បុរសម្នាក់នេះ កើតរោគប្រចណ្ឌពេញខ្លួន មិន ចេះបែងចែកល្អអាក្រក់ សខ្មៅអ្វីឡើយ ឱ្យតែមាន ក្លើរួមវង់ផឹកនិយាយអុជអាលផ្លុំត្រចៀកតែបន្តិច ប្រពន្ធច្បាស់ជាត្រូវឈឺសាច់ហើយ សូម្បីតែចោរ ឡើងផ្ទះលួចអង្ករ ក៏ប្តីចោទជាប្រុសសហាយរបស់ ប្រពន្ធឡើងផ្ទះ ក៏ទាញដំបងដេញវាយរត់ឱ្យគេជួយ ផ្អើលទាំងកណ្តាលយប់ ទម្រាំដឹងការពិត…។
នាងលីម រឹម អាយុ២៩ឆ្នាំ រស់នៅភូមិស្រែវាល ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ បានរៀបរាប់ថា នាងជាកូនទី២ ក្នុងចំណោមបងប្អូន៤នាក់ ដែលមានឪពុកឈ្មោះហែម លីម អាយុ៥៩ឆ្នាំ ម្តាយឈ្មោះភួន ឃីម អាយុ៥៥ឆ្នាំ ជាកសិករ។ នាងបាន រៀបការជាមួយប្តីឈ្មោះរុន ស៊ីន សព្វថ្ងៃអាយុ៣៧ឆ្នាំ ជាអ្នកស្រុកភូមិជាមួយគ្នា រួមរស់សាងស្នេហ៍បង្កើតបានកូនប្រុសស្រី២នាក់។ តាំងពីចាប់ដៃគ្នាមក ប្តីមិនដែលជឿទុកចិត្តលើរូបនាងជាប្រពន្ធឡើយ ដោយកើតរោគប្រចណ្ឌឥតស្វាង ម្តងចោទប្រពន្ធជាមួយអ្នកនេះ ម្តងចោទជាមួយអ្នកនោះ សូម្បីតែប្រពន្ធដើរចូលព្រៃ នៅខាងក្រោយផ្ទះ ក៏ប្តីលួចដើរតាមពីក្រោយដែរ រហូតឃើញលាមករបស់ប្រពន្ធ ទើបប្តីសុខចិត្ត។
ស្ត្រីជាប្រពន្ធរូបនេះ ឱ្យដឹងបន្តថា មិនថាក្មេងចាស់ កំលោះ ឬពោះម៉ាយទេ ឱ្យតែមនុស្សប្រុស ប្តីប្រចណ្ឌ ជាមួយទាំងអស់ ហាមមិនឱ្យនាងនិយាយរកជាមួយប្រុសណាម្នាក់ឡើយ ពុំនោះទេ ច្បាស់ជាមានរឿងធំ ជាមិនខាន រហូតត្រូវឈឺសាច់ទៀតផង។ ជាងនេះទៅទៀត បើប្តីទៅអង្គុយព័ទ្ធវង់ជល់កែវ ហើយមិត្តភក្តិក្នុង វង់ស្រានិយាយអុជអាលតែបន្តិច ប្តីជឿគេស្លុង លុះត្រឡប់មកផ្ទះ ពុលស្រាស្រឿងៗផង មិនសួរប្រពន្ធរកហេតុផលឡើយ ប្តីចាប់ផ្តើមរករឿងយកតែម្តង ដោយទាញចានឆ្នាំង របស់របរក្នុងផ្ទះបោកបំផ្លាញចោលអស់គ្មាន សល់ទាំងយប់អធ្រាត្រ រំខានដល់អ្នកជិតខាង រកពេលដេកពួនមិនបាន។ បើទោះបីជាឪពុកម្តាយចាស់ទុំស្តីប្រដៅយ៉ាងណា ក៏ប្តីមិនដែលយកត្រចៀកស្តាប់ដែរ នាងអស់វិធីនឹងកែប្តីរូបនេះហើយ។
នាងលឹម រឹម បន្តទាំងអួលដើមកថា សព្វថ្ងៃនេះ នាងរួមរស់ជាមួយប្តីរកសេចក្តីសុខសុភមង្គលមិនឃើញ ទេ ក្នុងចិត្តពោរពេញដោយសេចក្តីភ័យខ្លាចគ្រប់ពេលវេលា ថ្ងៃណាក៏ដូចថ្ងៃណាដែរ បើកភ្នែកឡើងស្គាល់តែ ទឹកភ្នែក នាងចាំតែខុសគ្រប់ពេលវេលា ទោះជានាងខំប្រឹងបំពេញតួនាទីជាប្រពន្ធល្អ បម្រើបាយទឹក ការងារ យប់ព្រលប់ដល់ប្តីយ៉ាងណា ក៏មិនត្រូវចិត្តដែរ ប្តីនៅតែមិនជឿជាក់លើប្រពន្ធ ចោទនាងជាស្រីផិតក្បត់ លួច មានប្រុសសហាយនៅខាងក្រៅផ្ទះជានិច្ច។ ជាងនេះទៀត អ្វីដែលធ្វើឱ្យនាងហួសចិត្តនិងឈឺចាប់បំផុតនោះ គឺមាន យប់មួយ មានចោរឡើងមកលួចអង្ករនៅលើផ្ទះ លុះប្តីភ្ញាក់ដឹងខ្លួនទាន់ ស្រាប់តែប្តីចោទប្រកាន់ ជាប្រុសសហាយរបស់នាងទៅវិញ ដោយប្តីរករឿងបង្កជម្លោះទាំងកណ្តាលយប់ ស្ទុះទាញដំបងដេញវាយនាងរត់ផ្អើលអ្នកភូមិ តែសំណាងល្អ ដែលនាងរហ័ស ប្រញាប់ចុះពីលើផ្ទះ រត់ទៅផ្ទះឪពុកម្តាយឱ្យជួយទាន់ពេលវេលា។
ស្ត្រីជាប្រពន្ធរូបនេះបញ្ជាក់ថា និយាយតាមត្រង់ទៅនាង រស់នៅជាមួយប្តីរាល់ថ្ងៃនេះ គឺអស់និស្ស័យស្នេហ៍ជាប្តីប្រពន្ធ អស់ចិត្តស្រលាញ់ចំពោះប្តីរលីង ព្រោះតែទង្វើរបស់ប្តី រាល់ថ្ងៃនេះ មិនអាចឱ្យនាងរួមរស់ជាមួយបានឡើយ។ នាងនិយាយបែបនេះ គឺនាងមិនមានសហាយនៅខាង ក្រៅផ្ទះដូចប្តីចោទប្រកាន់នោះទេ តែមកពីប្តីធ្វើបាប ប្រពន្ធឱ្យឈឺចាប់ឆ្អែតឆ្អន់ពេក។ នាងទ្រាំរួមរស់ជាមួយ ប្តីលេបក្រួស លេបថ្មរាល់ថ្ងៃនេះ គឺដើម្បីតែកូនៗ ប៉ុណ្ណោះ ព្រោះមិនចង់ឱ្យពួកគេរងគ្រោះក្លាយជាក្មេង កំព្រាឪពុកម្តាយទាំងវ័យក្មេង។ បើតាមអារម្មណ៍ នាងចង់រត់ទៅបួសធ្វើជាដូនជី វិញប្រសើរជាង។
លោករុន ស៊ិន ជាប្តីបានទទួលស្គាល់ថា លោក ពិតជាប្រចណ្ឌ និងធ្វើបាបប្រពន្ធដូចអ្វីដែលនាងរៀបរាប់ ខាងលើនេះមែន មូលហេតុមកពីលោកមានបញ្ញាតិច គំនិតខ្លី មិនបានគិតពិចារណាឱ្យបានវែងឆ្ងាយ ឆាប់ជឿសម្តី គេនិយាយអុជអាលពេក។ ចំពោះលោកផ្ទុះកំហឹងទាញដំបង ដេញវាយប្រពន្ធទាំងយប់នោះ គឺមកពីការភ័ន្តច្រឡំចោរឡើងមកលើ ផ្ទះលួចអង្ករ នឹកស្មានថា ប្រពន្ធនាំប្រុសសហាយ មករួមស្នេហ៍ដល់ លើផ្ទះ បញ្ឈឺចិត្តប្តី។ តែយ៉ាងណារឿងរ៉ាវដែលលោកបានប្រព្រឹត្ត កន្លងមក លោកជាអ្នកទទួលខុសតែម្នាក់ឯង ប៉ុន្តែលោកសុំតែម៉្យាង សូមឱ្យប្រពន្ធលើកលែង ទោសឱ្យប្តីផង ឈប់ប្រកាន់ខឹង ធ្វើប្ញកព្រងើយកន្តើយដាក់ប្តីទៀតទៅ។ ចាប់ពីថ្ងៃនេះទៅលោកនឹងកែខ្លួនមិនប្រចណ្ឌហួង-ហែង និងប្រើអំពើហិង្សាលើរូបរាងកាយប្រពន្ធទៀតទេ ដោយព្យាយាមធ្វើជាប្តីល្អនិងឪពុកល្អ ប៉ះប៉ូវដល់ផ្លូវចិត្ត ដែលបានប្រព្រឹត្តមិនគប្បីចំពោះប្រពន្ធកូនកន្លងមក។
លោកហែម លឹម ជាឪពុកក្មេកបានឱ្យដឹងថា គាត់ហួសចិត្តចំពោះកូនប្រសាប្រុសរូបនេះខ្លាំងណាស់ ដែលបណ្តែតបណ្តោយខ្លួនឱ្យភ្លើងប្រចណ្ឌដឹកមុខ និង ជឿតាមពាក្យអុជអាលមិត្តភក្តិជិតខាង មិនស្គាល់ អាក្រក់ល្អ សខ្មៅ ចោទប្រកាន់ប្រពន្ធនាំសហាយ ឡើងផ្ទះ តាមពិតចោរឡើងលួចអង្ករសោះ ធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍របស់កូនស្រីគាត់ និងក្រុមគ្រួសារ គាត់ជាខ្លាំង។ កន្លងមកកូនប្រសារូបនេះមានចិត្តមានះ ណាស់ មិនទទួលយកការអប់រំរបស់ ឪពុកម្តាយសោះ គាត់គ្មានមធ្យោបាយនឹងស្តីប្រដៅគេទៀតឡើយ។ រឿងនេះ គឺអាស្រ័យលើកូនស្រីគាត់ជាសាមីខ្លួនជាអ្នក សម្រេច គាត់នៅតែប្រកាន់គោលជំហរគ្រាំទ្រផ្តល់ កម្លាំងចិត្តឱ្យកូនស្រីជានិច្ច។
លោកលី ឌី ជាមេភូមិ និងអ្នកស្រីភួន ឃីន ត្រូវជាពូមីងលោករុន ស៊ិន បានឱ្យដឹងស្របគ្នាថា ក្មួយប្រុសម្នាក់នេះ កើតរោគប្រចណ្ឌប្រពន្ធខ្លាំងណាស់ ឃើញប្រពន្ធនិយាយរាប់រកជាមួយបុរសណាមិន បានឡើយ ទើបចេះតែធ្វើឱ្យប្តីប្រពន្ធពួកគេតែងជួប រឿងរ៉ាវឈ្លោះប្រកែកជាមួយគ្នាឥងស្វាង។ កន្លងមក គាត់ហៅគេមកអប់រំជាច្រើនដងដែរ តែប្រៀបដូច ចាក់ទឹកលើក្បាលទា ទើបតែកើតមានជម្លោះចុង ក្រោយ ដែលគេទាញដំបងដេញវាយប្រពន្ធរត់ឱ្យគេ ជួយផ្អើលភូមិទាំងកណ្តាលយប់ ព្រោះតែចោរឡើង ផ្ទះមកលួចអង្ករ យល់ច្រឡំជាសហាយរបស់ប្រពន្ធ ទៅវិញ។ លោកហួសចិត្តណាស់ បានស្តីប្រដៅឱ្យគេ យ៉ាងចាស់ដៃ ហើយចាប់តាំងពីពេលនោះមក ឃើញ ថា ក្មួយប្រុសរូបនេះកែខ្លួនបានច្រើនលែងប្រចណ្ឌរក រឿងឈ្លោះជាមួយប្រពន្ធទៀតហើយ គ្រាន់តែមិន ទាន់បាន១០០៥ ប៉ុណ្ណោះ។
គួរបញ្ជាក់ថា ភ្លើងប្រចណ្ឌដ្បិតតែវាគ្មានផ្សែង ពិតមែន ប៉ុន្តែមានឥទ្ធិពលខ្លាំងក្លាណាស់ មិនអាចយក ទឹកទៅពន្លត់បានឡើយ ហើយក៏មិនងាយរកថ្នាំព្យាបាល ត្រូវដែរ ទាល់តែសាមីខ្លួនចេះគិតពិចារណារកហេតុផលត្រឹមត្រូវដោយខ្លួនឯង ទើបមានសង្ឃឹមបានជា សះស្បើយពីជំងឺប្រចណ្ឌនេះ…”៕