ខេត្តពោធិ៍សាត់ ៖ បុរសជាប្តីម្នាក់ ព្រោះតែភ្លើងប្រចណ្ឌគ្របមុខគិតអ្វីមិនបានវែងឆ្ងាយ ចេះតែរករឿងឈ្លោះប្រកែកជាមួយប្រពន្ធមិនស្វាង រហូតដល់ទប់ចិត្តមិនបាន ក៏ប្រើកណ្តាប់ដៃវ៉ៃប្រពន្ធ បណ្តាលឱ្យហើមពោរជាំផ្ទៃមុខ រងរបួសធ្ងន់ និងត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនជាប់ កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចភូមិថ្នល់ជប៉ុន សង្កាត់រលាប ក្រុងពោធិ៍សាត់។
បុរសជាជនសង្ស័យ ដែលប្រើកណ្តាប់ដៃ ឥតស្រមោលដាល់លើផ្ទៃមុខប្រពន្ធជាំហើម រងរបួសធ្ងន់នោះ មានឈ្មោះសាន ភ័ក្ត្រ អាយុ៣៣ឆ្នាំ។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះជា ស្រួច អាយុ២៥ឆ្នាំ។ ប្តីប្រពន្ធខាងលើ មានលំនៅក្នុងភូមិកើតហេតុខាងលើ និងមានកូនស្រីម្នាក់ ក្នុងបន្ទុកគ្រួសារ។
តាមសម្តីស្ត្រីរងគ្រោះជាប្រពន្ធ បានរៀបរាប់ប្រាប់ថា នាងនិងប្តីបានចាប់ដៃគ្នាសាងគ្រួសារប៉ុន្មានឆ្នាំមកហើយ ដោយបង្កើតបានកូនស្រីម្នាក់ជាចំណងនិស្ស័យ ប៉ុន្តែជីវិតរស់នៅរបស់នាងមិនដែលមានសុភមង្គលសោះឡើយ ដោយសារតែប្តីគឺជាមនុស្សមានចិត្តប្រចណ្ឌច្រើនខុសរឿង និងមានចរិកកាចសាហាវឃោរឃៅខ្លាំងណាស់ ឱ្យតែខឹងម្តងៗតែងប្រើកម្លាំងបាយ វាយទាត់ធាក់ប្រពន្ធគ្មានត្រាប្រណី ប៉ុន្តែនាងចេះតែទ្រាំរហូតមក ព្រោះនឹកគិតថា ថ្ងៃណាមួយប្តីអាចនឹងកែខ្លួនធ្វើជាមនុស្សល្អនឹងគេវិញ បានដឹងអី ប្តីកាន់តែឃោរឃៅខ្លាំងឡើងវាយដំច្រំធាក់នាងជារៀងរាល់ថ្ងៃ និងកាន់តែប្រព្រឹត្តហិង្សាឃោរឃៅធ្ងន់ឡើងពីមួយលើកទៅមួយលើក រហូតដល់នាងត្រូវទទួលរងហិង្សា យ៉ាងធ្ងន់ដូចលើកនេះ។
ស្ត្រីរងគ្រោះបន្តថា នៅមុនពេលកើតហេតុ ប្តីរបស់នាងមិនដឹងជាយ៉ាងម៉េច នៅសុខៗក៏ស្រាប់តែមកចោទប្រកាន់នាងថា មានប្រុសសហាយចង់ក្បត់ចិត្តប្តី ហើយទោះជានាងប្រឹងពន្យល់បកស្រាយយ៉ាងណា ក៏ប្តីមិនខ្ចីស្តាប់ រួចក៏ស្ទុះមកវាយទាត់ធាក់នាងតាមអំពើចិត្ត ពិសេស បានប្រើកណ្តាប់ដៃវ៉ៃនាងចំផ្ទៃមុខជាច្រើនដៃ រហូតដល់ធ្វើឱ្យនាងទទួលរងស្នាមជាំហើមប៉ោង ផ្ទៃមុខ ស្ទើរមើលខ្លួនឯងលែងស្គាល់តែម្តង។
ស្ត្រីរងគ្រោះបានឱ្យដឹងទៀតថា កន្លងមក នាងក៏ធ្លាប់សុំអន្តរាគមន៍ពីនគរបាលប៉ុស្តិ៍រដ្ឋបាល មូលដ្ឋានដែរ ហើយសមត្ថកិច្ចក៏ធ្លាប់បានអញ្ជើញប្តីនេះ ទៅអប់រំធ្វើកិច្ចសន្យាឱ្យបញ្ឈប់ការប្រើអំពើហិង្សាដាក់នាងដែរ តែប្តីកំណាចនេះ មិនអាចកែប្រែបានឡើយ ទើបធ្វើឱ្យនាងទ្រាំលែងបាន ក៏សម្រេចចិត្តដាក់ពាក្យបណ្តឹងសុំឱ្យសមត្ថកិច្ចជំនាញចាត់ការតាមនីតិវិធីនៃច្បាប់ទៅចុះ។
ស្ត្រីរងគ្រោះជាប្រពន្ធរូបនេះ បានបង្ហាញពីជំហររបស់ខ្លួនថា នាងដាច់ខាត់មិនយកប្តីកំណាចនេះវិញទេ សុខចិត្តរស់នៅជាមួយកូនស្រីតូច ប្រសើរជាងរស់នៅក្រោមហិង្សា ការឈឺចាប់ ឥតស្រាកស្រាន្ត ដែលលោកប្តីចិត្តឃោរឃៅ ចេះតែធ្វើមកលើនាងមិនឈប់ឈរ។
ចំពោះករណីខាងលើ សមត្ថកិច្ចជំនាញ កំពុងបន្តនីតិវិធីនៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ តាមបណ្តឹងស្ត្រីជាប្រពន្ធ និងកំពុងរៀបចំសំណុំឯកសារបញ្ជូនខ្លួនបុរសដៃដល់ជាប្តីទៅកាន់ការិយាល័យជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីចាត់ការ បន្ត តាមនីតិវិធី៕