Monday, November 25, 2024
Homeនយោបាយគណៈកម្មការបុណ្យសពលោកកែម ឡី ៣រូប តុលាការសម្រេចដាក់ឱ្យស្ថិតក្រោមការឃុំខ្លួន

គណៈកម្មការបុណ្យសពលោកកែម ឡី ៣រូប តុលាការសម្រេចដាក់ឱ្យស្ថិតក្រោមការឃុំខ្លួន

ភ្នំពេញ ៖ បន្ទាប់ពីមានបណ្តឹងរបស់លោក ពេជ្រ ស្រស់ ពីបទកិបកេងបច្ច័យបុណ្យសព លោកបណ្ឌិតកែម ឡី គណៈកម្មការរៀបចំបុណ្យ សពលោកបណ្ឌិតកែម ឡី ចំនួន៣រូប រួមមាន លោកប៉ា ងួនទៀង នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ  លោកមឿន តុលា នាយកប្រតិបត្តិមជ្ឈមណ្ឌល សម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស និងព្រះសង្ឃ ប៊ុត ប៊ុនតិញ ស្ថាបនិកបណ្តាញព្រះសង្ឃឯករាជ្យ ត្រូវបានព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចដាក់ឱ្យស្ថិតនៅ ក្រោមការឃុំខ្លួនជាបណ្តោះអាសន្ន។ ប៉ុន្តែមក ដល់ពេលនេះ អ្នកទាំងបី មិនទាន់ត្រូវបានឃុំ ខ្លួននៅឡើយទេ ដោយកំពុងគេចខ្លួននៅក្រៅ ប្រទេស។

យោងតាមដីកាសន្និដ្ឋាន ចុះថ្ងៃទី០៤ ខែ មករា ឆ្នាំ២០១៨ លោកគុជ គឹមឡុង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ហេតុផលថា ការសម្រេច ដាក់ជនត្រូវចោទទាំងបីឱ្យស្ថិតក្នុងការឃុំខ្លួន ជាបណ្តោះអាសន្ន គឺដើម្បីបង្ការការកើតឡើង នូវបទល្មើសថ្មីទៀត និងអាចរក្សាជនត្រូវចោទ ទុកជូនតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធី។

លោកមឿន តុលា និងលោកប៉ា ងួនទៀង អតីតគណៈកម្មការបុណ្យសពលោកកែម ឡី

លោកព្រះរាជអាជ្ញារង បានបន្ថែមថា ការសម្រេចចោទប្រកាន់ និងឱ្យមានការឃុំខ្លួន ជាបណ្តោះអាសន្ននេះ គឺធ្វើឡើងបន្ទាប់ពីតំណាង អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បាន បញ្ចប់ការស៊ើបអង្កេតបឋមរួចរាល់លើករណី ជនត្រូវចោទទាំងបី ហើយក៏បានចេញដីកា សន្និដ្ឋាន បញ្ជូនទៅកាន់ចៅក្រមស៊ើបសួរ ដើម្បី ចាត់ការបន្ត។

ខ្លឹមសារក្នុងដីកាសន្និដ្ឋានដដែល បង្ហាញ ថា ថវិកាដែលសប្បុរសជនបានបរិច្ចាគក្នុងពិធី បុណ្យសពលោកកែម ឡី បានបាត់បង់ដោយ ក្រុមគ្រួសាររបស់លោកកែម ឡី ពុំបានទទួល នោះទេ។ ហេតុដូច្នេះព្រះរាជអាជ្ញារង សម្រេច បានចោទប្រកាន់គណៈកម្មការរៀបចំបុណ្យ សពទាំងបីរូប ដែលទទួលកាន់កាប់បច្ច័យបុណ្យ សពលោកកែម ឡី ពីបទ “រំលោភលើទំនុកចិត្ត”។

ដីកាសន្និដ្ឋានរបស់ព្រះរាជអាជ្ញារង លោក គុជ គឹមឡុង បានបញ្ជាក់ថា “…បច្ច័យដែល ទទួលបានពីការធ្វើបុណ្យសពលោកបណ្ឌិតកែម ឡី រហូតដល់បុណ្យ១០០ថ្ងៃ ពីសប្បុរសជនទាំង ក្នុង និងក្រៅប្រទេស សរុបយ៉ាងតិចប្រហែល ជា៣សែនដុល្លារ។ ប៉ុន្តែមកដល់ពេលនេះ ក្រុមគ្រួសាររបស់លោកបណ្ឌិតកែម ឡី ពុំទាន់បាន ទទួលបញ្ជីឈ្មោះអ្នកចូលបច្ច័យ និងបច្ច័យពី គណៈកម្មការឡើយ…”។

លោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ពេលដាក់ពាក្យបណ្តឹង

គួររំលឹកថា កាលពីចុងឆ្នាំ២០១៧ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បាន ដាក់ពាក្យបណ្តឹងចូលទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ប្តឹងគណៈកម្មការរៀបចំ បុណ្យសពលោកកែម ឡី ចំនួន៣រូប រួមមាន លោកប៉ា ងួនទៀង លោកមឿន តុលា និងព្រះសង្ឃប៊ុត ប៊ុនតិញ ពាក់ព័ន្ធការបាត់បច្ច័យបុណ្យ។

ទោះជាយ៉ាងណា មកដល់ពេលនេះ លោក ប៉ា ងួនទៀង លោកមឿន តុលា និងព្រះសង្ឃ ប៊ុត ប៊ុនតិញ មិនទាន់ត្រូវបានឃុំខ្លួននៅឡើយ ដោយអ្នកទាំងបីមិនមានវត្តមាននៅក្នុងប្រទេស ទេ៕

ខៀវទុំ

RELATED ARTICLES