Wednesday, January 15, 2025
Homeព័ត៌មានជាតិម៉ែឪមិនឱ្យប្លង់ដីលក់ កូនប្រុសវ៉ៃកម្ទេចទ្រព្យសម្បត្តិ

ម៉ែឪមិនឱ្យប្លង់ដីលក់ កូនប្រុសវ៉ៃកម្ទេចទ្រព្យសម្បត្តិ

ខេត្តកំពង់ចាម ៖ បុរសចិត្តភ្លើងម្នាក់ បានព្យាយាមសុំយកប្លង់ដីពីឪពុកម្តាយយកទៅលក់ ប៉ុន្តែត្រូវឪពុកម្តាយបដិសេធរហូត ទើបធ្វើឱ្យកូនប្រុសអកតញ្ញូច្រឡោតខឹង ក៏វាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ បណ្តាលឱ្យបែកបាក់ខ្ទេចខ្ទីអស់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៥និង៤០នាទីល្ងាច ថ្ងៃទី៥ មករា ២០១៨ នៅចំណុចភូមិកងតាណឹងទី៧ ឃុំកងតាណឹង ស្រុកកងមាស។

ជនបង្កហេតុ ដែលខឹងឪពុកម្តាយមិនឱ្យប្លង់ដីយកទៅលក់ បែរជាវាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ មានឈ្មោះឆុន រ៉ាវី អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះកើតហេតុខាងលើ។

តាមសម្តីលោកតាឈ្មោះព្រុំ ឆុន អាយុ ៧៥ឆ្នាំ និងលោកយាយឈ្មោះសាន់ សឿង អាយុ ៧៣ឆ្នាំ ត្រូវជាឪពុកម្តាយបង្កើតរបស់ជនបង្កហេតុបានរៀបរាប់ប្រាប់ថា កូនប្រុសរបស់ពួកគាត់ (ជនបង្កហេតុ) គឺជាមនុស្សដែលមានចរិតកោងកាចណាស់ មិនចេះស្តាប់បង្គាប់ឪពុកម្តាយនោះទេ មួយថ្ងៃៗគ្មានការងារអ្វីធ្វើក្រៅពីដើរ លេងផឹកស៊ីប៉ោឡែនោះឡើយ និងតែងបង្កបញ្ហាធ្វើឱ្យពួកគាត់ជាឪពុកម្តាយពិបាកចិត្តជាប់ជាប្រចាំ។

ប្រភពដដែលបន្តថា មួយរយៈចុងក្រោយនេះ កូនប្រុសរបស់គាត់ចេះតែទាមទារសុំយកប្លង់ដីពីពួកគាត់ ដើម្បីយកទៅលក់ចែកលុយគ្នា ប៉ុន្តែពួកគាត់មិនព្រមប្រគល់ឱ្យដាច់ខាត ព្រោះរាល់ថ្ងៃ ពួកគាត់មានតែដី និងផ្ទះប៉ុណ្ណឹង គ្រាន់ជ្រកកោនក្នុងជីវិតចុងក្រោយប៉ុណ្ណោះ បើលក់អស់ទៅ តើឱ្យគាត់ទៅរស់នៅឯណា។

ប្រភពខាងលើ បានឱ្យដឹងទៀតថា លុះ មកដល់ថ្ងៃកើតហេតុ កូនប្រុសនេះបានមកទារ យកប្លង់ដីម្តងទៀត តែត្រូវគាត់ប្រកែកដដែល ទើបធ្វើឱ្យកូនប្រុសកំណាចនេះ ផ្ទុះកំហឹងក៏យក កៅអីជ័របោកបំបែក និងយកឆ្នាំងចានបាយ បោកបំបែកខ្ទេចគ្មានសល់ រហូតដល់ពួកគាត់ ទ្រាំលែងបាន ក៏រាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចតែម្តង។

លោកជា ជួន អធិការនគរបាលស្រុកកងមាស បានឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មានថា មានករណីកូនប្រុសអុកឡុកវាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ សមត្ថកិច្ចបានចុះអន្តរាគមន៍ឃាត់ខ្លួនជនបង្កហេតុ នាំយកមកសាកសួរ និងរៀបចំកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES