ភ្នំពេញ ៖ គូស្នេហ៍មួយគូ បើកម៉ូតូដឹកគ្នាសុខៗ ក៏ឈប់ម៉ូតូឈ្លោះប្រកែកគ្នាកណ្តាលផ្លូវ ដោយខាងប្រុសទាមទារសុំបែកផ្លូវគ្នា ធ្វើឱ្យកើតមានការភ្ញាក់ផ្អើលដល់អ្នកដំណើរចោមរោមមើល ស្រាប់តែបន្តិចក្រោយមក មានបុរសម្នាក់ បើករថយន្តមកដល់ ក៏ចូលទៅរករឿង និងវាយភាគីខាងប្រុសឱ្យរងរបួស ទើបភាគីរងគ្រោះទ្រាំមិនបាន ក៏តបតវិញ បណ្តាលឱ្យបុរសរូបនោះរបួសជាំភ្នែក ទើបធ្វើឱ្យភាគីទាំងសងខាងកើតទុក្ខមិនសុខចិត្ត ក៏ទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ខណ្ឌចំការមន។
បុរសដែលឈ្លោះជាមួយសង្សារសុខៗ ស្រាប់តែត្រូវបុរសម្នាក់ ស្ទុះចូលមកវាយឱ្យរងរបួស មានឈ្មោះគីម ហូវ អាយុ៣១ឆ្នាំ មុខរបរបកប្រែភាសាចិន នៅក្រុមហ៊ុនឯកជន ស្នាក់នៅបុរីចម្ការដូង សង្កាត់ដង្កោ ខណ្ឌដង្កោ។ ចំណែកបុរសដែលបង្កហិង្សា មានឈ្មោះហុក ធារិទ្ធ អាយុ៣៨ឆ្នាំ មុខរបរថៅកែភោជនីយដ្ឋានខ្សាច់ស ស្នាក់នៅភូមិ១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
តាមសម្តីបុរសឈ្មោះគីម ហូវ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ គាត់បានជិះម៉ូតូដឹកសង្សារទៅលេងផ្ទះមិត្តភក្តិនៅម្តុំកន្លែងកើតហេតុ តែទៅមិនទាន់ដល់ផ្ទះមិត្តភក្តិផង ទើបទែមកដល់ត្រង់ចំណុចផ្លូវ៤១២ ក្រុម៧៦ ស្ថិតក្នុងភូមិ១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ក៏បានឈ្លោះប្រកែកគ្នាជាមួយសង្សារ ដោយសារតែរូបគាត់សុំបែកគ្នា ព្រោះរស់នៅមិនចុះសម្រុង ធ្វើឱ្យកើតមានទំនាស់តឹងសរសៃកដាក់គ្នា រហូតមានមនុស្សម្នាចោមរោមមើលជាច្រើននាក់ ស្របពេលនោះ ក៏លេចមុខបុរសម្នាក់បើករថយន្ត ទំនើបម៉ាកអូឌី បានឈប់នៅក្បែរកន្លែងកើតហេតុ រួចក៏ចុះមកវាយរូបគាត់១ដៃចំផ្ទៃមុខ ធ្វើឱ្យគាត់ខឹងវាយតបតវិញទៅ បណ្តាលឱ្យរូបគាត់របួសរយះម្រាមមេដៃខាងស្តាំ និងរលាត់កំភូនដៃខាងឆ្វេង កោសក្រចកដៃ ហើយភ្លាមនោះ បុរសជិះរថយន្តអូឌី បានទូរស័ព្ទហៅបក្ខពួកមកជាច្រើននាក់ ទើបគាត់ក៏បានរត់គេចចេញពីកន្លែងកើតហេតុបាត់ទៅ។
ប្រភពដដែលបន្តថា លុះព្រឹកឡើងគាត់ ក៏បានចេញទៅរកដាក់ពាក្យបណ្តឹង តែរកប៉ុស្តិ៍នគរបាលមិនឃើញ ព្រោះមិនដឹងនៅកន្លែងណា រហូតដល់រសៀល ក្រោយពីសួរគេឯង ទើបរកកន្លែងប្តឹងឃើញ។ ស្រាប់តែពេលកំពុងអង្គុយនៅក្នុងប៉ុស្តិ៍ មិនទាន់បានប្តឹងស្រួលបួលផង ស្រាប់តែឃើញបុរសជិះរថយន្តអូឌី មកប្តឹងគាត់ដែរ ហើយពេលនោះកាមេរ៉ាសុវត្ថិភាពបង្ហាញថា ពិតជាបុរសជិះរថយន្តមកបង្កហិង្សាវាយគាត់មែន ទើបគាត់តដៃវ៉ៃវិញ គ្រាន់តែខាងអ្នកបង្ករបួសធ្ងន់ជាង។
ចំណែកបុរសជាអ្នកបើករថយន្តអូឌី ឈ្មោះ ហុក ធារិទ្ធ បានរៀបរាប់ប្រាប់ថា នៅមុនកើតហេតុ គាត់បានបើករថយន្តម៉ាកអូឌី ពណ៌ស មកជិតដល់ផ្ទះទៅហើយ ក៏ឃើញមានគេឈ្លោះគ្នាពេញផ្លូវ ហើយក៏បន្តដំណើរទៅមុខបន្តិចៗ តែមិនដឹងថា អ្នកណាទេ បានគោះរថយន្តគាត់ ទើបគាត់បានឈប់រថយន្តសាកសួរថា អ្នកណាគោះរថយន្តគាត់? ស្រាប់តែមានបុរសម្នាក់ដែលឈ្លោះគ្នាជាមួយមិត្តស្ត្រីស្ទុះមកវាយគាត់ ហើយដោយគាត់តដៃមិនឈ្នះ ទើបរត់គេចខ្លួន ហើយក្រុមគ្រួសារបាននាំទៅមន្ទីរពេទ្យឯកជនដើម្បីព្យាបាល។ លុះរសៀលថ្ងៃទី២១ ធ្នូ ពេលបានធូរស្រាលមុខរបួស គាត់ក៏ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលសង្កាត់ទន្លេបាសាក់ បែរជាឃើញបុរសដែលវាយគាត់នោះ កំពុងតែដាក់ពាក្យបណ្តឹងមុនគាត់ទៅទៀត។
ដោយឡែកបុរសម្នាក់ទៀត ពាក់អាវខៀវ ជាសាក្សី មានឈ្មោះសំ ចាន់ថេត អាយុ២២ឆ្នាំ មុខរបរចងការប្រាក់ស្នាក់នៅបន្ទប់ជួលក្នុងភូមិកើតហេតុខាងលើ បានបញ្ជាក់ថា ការពិតដំបូងឡើយ គាត់បានឃើញគូសង្សារ២នាក់ឈ្លោះគ្នា ស្រាប់តែក្រោយមកបុរស ដែលជិះរថយន្តអូឌី មកដល់មិនដឹងជាយ៉ាងម៉េច ស្រាប់តែចូលទៅឈ្លោះប្រកែកគ្នាដែរ រួចក៏កើតជាការវាយតប់គ្នាទៅវិញទៅមក ទើបរូបគាត់ដែលឈរមើលនៅក្បែរនោះ បានចូលឃាត់បំបែកចេញគ្នាតែម្តង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានធ្វើការសាកសួរភាគីទាំងសងខាង និងបានចុះទៅពិនិត្យកាមេរ៉ាសុវត្ថិភាពនៅកន្លែងកើតហេតុឃើញថា បុរសជាអ្នកជិះរថយន្តអូឌី ជាអ្នកបង្កហេតុ ដោយវាយទៅលើភាគីម្ខាងទៀតមុន។ ចុងក្រោយភាគីបុរសដែលឈ្លោះប្រកែកជាមួយសង្សារ បានទាមទារសំណងជំងឺចិត្តចំនួន១០០០ដុល្លារ ប៉ុន្តែបន្ទាប់ពីចរចាគ្នា ក៏ចុះមកត្រឹម៥០០ដុល្លារ ជាការបញ្ចប់រឿងតែម្តង៕