ចាស់ៗតែងនិយាយថា ពោះម៉ាយ ឬមេម៉ាយមានបទពិសោធន៍ខ្ពស់ក្នុងការរួមរ័កមេត្រី ធ្វើឱ្យដៃគូស្នេហ៍ពេញចិត្តស្តូក។ យ៉ាងណាមិញ បុរសម្នាក់នេះ កាលនៅបួសជាសង្ឃធ្លាប់រៀនមន្តអាគម ស្នេហ៍ស្នូកបន្ទន់ចិត្តស្រី លុះពេលសឹកមកវិញ ក៏ដើរធ្វើស្នេហ៍ទាក់ក្រមុំ បោកយកប្រាណមកនែបនិត្យរាប់មិនអស់ តែដឹងអី! មកចាញ់ស្នៀតមេម៉ាយកូន១ មានបច្ចេកខ្ពស់រឿងលើគ្រែ នៅពេលបាន ភ្លក្សឆ្ងាញ់ជាប់ចិត្តអត់មិនបាន ក៏ទៅយំ រំអុកឪពុកម្តាយ ចូលស្តីដណ្តឹងនាង រៀបការយកធ្វើជាប្រពន្ធ រួមរស់មកដល់សព្វថ្ងៃ…។
លោកម៉ា ដាន អាយុ៣៦ឆ្នាំ រស់នៅភូមិច្រាច់ ឃុំច្រាច់ ស្រុកជ័យសែន ខេត្តព្រះវិហារ បានរៀបរាប់ឱ្យដឹងថា លោកជាកូនកសិករ រៀនសូត្រមិនបានជ្រៅជ្រះប៉ុន្មានឡើយ លុះចូលដល់ អាយុ១៦ឆ្នាំ ក៏ទៅបួសជាសង្ឃ ដើម្បីសងគុណឪពុកម្តាយ អស់រយៈពេល២វស្សា។ ក្នុងពេលបួសជាសង្ឃ លោកបានរៀនធម៌បាលីចេះដឹងគួរសមដែរ តែងនិមន្តចេញទេសនា តាមកម្មវិធីបុណ្យទាន អប់រំពុទ្ធបរិស័ទ ឱ្យខិតខំសាងអំពើល្អ សន្សំបុណ្យកុសល មិនត្រូវច្រណែនឈ្នានីស បៀតបៀន អ្នកដទៃ និងសម្លាប់ជីវិតមនុស្សសត្វឡើយ។ ស្របពេលនោះដែរ លោកបានសុំរៀនមន្តអាគមស្នេហ៍ ស្នូកពីលោកគ្រូសូត្រស្តាំ រហូតចេះចាំ និងមានប្រសិទ្ធភាពអាចប្រើការបានយ៉ាងពូកែស័ក្តិសិទ្ធិ។
លោកម៉ា ដាន បន្តថា ក្រោយពីសឹករួច លោកតែងយកមន្តអាគមស្នេហ៍ស្នូកទាំងនេះធ្វើដាក់ស្រីៗ បំណងយកខ្លួនប្រាណនារីទាំងនោះ មកសប្បាយតណ្ហារបស់ខ្លួន ហើយស្រីៗដែលលោកបានស្គាល់រសជាតិ មិនក្រោមពី១០នាក់ឡើយ ប៉ុន្តែលោកយកសប្បាយតែក្នុងរយៈពេលខ្លី ក៏បោះបង់ចោលវិញជាបន្តបន្ទាប់។ លុះពេលមកប៉ះចំមេម៉ាយកូន១ ក្តៅស្រួយឈ្មោះម៉ាត់ វង អាយុបងលោកទៅដល់១៣ឆ្នាំ ស្រាប់តែធ្វើ ឱ្យលោកចាប់ចិត្តស្រលាញ់នាងខ្លាំងរហូតបាត់មុខមិនបាន ព្រោះតែអ្នកមេម៉ាយរូបនេះមានបច្ចេកទេសខ្ពស់ ប្រសប់ថ្នាក់ថ្នមរឿងលើគ្រែ ធ្វើឱ្យ លោកពេញចិត្តស្តូកតែម្តង ក៏យំរំអុកឱ្យឪពុកម្តាយចូលស្តីដណ្តឹងនាងរៀបការយកធ្វើជាប្រពន្ធតែម្តង រួមរស់ជាមួយគ្នាក្នុងរង្វង់សុភមង្គលមកដល់ សព្វថ្ងៃ ដោយបង្កើតបានកូនស្រីម្នាក់ ជាចំណងដៃនិស្ស័យស្នេហ៍។
លោកគ្រូស្នេហ៍ បញ្ជាក់ថា តាមពិតទៅ ក្រុមគ្រួសារមិនចង់ឱ្យលោក យកស្រីមេម៉ាយ អាយុបងដល់ទៅជាងមួយជួរនេះធ្វើប្រពន្ធនោះទេ ដោយ ព្យាយាមរារាំងតាមបំបែកស្នេហ៍ទៀតផង ប៉ុន្តែដោយសារលោកបាក់ចិត្ត ស្រលាញ់នាងខ្លាំង មិនអាចរស់នៅអត់នាងបាន ទើបជម្នះយកនាងធ្វើជា គូជីវិតទាល់តែបាន និងមិនខ្វាយខ្វល់ពីអ្នកដទៃដែលរស់នៅជុំវិញខ្លួនឡើយ ព្រោះលោកគិតថា កកក៏បាយមេម៉ាយក៏ស្រីដែរ។
អ្នកស្រីម៉ាត់ វន អាយុ៤៩ឆ្នាំ ជាប្រពន្ធបានឱ្យដឹងថា កាលពីក្រមុំ គាត់ បានរៀបការជាមួយប្តីឈ្មោះមឿង តាមបំណងម្តាយទុកឪពុកដាក់។ ប្តីនោះមានចរិតស្លូតបូតណាស់ មិនចេះប្រចណ្ឌហួងហែងប្រពន្ធឡើយ ទាស់តែម៉្យាង គឺរឿងលេងល្បែងស៊ីសងប៉ុណ្ណោះ ចាញ់អស់ៗគូទខោ ធ្វើឱ្យ ជីវភាពក្រុមគ្រួសារធ្លាក់ចុះជាលំដាប់ រហូតជំពាក់ប្រាក់គេឡើងវ័ណ្ឌក ដោះស្រាយមិនចេញ ប្តីក៏រត់ទៅរកស៊ីនៅព្រំដែនខ្មែរ-ឡាវ រួចក៏ទៅយកប្រពន្ធ ថ្មីនៅទីនោះម្នាក់ទៀត ចោលម្តាយកូនពួកនាងគ្មានស្រណោះ ទុកឱ្យគាត់ ក្លាយជាស្រីមេម៉ាយកូន១ កំព្រារងាចិត្តកាយអស់រយៈពេលជាច្រើនឆ្នាំ។ លុះក្រោយមក គាត់ក៏បានជួបស្នេហ៍ជាមួយប្តីទី២នេះតែម្តង ទោះបីជាគាត់ មានអាយុច្រើនជាងក្តី ក៏ក្នុងចិត្តគេស្រលាញ់ និងស្មោះត្រង់មិនដែលមាន ចិត្តក្បត់ប្រពន្ធលួចមានស្រីញីនៅខាងក្រៅទេ។
ស្ត្រីជាប្រពន្ធរូបនេះ បញ្ជាក់ថា ទន្ទឹមនឹងការស្រលាញ់ស្ម័គ្រស្មោះនេះ ប្តីក៏មានចិត្តប្រចណ្ឌហួងហែងប្រពន្ធដែរ មិនអនុញ្ញាតឱ្យគាត់ដើរទៅ ណាផ្តេសផ្តាសតែម្នាក់ឯង ពុំនោះទេ ច្បាស់ជាប្តីរករឿងបង្កជម្លោះជា មិនខាន។ តែយ៉ាងណា ប្តីមិនដែលហ៊ានលើកដៃគោះប្រពន្ធមួយប៉ូកឱ្យ ឈឺសាច់ម្តងណាឡើយ។ គាត់ក៏ដឹងដែរថា ភ្លើងប្រចណ្ឌរបស់ប្តីឆាបឆេះ ឡើងនេះ ដោយសារការស្រលាញ់របស់ប្តីមកលើប្រពន្ធនេះឯង ប៉ុន្តែងាយ រកថ្នាំព្យាបាលណាស់ ឱ្យតែគាត់ផ្តល់ចំណីលើគ្រែឱ្យប្តីស៊ីចុកគ្រប់គ្រាន់ ប្តី រីកមុខដូចគ្រាប់ជីអ៊ីចឹង។
អ្នកស្រីម៉ា ឡម អាយុ៦៥ឆ្នាំ ជាបងស្រីរបស់លោកម៉ា ដាន បានឱ្យដឹងថា កាលពីកំលោះ ប្អូនប្រុសម្នាក់នេះ បានទៅបួសរៀនធម៌ ហើយ ថែមទាំងរៀនមន្តអាគមស្នេហ៍ស្នូកទៀតផង។ លុះគេសឹកមកវិញ ក៏ យកមន្តអាគមស្នេហ៍ស្នូកដើរទាក់ស្រីៗជាហូរហែ រហូតមានក្រមុំៗ ខ្លះឈ្លោះគ្នា ដណ្តើមប្អូនប្រុសគាត់យកធ្វើប្តីទៀតផង តែប្អូនប្រុស គាត់មិនសូវជាយកចិត្តទុកដាក់ជាមួយនារីទាំងនោះឡើយ ក្រោយ ពេលដែលរូបគេស្គាល់រសជាតិខ្លួនប្រាណហើយ។ តែអ្វីដែលក្រុមគ្រួសារមានការភ្ញាក់ផ្អើលស្ទើរតែមិនគួរឱ្យជឿ បែរជាប្អូនប្រុសកំហូច រូបនេះ មកបាក់ចិត្តលង់ស្នេហ៍អ្នកមេម៉ាយកូនមួយ ទៅយំរំអុកឱ្យឪពុក ម្តាយចូលស្តីដណ្តឹងនាងរៀបការយកធ្វើប្រពន្ធមកដល់សព្វថ្ងៃ។
ស្ត្រីជាបងរូបនេះបន្តថា ក្រុមគ្រួសារគាត់ចង់ឱ្យប្តីប្រពន្ធប្អូន១គូនេះ បង្កើតកូនឱ្យបានច្រើនជាងនេះ ប៉ុន្តែប្រហែលជាមិនបានសម្រេច ដូចបំណងទេ បើប្អូនថ្លៃស្រីរបស់គាត់មានអាយុច្រើនជិតអស់រដូវទៅ ហើយមិនអាចមានកូនបានទៀតទេ។ តែយ៉ាងណា ក៏ពួកគេមានកូន ១គ្រាប់ សម្រាប់តពូជដែរ និងសរុបទាំងកូនប្តីមុនរបស់ប្រពន្ធផង គឺបាន២នាក់ នឹងគេដែរ។
នាងឌឿម សុន អាយុ៣៩ឆ្នាំ ជាអ្នកជិតខាង និងអ្នកស្រីឃុន ខម ជាមេភូមិរងបានឱ្យដឹងស្របគ្នាថា កាលពីកំលោះលោកម៉ា ដាន ជាមនុស្សខូចខិលនិងសម្បូរស្រីញីណាស់ ព្រោះគេចេះមន្តអាគម ស្នេហ៍ស្នូក កាលនៅបួសជាសង្ឃ ស្រីណាដែលគេស្រលាញ់ហើយ មិនងាយរត់រួចពីកណ្តាប់ដៃរបស់គេណាស់ ហើយពេលគេសប្បាយ ស្កប់ស្កល់តែមួយរយៈពេលខ្លី ក៏បោះបង់ចោលទៅវិញគ្មានស្តាយស្រណោះ។ តែពួកគាត់មិននឹកស្មានថា ពេលប៉ះមេម៉ាយកូន១ (ប្រពន្ធសព្វថ្ងៃ) មានបច្ចេកទេស និងបទពិសោធន៍ខ្ពស់រឿងលើគ្រែ ស្រាប់តែធ្វើឱ្យគេពេញចិត្តស្តូក លែងទៅណាឆ្ងាយពីកន្ទុយក្បិននាង ក៏ឱ្យចាស់ទុំចូលស្តីដណ្តឹងយកធ្វើជាប្រពន្ធតែម្តង។ សព្វថ្ងៃ ពួកគាត់ សង្កេតឃើញលោកដាន ស្រលាញ់ប្រពន្ធចាស់របស់គេណាស់ ដោយ កើតរោគប្រចណ្ឌហួងហែង មិនអនុញ្ញាតឱ្យប្រពន្ធដើរហើរទៅណា ឆ្ងាយតែម្នាក់ឯងឡើយ ដែលជាដើមហេតុធ្វើឱ្យប្តីប្រពន្ធពួកគេជួប រឿងរ៉ាវរកាំរកូសគ្នាជាញឹកញាប់ តែមិនធ្ងន់ធ្ងរទេ ពោលគឺត្រឹមតែទាស់ ពាក្យសម្តីគ្នាតែ២-៣ម៉ាត់ប៉ុណ្ណោះ ក៏ស្ងាត់មាត់ទៅវិញ។
រីឯអ្នកស្រុកមួយចំនួនទៀតបានឱ្យដឹងស្របគ្នាថា កាលពីដំបូងគ្មាន អ្នកណាម្នាក់គិតថា លោកម៉ា ដាន យកអ្នកស្រីម៉ាត់ វន ជាស្រីមេម៉ាយកូន១ និងមានអាយុច្រើនធ្វើប្រពន្ធឡើយ ព្រោះលោកជាគ្រូស្នេហ៍ស្នូកម្នាក់ មានស្រីញីច្រើនឥតខ្វះ រឿងអីមកយកស្រីមេម៉ាយនោះ? តែនៅទីបំផុត អតីតគ្រូស្នេហ៍ម្នាក់នេះ បែរជាអស់ល័ក្ខណ៍ក្រោមកន្ទុយក្បិនអ្នកយក មេម៉ាយកូនមួយទៅវិញ ឬមួយប្រហែលជាអ្នកទាំងពីរជាគូព្រេង នឹងគ្នា ពីអតីតជាតិ ឬមួយមកពីប្រពន្ធចាស់ចេះបីបមថ្នាក់ថ្នមចិត្ត និងមាន បច្ចេកទេសខ្ពស់រឿងប្រតិបត្តិការណ៍លើគ្រែ? បើតាមពួកគាត់យល់ឃើញ មកពីពូកែថ្នាក់ថ្នម និងបច្ចេកទេសរួមរ័កខ្ពស់នេះហើយដែលធ្វើឱ្យដៃ គូខាងប្រុសលង់ចិត្តដិតអារម្មណ៍បែបនេះ ចោលក្រមុំអស់មកយកមេម៉ាយទៅវិញ…”៕