Monday, January 13, 2025
Homeព័ត៌មានជាតិការស្លាប់ពិតជាមើលមិនឃើញមែន! ដេកលើពំនូកចំបើងសុខៗ ព្រឹកឡើងធ្លាយខួរស្លាប់

ការស្លាប់ពិតជាមើលមិនឃើញមែន! ដេកលើពំនូកចំបើងសុខៗ ព្រឹកឡើងធ្លាយខួរស្លាប់

ខេត្តត្បូងឃ្មុំ ៖ បុរសម្នាក់ បានពឹងឱ្យអ្នកភូមិម្នាក់យករថយន្តច្នៃមកជួយដឹកស្រូវ លុះមកដល់វាលស្រែរថយន្តច្នៃខូច ក៏នាំគ្នាជួសជុល បណ្តើរផឹកស៊ីបណ្តើររហូតដល់ស្រវឹងធ្លាក់ភ្នែក ទើបបុរសជាម្ចាស់ស្រែបានប្រះខ្លួនដេកនៅលើពំនូកចំបើងកណ្តាលវាលស្រែរបស់ខ្លួន ចំណែកអ្នកបើករថយន្តច្នៃ ក្រោយពីជួសជុលរួច ក៏ឡើងបើកសាកល្បង ប៉ុន្តែដោយស្រវឹងខ្លាំងផង ទើបមិនបានមើលមុខក្រោយធ្វើឱ្យជ្រុលទៅកិនជនរងគ្រោះចំក្បាល បណ្តាលឱ្យបែកក្បាលធ្លាយខួរស្លាប់នៅលើពំនូកចំបើង ចំណែកអ្នកបើករថយន្តច្នៃបានរត់គេចខ្លួនបាត់ លុះព្រឹកឡើងមានអ្នកប្រទះឃើញ ក៏ភ្ញាក់ផ្អើលស្មានថា ជាអំពើឃាតកម្ម ប៉ុន្តែក្រោយពីសមត្ថកិច្ចជំនាញពិនិត្យច្បាស់លាស់ ទើបដឹងថា ជាករណីគ្រោះថ្នាក់ចរាចរណ៍។

ហេតុការណ៍ខាងលើនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចវាលស្រែមួយកន្លែង ស្ថិតក្នុងភូមិកំពៃ ឃុំរំចេក ស្រុកមេមត់។

បុរសរងគ្រោះដែលត្រូវរថយន្តច្នៃកិនធ្លាយខួរស្លាប់នោះ មានឈ្មោះហែម សុផាត អាយុ២៧ឆ្នាំ រស់នៅភូមិខាងលើ។ ចំណែកជនបង្កហេតុ ជាអ្នកបើករថយន្តច្នៃ មានឈ្មោះ ព្រឹម វ៉ាន់ថា អាយុ៣៤ឆ្នាំ រស់នៅភូមិជាមួយអ្នកស្លាប់ដែរ បានរត់គេចខ្លួនចេញពីមូលដ្ឋានបាត់ទៅហើយ។

លោកអនុសេនីយ៍ឯក ថាញ់ សុវ៉ាត អធិការរងនគរបាលស្រុកមេមត់ ទទួលផែនសណ្តាប់ធ្នាប់ប្រាប់ឱ្យដឹងថា នៅមុនពេលកើតហតុ សមត្ថកិច្ចបានទទួលសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ មកថា មានករណីប្រទះឃើញបុរសម្នាក់ដេកស្លាប់លើពំនូកចំបើងកណ្តាលវាលស្រែ ដោយបែកខ្ទេចក្បាលធ្លាយខួរយ៉ាងអាណោចអាធ័ម។ ភ្លាមនោះ កម្លាំងជំនាញបានចុះពិនិត្យដល់ទីតាំង កើតហេតុ លុះក្រោយពីបានស្រាវជ្រាវ ទើបដឹងថា នៅមុនពេលកើតហេតុ កាលពីល្ងាចថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ ជនរងគ្រោះបានពឹងឱ្យបុរសជាអ្នកភូមិឈ្មោះព្រឹម វ៉ាន់ថន យករថយន្ត ច្នៃ១គ្រឿង មកជួយដឹកស្រូវពីក្នុងស្រែ តែពេលបើករថយន្តច្នៃទៅដល់វាលស្រែ ស្រាប់តែខូច និងប្រើពេលវេលាជាច្រើនម៉ោងក្នុងការជួសជុល ទើបនៅអំឡុងពេលនោះ ជនរងគ្រោះ និងជនបង្កហេតុជាអ្នកបើករថយន្តច្នៃបានជួសជុល បណ្តើរផឹកស៊ីបណ្តើរ រហូតដល់ស្រវឹងធ្លាក់ភ្នែករៀងៗខ្លួន។

លោកអធិការរង បន្តថា រហូតមកដល់វេលាម៉ោងប្រមាណ១១យប់ថ្ងៃដដែល ជនរងគ្រោះដោយសារស្រវឹងស្រាខ្លាំងពេក ក៏បានប្រះខ្លួនដេកនៅលើពំនូកចំបើកកណ្តាលវាលស្រែរបស់ខ្លួនក្បែរវង់ផឹក និងក្បែរកន្លែងជួសជុលរថយន្តច្នៃនោះផង លុះក្រោយពេលជួសជុលរថយន្តច្នៃរួចហើយ ជនបង្កហេតុក៏បានឡើង ទៅបើករថយន្តច្នៃនោះ ក្រឡឹងជុំវិញដើមត្នោត តែដោយសារស្រវឹងស្រាផង ទើបមិនបានមើល មុខក្រោយឱ្យច្បាស់ ធ្វើឱ្យជ្រុលទៅកិនជនរងគ្រោះដែលកំពុងតែដេកនៅក្នុងពំនូកចំបើង សំប៉ែតក្បាលដូចចេកចៀនធ្លាយខួរសស្លាប់គួររន្ធត់។ នៅពេលដឹងថា ខ្លួនបានបើកកិនជនរងគ្រោះបែកក្បាលធ្លាយខួរស្លាប់ ហើយជនបង្កហេតុជាអ្នកបើកបររថយន្តច្នៃបានបើករថយន្ត រត់គេចយកទៅលាក់នៅត្រង់ចំណុចចម្ការកៅស៊ូ១កន្លែងដល់កំពាន់ដែលមានចម្ងាយច្រើនគីឡូម៉ែត្រ ពីកន្លែងកើតហេតុ ហើយក៏រត់គេចខ្លួនបាត់ទៅ។

ក្រោយពីស្រាវជ្រាវដឹងដំណើរហេតុច្បាស់លាស់ ហើយសមត្ថកិច្ចក៏បានប្រគល់សពឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។ ចំណែករថយន្តកែច្នៃត្រូវសមត្ថកិច្ចអូសយទៅរក្សាទុកទៅប៉ុស្តិ៍រដ្ឋបាលរំចេក ដើម្បីស្រាវជ្រាវតាមចាប់ខ្លួនជនបង្កហេតុ នាំយកមកចាត់ការតាមនីតិវិធី៕

RELATED ARTICLES