Tuesday, December 24, 2024
Homeព័ត៌មានជាតិនារីប្រិមប្រិយវ័យ១៩ឆ្នាំ ឆ្លងកាត់ប្តី២

នារីប្រិមប្រិយវ័យ១៩ឆ្នាំ ឆ្លងកាត់ប្តី២

ទើបតែមានអាយុ១៩ឆ្នាំសោះ តែនារីម្នាក់នេះ បានឆ្លងកាត់ប្តី២នាក់ ទៅហើយ សុទ្ធតែធ្វើតាម របៀបឱ្យគេស៊ីមុន ទើបសងក្រោយ។ ឥឡូវទំនងជានាងធុញទ្រាន់នឹងប្តីទី២ ក៏រត់ចោលទៀត ដោយលើកឡើងថា មកពីប្តីបង្ខំរួមរ័កពេក ឯប្តីបដិសេធថា មិនបានបង្ខំនាងទេ ប្រហែលជានាងចង់រកប្រុសថ្មីទៀត កើតជាទំនាស់ គ្រួសារ ធ្វើឱ្យអ្នកស្រុកហួសចិត្តគ្រប់គ្នា…។

លោកវេន ធាក អាយុ៣៩ឆ្នាំ រស់នៅភូមិប្រមូលផ្តុំ ឃុំច្រាច់ ស្រុកជ័យសែន ខេត្តព្រះវិហារ បានរៀបរាប់ថា លោកមានប្រពន្ធឈ្មោះលាង វុត អាយុ៣៨ឆ្នាំ បង្កើតបានកូន៣នាក់ ក្នុងនោះកូនស្រីច្បងឈ្មោះវេន ឡៃហ៊ាង អាយុ១៩ឆ្នាំ បានយកប្តី២នាក់ទៅហើយ ដោយមិនបានឆ្លងកាត់សួរយោបល់ឪពុកម្តាយនោះទេ។ តាំងពីតូចដល់ ពេញក្រមុំ ហេតុតែម៉ែឪទំយើពេក ទើបកូនស្រីនេះមិនស្តាប់ដំបូន្មាន ឱ្យរៀនសូត្រក៏ មិនផេះ ហើយបើណែនាំខ្លាំង នាងមិននិយាយរកម៉ែឪតែម្តង។ មុនដំបូង លោកគិតថា កូនស្រីនេះមានលក្ខណសម្បត្តិល្អណាស់ ព្រោះពេលម៉ែឪទូន្មាន មិនរវល់តប សុខចិត្តដើរចេញ លុះមកទល់ពេលនេះ ទើបដឹងថា នាងមានពុតត្បុតអាក្រក់ ពីកំណើតតែម្តង។ កាលពីឆ្នាំ២០១៥ កូនស្រីនេះ ទើបមានអាយុ១៧ឆ្នាំប៉ុណ្ណោះ ហ៊ានរត់ឡើងផ្ទះប្រុសម្នាក់នៅភូមិខ្យង ធ្វើឱ្យលោក និងប្រពន្ធ ខ្មាសគេពេក ក៏ហៅមកសែនព្រេនឱ្យទៅ។ លុះរួមរស់ជាមួយប្តីនេះមិនបានប៉ុន្មាន ស្រាប់តែកូនស្រីរត់ចោល ប្តី ទៅយកបុរសម្នាក់ទៀតឈ្មោះងួន ម៉ុយ អាយុ៣០ឆ្នាំ ជាកូនកំព្រា។ ប្តីប្រពន្ធលោកវ័ណ្ឌក ដោយសារ កូនប្រសាទី១ កើតទុក្ខមិនសុខចិត្ត ក៏ចេញមុខដោះស្រាយសំណងឱ្យគេខ្លះៗទៅ ទម្រាំចប់សព្វគ្រប់ គាត់ឆ្អែតចិត្តដូចឆ្អែតបាយអ៊ីចឹង មិនគួរកូនស្រីបំពេញទុក្ខ។

នាងវេន ឡៃហ៊ាង និងលោកងួន ម៉ុយ (ប្តីទី០២)

បុរសជាឪពុកបន្តទៀតថា ឥឡូវកូនស្រីនេះ យកប្តីទី២ មិនបានប៉ុន្មានខែផង ក៏នឿយណាយ រត់ចោលគេទៀត ហើយពេលលោកសួរដេញដោល នាងប្រាប់ម្តងអ៊ីចេះ ម្តងអ៊ីចុះ រកជឿមិនកើត។ ឯកូនប្រសាទី២នេះ ពេញចិត្តពេញថ្លើមលោកខ្លាំងណាស់ លោកចង់រៀបការឱ្យតាមប្រពៃណីដែរ ទាស់ត្រង់កូនស្រីក្រឡេចក្រឡុច បាតដៃជាខ្នងដៃ។ លោកខឹងកូនម្តងៗ ចង់សំពងឱ្យស្គាល់ដៃ ដែរ តែខ្លាចខុសច្បាប់ ក៏ទ្រាំលេបថ្មលេបក្រួសយ៉ាងនេះទៅ។
ដោយឡែក នាងវេន ឡៃហ៊ាង អាយុ១៩ឆ្នាំ ជាសាមីខ្លួនបានឱ្យដឹងថា រូបនាងពិតជាធ្លាប់ឆ្លងកាត់ប្តី២នាក់មែន។ មូលហេតុដែលនាងរត់ចេញពីផ្ទះ ដោយសារតែប្តីទី២នេះ ធ្វើបាបនាងពេក នាងក៏រត់ទៅរៀនជំនាញអ៊ុតសក់ ដោយមិនប្រាប់ អ្នកណា។ ល្ងាចដែលនាងរត់នោះ មកពីប្តីរុញនាងដួលផ្ងារ ទើបនាងដាច់ចិត្តទៅ ចោល៤-៥ថ្ងៃ។ តាមពិតមកពីនាងឈឺស្បូនផង ក៏គ្មានអារម្មណ៍ត្រេកត្រអាល ជាមួយប្តីដូចមុន ម៉្យាងទៀតប្តីទី២នេះពូកែតែខាងបង្ខំនាងរួមរ័ក ដឹងតែស្រណុកសុខស្រួលម្នាក់ឯង អត់ខ្វល់ពីអារម្មណ៍ប្រពន្ធ។

លោកងួន ម៉ុយ (ប្តីទី២)

ចំណែក លោកងួន ម៉ុយ អាយុ៣០ឆ្នាំ ជាប្តីទី២អត់ខាន់ស្លា បានឱ្យដឹងថា លោកធ្លាប់មានប្រពន្ធម្តងនៅខេត្តកំពង់ចាម តែបានលែងលះគ្នាទៅហើយ។ ក្រោយមក លោកច្រឡំលេខទូរស័ព្ទជាមួយនាងវេន ឡៃហ៊ាង ក៏មានទំនាក់ទំនងគ្នា រហូតមក ដែលមុនដំបូង នាងកុហកលោកថា នៅក្រមុំ។ លោកក៏ណាត់ជួបនាង ក្នុងផ្ទះសំណាក់ ក្នុងខេត្តកំពង់ធំ បានស្គាល់ប្រាណនាង ទើបដឹងថា នាងធ្លាប់មានប្តី ទៅហើយ តែលោកមិនបោះបង់នាងទេ បានសុំនាងឱ្យនាំមកជួបឪពុកម្តាយ លៃលក តាមប្រពៃណី។ លោកជាកូនកំព្រា ចង់តែផ្ញើវាសនាជាមួយនាងណាស់ ដឹងអី! មិនទាន់បានសែនព្រេនផង ស្រាប់តែនាងរត់ចោលលោក ហើយចោទថា លោកបង្ខំរួមរ័កទៅវិញ។

នាងវេន ឡៃហ៊ាង

តាមពិត លោកមិនដែលបង្ខំនាងទេ មានតែនាងបង្ខំប្តីឱ្យបម្រើ នាង ហើយក៏មិនដែលឃើញនាងលេបថ្នាំផ្សះរបួស ស្បូនអីដែរ មានតែថ្នាំពន្យារកំណើតហ្នឹង។ រឿងនេះ គឺមកពីនាងឆ្អែតស្កប់ស្កល់នឹងរូបលោក ហើយចង់ រកប្រុសថ្មី ប្តូរវេន ដូចកាលនាងរត់ចោលប្តីទី១ ទៅ ជួបលោកនៅផ្ទះសំណាក់អ៊ីចឹង។ ទោះយ៉ាងណា បើនាងវិលវិញ លោកនៅតែស្រលាញ់នាងជានិច្ច និង ត្រៀមសែនព្រេនតាមច្បាប់ ឱ្យតែនាងស្រុះស្រួល កុំអាងរត់ចោលប្តី។

ផ្ទះតូចខាងមុខនាងវេន ឡៃហ៊ាង ផ្ទះធំខាងក្រោយផ្ទះ លោកវេន ធាក

អ្នកស្រីលាង វុត អាយុ៣៨ឆ្នាំ ជាម្តាយខាងស្រី បានឱ្យដឹងថា អ្នកស្រីស្គាល់ចរិតកូនស្រីច្បងនេះ ច្បាស់ណាស់ គឺមិនដូចអ្វីដែលនាងរៀបរាប់នោះទេ។ នាងនិយាយពីរឿងឈឺស្បូន ថា ប្តីបង្ខំរួមរ័ក គ្រាន់តែ ជាការបិទបាំងអំពើអាក្រក់តែប៉ុណ្ណោះ។ ជាក់ស្តែង ពេលអ្នកស្រីស្តីបន្ទោសអប់រំកុំឱ្យធ្វើខុសសីលធម៌ និងត្រូវស្មោះត្រង់នឹងប្តី ស្រាប់តែកូនស្រីនេះតបច្រែតៗ មកវិញថា “បើម៉ែឯងពេញចិត្តកូនប្រសាហ្នឹង យក ខ្លួនឯងទៅ ខ្ញុំមិនយកទៀតទេ!” ពេលឮបែបនេះ អ្នកស្រីស្ទើរតែក្អួតឈាមស្លាប់ទៅហើយ។ ដូច្នេះ បើនាងរត់ចោលប្តីទី១ ទុកឱ្យប្តីប្រពន្ធគាត់ដោះស្រាយ លុះមិនបានប៉ុន្មានក៏រត់ចោលប្តីទី២ទៀតនោះ ពួកគាត់ លែងទទួលខុសត្រូវហើយ អ្នកស្រីនឹងដណ្តឹងប្រពន្ធ ឯណាផ្សេងឱ្យកូនប្រសាដ៏ល្អនេះ និងបដិសេធលែង ទទួលស្គាល់កូនស្រីកំហូចនេះទៀតហើយ។

លោកហ៊ន រ៉ន

លោកហ៊ន រ៉ន សមាជិកភូមិប្រមូលផ្តុំ បានឱ្យដឹងថា បើតាមលោកអង្គុយស្តាប់ការរៀបរាប់របស់ គូស្វាមីភរិយាអត់ខាន់ស្លានេះ គឺពិបាកនឹងតភ្ជាប់គ្នា ណាស់ ឬថា ខាងស្រីអស់ក្តីស្នេហ៍ជាមួយប្តីទី២នេះ ទៅហើយ។ លោកយល់ថា ទោះបីជាប្រពន្ធអស់ ចំហាយស្នេហ៍ ក៏ភាគីប្តីទី២ នៅតែស្រលាញ់ប្រពន្ធ អាយុ១៩ឆ្នាំ នេះងប់ងុល កាត់ចិត្តមិនដាច់ ទំនងជា ប្រពន្ធមានចំណុចសំខាន់កន្លែងណា។ ហេតុនេះគួរតែ នាងឡៃហ៊ាង ចេះរក្សាកេរ្តិ៍ជាស្រីឈប់ហក់លោត ទៀតទៅ បើប្តីអនុគ្រោះប៉ុណ្ណឹងទៅហើយ តែបើនាង ចង់តែហក់ហាច់បែបនេះមិនល្អទេ។
រីឯអ្នកស្រុកមួយចំនួនសុំមិនបញ្ចោញឈ្មោះ បាននិយាយស្របគ្នាថា នាងវេន ឡៃហ៊ាង ចង់ធ្វើ ដូចនាងកាកី ដែលផ្លាស់ប្តូរប្រុសពីមួយទៅមួយ ហើយទីបំផុត បានត្រឹមសេចក្តីស្លាប់។ នាងចោទប្តី ទី២ថា បង្ខំរួមរ័ក ហើយត្អូញឈឺស្បូន តែមិនរវល់ ព្យាបាលបែបនេះ អាចថាជាលេសគេចចេញពីប្តីទី២ ស្រវាប្តីទី៣ ក៏ថាបាន សូម្បីតែឪពុកម្តាយនាងក៏ស្គាល់ ចរិតកូនស្រីនេះដែរ។

លោកវេន ធាក និងអ្នកស្រីលាង វុត

គួរបញ្ជាក់ថា បើសិនជាប្តីទី២នេះ មិនធ្វើបាបប្រពន្ធ ឬមិនបង្ខំរួមភេទ ហើយប្រពន្ធគ្មានជំងឺអ្វីសោះ បែរជារត់ចោលប្តី ជាពិសេស បើសិនជានាងទៅសំងំ សោយសុខជាមួយប្រុសទី៣នោះ គឺបណ្តាលមកពី “ជំងឺកាមរាគ”។ ជំងឺនេះធ្វើឱ្យសាមីខ្លួនបរិភោគកាម មិនចេះឆ្អែត ដូចអ្វីដែល “អង្គរធំ” ធ្លាប់ចុះផ្សាយ ជាហូរហែពីលក្ខណៈរបស់ស្រីប្តីច្រើន ឬស្រីស្វាក់ ប្រុសយកលែងៗ រកអនាគតមិនឃើញ…”៕

RELATED ARTICLES