Friday, January 24, 2025
Homeព័ត៌មានជាតិស្ត្រីមានវិបត្តិផ្លូវចិត្ត ដេកស្រែកយំតាមផ្លូវ

ស្ត្រីមានវិបត្តិផ្លូវចិត្ត ដេកស្រែកយំតាមផ្លូវ

ភ្នំពេញ ៖ ស្ត្រីម្នាក់មិនដឹងជាមានវិបត្តិផ្លូវចិត្តរឿងអ្វី ក៏ដើរមកដេកស្រែកទ្រហោយំនៅលើចិញ្ចើមផ្លូវតែម្នាក់ឯង បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋានចុះជួយអន្តរាគមន៍ទាំងយប់ កាលពីវេលាម៉ោង៨និង២០នាទីយប់ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវលេខ២១៧ ស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។

ស្ត្រីដែលដើរមកដេកស្រែកយំលើចិញ្ចើមផ្លូវនេះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែពិនិត្យតាមភិនភាគ មានវ័យប្រមាណជាង៣០ឆ្នាំ ស្លៀកពាក់ខោអាវឈុតពណ៌លឿងផ្កា។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញស្ត្រីខាងលើដើរដោយថ្មើរជើង មិនដឹងជាមានគោលដៅពីណាទៅណានោះទេ បានមកឈរតែម្នាក់ឯងនៅចំណុចកើតហេតុខាងលើ លុះបន្តិចក្រោយមក ស្ត្រីរូបនោះក៏បានប្រះខ្លួនដេកផ្កាប់មុខនៅលើចិញ្ចើមផ្លូវ រួចស្រែកទ្រហោយំ ធ្វើឱ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋក្បែរទីនោះ និងអ្នកដំណើរ នាំគ្នាឈប់ចោមរោមមើលព្រោងព្រាត ហើយក្នុងនោះក៏មានប្រជាពលរដ្ឋចូលទៅសួរនាំស្ត្រីខាងលើដែរ ថាមានរឿងអ្វីបានជាមកដេកយំបែបនេះ តែស្ត្រីខាងលើមិនព្រមឆ្លើយតបអ្វីជាមួយគេឯងសោះ ទើបធ្វើឱ្យអ្នកចោមរោមមើលខ្លះសង្ស័យថា ស្ត្រីរូបនេះអាចជាសមាសភាពប្រើប្រាស់ថ្នាំញៀន ឬអាចត្រូវថ្នាំរបស់ជនខិលខូចក៏ថាបាន ទើបប្រញាប់នាំគ្នាផ្តល់ដំណឹងដល់សមត្ថកិច្ចមូលដ្ឋានចុះមកជួយអន្តរាគមន៍ដល់កន្លែងកើតហេតុ។

ក្រោយកើតហេតុ គេឃើញស្ត្រីចំណាស់ម្នាក់ ព្រមទាំងក្រុមគ្រួសារបានមកអះអាងថា ស្ត្រីខាងលើគឺជាកូនស្រីរបស់គាត់ ហើយនាងគឺជាមនុស្សវិកលចរិត តាំងពីកំណើតមកម៉្លេះ និងចេះតែដើរស្រែកយំបែបនេះជាញឹកញាប់។ បន្ទាប់មក ស្ត្រីខាងលើត្រូវបានសាច់ញាតិ ជួយគ្រាហ៍លើកដាក់រថយន្តមួយគ្រឿងម៉ាកឡិចស៊ីស LX-470 រួចក៏នាំត្រឡប់ទៅផ្ទះវិញបាត់ទៅ៕

RELATED ARTICLES