ក្នុងជំនួបផ្ទាល់ជាមួយថន លក្ខិណា កាលពី ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ តារាតួឯកក្នុងរឿង “វិស្សមកាលមរណៈ” រូបនេះ និយាយដោយប្រកាន់ជំហរដាច់ខាតថា នាងស្រលាញ់តែប្រុសខ្មែរទេ។ លក្ខិណា សង្កត់ថា “សម្រាប់គូជីវិត ខ្ញុំគិតថា មិនចង់យកប្តីជាជនបរទេស សាសន៍គេអី គឺអត់មានទេ និយាយទៅខ្ញុំស្រលាញ់តែប្រុសខ្មែរហ្នឹង! ខ្ញុំចង់បានអ្នកវ័យល្មមៗអីហ្នឹង មិនចាស់ពេក មិនក្មេងពេក តែនេះគ្រាន់តែជាការគិតប៉ុណ្ណោះ ព្រោះឥឡូវខ្ញុំអត់ទាន់មានសង្សារផង!”…។ នាងនិយាយទាំងសើចតិចៗថា “លាក់អីទៀត តាមពិតមកពីគ្នាគ្មានមែនតើ!”។
ការថ្លែងរបស់ថន លក្ខិណា បែបនេះ បន្ទាប់ពីមុននេះ មានព័ត៌មានថា បងស្រីថន លក្ខិណា គឺអ្នកនាងថន តារា ដែលបានរៀបការប្តីជនជាតិថៃ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦ នោះ ពេលនេះកំពុងរងវិបត្តិផ្លូវចិត្ត ព្រោះប្តីលែងប្រពន្ធដើមមិនទាន់ដាច់ ទើបតារា អាចប្រឈមមេម៉ាយទៀតផង។
ថន លក្ខិណា និយាយមិនបង្អង់ថា “ខ្ញុំហ៊ានយកជីវិតមកអះអាង ជំនួសបងស្រីខ្ញុំថា ពេលនេះគាត់មិនមានវិបត្តិផ្លូវចិត្តអីដូចគេថានោះទេ។ បើតាមខ្ញុំដឹង ពីមុនបងថ្លៃខ្ញុំ (លោកណាវ៉ារ៉ាត់ យូបាំរ៉ុង) គាត់ធ្លាប់មានប្រពន្ធទី១ នៅហុងកុង តែស្លាប់ ក្រោយមក គាត់មានប្រពន្ធ ទី២ ជាជនជាតិភូមា តែមិនបានរៀបការទេ គ្រាន់តែមានកូន១ ក៏បែកគ្នាទៅហើយ គាត់ក៏មកស្តីដណ្តឹងរៀបការជាមួយបងស្រីខ្ញុំ ឥឡូវពួកគាត់ស្រលាញ់គ្នាសឹងអី មានបញ្ហាជាមួយប្រពន្ធដើមឯណា? មកតាមព្យាបាទ អ៊ីចឹងបានថា អ្នកដែលនិយាយហ្នឹងមកពីពូកែទើសហ្មង!”។
ថន លក្ខិណា ដែលអះអាងថា នាងនឹងមិនដើរតាមគន្លងបងស្រីនាង ជ្រើសយកប្តីជាជនបរទេសទេ សុខចិត្តជួញជិតប្រសើរជាងជួញឆ្ងាយនោះ ហាក់ឡើងកូដនៅរយៈចុងក្រោយនេះ បានតំណែងតួឯកជាបន្តបន្ទាប់ ដូចជា ទើបតែថតបញ្ចប់តួឯកស្រីរឿង “វិស្សមកាលមរណៈ” ប៉ះតួឯកប្រុសលោកថៃ ប៊ុននាង ពេលនេះ លក្ខិណា ចាប់បានតួឯកថ្មីរបស់ផលិតកម្ម LD Picture ទៀត។
ថន លក្ខិណា បន្ថែមថា “រឿងថ្មីនៅ LD ហ្នឹង ជារឿងខ្មោច “momy” និយាយទៅ គេធ្វើរឿងល្បីៗរបស់ LD បញ្ចូលគ្នាតែម្តង ហើយក៏មានសារ៉ាយ សក្ខិណា ចូលរួមសម្តែងដែរ។ ឥឡូវចាប់ពីពេលនេះតទៅ ខ្ញុំសូមប្រកាសថា ខ្ញុំទទួលថតរឿងពេញទំហឹងតែម្តង ចំណែកការងារ ពិធីការិនី ខ្ញុំនៅធ្វើដដែល”…៕ ហុឹម វិចិត្រ