Wednesday, December 25, 2024
Homeព័ត៌មានជាតិអះអាងត្រូវអំពើគេ ប្តីស្ទាបក្តៅដូចភ្លើង

អះអាងត្រូវអំពើគេ ប្តីស្ទាបក្តៅដូចភ្លើង

ជំនឿទៅលើអាបធ្មប់ ធ្វើអំពើអំព័ន្ធ បានស្ងប់ស្ងាត់ទៅហើយ នៅក្នុងរបបប៉ុល ពត លុះឆ្លងមកដល់បច្ចុប្បន្ន ជំនឿនេះ បានកក្រើកឡើងវិញ ជាពិសេស នៅតាមជនបទ ឆ្ងាយដាច់ស្រយាល។ ដោយឡែក ស្ត្រីម្នាក់នេះ អះអាងថា នាង ត្រូវអំពើគេ ធ្វើឱ្យចុកពោះស្គមទៅៗ ប្តីស្ទាបម្តងៗ ក្តៅដូចរលាកភ្លើង កំពុង តែអស់សង្ឃឹម ព្រោះព្យាបាល មិនជា…។

នាងអ៊ុល តូ អាយុ៤០ឆ្នាំ រស់នៅភូមិទួលធ្នង់ ឃុំគោល ស្រុកប្រាសាទសម្បូរ ខេត្តកំពង់ធំ បានរៀបរាប់ថា នាងមានប្តីឈ្មោះហួត ញ៉េ អាយុ៤២ឆ្នាំ បង្កើតបានកូន៣នាក់។ គ្រួសារនាងទោះជាក្រ យ៉ាងណាក៏មានសុភមង្គលជាងគ្រួសារឯទៀតក្នុងភូមិ រហូតដល់អាជ្ញាធរសរសើរថា ជាគ្រួសារគំរូ ទៀតផង។ លុះមានការសរសើរផ្តល់រង្វាន់លើកទឹកចិត្តផង នៅក៏មានអ្នកច្រណែនឈ្នានីសលាក់មុខ គេខឹងគ្រួសារនាងណាស់ ក៏ធ្វើអំពើឱ្យប្តី និងកូនៗ របស់នាងឈឺបណ្តាក់គ្នាដូចខ្យង។ ចំពោះប្តី និងកូន ពេលឈឺថ្កាត់ម្តងៗ ងាយព្យាបាលទេ តែសម្រាប់ រូបនាងម្នាក់តាំងពីធ្លាក់ខ្លួនឈឺក្រោយគេមក ដូច មានអ្វីចាក់ដោតក្នុងពោះ ចុកឆ្អល់ដាក់ថ្នាំមិនត្រូវ។ ពេលទៅមន្ទីរពេទ្យ បន្ទាប់ពីឆ្លុះពិនិត្យរួចវេជ្ជបណ្ឌិត ក៏ប្រាប់ថា គាត់មានជំងឺក្រពះពោះវៀន បានឱ្យសម្រាក ចាក់ថ្នាំ លេបថ្នាំដែរ តែមិនជាសោះ ក៏វិលមកផ្ទះ រកគ្រូខ្មែរម្តង។ ទោះជាបានគ្រូខ្មែរស្តោះផ្លុំ ផ្សំឱសថ ឱ្យយកទៅដាំទឹកផឹកយ៉ាងណាក៏មិនជាដែរ ខ្លួននាងស្គមទៅៗ សល់តែស្បែកដណ្តប់ឆ្អឹង មិនដឹងជាអស់ ព្រេងសំណាងថ្ងៃណាទេ។

លោកហួត ញ៉េ

នាងអ៊ុល តូ បន្តទៀតថា ពេលនេះក្នុងពោះ របស់នាងកាន់តែធ្វើទុក្ខខ្លាំងជាងមុន តែគ្រូពេទ្យថត អេកូមើលមិនឃើញអ្វីទេ ចំណែកគ្រូខ្មែរថា នាងត្រូវអំពើគេ ទោះជាផឹកថ្នាំយ៉ាងណាក៏នៅតែដដែល ឥឡូវ នាងអស់តម្រិះហើយ។ អ្វីដែលនាងធ្ងន់បំផុតនោះ គឺនៅពេលប្តីដេកក្បែរ ឬយកដៃស្ទាបអង្អែលបែរជា ក្តៅដូចភ្លើង ប៉ះមិនបានទេ ហើយក៏មិនអាចឱ្យប្តីរួមភេទបានដែរ។ បើសិនជាប្តីទប់ចំណង់មិនបានបង្ខំ ជម្នះម្តងៗ គឺខ្លួននាងហត់ដង្ហក់ស្ទើរដាច់ខ្យល់ស្លាប់ ទើបសព្វថ្ងៃ ប្តីមិនសូវហ៊ានមកជិតទេ ដោយខ្លាចនាង ទៅចោលគេ។

នាងអ៊ុល តូ

ដោយឡែក លោកហួត ញ៉េ អាយុ៤២ឆ្នាំ ជាប្តី បានឱ្យដឹងថា លោកសែនខ្លោចចិត្តអាណិតប្រពន្ធ ជាពន់ពេក ដែលមិនគួរណាត្រូវអំពើគេ ព្យាបាល មិនជាយ៉ាងនេះ។ សព្វថ្ងៃឱ្យតែឮល្បីថា មានគ្រូណា ពូកែ លោកក៏នាំប្រពន្ធទៅសុំការព្យាបាលសព្វកន្លែង អស់ហើយនៅខេត្តនោះ ចំណែកមន្ទីរពេទ្យស្រុក-ខេត្ត ក៏ធ្លាប់ទៅអស់ហើយ។ លោកជឿថា បើជំងឺ ធម្មតាច្បាស់ជាគ្រូពេទ្យព្យាបាលជាមិនខាន សូម្បីតែ រលាកក្រពះ គ្រុនពោះវៀន ក៏ចាក់ថ្នាំ លេបថ្នាំជាដែរ តែជំងឺប្រពន្ធគាត់ថាមានអ្វីចាក់រុកក្នុងពោះ ដាក់ថ្នាំ មិនត្រូវនោះ ពិតជាត្រូវអំពើគេតែម្តង។ គ្រូធ្វើអំពើ នោះតាមស្មាន មកពីគេគុំស្អប់គ្រួសារលោក ដែលមានសុភមង្គលជាងគេ ក៏ច្រណែនឈ្នានីស ប្រើសិល្ប៍មន្ត ម្តងធ្វើឱ្យឪពុកឈឺ កូនឈឺបណ្តាក់គ្នា តែឪពុក និងកូនរាសីខ្ពស់ព្យាបាលជាវិញ លុះប្រពន្ធឈឺក្រោយ គេ ក៏ទុរន់ទុរាយ៉ាងនេះទៅ។

អ្នកស្រីសាំង សម្បត្តិ

លោកហួត ញ៉េ បន្តទៀតថា ពេលនេះគ្រួសារ លោកធ្លាក់ក្រ ព្រោះបានលក់អស់ទ្រព្យសម្បត្តិយក លុយព្យាបាលប្រពន្ធអស់សមត្ថភាពហើយ មានតែ សំពះអង្វរដល់អ្នកធ្វើអំពើនោះ សូមមេត្តាដក ពិសពរសិល្ប៍មន្តធ្មប់ចេញពីខ្លួនប្រពន្ធលោកទៅ។ លោកមិនស្គាល់អ្នកធ្វើអំពើនោះជានរណាទេ តែជា មនុស្សនៅក្នុងភូមិជាមួយគ្នាហ្នឹង លោកសូមសំពះ អង្វរសូមមេត្តាទុកជីវិតប្រពន្ធលោកផង ដើម្បីឱ្យ នាងបាននៅថែរក្សាកូនតូចៗ។ ថ្វីត្បិតតែលោកមិន ស្គាល់មុខអ្នកប្រើសិល្ប៍មន្តនោះក៏សង្ស័យខ្លះៗហើយ តែមិនហ៊ានចោទគេទេ បានត្រឹមអង្វរករដោយ ប្រយោលប៉ុណ្ណោះ បើសិនជាគេអាណិតមេត្តាសង្ឃឹមថា ប្រពន្ធលោកនឹងបានជាសះស្បើយមិនខាន។

អ្នកស្រីឡាំង រ៉េត

អ្នកស្រីសាំង សម្បត្តិ អាយុ៥៣ឆ្នាំ និងអ្នកស្រីឡាំង រ៉េត អាយុ៥១ឆ្នាំ ជាអ្នកជិតខាង បានឱ្យដឹងស្របគ្នាថា នាងអ៊ុល តូ ជាមនុស្សល្អ មិនចេះរករឿង បង្កហេតុជាមួយអ្នកភូមិណាឡើយ តែមានក្រុម មនុស្សឈ្នានីសចង់ព្យាបាទ ឃើញគេល្អជាងខ្លួន ក៏ ប្រើវិធីសាស្ត្រតាមផ្លូវងងឹត ធ្វើបាបនាងឱ្យឈឺរ៉ាំរ៉ៃ។ នាងពិតជាត្រូវអំពើគេប្រាកដណាស់ ប៉ុន្តែ សព្វថ្ងៃ បនាគ្រូខ្មែរពូកែជួយស្តោះផ្លុំ ឃើញថា គ្រាន់បើជាង កាលទៅព្យាបាលនៅមន្ទីរពេទ្យ ព្រោះអំពើអំព័ន្ធ លុះត្រាតែមានគ្រូពូកែដោះ ទើបជាមិនមែនជាដោយ ចាក់ថ្នាំនោះទេ។

លោកអ៊ឹម ណាង អាយុ៣៧ឆ្នាំ និងភរិយាឈ្មោះឡៃ ធិន អាយុ៣៥ឆ្នាំ ជាអ្នកជិតខាងក៏បានឱ្យដឹងដែរថា រឿងអំពើអំព័ន្ធនេះហាក់ដូចជាកក្រើកឡើងវិញ នៅតាមបណ្តាភូមិស្រុកនីមួយៗ ព្រោះមានមនុស្ស រៀនអាគម ឬរបៀនទុច្ចរិតនេះរួចយកមកសាកល្បង ធ្វើបាបគេឯង បើសិនជាបែកការឱ្យអ្នកស្រុកដឹង ច្បាស់ជាអ្នកធ្វើអំពើនោះជួបគ្រោះថ្នាក់មិនខាន។

នាងឡៃ ធិន​ និងលោកអ៊ឹម ណាង

គួរបញ្ជាក់ថា រឿងជីវិតខាងលើនេះ ស្តែងឱ្យឃើញថា អ្នកស្រុកនៅតំបន់ជនបទចុងកាត់មាត់ ញក នៅតែមានជំនឿលើអាបធ្មប់ មិនអាចរលុបរលាយបានឡើយ។ ព្រោះតែជំនឿអរូបីមើលរូបមិន ឃើញនេះហើយ ទើបបានជាមានឃាតកម្មកើតឡើង ជារឿយៗ ព្រោះជនរងគ្រោះដែលឃាតករសម្លាប់នោះ ត្រូវគេចោទថា ជាគ្រូធ្មប់។ ជាក់ស្តែង កាលពីខែមុន មានបុរសម្នាក់នៅខេត្តកំពត ត្រូវឃាតករសម្លាប់ កាត់ក្បាលយកទៅបាត់ ហើយឃាតករទាំង២នាក់នោះ ត្រូវសមត្ថកិច្ចចាប់បាននៅខេត្តសៀមរាប។ ឃាតករបានសារភាពថា មកពីខ្លួនស្អប់ជនរងគ្រោះ ដែលតែងធ្វើអំពើឱ្យសាច់ញាតិគេស្លាប់ ទើបពួកគេ សម្លាប់សងសឹកវិញ ប៉ុន្តែ ច្បាប់គឺច្បាប់ មិនអនុញ្ញាត ឱ្យឃាតកររួចខ្លួនទេ…”៕

RELATED ARTICLES