ភ្នំពេញ ៖ ជនសង្ស័យ២នាក់ ក្នុងចំណោមបក្សពួក៨នាក់ ដែលបានធ្វើសកម្មភាពពួនស្ទាក់នៅកន្លែងងងឹត វាយប្លន់យកម៉ូតូបាន១គ្រឿង ពីជនរងគ្រោះ រួចយកទៅបញ្ចាំយកលុយចាយវាយបាន២ថ្ងៃ ក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ឃាត់ខ្លួន កាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។
ជនរងគ្រោះជាម្ចាស់ម៉ូតូ ដែលត្រូវក្រុមជនដៃដល់វ៉ៃប្លន់ម៉ូតូ មានឈ្មោះ សៅ ឡេងហ៊ឺ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។ ចំណែកម៉ូតូដែលត្រូវជនសង្ស័យប្លន់យកទៅ ម៉ាកស៊ុយហ្ស៊ូគីនិច ពណ៌ក្រហមលាយស ពាក់ស្លាកលេខ ភ្នំពេញ 1DQ-6270។
តាមសម្តីជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុកាលពីវេលាម៉ោង១និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧ រូបគេរួមនឹងមិត្តភក្តិម្នាក់ទៀត ទើបនឹងជិះម៉ូតូចេញពីក្លឹប គោលបំណងត្រឡប់ទៅផ្ទះវិញ ស្រាប់តែពេលធ្វើដំណើរមកដល់ចំណុចផ្ទះលេខ១៣១៩ តាមបណ្តោយផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ក៏លេចមុខជនសង្ស័យមានគ្នា ប្រមាណ៨នាក់ បានប្រើដុំថ្មគប់មកលើពួកគេទាំង២នាក់ បណ្តាលឱ្យដួលម៉ូតូនៅលើផ្លូវ ក្រោយមកក្រុមជនសង្ស័យ បាននាំគ្នាដេញវ៉ៃពួកខ្លួនទាំង ២នាក់បន្ថែមទៀត ទើបធ្វើឱ្យពួកខ្លួនភ័យ ក៏នាំគ្នារត់ចោលម៉ូតូ ស្រាប់តែត្រូវក្រុមជនសង្ស័យឆ្លៀតឱកាសប្លន់យកម៉ូតូជិះចេញទៅបាត់ ចំណែកពួកខ្លួនជាជនរងគ្រោះ ក៏រត់ទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយស្រាវជ្រាវតាមចាប់ជនល្មើសយកមកចាត់ការតាមច្បាប់តែម្តង។
តាមប្រភពពីសមត្ថកិច្ច បានបញ្ជាក់ឱ្យដឹងថា ក្រោយទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ សមត្ថកិច្ចក៏បានធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ ក្នុងចំណោមបក្ខពួក៨នាក់។
ជនសង្ស័យទាំង២នាក់ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន រួមមាន ទី១-ឈ្មោះកង សុធារិទ្ធ ហៅឆាលី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅផ្ទះលេខ៨ភ២ ផ្លូវលំ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ឃាត់ខ្លួនបានពេលកំពុងដើរនៅចំណុចផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។ ទី២-ឈ្មោះកេត ចំរើន ហៅយៀក ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ឃាត់ខ្លួនបាននៅមុខផ្ទះសំណាក់គីម សួគ៌ ស្ថិតក្នុងសង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ ពេលកំពុងដើរចេញពីផ្ទះសំណាក់ទៅទិញនំប៉័ង ក៏ត្រូវបាននគរបាលខណ្ឌដូនពេញ បាននាំខ្លួនជនសង្ស័យយកទៅសួរនាំ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង២នាក់ខាងលើបានសារភាពថា កាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ២០១៧ ពួកគេមានបក្សពួកចំនួន៨នាក់ បានធ្វើសកម្មភាពយកដុំថ្មគប់ទៅលើយុវជនរងគ្រោះជិះម៉ូតូម៉ាកស៊ុយហ្ស៊ូគីនិច ពណ៌ក្រហម លាយស បណ្តាលឱ្យដួលម៉ូតូនៅចំណុចមុខផ្ទះលេខ១៣១៩ ផ្លូវជាតិលេខ២ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ លុះពេលដែលជនរងគ្រោះរត់ចោលម៉ូតូ ក៏លើកម៉ូតូជិះរត់គេចខ្លួន។ បន្ទាប់មកពួកគេបានយកម៉ូតូរបស់ជនរងគ្រោះទៅបញ្ចាំនៅម្តុំឃ្លាំងរំសេវក្នុងខណ្ឌទួលគោក បានតំលៃ៧០០ដុល្លារ ហើយក៏យកទៅស៊ីចាយជក់ថ្នាំញៀន និងដេកផ្ទះសំណាក់ លេងហ្គេមបាញ់ត្រីអស់លុយរលីង ហើយក៏ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនបានតែម្តង។
សមត្ថកិច្ច បានឱ្យដឹងថា ក្រោយពីឃាត់ខ្លួនជនសង្ស័យទាំង២នាក់ពីបទពីបទលួចមានស្ថានទម្ងន់ទោស វាយប្លន់យកម៉ូតូ១គ្រឿង ម៉ាកនិច ចំណែកបក្សពួកដែលនៅសេសសល់សមត្ថកិច្ចកំពុងតែស្រាវជ្រាវឃាត់ខ្លួនបន្ត។ ដោយឡែកម៉ូតូរបស់ជនរងគ្រោះដែលជនសង្ស័យយកទៅបញ្ចាំនោះ ជនសង្ស័យមិនចំណាំកន្លែងបញ្ជាំ ទើបសមត្ថកិច្ចមិនអាចទៅដកហូតឱ្យជនរងគ្រោះវិញបានទេ។
ជនសង្ស័យទាំង២នាក់ត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីចាត់ការបន្តតាមនីតិវិធី៕