ភ្នំពេញ ៖ យុវជនម្នាក់បាននាំស្រីស្នេហ៍ចូលផឹកស៊ីរាំលេងក្នុងមជ្ឈមណ្ឌលកម្សាន្តរ៉ក់ លុះពេលផឹកស៊ីស្រវឹង ស្រាប់តែមានក្មេងស្ទាវមួយក្រុម បានលែបខាយពាក្យសម្តីដាក់ស្រីស្នេហ៍របស់ខ្លួន ទើបធ្វើឱ្យកើតមានទំនាស់ពាក្យសម្តីឈានដល់ការវាយតប់គ្នា បណ្តាលឱ្យភាគីក្រុមក្មេងស្ទាវព្រួតគ្នាវាយ បណ្តាលឱ្យរងរបួសរយះខ្នង កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ នៅក្នុងមជ្ឈមណ្ឌលកម្សាន្តរ៉ក់ តាមបណ្តោយផ្លូវព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
យុវជនរងគ្រោះ ដែលត្រូវគេព្រួតវាយបណ្តាលឱ្យរងរបួសរយះខ្នង មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា មានវ័យប្រមាណ២០ឆ្នាំ។
ចំណែកក្រុមជនបង្កក៏មិនស្គាល់អត្តសញ្ញាណដូចគ្នា ក្រោយបង្កហេតុរួច បាននាំគ្នារត់គេចខ្លួនបាត់ស្រមោលអស់។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញយុវជនរងគ្រោះ បាននាំនារីវ័យក្មេង២នាក់ ក្នុងនោះមានម្នាក់ជាស្រីស្នេហ៍របស់ខ្លួនចូលទៅផឹកស៊ីរាំលេងក្នុងមជ្ឈមណ្ឌលកម្សាន្តរ៉ក់ លុះក្រោយពីផឹកស៊ីស្រវឹងធ្លាក់ភ្នែក នាំគ្នាឡើងរាំលេង ក៏ស្រាប់តែមានក្មេងស្ទាវមួយក្រុម មានគ្នាជាង១០នាក់ បានឡើងមករាំក្បែរ និងថែមទាំងបានបោះពាក្យសម្តីលែបខាយដាក់ស្រីស្នេហ៍របស់ជនរងគ្រោះ ជាហេតុធ្វើឱ្យជនរងគ្រោះខឹង ក៏សួរនាំ ទើបកើតជាជំលោះវាយតប់គ្នា និងត្រូវភាគីក្រុមក្មេងស្ទាវមានគ្នាច្រើនជាង ព្រួតគ្នាវាយបណ្តាលឱ្យយុវជន រងគ្រោះរងរបួសរយះខ្នងហូចឈាមស្រោចខ្លួន ហើយក្រោយកើតហេតុភ្លាមៗ ក្រុមជនបង្ក បាននាំគ្នារត់គេចខ្លួនបាត់ស្រមោលអស់។
ជុំវិញករណីហិង្សាខាងលើនេះ គេឃើញកម្លាំងសមត្ថកិច្ចមូលដ្ឋានទាមទាំងប៉ូលិស និងប៉េអឹម បានចុះទៅដល់ទីតាំងកើតហេតុ និងបាននាំជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅបញ្ជាការអាវុធហត្ថខណ្ឌចំការមន ដើម្បីធ្វើការស្រាវជ្រាវរកជនបង្ក នាំយកមកចាត់ការតាមច្បាប់៕