ភ្នំពេញ ៖ នារីវ័យក្មេងជាអ្នកបម្រើការក្នុងខារ៉ាអូខេម្នាក់ ត្រូវសាច់ញាតិអះអាងថា បានទាក់ទងស្នេហាមានសង្សាររាប់មិនអស់ លុះចុងក្រោយ សង្ស័យបែកធ្លាយរឿងរ៉ាវ ត្រូវប្រុសស្នេហ៍ផ្ទុះកំហឹង ក៏ធ្វើសកម្មភាពចាក់ប្រហារដល់ក្នុងបន្ទប់ បណ្តាលឱ្យរងរបួសធ្ងន់ និងដាច់ខ្យល់ស្លាប់យ៉ាងអាណោចអធ័ម ក្រោយពីបញ្ជូនទៅដល់មន្ទីរពេទ្យ។
ករណីឃាតកម្មដ៏ឃោរឃៅខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅត្រង់ចំណុចបន្ទប់ជួលលេខ១០២ ជាន់ទី១ តាមបណ្តោយផ្លូវ២០០៤ ស្ថិតក្នុងភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។
នារីរងគ្រោះដែលត្រូវឃាតករដៃឆៅចូលចាក់សម្លាប់ដល់ក្នុងបន្ទប់ មានឈ្មោះសេក ស៊ីយ៉ា អាយុ១៦ឆ្នាំ មុខរបរជានារីបម្រើការនៅក្នុងហាងខារ៉ាអូខេ យីហោ ដឺឃ្វីន ស្នាក់នៅបន្ទប់ជួលក្នុងភូមិសង្កាត់កើតហេតុហេតុខាងលើ និងមានស្រុកកំណើតនៅខេត្តកំពត។
តាមប្រភពព័ត៌មានពីបុរសម្នាក់សុំមិនបញ្ចោញឈ្មោះ ស្នាក់នៅខាងមុខបន្ទប់ជួលនារីរងគ្រោះ បានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបន្ទប់នារីរងគ្រោះ បានបិទទ្វារ តែបើកភ្លើងនៅខាងក្នុងភ្លឺចិញ្ចាច និងហាក់មានសភាពស្ងប់ស្ងាត់ខុសពីសព្វមួយដង។ លុះដល់វេលាម៉ោង កើតហេតុខាងលើ ស្រាប់តែគាត់បានឮសម្លេងគោះទ្វារបន្ទប់ជួលរបស់គាត់ ដោយស្រែកហៅគាត់ឱ្យជួយ លុះពេលគាត់បើកទ្វារបន្ទប់ចេញមកក្រៅ ក៏ឃើញនារីរងគ្រោះដេកសន្លប់នៅខាងមុខបន្ទប់គាត់ ទាំងមានស្នាមរបួសនៅត្រង់ពោះ និងដៃខាងស្តាំ បន្ទាប់មកគាត់ក៏ឮសម្លេងមានមនុស្ស រត់ចុះទៅក្រោមវិញ ទើបធ្វើឱ្យគាត់បានស្រែកឆោឡោ បង្កឱ្យមានការភ្ញាក់ផ្អើលប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុតែម្តង។
ប្រភពដដែលបន្តថា លុះមួយសន្ទុះក្រោយមកក៏ឃើញមានយុវជនម្នាក់អាយុប្រមាណ២០ឆ្នាំ បានរត់ឡើងមក តែមិនដឹងថាត្រូវជាអ្វីនឹងនារីរងគ្រោះនោះទេ សង្ស័យជាសង្សារបានស្រែកទ្រហោយំយ៉ាងអាណោចអាធ័ម និងបាននិយាយទាំងសភាពស្លន់ស្លោថា រូបគេបាននៅជាមួយនឹងនារីរងគ្រោះពេញមួយល្ងាចមកហើយ ហើយកាលពីក្បាលព្រលប់ឃើញនារីរងគ្រោះបាននិយាយទូរស័ព្ទជាមួយនឹងសង្សារចាស់របស់នាង ក្រោយមកនាង (នារីរងគ្រោះ) បានខឹងសង្សារចាស់យ៉ាងខ្លាំង តែមិនដឹងខឹងរឿងអ្វីទេ រួចក៏យកកាំបិតមកចាក់ខ្លួនឯងតែម្តងទៅ។ បន្ទាប់មក យុវជនរូបនោះ គិតតែនិយាយសារចុះសារឡើង និងគិតតែពីស្រែកថា បាត់ទូរស័ព្ទ iPhone 6 plus មួយគ្រឿង។
ក្រោយកើតហេតុប្រជាពលរដ្ឋជិតខាង និងយុវជនដែលមកស្រែកទ្រហោយំនោះ បានដឹកនារីរងគ្រោះតាមរ៉ឺម៉កម៉ូតូ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ ហៅពេទ្យលោកសង្ឃ តែជាអកុសល ខណៈពេលបញ្ជូនទៅដល់មន្ទីរពេទ្យ នារីរងគ្រោះក៏បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។ ភ្លាមៗនោះបុរសដែលបានអះអាងថា បាននៅជាមួយនឹងនារីរងគ្រោះនោះ បាននិយាយថា ទៅសងសឹក រួចក៏គេចខ្លួនចេញបាត់ស្រមោលតែម្តង។
តាមសម្តីពីបងស្រីរបស់នារីរងគ្រោះ បានឱ្យដឹងថា ជារៀងរាល់ថ្ងៃពួកនាងទាំងពីរនាក់បងប្អូន គឺស្នាក់នៅក្នុងបន្ទប់ជួលជាមួយគ្នា ប៉ុន្តែនៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៦ព្រលប់ នាងបានប្រាប់ប្អូនស្រី (នារីរងគ្រោះ) ថា នាងចេញទៅជប់លៀងនៅផ្ទះមិត្តភក្តិម្តុំកំបូល ហើយនារីរងគ្រោះដែលត្រូវជាប្អូនស្រីបានប្រាប់មកនាងវិញថា ថ្ងៃនេះនាងមិនទៅធ្វើការទេ។ ស្រាប់តែដល់វេលាម៉ោងកើតហេតុខាងលើ ក៏មានអ្នកជិតខាង ទូរស័ព្ទមកប្រាប់នាងថា ប្អូនស្រីរបស់នាង (នារីរងគ្រោះ) ត្រូវបានគេចាក់សម្លាប់ ហើយពេលនេះ ត្រូវបានបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈហើយ ទើបនាងស្រូតដំណើរទៅកាន់មន្ទីរពេទ្យដើម្បីមើលប្អូនស្រី ដឹងអី! ពេលនាងទៅដល់ គ្រូពេទ្យបានប្រាប់ថា ប្អូនស្រីរបស់នាងបានដាច់ខ្យលស្លាប់បាត់ទៅហើយ។
តាមការអះអាងរបស់បងស្រីនារីរងគ្រោះ បានឱ្យដឹងថា តាមពិតប្អូនស្រីរបស់នាង (នារីរងគ្រោះ) មានសង្សារច្រើននាក់ណាស់ ទោះបីនាងជាបងស្រីស្តីថា ប្រដៅយ៉ាងណា ក៏ប្អូនស្រីនេះនៅតែមិនស្តាប់ដែរ ពោលគឺចេះតែទាក់ទងស្នេហាជាមួយប្រុសនេះប្រុសនោះរាប់មិនអស់។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញចុះធ្វើកំណត់ហេតុ និងបានសន្និដ្ឋានជាជំហានដំបូងថា ករណីនេះ គឺជាអំពើឃាតកម្ម និងកំពុងធ្វើការស្រាវជ្រាវតាមរកយុវជនដែលមកទួញយំស្រែក ក្រោយពេលនារីរងគ្រោះត្រូវគេចាក់ប្រហារ ដើម្បីធ្វើការសាកសួរ តាមវែកមុខជនដៃដល់ជាឃាតករឱ្យពិតប្រាកដ ដើម្បីនាំយកមកផ្តន្ទាទោសតាមច្បាប់។
ដោយឡែកសាកសពនារីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដឹកទៅកាន់ស្រុកកំណើត ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕