ភ្នំពេញ ៖ ស្ត្រីជាអាជីវករលក់ដូរក្នុងផ្សារចំនួន២នាក់ លក់ដូរក្បែរគ្នា តែខ្វះការយោគយល់អធ្យាស្រ័យ ក៏កើតមានទំនាស់នឹងគ្នា ដោយភាគីស្ត្រីលក់មាន់ឃើញស្ត្រីលក់ចេក ជេរកូនប្រុស ក៏លើកដាក់ខ្លួនថា គេជេរដៀមដាមឱ្យខ្លួន ក៏ទៅដាក់ពាក្យបណ្តឹង ធ្វើឱ្យភាគីស្ត្រីលក់ចេកផ្ទុះកំហឹងរករឿងឈ្លោះប្រកែក រហូតដល់ជ្រុលដៃវ៉ៃស្ត្រីលក់មាន់១ដៃ បណ្តាលឱ្យដួលសន្លប់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី១០ ខែ មករា ឆ្នាំ២០១៨ នៅចំណុចខាងជើងផ្សារច្បារអំពៅ ស្ថិតនៅសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។
ស្ត្រីរងគ្រោះមានឈ្មោះស ទូច ភេទស្រី អាយុ៥៤ឆ្នាំ មុខរបរលក់មាន់ និងចេក ស្នាក់នៅភូមិព្រែកធំ ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង។ ចំណែកស្ត្រីបង្កហេតុ មានឈ្មោះសំ រតនា អាយុ៤៦ឆ្នាំ មុខរបរលក់ចេក ស្នាក់នៅផ្ទះលេខ២២០ ផ្លូវ៣៥៧ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។
តាមសម្តីស្ត្រីបង្កហេតុ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៦និង៣០នាទីព្រឹកព្រលឹម ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ គាត់បានយកចេកមកលក់ជាធម្មតា ហើយកូនប្រុសគាត់មានអាយុ៣ឆ្នាំ បានតាមមកជាមួយដែរ ដោយសារគ្មានអ្នកជួយមើល ព្រោះគាត់ជាស្ត្រីមេម៉ាយ រស់នៅជាមួយប្តីមិនចុះសម្រុង ក៏បានចែកផ្លូវគ្នាតាំងពីកូនប្រុស នៅក្នុងផ្ទៃម៉្លេះ។ លុះក្រោយមក កូនប្រុសគាត់បានទារទិញខោអាវ ដែលអ្នកលក់ដាក់តាំងនៅតូបក្បែរនោះ តែគាត់មិនទិញឱ្យកូនប្រុសទេ ព្រោះខំលក់ដូរសន្សំលុយទុកឱ្យកូនចូលរៀន ទើបធ្វើឱ្យកូនប្រុសគាត់ ចេះតែយំទារ ទើបគាត់ចខឹងពេក ក៏បានជេរកូនប្រុស បែរជាស្ត្រីអ្នកលក់មាន់នៅក្បែរគ្នា រត់ទៅប្តឹងគណៈកម្មការផ្សារថា គាត់បានជេរប្រមាថទៅវិញ។
ស្ត្រីបង្កហេតុ បន្តថា ក្រោយមកគណៈកម្មការផ្សារបានចេញលិខិតអញ្ជើញឱ្យគាត់ចូលខ្លួនដោះស្រាយរឿងជេរប្រមាថអ្នកលក់ក្បែរគ្នា លុះពេលកំពុងសាកសួរ ដោយគាត់ខឹងពេកទប់ចិត្តមិនបាន ក៏យកដៃវាយស្មាស្ត្រីរងគ្រោះ១ដៃ ក៏ត្រូវសន្តិសុខផ្សារនាំយកទៅស្នាក់ការផ្សារដើម្បីសាកសួរ លុះពេលស្ត្រីរងគ្រោះ មកដល់ ស្រាប់តែដួលសន្លប់ស្តូកស្តឹង រហូតទាល់តែដឹកទៅមន្ទីរពេទ្យបង្អែកមានជ័យ។
ជុំវិញករណីខាងលើនេះ សមត្ថកិច្ចបានបញ្ជាក់ប្រាប់ថា ក្រោយកើតមានករណីហិង្សា សមត្ថកិច្ចបានឃាត់ស្ត្រីបង្កហិង្សាមកសាកសួរ ទើបដឹងថា ដោយសារស្ថានភាពស្ត្រីរងគ្រោះ មិនមានរបួសធ្ងន់ និងសង្ស័យថា ស្ត្រីរងគ្រោះមានជំងឺប្រចាំកាយលើសឈាម ទើបងងឹតមុខដួលបែបនេះ ណាមួយម្នាក់ៗ សុទ្ធតែជាអ្នកលក់តាមចិញ្ចើមផ្លូវផ្សារដូចគ្នារកមួយថ្ងៃរស់ មួយថ្ងៃប៉ុណ្ណោះ សមត្ថកិច្ចក៏បានជួយធ្វើការ សម្របសម្រួល។
ទីបំផុតភាគីទាំងសងខាង បានស្រុះស្រួលគ្នាដោយភាគីស្ត្រីបង្កហេតុ បានឱ្យបងប្អូនតាមទៅចេញថ្លៃព្យាបាលឱ្យស្ត្រីរងគ្រោះ ទើបធ្វើឱ្យស្ត្រីរងគ្រោះ ទន់ចិត្តលែងប្តឹងផ្តល់ និងគ្រាន់តែសំណូមពរឱ្យជួយចេញថ្លៃព្យាបាល និងលុយកាក់តិចតួច ទុកព្យាបាលបន្តទៀត ក្រោយមកក៏បានព្រមព្រៀងគ្នា បញ្ចប់រឿងនៅប៉ុស្តិ៍នគរបាលច្បារអំពៅទី២៕
អត្ថបទមុនៗ ៖
កាក់កបណាស់!!! បញ្ញា សិទ្ធ ទើបមកពីចិន ឥលូវត្រៀមចញទៅថៃ ៥ថ្ងៃទៀត
ភ្នំពេញ ៖ ទើបតែជោគជ័យក្នុងនាមជាពិធីករតំណាងឲ្យកម្ពុជា នៅក្នុងព្រឹត្តិការណ៍លំដាប់អន្តរជាតិ ស្ដីពីតំបន់ទន្លេមេគង្គ នៅប្រទេសចិន កាលពីចុងឆ្នាំ២០១៧ លោកបញ្ញា សិទ្ធិ ស្រាប់តែទទួលបានតំណែងជាពិធីករតំណាងឲ្យកម្ពុជា ក្នុងព្រឹត្តិការណ៍លំដាប់អន្តរជាតិថ្មីមួយទៀត នៅប្រទេសថៃ ដែលជួយឲ្យតារាចម្រៀងរូបនេះកាន់តែលេចធ្លោមួយកម្រិតថែមទៀត។
លោកបញ្ញា សិទ្ធិ បានថ្លែងឲ្យដឹងថា លោកពិតជាមានមោទនៈភាពយ៉ាងក្រៃលែង ដែលក្រោយពេលជោគជ័យ ក្នុងនាមជាពិធីករក្នុងព្រឹត្តិការណ៍ដ៏ធំនៅប្រទេសចិន កាលពីថ្មីៗនេះ ស្រាប់តែត្រូវបានជ្រើសរើសឲ្យធ្វើជាពិធីករតំណាងឲ្យកម្ពុជា នៅក្នុងព្រឹត្តិការណ៍អន្តជាតិជាថ្មីម្ដងទៀត នៅប្រទេសថៃ។ លោកថា លោកនឹងត្រូវហោះទៅធ្វើពិធីករនៅប្រទេសថៃ រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ ខាងមុខនេះ នៅក្នុងព្រឹត្តិការណ៍ធំមួយស្ដីពីសេដ្ឋកិច្ចកម្ពុជា ថៃ វៀតណាម ដែលលោកតំណាងឲ្យពិធីកររបស់កម្ពុជា ប៉ះជាមួយពិធីករតំណាងឲ្យថៃ នឹងវៀតណាម ខណៈដែលព្រឹត្តិការណ៍នោះក៏មានការតាំងពិពរណ៌ផលិតផលរបស់ប្រទេសទាំង៣ មានទាំងការប្រគំតន្ត្រី និងមានរបាំខ្មែរបង្ហាញនៅក្នុងព្រឹត្តិការណ៍នោះផងដែរ។
តារារូបសង្ហាពហុជំនាញលើវិថីសិល្បៈរូបនេះ បានឲ្យដឹងដែរថា “ឱកាសទៅធ្វើពិធីករនៅប្រទេសថៃ លើកនេះគឺលោកត្រូវបានគណៈកម្មការតំណាងឲ្យកម្ពុជា នៅក្នុងព្រឹត្តិការណ៍នោះពេញចិត្តចំពោះសមត្ថភាពរបស់លោក បន្ទាប់ពីឃើញលោកទទួលបានការគាំទ្រខ្លាំងនៅក្នុងព្រឹត្តិការណ៍នៅប្រទេសចិន ខណៈដែលលោកក៏ចេះភាសាថៃ អាចប្រើការបានផងនោះ។
បញ្ញា សិទ្ធិ បញ្ជាក់ថា “លោកពិតជាសប្បាយចិត្តយ៉ាងក្រៃលែង នៅពេលដែលទីផ្សារសិល្បៈរបស់ខ្លួនចាប់ផ្ដើមស្ទុះឡើងទាំងផ្នែកសម្ដែង ច្រៀង និងពិធីករ ជាដើម។ ជាពិសេសកាន់តែមានមោទនភាពនៅពេលដែលមានឱកាសបានបង្ហាញវត្តមាន ក្នុងនាមជាពិធីករតំណាងឲ្យកម្ពុជា នៅក្នុងព្រឹត្តិការណ៍លំដាប់អន្តរជាតិជាបន្តបន្ទាប់។
បញ្ញា សិទ្ធិ បានបង្ហាញក្ដីរំពឹងថា “ឱកាសធ្វើពិធីកររយៈពេល៥ថ្ងៃ នៅប្រទេសថៃ ដែលចាប់ផ្ដើមពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ មករា ខាងមុខនេះ នឹងទទួលបានជោគជ័យខ្លាំងដូចក្នុងព្រឹត្តិការណ៍នៅប្រទេសចិន នាពេលកន្លង ទៅខណៈដែលលោកក៏បានត្រៀមខ្លួនរួចជាស្រេច ដើម្បីបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍នោះ ដោយមិនឲ្យគណៈកម្មការ និងទស្សនិកជនខកបំណងចំពោះរូបលោកនោះទេ៕
http://www.nokorthomdaily.com/2018/01/panha-seth-58791/