Wednesday, January 15, 2025
Homeព័ត៌មានជាតិប្តីចេញទៅឆក់ត្រីបាត់១យប់ ប្រពន្ធខំដើររក ស្រាប់តែឃើញអណ្តែតយ៉ាងអាណោចអាធ័ម

ប្តីចេញទៅឆក់ត្រីបាត់១យប់ ប្រពន្ធខំដើររក ស្រាប់តែឃើញអណ្តែតយ៉ាងអាណោចអាធ័ម

ខេត្តកណ្តាល ៖ បុរសម្នាក់បានចេញទៅដើរឆក់ត្រី រួចក៏បាត់ខ្លួនពេញមួយយប់ មិនឃើញ ត្រឡប់មកផ្ទះវិញសោះ លុះព្រឹកឡើង ស្ត្រីជាប្រពន្ធ និងបងប្អូននាំគ្នាចេញទៅតាមរក ស្រាប់តែប្រទះឃើញសពអណ្តែតក្នុងទឹកស្លាប់យ៉ាងអាណោចអាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក នៅចំណុចរោងលោកតាបឹងសន្ទៃ ស្ថិតក្នុងឃុំប្រាសាទ ស្រុកស្អាង។

បុរសរងគ្រោះដែលបាត់បង់ជីវិតនោះ មានឈ្មោះឆាំ ឆេង អាយុ៣៤ឆ្នាំ មុខរបរនេសាទ មានប្រពន្ធឈ្មោះបិន សុខវ៉េង និងមានលំនៅក្នុងភូមិទួលក្តី ឃុំត្រើយស្លា ស្រុកស្អាង។

តាមសម្តីស្ត្រីជាប្រពន្ធជនរងគ្រោះ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ ប្តីរបស់នាងបានចេញទៅរកត្រីមកធ្វើម្ហូប ដោយបានរៀបចំប្រដាប់ប្រដាមានអាគុយ ដុំឆក់ត្រី និងខ្សែភ្លើង រួចក៏ដើរចេញសំដៅទៅបឹងកន្លែង កើតហេតុខាងលើ ដើម្បីដើរឆក់ត្រី រួចក៏បាត់មួយយប់មិនឃើញត្រឡប់មកផ្ទះវិញសោះ។

ស្ត្រីជាប្រពន្ធជនរងគ្រោះ បន្តថា លុះព្រឹកឡើងវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ នាងក៏បានទៅហៅបងប្អូនឱ្យជួយចេញទៅតាមរកប្តី លុះពេលធ្វើដំណើរទៅដល់ចំណុចកើតហេតុខាងលើ ក៏ប្រទះឃើញសពប្តីអណ្តែតទឹក នៅក្បែរទូកម្តុំរោងលោកតាបឹងសន្ទៃ ទើបកើតហេតុមានការផ្អើលឆោឡោ នាំគ្នាលើកដាក់លើទូកដឹកយកមកផ្ទះវិញ រួចបានរាយការណ៍ឱ្យសមត្ថកិច្ចចុះមកពិនិត្យ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ ដោយសារឆក់ឧបករណ៍ឆក់ត្រីបណ្តាលឱ្យស្លាប់ខ្លួនឯងពិត ប្រាកដមែន។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES