Tuesday, December 24, 2024
Homeព័ត៌មានជាតិក្រមុំព្រាយសណ្ឋិត ខ្វាចពោះឱ្យចេញឈាម

ក្រមុំព្រាយសណ្ឋិត ខ្វាចពោះឱ្យចេញឈាម

ប្រជាពលរដ្ឋ នៅជនបទមួយចំនួន បាននិយាយថា សព្វថ្ងៃមនុស្សលែង សូវជឿខ្មោចព្រាយ ជួរជំបួរ មិនបាន រៀបក្តារហ៊ឹង ជើងធូប ដូចចាស់ៗជំនាន់ មុន ទើបធ្វើឱ្យខ្មោចព្រាយដាច់សំណែនខឹងសម្បាតាម យាយី។ យ៉ាងណាមិញ នាងក្រមុំម្នាក់នេះ មិនជឿខ្មោចព្រាយអ្វីទេ ស្រាប់តែមានជំងឺខុសគេឯង ចេះតែមួម៉ៅ ក្តៅ ក្រហាយ ខ្វាចពោះខ្លួនឯងឱ្យចេញ ឈាម ដែលអ្នកស្រុកជឿថា មកពីព្រាយសណ្ឋិត…។

នាងក្រមុំចាស់ឈ្មោះប៉ាវ គន្ធា អាយុ៣៥ឆ្នាំ រស់នៅភូមិជ្រោយសំបួរ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល ដែលកំពុងមានជំងឺខុសគេ តែងភ្លឹកភ្លាំងស្មារតីមួម៉ៅក្តៅអន្ទះអន្ទែង ខ្វាចពោះខ្លួនឯងនោះ នៅពេលដឹងខ្លួនក៏រៀបរាប់ប្រាប់អ្នកយកព័ត៌មានយើងទាំងទឹកភ្នែកថា រូបនាងជាកូនទី៥ ក្នុងចំណោមបងប្អូន៧ នាក់ ឪពុកឈ្មោះសុខ ប៉ាវ អាយុ៧០ឆ្នាំ ម្តាយឈ្មោះវ៉ែន នាង អាយុ៦៩ឆ្នាំ។ ដោយសារកើតក្នុងគ្រួសារកសិករ ជីវភាពអត្តខាត់ ទើបនាងរៀនសូត្របានតែត្រឹមថ្នាក់ទី៥ ក៏ឈប់ទៅ និងនៅតែផ្ទះជួយការងារឪពុកម្តាយ។ លុះមានវ័យ២៧ឆ្នាំ នាងបានចេញទៅធ្វើការរោងចក្រកាត់ដេរ នៅភ្នំពេញ ដោយមិនខ្វះអ្នកសុំស្នេហ៍នោះឡើយ តែនាងរើសប្តីពេក ក៏បដិសេធរហូត។ លុះចូលមកដល់ឆ្នាំ២០១៥ ថ្ងៃមួយ នាងបានមក លេងផ្ទះ លុះយប់ឡើងស្រាប់តែមានអាការក្នុងខ្លួនប្លែកខុសសព្វដង ចេះតែធ្ងន់ក្បាល ស្លុប និងដូចមានកូនកណ្តុររត់ទៅមកពីក្បាលដល់ចុងជើង ធ្វើទុក្ខបុកម្នេញនាងឱ្យ យំស្រែកពិបាកទ្រាំណាស់។ នៅពេលធ្វើទុក្ខម្តងៗ ក្នុងពោះក្តៅងំ ដូចមានដុំភ្លើងបញ្ចោញ ចំហាយក្តៅទ្រាំមិនបាន ក៏យកដៃខ្វេះខ្វាចឱ្យចេញឈាម ទើបបានធូរស្រាលខ្លះ។

នាងប៉ាវ គន្ធា

នាងគន្ធា ប្រាប់ទៀតថា ពេលឈឺដំបូង ឪពុកម្តាយបានដឹកនាងទៅមន្ទីរពេទ្យ ឯកជនល្បីៗ ប៉ុន្តែទោះជាពេទ្យចាក់ថ្នាំដាក់សេរ៉ូមយ៉ាងណា ក៏អាការរោគនៅតែដដែល។ លុះជំងឺកាន់តែធ្ងន់ទៅៗ ទើបឪពុកម្តាយនាំយកទៅរកគ្រូមន្តអាគមឱ្យព្យាបាលម្តង ដែលគ្រូប្រាប់ថា នាងត្រូវព្រាយដើមអម្ពិលទឹកបារាំង (ដើមចាមរី) នៅមុខវត្តព្រះពុទ្ធអណ្តែត ចូលសង់ផ្ទះក្នុងខ្លួនហើយ។ ព្រាយចង្រៃនោះ យាយីនាងឱ្យចង់តែខ្វាច ពោះចេញឈាម ពិបាករកគ្រូព្យាបាលណាស់ ព្រោះវេទមន្តគ្រូខ្លាំងមិនដល់ឥទ្ធិពលព្រាយ។ តាំងពីគ្រូលោកសង្ឃ ក៏ជួយប្រោះព្រំនាងមិន បានដែរ ដោយធ្លាប់ធ្វើឱ្យនាងលៀនអណ្តាត លោតចេញក្បាច់គុន ដាក់ព្រះសង្ឃ មិនខ្លាចគ្រូណាទាំងអស់។ ឥឡូវព្រាយកាន់តែធ្វើទុក្ខ ធ្ងន់ទៅៗ ចេះតែឃ្លានមាន់ឆ្កាង ទោះធ្លាប់ហូបអស់ប៉ុន្មានដងទៅហើយ ក៏នៅតែឃ្លានមិនបាត់។ នាងតែងជេរប្រទេចឪពុកម្តាយ ប្រើពាក្យអ្ហែង អ្ងែង ដែលមិនរៀបមាន់ឆ្កាងឱ្យ លុះគ្មានអ្វី ក៏ខ្វាចពោះ ខ្លួនឯងឱ្យចេញឈាម មកពីព្រាយឃ្លានឈាមតែម្តង។ តាមពិតនាង ក៏មិនដឹងថា ខ្លួនធ្វើអ្វីខ្លះដែរពេលព្រាយចូលនោះ ឮតែបងប្អូននិយាយប្រាប់ សូម្បីពេលខ្វាចពោះចេញឈាមក៏មិនដឹងដែរ។

នាងរៀបរាប់បានតែត្រឹមនេះ ស្រាប់តែបើកភ្នែកក្រឡោតខម ដាក់អ្នកយកព័ត៌មានយើង និងលៀនអណ្តាត ភ្នែកក្រឡឹបក្រឡាប់ ខ្វាចពោះខ្លួនឯង ចេញឈាមរហាម រួចស្រែកទ្រហោយំគួរឱ្យរន្ធត់។
លោកតាសុខ ប៉ាវ អាយុ៧០ឆ្នាំ និងលោកយាយវ៉ែន នាង អាយុ៦៩ឆ្នាំ ជាឪពុកម្តាយបានឱ្យដឹងស្របគ្នាថា កូនស្រីនេះតាំងពីធំ ពេញក្រមុំមក មិនខ្វះទេអ្នកចង់បានជាគូគាប់ទ្រនាប់ទ្រូង តែនាងរើស ប្តីពេក ក៏ក្លាយជាក្រមុំចាស់អាយុជាង៣០ឆ្នាំ។ ទោះជាចាស់បន្តិច ក៏នៅតែមានប្រុសចូលចែចូវជាបន្តបន្ទាប់ ប៉ុន្តែទំនងជានាងត្រូវ ព្រាយតាមព្យាបាទ ទើបវាបញ្ចូលចិត្តនាងមិនឱ្យចង់បានប្តី។ នៅឆ្នាំ២០១៥ ពេលធ្វើការរោងចក្រសុខៗ នាងបានមកលេងផ្ទះ ស្រាប់តែយប់ឡើងត្រូវព្រាយចូលសណ្ឋិត បញ្ចោញអាការកាច សាហាវ សូម្បីតែគ្រូបាសក ឬគ្រូលោក

សង្ឃ ក៏នាងមិនខ្លាចដែរ។ ពេលព្រាយចូលស៊ប់ក្នុងខ្លួន នាងស្រែកគំរាមគេឯង រួចចេញក្បាច់ គុណដូចអ្នកប្រដាល់ លុះគាត់ទៅឃាត់ ក៏ស្រែកជេរពួកគាត់ស្ទើរ ដាច់សាច់ បន្ទាប់មកក៏ខ្វេះខ្វាចពោះខ្លួនឯងឱ្យដាច់សាច់ ចេញ ឈាមជាប់ក្រចកដៃ។ ពួកគាត់បានរកគ្រូជាច្រើនមកហើយ រហូតលក់ដីស្រែ គោក្របី ដើររកគ្រូព្យាបាល ឱ្យតែឮគេប្រាប់ថា គ្រូណា ពូកែ ក៏នាំកូនទៅដល់ផ្ទះគ្រូនោះភ្លាម តែលទ្ធផលជាង១ឆ្នាំទៅ ហើយនៅតែប៉ុណ្ណឹង។
បុរស និងស្ត្រីចំណាស់ បន្តដោយអស់សង្ឃឹមថា ជួនកាលនាងស្រែកទ្រហោយំគួរឱ្យអាណិតណាស់ បន្ទាប់ពីខ្វាចពោះចេញឈាមរួចមកនោះ ប្រហែលជា ព្រាយចង្រៃវាបឺតយកឈាមនាងតែម្តង ហើយក៏មិន ដឹងជាអនាគតកូនស្រីនេះក្លាយជាយ៉ាងណាឡើយ។

លោកតាសុខ ប៉ាវ

រីឯអ្នកស្រុកមួយចំនួន បានឱ្យដឹងស្របគ្នាថា ពួកគាត់ជឿថា នាងក្រមុំនេះ ពិតជាត្រូវព្រាយចូល សណ្ឋិតតែម្តង មិនមែនឆ្កួតទេ ព្រោះមនុស្សឆ្កួតខ្លាច ឈឺដែរ ឯនាងក្រមុំនេះបែរជាខ្វាចពោះខ្លួនឯង ឈាម រហាមពេលធ្វើទុក្ខម្តងៗ។ នៅពេលព្រាយចេញ នាង ក៏ដឹងខុសត្រូវម្តងៗដែរ ផ្ទុយពីមនុស្សឆ្កួតលែងដឹងអី រហូត ជាពិសេស នាងនេះឃ្លានតែមាន់ឆ្កាង បើរកឱ្យ មិនបាន ច្បាស់ជាព្រាយធ្វើទុក្ខបុកម្នេញស្នងរូបនេះ ឱ្យស្រែកយំហ៊ូៗគួរឱ្យសង្វេគ។

នាងប៉ាវ គន្ធា ពេលកំពុងព្រាយចូលខ្លួន

គួរបញ្ជាក់ថា អាការជំងឺបែបនេះ បើយកទៅ មន្ទីរពេទ្យច្បាស់ជាគ្រូពេទ្យតម្រូវឱ្យស្កែនខួរក្បាល មើលមិនខាន ដោយកំណត់រោគសញ្ញា ដោយមិនចាំ បាច់ពិនិត្យក៏ដឹងថា ជារោគសរសៃប្រសាទ ឈានដល់ ឡប់សតិ ឬវិកលចរិត។ ចំពោះជំនឿអ្នកស្រុក ដែល គោរពលទ្ធិព្រលឹងជឿថា មកពីខ្មោចម្រឹត្យូវ ឬព្រាយ ចូលសណ្ឋិត បើសែនព្រេន ឬរកគ្រូជួយមិនបាន ស្នង រូបនោះនឹងចងកសម្លាប់ខ្លួនមិនខានឡើយ។ ហេតុនេះ គួរតែខាងវេជ្ជសាស្ត្រប្រកាសជ្រើសរើសវេជ្ជបណ្ឌិត ជំនាញខាងជំនាញនេះ បើអាចព្យាបាលជា គួរប្រគល់រង្វាន់ ឱ្យដល់កម្រិតដូចជា “រង្វាន់ណូបែល” ជាដើម ក្នុងន័យស្រោចស្រង់អ្នកជំងឺ នៅពាសពេញពិភពលោក ឱ្យផុតពីរោគដ៏សាហាវនេះ…”៕

RELATED ARTICLES