ្យនាងមានផ្ទៃពោះ៤ខែទៅហើយ។
លោកយាយកិល ហេន អាយុ៧៨ឆ្នាំ ជាម្តាយ បានឱ្យដឹងថា រឿងស្រីខូចម្នាក់ឈ្មោះរិន ស្រីមុំ បោកប្រាស់កូនគាត់នោះ ធ្វើឱ្យផ្អើលពេញទាំងស្រុក តែក៏ មិនបានប្តឹងផ្តល់អ្វីដែរ នេះជាកំហុសយើងដែល ខ្វះការពិចារណា កុំបន្ទោសចោរ។ សុខៗទៅយកស្រី ដើរតែបោកគេ មករៀបការ ហើយនាងនោះបានទាំង បណ្តើរគ្នាវាមកស៊ីផឹកទៀតផង លុះព្រឹកឡើងក៏ បបួលគ្នាវេចលុយរត់បាត់។
អ្នកស្រីអេប ពុទ្ធា អាយុ៤៣ឆ្នាំ, អ្នកស្រីអេប ណាវី អាយុ៥០ឆ្នាំ ជាបងបង្កើត បានឱ្យដឹងស្របគ្នាថា នេះជាបទពិសោធន៍មួយសម្រាប់ពួកគាត់ បើប្រហែសច្បាស់ជាចាញ់បោកគេយ៉ាងនេះឯងហើយ ក៏មិនត្រូវបន្ទោសចោរនោះដែរ ត្រូវបន្ទោសខ្លួនឯង ទើបសម។
គួរបញ្ជាក់ថា មនុស្សសម័យនេះ មានមួយចំនួន ដើររកស៊ីបោកប្រាស់កេងប្រវ័ញ្ច ទោះជាធ្លាប់ជាប់គុក ពីរបីដង ក៏មិនរាងចាលដែរ។ មនុស្សបោកប្រាស់មាន ពាក្យសម្តីពីរោះផ្អែមល្ហែមណាស់ ជួនកាលស្រីស្អាតខ្លះ ក៏ហ៊ានឱ្យខ្លួនប្រាណទៅបុរសស៊ីចុកតាមស្រលាញ់ រួច ក៏ប្រមូលយករបស់របរខ្ទេចខ្ទី សូម្បីតែខោខ្លីមិនទុកឱ្យផង…”៕