ភ្នំពេញ ៖ បុរសម្នាក់មិនដឹងមានវិបត្តិផ្លូវចិត្តរឿងអ្វី ស្រាប់តែនៅសុខៗ ក៏លោតចុះពីលើផ្ទះជាន់ទី៣ ដែលខ្លួនទើបនឹងជួលស្នាក់នៅថ្មីៗ បណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ នៅចំណុចផ្ទះលេខ២៦ ជាន់ទី៣ ក្រុម៤៤ ភូមិ៤ តាមបណ្តោយផ្លូវលេខ៥ ក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ។
បុរសរងគ្រោះដែលលោតពីលើផ្ទះជាន់ទី៣ បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម មានឈ្មោះគ្រីស ជាជនជាតិអាឡឺម៉ង អាយុប្រហែល ២៦ទៅ២៧ឆ្នាំ ស្នាក់នៅផ្ទះជួលកន្លែងកើតហេតុ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ រស់នៅក្បែរកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា តាមពិត កាលពីម្សិលមិញ (ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨) ជនរងគ្រោះខាងលើ បានប៉ុនប៉ងលោតសម្លាប់ខ្លួនម្តងរួចមកហើយ ប៉ុន្តែត្រូវបានប្រជាពលរដ្ឋឃើញទាន់ក៏នាំគ្នាឃាត់។
តែយ៉ាងណា គេមិនដឹងថា បុរសរូបនេះមានបញ្ហាអ្វីក្នុងចិត្តនោះទេ បានជាប៉ុនប៉ងធ្វើអត្តឃាតដោយលោតពីលើផ្ទះបែបនេះ ស្រាប់តែមកដល់ព្រឹកថ្ងៃកើតហេតុ ជនរងគ្រោះបានដើរចេញពីបន្ទប់ជួលជាន់ទី៣ ដែលខ្លួនទើបតែជួលស្នាក់នៅបានប៉ុន្មានថ្ងៃ រួចក៏លោតទម្លាក់ខ្លួនពីលើអគារជាន់ទី៣ម្តងទៀត ដោយគ្មានអ្នកណាបានឃើញទាន់ បណ្តាលឱ្យធ្លាក់ចុះដល់ដី បោកនឹងថ្មស្លាប់ភ្លាមក្នុងថ្លុកឈាមគួរឱ្យរន្ធត់។
ក្រោយកើតហេតុ ប្រជាពលរដ្ឋបានរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍ និងឃើញមានមិត្តភក្តិសព២នាក់ បានមកដល់កន្លែងកើតហេតុ យំសោកឱបសពជនរងគ្រោះដែរ ប៉ុន្តែក៏មិនមានអ្នកណាម្នាក់ បានបង្ហើបឱ្យដឹងពីមូលហេតុអ្វីបានជាជនរងគ្រោះសម្រេចចិត្ត ធ្វើ បែបនេះដែរ។
បន្ទាប់ពីចុះមកដល់ទីតាំងកើតហេតុ សមត្ថកិច្ចបានពិនិត្យ និងធ្វើកោសល្យវិច័យសពរួចបញ្ជាក់ថា ជនរងគ្រោះពិតជាបានធ្វើអត្តឃាត ដោយលោតសម្លាប់ខ្លួនពីលើផ្ទះជាន់ទី៣ប្រាកដមែន តែមូលហេតុសមត្ថកិច្ចនៅមិនទាន់ ហ៊ានសន្និដ្ឋានថាយ៉ាងណានៅឡើយ រងចាំអង្កេតឱ្យបានច្បាស់លាស់ជាមុនសិន។
សពជនរងគ្រោះត្រូវបានសមត្ថកិច្ចដឹកយកទៅតម្កល់ទុកនៅសាលតម្កល់សពក្នុងមន្ទីពេទ្យរុស្សី ដើម្បីរង់ចាំផ្តល់ដំណឹងដល់ខាងស្ថានទូត និងសាច់ញាតិមកទទួល និងចាត់ចែងបន្ត៕