ប្រទេសអាល្លឺម៉ង់ ៖ កញ្ញាកឹម មនោវិទ្យា អតីតអគ្គនាយិការងអគ្គនាយកដ្ឋានទំនាកទំនង សាធារណៈនៃអតីតគណបក្សសង្គ្រោះជាតិ ដែល ត្រូវជាកូនស្រីច្បងរបស់លោកកឹម សុខា ខណៈ កំពុងបន្តធ្វើការតស៊ូមតិនៅក្រៅប្រទេសស្វែង រកអន្តរាគមន៍ពីអន្តរជាតិ ឱ្យដាក់សម្ពាធមកលើ កម្ពុជា ដើម្បីឱ្យមានការដោះលែងឪពុករបស់ នាង (លោកកឹម សុខា) អតីតប្រធាននៃអតីត គណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ពន្ធនាគារ ពីបទក្បត់ជាតិ “សន្ទិដ្ឋភាពជាមួយបរទេស” នោះ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨នេះ នឹងបន្តដឹកដៃសហការី គឺលោកយ៉ែម បុញ្ញឫទ្ធិ អតីតថ្នាក់ដឹកនាំ និងជាអតីតតំណាងរាស្ត្រនៃ អតីតគណបក្សសង្គ្រោះជាតិ ទៅបើកវេទិកា សាធារណៈ នៅទីក្រុងលីនខិនហែម (Linkenheim) ប្រទេសអាល្លឺម៉ង់ ដើម្បីជម្រាបដល់ ប្រជាពលរដ្ឋខ្មែររស់នៅប្រទេសបារាំង ដែលគាំទ្រ អតីតគណបក្សប្រឆាំង នេះ អំពីស្ថានការណ៍ នយោបាយនៅកម្ពុជា ក្រោយពេលមានការ ចាប់ខ្លួនលោកកឹម សុខា និងការរំលាយគណបក្សសង្គ្រោះជាតិ។
យោងតាមសេចក្តីជូនដំណឹងរបស់អតីត គណបក្សសង្គ្រោះជាតិ ប្រចាំទីក្រុងមុយនិច ប្រទេសអាល្លឺម៉ង់ បានឱ្យដឹងថា នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ កញ្ញាកឹម មនោវិទ្យា និង លោកយ៉ែម បុញ្ញឫទ្ធិ និងជួបសំណេះសំណាល ជាមួយអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ នៅប្រទេសអាល្លឺម៉ង់ នៅទីក្រុងលីនខិនហែម (Linkenheim) ដើម្បីជម្រាបអំពីស្ថានការណ៍ នយោបាយនៅកម្ពុជា ក្រោយពេលមានការ ចាប់ខ្លួនលោកកឹម សុខា និងការរំលាយគណបក្សសង្គ្រោះជាតិ និងព្រឹត្តិការណ៍ថ្មីៗចុងក្រោយ នេះ រួមមានវិធានការរបស់អន្តរជាតិ សម្រាប់ ដំណោះស្រាយបញ្ហានយោបាយ និងការបោះឆ្នោតនៅកម្ពុជា ឆ្នាំ២០១៨។ បន្ទាប់មក នៅ ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ នឹងបន្តជួប សំណេះសំណាលជាមួយអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ នៅប្រទេសអាល្លឺម៉ង់ នៅ ទីក្រុងប៊ែរឡាំង (Berlin)។
ដោយឡែក យោងតាមសេចក្តីជូនដំណឹង របស់អតីតគណបក្សសង្គ្រោះជាតិ ប្រចាំទីក្រុង ម៉ាកសីយ៍ ប្រទេសបារាំង បានឱ្យដឹងថា នៅថ្ងៃ ទី២៨ ខែមករា ឆ្នាំ២០១៨ កញ្ញាកឹម មនោវិទ្យា និងលោកយ៉ែម បុញ្ញឫទ្ធិ នឹងបន្តបើកវេទិកា ជួបសំណេះសំណាលជាមួយអ្នកគាំទ្រអតីត គណបក្សសង្គ្រោះជាតិ នៅប្រទេសបារាំង នៅ ទីក្រុងទីក្រុងម៉ាកសីយ៍ (Marseille) ដើម្បី ជម្រាបអំពីស្ថានការណ៍នយោបាយនៅកម្ពុជា ក្រោយពេលមានការចាប់ខ្លួនលោកកឹម សុខា និងការរំលាយគណបក្សសង្គ្រោះជាតិ ព្រមទាំង បង្ហាញពីលទ្ធផលនៃការតស៊ូមតិរបស់ពួកគេ ជាបន្តទៀតផងដែរ។
លោកយ៉ែម បុញ្ញឫទ្ធិ អតីតអគ្គនាយក រដ្ឋបាលនៃអតីតគណបក្សសង្គ្រោះជាតិ និងជា អតីតតំណាងរាស្ត្រមួយរូប ដែលតែងរួមដំណើរ តស៊ូមតិនៅក្រៅប្រទេសជាមួយកញ្ញាកឹម មនោវិទ្យា បានឱ្យដឹងតាមទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ ថា “កិច្ចការបន្តយើងនាំគ្នាធ្វើតាមអ្វីដែលបានសម្រេច រួមប្រកបដោយការទទួលខុសត្រូវចំពោះមុខ ប្រជាជាតិខ្មែរ។
កិច្ចការបន្តដែលគណបក្សសង្គ្រោះជាតិ បានសម្រេចក្នុងការបង្កើតគណៈកម្មការចំពោះ កិច្ចមួយ ដើម្បីជួយការងារគណៈកម្មាធិការ អចិន្ត្រៃយ៍គណបក្ស និងសម្រាប់ទំនាក់ទំនង ការងារជាមួយរចនាសម្ព័ន្ធគណបក្សគ្រប់លំដាប់ ថ្នាក់ ជាពិសេស ការរៀបចំសាខាគណបក្សសង្គ្រោះជាតិ នៅអាមេរិក បារាំង អូស្ត្រាលី…។
កិច្ចការបន្តជាច្រើន ដែលកំពុងតែបន្ត សកម្មភាព ដូចជាកិច្ចការការទូតដែលទទួលបាន ការយកចិត្តទុកដាក់ និងជោគជ័យនៅសហរដ្ឋអាមេរិក នៅសហគមន៍អឺរ៉ុប (ប្រទេសបារាំង អាល្លឺម៉ង់ អ៊ីតាលី អង់គ្លេស…) នៅអូស្ត្រាលី នៅអាស៊ី៘ ដែលចូលរួមយ៉ាងសកម្ម ពី លោកប្រធានសម រង្ស៊ី លោកស្រីជូឡុង សូមួរ៉ា លោកស្រីមូរ សុខហួរ កញ្ញាកឹម មនោវិទ្យា ៘ ដើម្បីបុព្វហេតុជាតិ បុព្វហេតុលទ្ធិប្រជាធិបតេយ្យ បុព្វហេតុសិទ្ធិមនុស្ស បន្ទាប់ ពីមានការចាប់ឃុំខ្លួនទាំងបំពានលើរូបលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ និង ការរំលាយគណបក្សសង្គ្រោះជាតិ កន្លងមក។
កិច្ចការបន្ត ការបើកវេទិកាសាធារណៈ ដើម្បីពន្យល់ផ្សព្វផ្សាយពីស្ថានភាពនយោបាយ គោលជំហររបស់គណបក្សសង្គ្រោះជាតិ និង លទ្ធផលនៃការងារបន្តបន្ទាប់ក្នុងការទាមទារ ឱ្យមានការដោះលែងលោកកឹម សុខា និងស្ថានភាពនយោបាយឱ្យវិលត្រឡប់មករកលក្ខណៈ ល្អប្រសើរដូចនៅក្នុងឆ្នាំ២០១៥វិញ”។
គួររំលឹកថា កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ កញ្ញាកឹម មនោវិទ្យា រួមជាមួយ អតីតថ្នាក់ដឹកនាំ និងអតីតតំណាងរាស្ត្រនៃ អតីតគណបក្សសង្គ្រោះជាតិ មួយចំនួនទៀត រួមមានលោកយ៉ែម បុញ្ញឫទ្ធិ លោកឡុង ប៊ុត្តា លោកម៉ែន សុថាវរិន្ទ្រ លោកលិម គិមយ៉ា លោកទួត ឃឿត និងលោកលិម ប៊ុនស៊ីដារ៉េត បានបើកវេទិកាសាធារណៈមួយនៅភោជនីយដ្ឋាន “Le Comptoir de Beaubourg” ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីជម្រាបដល់ ប្រជាពលរដ្ឋខ្មែររស់នៅប្រទេសបារាំង ដែល គាំទ្រអតីតគណបក្សសង្គ្រោះជាតិ អំពីស្ថានការណ៍នយោបាយនៅកម្ពុជា ក្រោយពេលមាន ការចាប់ខ្លួនលោកកឹម សុខា និងការរំលាយ គណបក្សសង្គ្រោះជាតិ។
គួរបញ្ជាក់ថា បន្ទាប់ពីលោកកឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានឃុំខ្លួននៅពន្ធនាគារពីបទក្បត់ជាតិ “សន្ទិដ្ឋភាពជាមួយបរទេស” តាំងពីថ្ងៃទី០៦ ខែ កញ្ញា ឆ្នាំ២០១៧ និងអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកំពូល សម្រេចរំលាយ ចោលជាស្ថាពរមក កញ្ញាកឹម មនោវិទ្យា ជា កូនស្រីច្បង និងជាអតីតអគ្គនាយិការងអគ្គនាយកដ្ឋានទំនាក់ទំនងសាធារណៈនៃអតីត គណបក្សសង្គ្រោះជាតិ ព្រមទាំងអតីតថ្នាក់ដឹកនាំ និងអតីតតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិ មួយចំនួនទៀត បានធ្វើការតស៊ូ មតិនៅក្រៅប្រទេសស្វែងរកអន្តរាគមន៍ពីអន្តរជាតិ ពិសេសសហរដ្ឋអាមេរិក និងសហភាព អឺរ៉ុប ឱ្យដាក់សម្ពាធមកលើកម្ពុជា ដើម្បីឱ្យ មានការដោះលែងលោកកឹម សុខា និងឱ្យអតីត គណបក្សសង្គ្រោះជាតិ ដំណើរការឡើងវិញ ដើម្បីបានចូលរួមការបោះឆ្នោតជាតិ ឆ្នាំ២០១៨ ក៏ដូចជាបើកឱ្យអតីតថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិ ចំនួន១១៨រូប ដែលត្រូវបាន ហាមឃាត់ធ្វើសកម្មភាពនយោបាយ៥ឆ្នាំនោះ បានចូលរួមធ្វើសកម្មភាពនយោបាយឡើងវិញ។
ក្នុងសកម្មភាពនៃការតស៊ូមតិរបស់កូនស្រី លោកកឹម សុខា កន្លងមក កញ្ញាកឹម មនោវិទ្យា បានជួបសមាជិកសភា សមាជិកព្រឹទ្ធសភា និង មន្ត្រីជាន់ខ្ពស់អាមេរិកមួយចំនួនជាបន្តបន្ទាប់។
កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨ នៅមន្ទីរប៉ង់តាហ្គោន (Pentagon) ទីស្នាក់ការកណ្តាលនៃក្រសួងការពារជាតិសហរដ្ឋអាមេរិក កញ្ញាកឹម មនោវិទ្យា បានជួបពិភាក្សាជាមួយ ឧបការីក្រសួងការពារជាតិសហរដ្ឋអាមេរិក ទទួលបន្ទុកតំបន់អាស៊ី និងប៉ាស៊ីហ្វិក លោក រែនដល ស្ហ្រាយវើរ (Randall Schriver) អំពីវិបត្តិនយោបាយនៅកម្ពុជា ដូចជាការរំលាយ គណបក្សសង្គ្រោះជាតិ និងការឃុំខ្លួនលោក កឹម សុខា ជាដើម។
ដោយឡែក កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ កញ្ញាកឹម មនោវិទ្យា បានជួបជាមួយលោកផាទ្រិក មឺរហ្វី (Patrick Murphy) ឧបការីរងនៃក្រសួងការបរទេសអាមេរិក ទទួល បន្ទុកអាស៊ី និងប៉ាស៊ីហ្វិក ពិភាក្សាអំពីជំហានបន្ត ដែលសហរដ្ឋអាមេរិក គួរចាត់វិធានការ ដើម្បី ស្តារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ហើយក្នុងជំនួបនោះ នាងក៏បានបន្តជំរុញឱ្យ សហរដ្ឋអាមេរិក ដាក់សម្ពាធឱ្យកម្ពុជា ដោះលែងឪពុករបស់នាង (លោកកឹម សុខា) ចេញ ពីពន្ធនាគារជាបន្ទាន់ ដោយឥតលក្ខខណ្ឌ។
ជុំវិញលទ្ធផលនៃការតស៊ូមតិនេះដែរ កាល ពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧ កញ្ញាកឹម មនោវិទ្យា បានឱ្យដឹងថា នាងបានទទួលលទ្ធផលជា បណ្តើរៗហើយ ដោយក្នុងនោះ សហរដ្ឋអាមេរិក បានដាក់ចេញនូវចំណាត់ការជំហានទី១ គឺបញ្ឈប់ ជំនួយលើការបោះឆ្នោតនៅកម្ពុជា (ថ្ងៃទី១៦ វិច្ឆកា ២០១៧) ជំហានទី២ គឺបិទទ្វារមិនឱ្យ មន្ត្រីកម្ពុជា ចូលរសហរដ្ឋអាមេរិក (ចាប់ពីថ្ងៃ ០៦ ធ្នូ ២០១៧) ហើយបើគ្មានដំណោះស្រាយ នោះជំហានទី៣ ទី៤ ទី៥… នឹងកើតឡើង ដូចជា ទណ្ឌកម្មហិរញ្ញវត្ថុបុគ្គល បង្កកទ្រព្យសម្បត្តិ (បញ្ជីខ្មៅ) កាត់ជំនួយមករដ្ឋាភិបាលខ្មែរទាំង ស្រុង សម្រាប់ឆ្នាំ២០១៨ និងដកហូតការ អនុគ្រោះពន្ធនាំចូលទំនិញពីកម្ពុជា។ ចំណែក សភាអឺរ៉ុប ក៏បានចេញសេចក្តីសម្រេចស្នើឱ្យ មានការដាក់ឈ្មោះបុគ្គលដែលទទួលខុសត្រូវ លើការរំលាយគណបក្សសង្គ្រោះជាតិ និងការ រំលោភសិទ្ធិមនុស្សនៅកម្ពុជា ទៅក្នុងបញ្ជីសម្រាប់ ការបិទទិដ្ឋាការ និងបង្កកទ្រព្យសម្បត្តិរបស់ បុគ្គលទាំងនោះផងដែរ។
កញ្ញាកឹម មនោវិទ្យា បានបញ្ជាក់នៅពេល នោះថា “ខ្ញុំជឿថា វិធានការនឹងមានជាបន្តបន្ទាប់ ដូចជាការចាប់ផ្តើមព្រមានតាំងពីដំបូងមក កាល ពីថ្ងៃទី១៦ (វិច្ឆិកា) មកទាក់ទងទៅនឹងការ ដកជំនួយជួយទៅលើការបោះឆ្នោតនៅកម្ពុជា យើង បន្ទាប់មកឥឡូវយើងឃើញថា មានការ បិទទិដ្ឋាការ ហើយខ្ញុំជឿថា នឹងមានវិធានការ ផ្សេងទៀត ប្រសិនបើស្ថានការណ៍នៅក្នុងប្រទេស កម្ពុជាយើង មិនប្រែប្រួលទេ។ វិធានការមួយ ទៀតហ្នឹង ក៏ទាក់ទងនឹងទណ្ឌកម្មជាបុគ្គលដែរ គឺការបង្កកទ្រព្យសម្បត្តិដែលដាក់ទៅក្នុងបញ្ជី ពិសេសហ្នឹង។ អ៊ីចឹង ខ្ញុំជឿថា មិនមែនមាន តែសហរដ្ឋទេ នឹងមានប្រទេសផ្សេងៗនឹងចាប់ ផ្តើមចាត់វិធានការទាំងអស់នោះដែរ”។
គួរបញ្ជាក់ថា លោកកឹម សុខា អតីតប្រធាន នៃអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីរំលងអធ្រាត្រ ឈានចូល ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ នៅក្នុងគេហដ្ឋាន របស់លោក ស្ថិតក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោមការចោទប្រកាន់ពីបទ “សន្ទិដ្ឋភាពជាមួយបរទេស” ដែលជាបទល្មើសក្បត់ ជាតិ។ បើគិតមកត្រឹមថ្ងៃទី២០ ខែមករា ឆ្នាំ ២០១៨នេះ លោកកឹម សុខា ត្រូវបានឃុំខ្លួន នៅមណ្ឌលអប់រំកែប្រែទី៣ (ម៣) ហៅពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ អស់រយៈ ពេល១៤០ថ្ងៃមកហើយ ខណៈដែលតុលាការ កំពុងបន្តនីតិវិធីក្នុងការស៊ើបសួរយកចម្លើយ និងភ័ស្តុតាងមុននឹងឈានដល់ការបើកសវនាការជំនុំជម្រះ ដោយលោកគី ឫទ្ធី ចៅក្រម ស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចុះ ទៅសាកសួរយកចម្លើយពីលោកកឹម សុខា ដល់ ពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ ចំនួន៣ លើករួចមកហើយមុននឹងឈានដល់ការកោះ ហៅលោកម៉ម សូណង់ដូ មកសាកសួរក្នុងឋានៈ ជាសាក្សីនៅពេលនេះ។
ទោះជាយ៉ាងណា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានចាត់ទុកសកម្មភាពរបស់ កូនស្រីលោកកឹម សុខា និងអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្គ្រោះជាតិ ដែលកំពុង ស្វះស្វែងអន្តរាគមន៍ពីបរទេសឱ្យដាក់សម្ពាធមក លើរាជរដ្ឋាភិបាលកម្ពុជា នោះថា ជាសកម្មភាព ក្រុមឧទ្ទាមក្រៅច្បាប់។
លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា (បក្សកាន់អំណាច) បាន ព្រមានអតីតគណបក្សសង្គ្រោះជាតិ នៅក្រៅ ប្រទេសថា ការបន្តធ្វើសកម្មភាពបែបឧទ្ទាម- និយម កាន់តែនាំឱ្យមានពិរុទ្ធភាពធ្ងន់ទៅៗ ដែលនឹងត្រូវប្រឈមមុខចំពោះមុខច្បាប់។
លោកសុខ ឥសាន បានលើកឡើងថា ដើម្បីដោះបន្ទុកឪពុករបស់ខ្លួនដែលជាប់ចោទ ពីបទក្បត់ជាតិ “សន្ទិដ្ឋភាពេជាមួយបរទេស” នោះ កញ្ញាកឹម មនោវិទ្យា បានដើរធ្វើសកម្មភាពក្រៅប្រទេស ដូចជាជួបជាមួយតំណាង អចិន្ត្រៃយ៍សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ប្រចាំអង្គការសហប្រជាជាតិ សុំឱ្យព្យួរអាសនៈ កម្ពុជា នៅអង្គការសហប្រជាជាតិ សុំឱ្យបិទទីផ្សារ ទំនិញកម្ពុជា សុំឱ្យរឹតបន្តឹងទិដ្ឋាការចូលទឹកដី អាមេរិកជាដើម។ ប៉ុន្តែសកម្មភាពឧទ្ទាមក្រៅ ច្បាប់បែបនេះ នឹងមិនបានសម្រេចមហិច្ឆតា របស់ខ្លួនឡើយ ផ្ទុយទៅវិញ កាន់តែដាក់បន្ទុក ដល់លោកកឹម សុខា ថែមទៀត។ ករណីលោក កឹម សុខា ជាចំណាត់ការផ្លូវច្បាប់ ដើម្បីថែរក្សា សុខសន្តិភាព ស្ថិរភាព ប្រជាធិបតេយ្យ និង អធិបេតយ្យជាតិ មិនអាចឱ្យបរទេសណាមក ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា ដើម្បីឱ្យ មានការដោះលែងជនក្បត់ជាតិបានឡើយ។ ម៉្យាងទៀត អតីតគណបក្សសង្គ្រោះជាតិ ដែល ស្លាប់តាំងពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ នោះ នឹងមិនអាចរស់ឡើងវិញបានទេ គឺទាល់តែ សេះដុះស្នែង ទើបបក្សស្លាប់ហើយនោះរស់វិញ៕
ខៀវទុំ