Friday, January 24, 2025
Homeព័ត៌មានជាតិជិតដល់ថ្ងៃការកូនស្រី!!! រថយន្តបុកទម្លុះដេប៉ូឈើសង្កត់ស្លាប់​ ប្រពន្ធនិងកូនៗ6នាក់ស្រែកយំបោកខ្លួន

ជិតដល់ថ្ងៃការកូនស្រី!!! រថយន្តបុកទម្លុះដេប៉ូឈើសង្កត់ស្លាប់​ ប្រពន្ធនិងកូនៗ6នាក់ស្រែកយំបោកខ្លួន

 

ភ្នំពេញ ៖ បុរសម្នាក់ ចេះតែមានប្រផ្នូលក្នុងចិត្តថា ខ្លាចត្រូវរថយន្តបុកស្លាប់ ស្រាប់តែមិនបានប៉ុន្មានថ្ងៃផង ខណៈដែលកំពុងដេកយាមដេប៉ូឈើសុខៗក៏ត្រូវរថយន្តប្រភេទយីឌុបដឹកអីវ៉ាន់ចាប់ហួយ១គ្រឿង សង្ស័យអ្នកបើកបរងងុយដេក បើកចុះពីលើស្ពានព្រែកសំរោង រេចង្កូតជ្រុលទៅបុកចូលដេប៉ូឈើ ដែលបុរសខាងលើកំពុងដេកយាម បណ្តាលឱ្យសង្កត់ជនរងគ្រោះស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័មចោលប្រពន្ធ និងកូន៦នាក់ ខណៈដែលកូនស្រីម្នាក់ ត្រៀមនឹងចូលរោងការនៅដើមខែក្រោយទៀតផង។

ហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់ខាងលើនេះ នៅបានបង្កឱ្យមនុស្សចំនួន៧នាក់ទៀត ទទួលរងរបួសធ្ងន់-ស្រាលផងដែរ និងបានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែ ធ្នូ ឆ្នាំ២០១៧ នៅម្តុំគល់ស្ពានព្រែកសំរោង ចំណុចដេប៉ូឈើយីហោម៉ែអារ៉ូ លក់ឈើសម្រាប់សង់ផ្ទះគ្រប់ប្រភេទ ផ្លូវរោងចក្រថៃហ្គ័រ ស្ថិតក្នុងភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។

បុរសរងគ្រោះដែលត្រូវរថយន្តបុកទម្លុះចូលដេប៉ូឈើ សង្កត់ស្លាប់នោះ មានឈ្មោះហន ហ៊ាន អាយុ៤៨ឆ្នាំ មុខរបរអ្នកបើកបររថយន្ត ដឹកសិស្សសាលាឯកជន និងជាអ្នករត់ម៉ូតូឌុប លុះពេលយប់មកដេកយាមដេប៉ូឈើខាងលើ មានស្រុកកំណើតនៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ មានប្រពន្ធឈ្មោះសុន ចន្នី អាយុ៤៩ឆ្នាំ មុខរបរមេផ្ទះ និងមានកូន៦ នាក់ (ប្រុស៣ ស្រី៣) ក្នុងនោះ កូនស្រីម្នាក់ នឹងចូលរោងការនៅអំឡុងដើមឆ្នាំ២០១៨ ខាងមុខនេះទៀតផង។ ចំណែកអ្នករងរបួសធ្ងន់ស្រាល ចំនួន៧នាក់ទៀត មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។

តាមប្រភពព័ត៌មានពីកម្មករក្នុងដេប៉ូឈើ ដែលទទួលរងរបួសស្រាលបានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ ពួកគាត់មានគ្នា៤នាក់ ក្នុងនោះមានស្ត្រីម្នាក់ រួមទាំងជនរងគ្រោះផង បានដេកយាមនៅដេប៉ូឈើខាងលើ លុះដល់វេលាម៉ោងកើតហេតុខាងលើ ក៏ស្រាប់តែមានរថយន្តប្រភេទយីឌុប១គ្រឿង ម៉ាកហ៊ីណូ ពាក់ស្លាកលេខ ភ្នំពេញ 3B-0207 មិនដឹងជាបើកយ៉ាងម៉េច ក៏ស្រាប់តែបានបុកទម្លុះចូលក្នុងដេប៉ូឈើ ដែលពួកគាត់កំពុងដេកយាមទាំងកំរោលតែម្តង បណ្តាលឱ្យអ្នកដេកយាមនៅក្នុងនោះ រងរបួសធ្ងន់២នាក់ ស្រាលម្នាក់ និងស្លាប់ម្នាក់ នៅក្រោមរថយន្ត ហើយអ្នករងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះបានមកដឹកយកទៅព្យាបាលនៅគ្លិនិក សុខលាភមេត្រី។

ដោយឡែក តាមសម្តីពីព្រូរថយន្តបង្កហេតុ ដែលទទួលរងរបួសស្រាល បានឱ្យដឹងថា នៅមុនពេលកើតហេតុ ពួកគាត់មានគ្នា៤នាក់ បានបើករថយន្តដឹកអីវ៉ានចាប់ហួយចេញពីខេត្ត តាកែវ សំដៅចូលរាជធានីភ្នំពេញ លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ មិនដឹងថា អ្នកបើកបររថយន្តមានបញ្ហាអ្វី ឬអាចមកពីងងុយដេកមិនដឹង ស្រាប់តែពេលបើកចុះពីលើស្ពានព្រែកសំរោងវិញ ក៏រេចង្កូតជ្រុលទៅបុកចូលផ្ទះលក់ឈើខាងលើទាំងកំរោល បណ្តាលឱ្យរថយន្តក្រឡាប់ផ្ងារជើងមួយចំហៀង និងធ្វើឱ្យមានមនុស្សរួមដំណើរក្នុងរថយន្តរងរបួសធ្ងន់ម្នាក់ និងស្រាល៣នាក់ ចំណែកអ្នករងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យទៅហើយ។

ជុំវិញករណីខាងលើនេះ ម្ចាស់ដេប៉ូឈើ បានឱ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់រថយន្ត ដឹកអីវ៉ាន់ចាប់ហួយបុកទម្លុះចូលដេប៉ូឈើរបស់គាត់នេះ បានបង្កឱ្យមានការខូចខាតរថយន្តកូរ៉េ ម៉ាកទីតាន់១គ្រឿង ម៉ូតូ១គ្រឿង ឈើកែច្នៃ រួចនិងមិនទាន់កែឆ្នៃអស់មួយចំនួនធំទៀតផង។

តាមប្រភពពីសាច់ញាតិជនរងគ្រោះ ដែលបាត់បង់ជីវិត បានបញ្ជាក់ប្រាប់ថា អ្វីដែលធ្វើឱ្យក្រុមគ្រួសារជនរងគ្រោះខ្លោចចិត្តបំផុតនោះ គឺកូនស្រីរបស់ជនរងគ្រោះនឹងត្រូវចូលរោងការនៅដើមខែក្រោយនេះហើយ ស្រាប់តែពេលនេះជនរងគ្រោះជាឪពុកត្រូវបាត់បង់ជីវិត ដោយ មិនទាន់បានចូលរួមមង្គលការកូនស្រីនៅឡើយ ធ្វើឱ្យក្រុមគ្រួសារស្រណោះអាល័យស្ទើរមិនអាចទទួលយកបាន។

ដោយឡែក តាមប្រភពពីអ្នកស្គាល់ជនរងគ្រោះ បានបង្ហើបប្រាប់ថា ជនរងគ្រោះបានកើតមានប្រផ្នូលអាក្រក់ប៉ុន្មានថ្ងៃមកហើយ ពោលគឺហាក់ដូចជាដឹងមុនពីហេតុការណ៍ខាងលើនេះ ដោយសារនៅប៉ុន្មានថ្ងៃមុនថ្ងៃកើតហេតុជនរងគ្រោះបាននិយាយប្រាប់គេឯងថា គាត់មានអារម្មណ៍ ដូចជាមិនស្រួលសោះ ខ្លាចតែមានឡានមកបុកគាត់ពេលដេកយាមនៅទីនេះទេ ព្រោះមើលទៅផ្លូវនោះកោងខ្លាំងណាស់។ ស្រាប់តែមិនបានប៉ុន្មានថ្ងៃផង ក៏មានហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់ខាងលើនេះកើតឡើង និងធ្វើឱ្យជនរងគ្រោះបាត់បង់ជីវិតទាំងមិនបានចូលរួមមង្គលការកូនស្រីតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងជំនាញ បានចុះទៅដល់កន្លែងកើតហេតុ រួចបានហៅរថយន្តស្ទួចឱ្យមកស្ទូចយករថយន្តបង្កហេតុចេញ ដើម្បីយកសពជនរងគ្រោះប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ។

ចំណែករថយន្តបង្កហេតុ ព្រមទាំងមនុស្ស២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសាកសួរនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ ដើម្បីដឹងថា មួយណាជាអ្នកបើកបរឱ្យពិតប្រាកដ៕

RELATED ARTICLES