Wednesday, January 15, 2025
Homeសង្គម និងជីវិតមេម៉ាយកូន២ វះចោះទ្រូងប្រហោងធ្លុង សំពះសុំជំនួយដេរភ្ជិតវិញ

មេម៉ាយកូន២ វះចោះទ្រូងប្រហោងធ្លុង សំពះសុំជំនួយដេរភ្ជិតវិញ

ភ្នំពេញ ៖ ស្ត្រីមេម៉ាយម្នាក់ បានកើតមានជំងឺទឹកចូលសួត និងត្រូវក្រុមគ្រូពេទ្យធ្វើការវះកាត់ចោះទ្រូងប្រហោងធ្លុង ហើយរហូតមកដល់ពេលនេះ ស្ថានភាពនៅមិនទាន់បានធូរស្បើយនៅឡើយ និងកំពុងត្រូវការថវិកាដើម្បីទៅជួបគ្រូពេទ្យជំនាញតាមការណាត់នាពេលដ៏ខ្លីខាងមុខ ដើម្បីធ្វើការវះកាត់ដេរភ្ជិតកន្លែង ដែលចោះនោះវិញ ជាហេតុធ្វើឱ្យស្ត្រីមេម៉ាយអភ័ព្វរូបនេះ សម្រេចចិត្តលើកដៃសំពះសុំជំនួយពីសប្បុរសជន ដើម្បីអាចបន្តជីវិត បានរស់នៅមើលថែកូនទាំង២នាក់ បន្តទៅមុខទៀត។

ស្ត្រីអភ័ព្វខាងលើ មានឈ្មោះជៀន លីលី ហៅពេជ្រជាស្ត្រីមេម៉ាយកូន២ (ប្រុស១ ស្រី១) មានលំនៅក្នុងសង្កាត់ទឹកល្អក់ ខណ្ឌទួលគោក។ ស្ត្រីខាងលើ មានជំងឺទឹកចូលសួត និងទទួលបានការវះកាត់ពីក្រុមគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហៅពេទ្យរុស្ស៊ី កាលពីអំឡុងជិត ២ខែកន្លងទៅ និងកំពុងត្រូវគ្រូពេទ្យណាត់ធ្វើការវះកាត់បិទភ្ជិតដើមទ្រូងវិញនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ ខាងមុខ។

លោកពេជ្រ សុវណ្ណ ដែលជាអ្នកស្វែងរកជំនួយសម្រាប់វះកាត់របស់ស្ត្រីជាអ្នកជំងឺខាងលើ បានសរសេរក្នុងគណនីហ្វេសប៊ុករបស់លោក នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ ថា “ប្អូនស្រី ពេជ្រ ជាស្ត្រីមេម៉ាយកូនពីរ ស្រីប្រុស រស់នៅជួបការលំបាក ក្រោយការវះកាត់ឆ្អឹងជំនីរចំនួនបីបន្ទះ សព្វថ្ងៃប្អូនស្រីមិនទាន់ជាសះនៅឡើយនោះទេ តែលោកគ្រូពេទ្យបានណាត់ប្អូនស្រី ពេជ្រ ត្រូវវះកាត់បិទកន្លែងដែលចោះ នៅថ្ងៃទី ២៨ ខែមករា ឆ្នាំ២០១៨ នេះ។

ប្អូនស្រីពេជ្រ លើកដៃសំពះអំពាវនាវទៅដល់ពុកម៉ែបងប្អូន ដែលរស់នៅទាំងក្នុងនិងក្រៅប្រទេស មេត្តាជួយជាថវិកា ដើម្បីឱ្យថ្លៃការវះកាត់បិទមុខរបួស តាមការគួរ។ ប្អូនស្រីពេជ្រ ក៏សូមថ្លែងអំណរគុណទៅដល់បងប្អូនទាំងនៅក្នុងនិងក្រៅប្រទេស ដែលបានជួយឧបត្ថម្ភដល់ប្អូនស្រីពេជ្រ កាលពីវះកាត់ព្យាបាលលើកមុន សូមឱ្យព្រះតាមជួយក្រុមគ្រួសាររក្សា និងជួបតែសេចក្តីសុខជារៀងរហូត។ សូមអរគុណ ទាក់ទងតាមទូរស័ព្ទ ០៧០ ៦២ ៩៥ ៩៨, ០១៧ ៤១ ២៩ ១១…”។

លោកពេជ្រ សុវណ្ណ រៀបរាប់ថា “បាទ សូមជម្រាបសួរដល់បងប្អូនទាំងក្នុង និងក្រៅប្រទេស ជាទីមេត្រី ថ្ងៃនេះខ្ញុំបាទពេជ្រ សុវណ្ណ រយៈពេល១ខែ ១៤ថ្ងៃកន្លង រួចទៅហើយ គឺប្អូនស្រីពេជ្រ ហើយខ្ញុំបានធ្វើជាឃ្លីបវីដេអូមួយ បង្ហាញដល់បងប្អូនប្រជាពលរដ្ឋខ្មែរយើងទាំងក្នុងនិងក្រៅប្រទេស ឱ្យឃើញអំពីប្អូនស្រីពេជ្រ ដែលជាស្ត្រីទុរគត មេម៉ាយមានកូន២តូចៗ ហើយកូនរៀននៅសាលាបឋមសិក្សាទឹកល្អក់ ហើយពេលនេះមានជំងឺជាទម្ងន់ ចោះទ្រូង១ចំហៀង ហើយឥឡូវហ្នឹងគ្រូពេទ្យណាត់នៅ ថ្ងៃទី២៨ ខែមករា គឺរយៈពេល២ខែ នឹងត្រូវភ្ជិតទៅវិញ ហើយក៏សូមអរគុណដល់បងប្អូន សប្បុរសជនដែលបានជួយដល់ការវះកាត់ប្អូនស្រី ហើយអាការបានធូរស្រាលខ្លះហើយ តែមកដល់ពេលនេះ គឺគ្រូពេទ្យត្រូវណាត់វះកាត់ភ្ជិតទៅវិញ ចឹងប្អូនស្រីមិនមានថវិកាទេ”។

ដោយឡែកស្ត្រីមេម៉ាយអភ័ព្វជៀន លីលី ហៅពេជ្រ បានរៀបរាប់ទាំងសំឡេងខ្សាវៗថា នាងនៅមិនទាន់អាចក្រោកពីគ្រែរួចនៅឡើយ ដោយសារឈឺរបួសវះកាត់ចោះនោះណាមួយ គ្មានលុយកាក់ ហូបចុកគ្រប់គ្រាន់ ដើម្បីឱ្យឆាប់ជានោះទេ។ ចំណែកកន្លែងវះកាត់នោះ វានៅមានប្រហោងធ្លុង តែបានដុះសាច់បានខ្លះហើយ ហើយពេលនេះគ្រូពេទ្យបានណាត់ទៅជួបថ្ងៃ២៨ មករា ដើម្បីដេរភ្ជិតប្រហោងនេះវិញ ប៉ុន្តែវាត្រូវការចំណាយ លុយអស់ប្រហែល ៥០០ ទៅ៦០០ដុល្លារឯណោះ។

ស្ត្រីអភ័ព្វខាងលើ បានលើកដៃសំពះថ្លែងអំណរគុណដល់សប្បុរសជននានា ដែលធ្លាប់បានជួយដល់ការវះកាត់របស់នាងកន្លងមក ដែលអាចធ្វើឱ្យជីវិតរបស់នាងរស់បានពាក់កណ្តាលហើយ ប៉ុន្តែពេលនេះនាងសូមអំពាវនាវសុំជំនួយពីសប្បុរសជន និងប្រជាពលរដ្ឋខ្មែរ ទាំងក្នុងនិងក្រៅប្រទេសបន្តទៀត ដើម្បីធ្វើការវះកាត់ភ្ជិតប្រហោងនៅលើដើមទ្រូងរបស់នាងវិញ ដើម្បីបន្តរស់មើលថែកូន ព្រោះកូនរបស់នាងនៅតូចណាស់ គ្មានទីពឹងទេ ហើយប្រសិនបើនាងបានធូរស្បើយ នាងនឹងមានលទ្ធភាពចេញរកការងារធ្វើ ដើម្បីចិញ្ចឹមកូនៗ៕

RELATED ARTICLES