Monday, January 13, 2025
Homeសង្គម និងជីវិតបុរសប្រពន្ធស្លាប់ចោលបាត់ ផឹកស្រវឹង១យប់ ព្រឹកឡើងស្លាប់ក្នុងឡាន

បុរសប្រពន្ធស្លាប់ចោលបាត់ ផឹកស្រវឹង១យប់ ព្រឹកឡើងស្លាប់ក្នុងឡាន

ភ្នំពេញ ៖ បុរសម្នាក់ត្រូវប្រពន្ធស្លាប់ចោលអស់រយៈពេល៣ឆ្នាំមកហើយ លុះពេលចូលផឹកស៊ីរាំលេងនៅក្នុងមជ្ឈមណ្ឌលរ៉ក ជាមួយមិត្តភក្តិរហូតដល់ស្រវឹងជោកពេញមួយយប់ រហូតដល់ទៀបភ្លឺ ស្រវឹងខ្លាំងពេក ក៏ចូលទៅប្រះខ្លួនដេកនៅក្នុងរថយន្តមិត្តភក្តិរបស់ខ្លួន លុះមិត្តភក្តិចេញមកវិញ គោះទ្វាររថយន្តដាស់ ទើបដឹងថា ជនរងគ្រោះបានដេកស្លាប់ក្នុងរថយន្តបាត់ទៅហើយ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចចំណតរថយន្តក្នុងបរិវេណ មជ្ឈមណ្ឌលកម្សាន្តរ៉ក់ តាមបណ្តោយផ្លូវព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

បុរសដែលដេកស្លាប់ក្នុងរថយន្តនោះ មានឈ្មោះហេង សីហា អាយុ៣៣ឆ្នាំ មុខរបរលក់ទូរស័ព្ទតាមអនឡាញ ស្នាក់នៅផ្លូវបេតុង ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ ជនរងគ្រោះបានដេកស្លាប់ក្នុងរថយន្តរបស់មិត្តភក្តិ ម៉ាកតូយ៉ូតាព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AM-2186។

តាមសម្តីស្ត្រីឈ្មោះអួន មុំ អាយុ៦៥ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៤ ផ្លូវជាតិ លេខ១ ភូមិព្រែក សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ ត្រូវជាម្តាយបង្កើតសពបានរៀបរាប់ប្រាប់ថា នៅមុនកើតហេតុ នៅវេលាទៀបភ្លឺ ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៧ មានមិត្តភក្តិរបស់កូនប្រុសគាត់ម្នាក់ បានមកគោះទ្វារផ្ទះស្រែកហៅគាត់ លុះពេលគាត់បើកទ្វារសួរថា មានរឿងអ្វី ស្រាប់តែមិត្តភក្តិរបស់កូនប្រុស បានប្រាប់គាត់ថា កូនប្រុសរបស់គាត់ដេកស្លាប់ក្នុងរថយន្ត បន្ទាប់ពីផឹកស្រវឹងហើយរត់ចូលទៅដេកក្នុងរថយន្តព្រូសចតនៅក្នុងបរិវេណមជ្ឈមណ្ឌលរ៉ក។ គ្រាន់តែឮសម្តីរបស់មិត្តភក្តិកូនប្រុសគាត់ហើយ គាត់សឹងតែមិនជឿ ព្រោះកូនរបស់គាត់មិនដែលមានជំងឺអ្វីទាល់តែសោះ។

ស្ត្រីជាម្តាយជនរងគ្រោះបានបន្តថា ភ្លាមនោះ គាត់ក៏ប្រញាប់ទៅមើលកូនប្រុសដល់កន្លែងកើតហេតុ និងបានស្នើឱ្យសមត្ថកិច្ចជួយធ្វើកោសល្យវិច័យឱ្យបានច្បាស់លាស់ពីមូលហេតុ។ ស្ត្រីជាម្តាយសពបានបន្តថា សព្វថ្ងៃគាត់មានកូនចំនួន៤នាក់ (ប្រុស៣ ស្រី១) ហើយកូនដែលស្លាប់ជាកូនពៅ បានរៀបការប្រពន្ធរួចហើយ និងថែមទាំងមានកូនអាយុ៤ឆ្នាំទៀតផង ប៉ុន្តែប្រពន្ធរបស់គេបានស្លាប់ពេលកូនប្រុស អាយុ១ឆ្នាំ ដោយសារមានជំងឺឈាមសស៊ីឈាមក្រហមសពថ្ងៃចៅប្រុសគាត់បានរស់នៅ និងការគ្រប់គ្រងនៅខាងម្តាយក្មេករបស់គេ។

ដោយឡែកតាមសម្តីបុរសឈ្មោះសិរី នរិន្ទ អាយុ៣៣ឆ្នាំ មុខរបរមន្ត្រីព្រឹទ្ធសភា ស្នាក់នៅ ផ្ទះលេខ១៦១ ផ្លូវបេតុង សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ និងត្រូវជាមិត្តភក្តិរបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧ ជនរងគ្រោះ បានបបួលមិត្តភក្តិប្រុស៣នាក់ រួមនិងគាត់ម្នាក់ផង មកផឹកស៊ីតាំងពីថ្ងៃត្រង់ គឺផឹកនៅកែបថ្មី យីហោ៥៥៥ ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ អស់ជាច្រើនមកហើយ។ លុះពេលផឹកដល់យប់បន្តិច ក៏នាំគ្នាជិះរថយន្តព្រូសទៅផឹក បន្តនៅហាងខាងក្រោយក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ រហូតដល់យប់ជ្រៅ ក៏បន្តមកផឹកនៅមជ្ឃមណ្ឌលរ៉ក់ ក្នុងបន្ទប់ខោរ៉ាអូខេទៀត។

បុរសជាមិត្តភក្តិជនរងគ្រោះបន្តថា ខណៈពេលចូលផឹកស៊ីក្នុងមជ្ឈមណ្ឌលរ៉ក់ បានមួយសន្ទុះ ជនរងគ្រោះបានប្រាប់ថា សុំខ្ចីសោរថយន្តសិន ព្រោះរូបគេស្រវឹងផឹកលែងបានទៀតហើយ ទៅដេកចាំក្នុងរថយន្តមុន ចំណែករូបគាត់នៅផឹកបន្ត រហូតដល់ម៉ោង៣និង៣០នាទីទៀបភ្លឺ បានគិតលុយបន្ទប់ឱ្យគេរួចហើយ ក៏រៀបចំចេញទៅផ្ទះវិញ ស្រាប់តែពេលចុះមកដល់ក្រោម ឃើញជនរងគ្រោះដេកក្នុងរថយន្តមិនមានពាក់អាវ ក៏គោះទ្វាររថយន្តដាស់ តែគោះទ្វារយ៉ាងណា ក៏ជនរងគ្រោះមិនឮ មិនតបសោះ ក្រោយមកពួកគាត់ ក៏ហៅសន្តិសុខនៅរ៉ក់ ឱ្យមកជួយមើល រហូតដល់ក្រោយមកសមត្ថកិច្ចចុះមកពិនិត្យ ទើបដឹងថា ជនរងគ្រោះបានស្លាប់ក្នុងរថយន្តបាត់ទៅហើយ។

សមត្ថកិច្ចនគរបាលបច្ចេកទេសកោសល្យវិច័យស្នងការរាជធានីភ្នំពេញ និងគ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្រោយពីត្រួតពិនិត្យជុំវិញបរិវេណរថយន្តព្រូស រួចហើយ ឃើញថា រថយន្តជាប់សោ ក៏បានឱ្យជាងសោមកធ្វើសោ បើកមើលខាងក្នុងខាងក្រៅ មិនមានអ្វីស្លាកស្នាមអ្វីទំងអស់ ទើបសមត្ថកិច្ច បានសន្និដ្ឋានថា ជនរងគ្រោះបានស្លាប់ដោយសារខ្យល់គរ ឬដេកថប់ដង្ហើមដោយសាររថយន្ត បានពន្លត់ទៅហើយ។ ជាមួយនេះ សមត្ថកិច្ចក៏បានបូមឈាម និងទឹកនោមរបស់ជនរងគ្រោះ យកទៅធ្វើតេស្តដើម្បីចង់ដឹងថា សពមានប្រើប្រាស់សារធាតុញៀនដែរឬទេ។

សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារដឹកតាមរថយន្តរបស់នគរបាល បច្ចេកទេសយកទៅវត្តនិរោធរង្ស៊ី ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។ ចំណែករថយន្តដែល បុរសរងគ្រោះដេកស្លាប់នោះ ត្រូវយករក្សាទុកនៅនគរបាលប៉ុស្តិ៍ជាបណ្តោះអាសន្នសិនរង់ចាំ ត្រួតពិនិត្យរួចរាល់ និងប្រគល់ឱ្យម្ចាស់យកត្រលប់ទៅវិញ៕

RELATED ARTICLES