ភ្នំពេញ ៖ បុរសម្នាក់តូចចិត្ត ពេលកំពុងធ្លាក់ ខ្លួនឈឺធ្ងន់ ត្រូវប្រពន្ធរត់ចោលបាត់ ក៏រត់ចោល ផ្ទះបាត់ដំណឹងឈឹង ធ្វើឱ្យស្ត្រីជាម្តាយធំព្រួយ បារម្ភក៏កាន់រូបថតក្មួយប្រុសដើររក សួរគេឯង សព្វកន្លែង បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាល ពីវេលាម៉ោង៣រសៀល ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៦ នៅក្នុងសាលាសង្កាត់កាកាប ខណ្ឌ ពោធិ៍សែនជ័យ។
បុរសដែលតូចចិត្តប្រពន្ធរត់ចោល បែរជា ចុះចោលផ្ទះបាត់ដែរនោះ មានឈ្មោះសៀម សៀ អាយុ៣២ឆ្នាំ ជាមនុស្សមានសតិមិនប្រក្រតី និងកើតមានជំងឺឆ្កួតជ្រូកប្រចាំកាយទៀតផង។ បុរសរូបនេះ ជាកូនកំព្រា ត្រូវឪពុកម្តាយស្លាប់ ចោលអស់ ចំណែកប្រពន្ធក៏ចុះចោលទៀត សព្វ ថ្ងៃរស់នៅជាមួយម្តាយធំ នៅភូមិតាពេទ្យ ឃុំ ជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល។
តាមសម្តីស្ត្រីឈ្មោះសុខ នួន អាយុ៦២ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិតាពេទ្យ ឃុំ ជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល និងត្រូវ ជាម្តាយធំ (អ៊ំស្រី) របស់បុរសដែលបាត់ខ្លួន បាន រៀបរាប់ប្រាប់ថា ក្មួយប្រុសរបស់គាត់ម្នាក់នោះ មានវាសនាអភ័ព្វណាស់ ត្រូវឪពុកម្តាយស្លាប់ ចោលអស់ ក្លាយជាកូនកំព្រា ថែមទាំងកើតមាន ជំងឺសរសៃប្រសាទផង និងជំងឺឆ្កួតជ្រូកផង តាំងពីតូចមកម៉្លេះ។ លុះពេញវ័យកំលោះ បន្ទាប់ ពីឃើញថា សភាពជំងឺបានជាសះស្បើយ ទើប ឪពុកម្តាយគេបានផ្សំផ្គុំឱ្យរៀបការសាងជីវិតថ្មី ជាមួយនារីម្នាក់ រួមរស់ជាមួយគ្នាយ៉ាងមាន សុភមង្គល។
ប្រភពដដែលបន្តថា លុះមកដល់មួយរយៈ មុននេះ ដោយសារតែស្ថានភាពជំងឺរបស់ក្មួយ ប្រុសគាត់ចាប់ផ្តើមធ្វើទុក្ខ និយាយស្តីលែងសូវ ដឹងខុសត្រូវ ស្រាប់តែប្រពន្ធបានសម្រេចចិត្ត រត់ចោលក្មួយប្រុសគាត់បាត់ ទុកឱ្យប្តីនេះរស់នៅ តែម្នាក់ឯង ក្លាយជាបុរសពោះម៉ាយ ស្នាក់ អាស្រ័យជាមួយគាត់ជាម្តាយធំ។
ប្រភពខាងលើ បន្ថែមថា លុះមកដល់វេលា ម៉ោង៤ទៀបភ្លឺ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៦ ក្មួយប្រុសរបស់គាត់ ក៏បានចាកចេញពីផ្ទះបាត់ មិនដឹងជាទៅដល់ទីណា ធ្វើឱ្យគាត់ជាម្តាយធំ នឹកបារម្ភ ព្រោះតែក្មួយជាមនុស្សមានសតិមិន សូវល្អផង ខ្លាចមានគ្រោះថ្នាក់ជាយថាហេតុណា មួយ ទើបគាត់ចេះតែកាន់រូបថតក្មួយប្រុសរូប នេះដើរ តាមសួរគេឯងរកគ្រប់ច្រកល្ហកចុងក្រោយ ក៏មកដល់ប៉ុស្តិ៍នគរបាលកាកាប ប្តឹងឱ្យសមត្ថកិច្ច ជួយតាមរកក្មួយប្រុសរបស់គាត់តែម្តង។
តាមស្ត្រីជាម្តាយធំរូបនោះ បានអះអាង ថា មូលហេតុដែលក្មួយប្រុសរបស់គាត់រត់ចោល ផ្ទះ ក៏ព្រោះតែសភាពជំងឺរបស់គេធ្វើទុក្ខខ្លាំង ម៉្យាងទៀត គេតូចចិត្តនឹងរឿងខ្លួនជាកូនកំព្រា មានជំងឺប្រចាំកាយជាប់ខ្លួន ត្រូវប្រពន្ធរត់ចោល ទៀត ទើបធ្វើឱ្យអារម្មណ៍របស់គេវិលវល់ គិត អ្វីមិនចេញ ក៏ចុះចោលផ្ទះ មិនដឹងជារសាត់ អណ្តែតដល់ទីណា។
យ៉ាងណាស្ត្រីជាម្តាយធំ បានអំពាវនាវដល់ ប្រជាពលរដ្ឋដែលបានប្រទះឃើញក្មួយប្រុស របស់គាត់ ដែលមានភិនភាគដូចរូបថតខាងលើ សូមជួយផ្តល់ដំណឹងមកឱ្យគាត់ ដោយអនុគ្រោះ ផងចុះ៕