ភ្នំពេញ ៖ ព្រោះតែភាពក្រីក្រទីទាល់លំបាក បុរសម្នាក់បានសម្រេចចិត្តចាកចេញពីស្រុកកំណើតទៅធ្វើការនៅភ្នំពេញ បែរជាត្រូវគេបោកមិនបើកប្រាក់ខែអោយគ្មានលុយទិញបាយហូប ក៏ត្រូវខ្យល់គដួលសន្លប់តាមដងផ្លូវសាធារណៈ បង្កអោយមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៦និង១០នាទីយប់ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ ត្រង់ចំណុចខាងកើតក្លោងទ្វារវត្តអង្គត់
បូរី តាមបណ្តោយផ្លូវសហព័ន្ធរុស្សី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
បុរសរងគ្រោះខាងលើមានឈ្មោះ ភី អាយុ៣៩ឆ្នាំ មានស្រុកកំណើតស្រុកក្រវ៉ាញ ខេត្តពោធិ៍សាត់ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅពេលកើតហេតុគេឃើញបុរសរងគ្រោះដើរស្ពាយកាតាប នៅឃឿនតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ក្នុងទិសដៅពីលិចទៅកើត។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែបុរសខាងលើបានដួលផ្កាប់មុខទៅនឹងដី សន្លប់ស្តូកស្តឹង បាត់មាត់បាត់ក បង្កអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ឈប់ចោមរោមមើល និងរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍។
បើតាមសម្តីពីបុរសខាងលើបានរៀបរាប់ប្រាប់អោយដឹងថា នៅមុនពេលកើតហេតុគាត់បានចាកចេញពីខេត្តពោធិ៍សាត់ ដែលជាស្រុកកំណើត មកធ្វើការនៅឯទីក្រុងភ្នំពេញ គាត់បានធ្វើជាកម្មករសំណង់នៅម្តុំវត្តលំពែង ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ អស់រយៈពេលជាងកន្លះខែមកហើយ តែមិនឃើញមេការសំណង់បើកលុយអោយគាត់សោះ ធ្វើឲ្យគាត់គ្មានលុយទិញបាយហូបអស់រយៈពេលជាច្រើនថ្ងៃមកហើយ រហូតដល់ថ្ងៃកើតហេតុគាត់ក៏បានសម្រេចចិត្តដើរត្រលប់ទៅផ្ទះនៅឯស្រុកកំណើតវិញ លុះដើរមកដល់ត្រង់ចំណុចកើតហេតុដោយសារតែការអត់បាយ ហេវហត់ អស់កម្លាំងខ្លាងពេក ក៏ដួលសន្លប់តែម្តងទៅ។
ក្រោយពេលកើតហេតុប្រជាពលរដ្ឋរួមទាំងសមត្ថកិច្ចមូលដ្ឋានបាននាំគ្នាជួយធ្វើការ
សង្គ្រោះបឋមទៅលើបុរសរងគ្រោះ បណ្តាលឲ្យបុរសរងគ្រោះបានធូរស្បើយដឹងខ្លួនឡើងវិញ ហើយប្រជាពលរដ្ឋ រួមទាំងសមត្ថកិច្ចមូលដ្ឋានបានអោយលុយទៅបុរសខាងលើម្នាក់
បន្តិចៗ ដើម្បីធ្វើជាសោហុយជិះរថយន្តឈ្នួលត្រលប់ទៅផ្ទះវិញ បន្ទាប់មកក៏មានបុរសជា
អ្នករត់ម៉ូតូឌុបចិត្តធម៌ម្នាក់បានស្ម័គ្រចិត្តដឹកបុរសខាងលើ ដោយមិនគិតថ្លៃទៅដាក់ចំណតរថយន្តឈ្នួលដើម្បីធ្វើដំណើរទៅស្រុកកំណើតវិញ៕