Monday, December 23, 2024
Homeព័ត៌មានជាតិឆាតចុះឆាតឡើង អស់ព្រហ្មចារី

ឆាតចុះឆាតឡើង អស់ព្រហ្មចារី

យុវវ័យសម័យនេះ មានទូរស័ព្ទទំនើបប្រើប្រាស់ស្ទើរតែគ្រប់គ្នា ឱ្យតែពេលទំនេរក៏ដេកននៀលលេងហ្វេសប៊ុក យូធូប ភ្លេចបាយ ទឹកក៏មាន។ ដោយឡែក យុវតីម្នាក់នោះ បានភ្ជាប់មិត្តភាពជាមួយ កំលោះស្ទាវម្នាក់ ឱ្យតែពេលទំនេរ ក៏បើកហ្វេសប៊ុក ឆាតចុះ ឆាតឡើង រហូតយុវតីលង់ស្នេហ៍អស់ព្រហ្មចារី ឯកំលោះ ក៏អស់ ភាពបរិសុទ្ធ ទើបយកគ្នាជាប្តីប្រពន្ធទៅ…។

នាងលន ឌៀប អាយុ២៣ឆ្នាំ រស់នៅភូមិ បែងពក ឃុំស្រែក្នុង ស្រុកជុំគិរី ខេត្តកំពត បានរៀបរាប់ថា រូបនាងជាកូនច្បង ក្នុងចំណោមបងប្អូន៧នាក់ ឪពុកឈ្មោះឡុង លេន អាយុ៥៨ឆ្នាំ ម្តាយឈ្មោះ ស៊ឹម ធូ អាយុ៥៥ឆ្នាំ។ កាលនៅកុមារី នាងធ្លាប់ រៀនសូត្របានត្រឹមថ្នាក់ទី៤ មិនចប់បឋមសិក្សាផង ក៏ឈប់ទៅ និងនៅតែផ្ទះជួយការងារឪពុកម្តាយ លើ មុខរបរធ្វើស្រែចម្ការច្បារដំណាំ។ លុះចូលដល់វ័យ ក្រមុំ នាងបានចេញទៅធ្វើកម្មការិនីរោងចក្រនៅស្លាគូ ស្រុកត្រាំកក់ ខេត្តតាកែវ ដែលទីតាំងរោងចក្រនេះ នៅមិនឆ្ងាយពីស្រុករបស់នាង ដោយជួលផ្ទះស្នាក់នៅ ជាមួយមិត្តភក្តិស្រីៗដូចគ្នា។ ក្រោយពីចូលធ្វើការបានប៉ុន្មានខែ នាងសន្សំលុយទិញបាន ទូរស័ព្ទទំនើបមួយគ្រឿង ប្រើប្រាស់ឱ្យទាន់សម័យនឹងគេ ឱ្យតែពេលយប់តែងដេកលេង ហ្វេសប៊ុកមិនដែលខានឡើយ។ ពេលលេងនោះ នាងចាប់អារម្មណ៍នឹងកំលោះម្នាក់ ឈ្មោះសុខ ហេង អាយុប្អូននាង៥ឆ្នាំឯណោះ ក៏ឆាតទៅគេសុំរាប់អានផង ស្រាប់តែគេឆាត មកវិញ ជារឿយៗ បន្ទាប់ពីបានឃើញមុខនាងច្បាស់តាមហ្វេសប៊ុក។ កំលោះនេះមាន ស្រុកកំណើតនៅស្រុកពាមរក៍ ខេត្តព្រៃវែង ឯណោះ មិនដែលស្គាល់គ្នាសោះ ស្រាប់តែ មាននិស្ស័យស្នេហ៍ ប្រែក្លាយមិត្តភាពទៅជា សេចក្តីស្នេហាយ៉ាងឆាប់រហ័ស។

នាងលន ឌៀប និងយុវជនសុខ ហេង

នាងលន ឌៀប បន្តទៀតថា ពួកនាងឆាតចុះឆាតឡើង រយៈពេល១ខែ ភ្លើងស្នេហ៍ ឆាបឆេះកាន់តែក្តៅទៅៗ នាងក៏ណាត់ឱ្យកំលោះហេង មកជួបដល់ផ្ទះជួល ដើម្បីបានស្គាល់ មុខគ្នាច្បាស់ ព្រោះបានឃើញគ្នាតែតាមហ្វេសប៊ុក មិនដូចឃើញផ្ទាល់ទេ។ មិនបាន២ថ្ងៃផង កំលោះហេង បានមកដល់ដូចចិត្ត លុះបានឃើញផ្ទាល់ ទំហំនៃសេចក្តីស្នេហាក៏កើនទ្វេ ប៉ុន្តែ ពេលនោះ ពួកនាងមិនហ៊ានប៉ះពាល់គ្នាទេ ព្រោះមិត្តភាពនៅជាមួយច្រើនពេក ប៉ុន្តែ នាងបានទាក់ទងកម្មករឯទៀត សុំកន្លែងឱ្យកំលោះហេង ស្នាក់នៅពីរបីថ្ងៃ មុនពេលគេវិល ទៅវិញ។ រំលង៣ខែក្រោយមក កំលោះហេង បានស្កាត់មកជួបនាងជាថ្មី ដោយក្តី នឹករលឹក ដែលម្តងនេះ ស្ងាត់កន្លែង ព្រោះមិត្តភក្តិទៅលេងផ្ទះអស់ ទើបពួកនាងអត់ទ្រាំ មិនបានក៏នាំគ្នាប្តូរសាច់ប្តូរឈាមក្នុងបន្ទប់ជួលនោះទៅ គឺនាងអស់ព្រហ្មចារី ឯប្រុសថ្លៃ ក៏អស់ភាពបរិសុទ្ធ។

យុវជនសុខ ហេង

នាងលន ឌៀប បន្តទៀតថា បន្ទាប់ពីជ្រុលជ្រួសមក កំលោះហេង កាន់តែស្រលាញ់ នាងទ្វេឡើង មិនព្រមវិលទៅស្រុកវិញទេ ទើបនាងនាំគេទៅបង្ហាញឪពុកម្តាយឱ្យស្គាល់។ ចាស់ៗនិងបងប្អូនឯទៀត ក៏មិនបំបែកអ្វីដែរ ក៏រៀបចំសែនព្រេនបន្តិចបន្តួចឱ្យយកគ្នា ជាប្តីប្រពន្ធទៅ ដែលគិតមកទល់ពេលនេះ ពួកនាងរួមរស់ជាមួយគ្នាបានជិត១ឆ្នាំហើយ ឥឡូវនាងកំពុងមានផ្ទៃពោះជិតគ្រប់ខែ ឯប្តីក៏មិនរវល់ទៅស្រុក ព្រោះមិនចង់បែកពីនាង សូម្បីតែ១យប់ក៏មិនបានដែរ។

នាងលន ឌៀប

ដោយឡែក យុវជនសុខ ហេង អាយុ១៨ឆ្នាំ ជាប្តី បានឱ្យដឹងថា រូបគេជាអ្នកស្រុក ពាមរក៍ ខេត្តព្រៃវែង ឪពុកស្លាប់ ម្តាយនៅរស់។ តាំងពីចូលវ័យកំលោះមក គេមិនធ្លាប់ មានសង្សារឯណាទេ ហើយក៏មិនដែលភ្លក្សរសជាតិតណ្ហាដល់ម្តងណាឡើយ។ ចៃដន្យ ថ្ងៃមួយ គេនៅផ្ទះសុខៗចុចហ្វេសប៊ុកលេង ស្រាប់តែមាននារីម្នាក់ឆាតចូល ធ្វើឱ្យគេស្រឡាំងកាំង និងចុចឆ្លើយឆ្លងជាមួយនាងភ្លាម ក៏ដឹងថា នាង មានឈ្មោះលន ឌៀប ជាកម្មការិនីរោងចក្រកាត់ដេរ នៅស្លាគូ ស្រុកត្រាំកក់ ខេត្តតាកែវ។ វាចាដ៏ពីរោះ ស្រទន់ដូចបញ្ចុះមន្តសារិកា អមដោយទឹកមុខស្លូត បូតសុភាពរាបសាផងនោះ ទោះជានាងមានអាយុ ច្រើនជាងរូបគេដល់ទៅ៥ឆ្នាំក្តី ក៏ស្នាមស្នេហ៍ភក្តីផុស ពេញបេះដូងមួយរំពេច។ គេក៏ចាប់ផ្តើមឆាតទៅនាង វិញ មួយថ្ងៃ ២-៣ដង រហូតស្គាល់ចិត្តថ្លើមគ្នា និង ណាត់ជួបគ្នា។ ទោះបីជារូបគេគ្មានមុខរបរអ្វីជាដុំកំភួន ក្រៅពីការងារស្រែចម្ការ និងសំណង់ ក៏អាចរកសោហ៊ុយបានស្កាត់ទៅជួបនាងដល់រោងចក្រ ដើម្បីឱ្យ បានឃើញគ្នាផ្ទាល់ភ្នែក ព្រោះឃើញតាមហ្វេសប៊ុក មិនប្រាកដដូចឃើញជាក់ស្តែងនោះទេ។

ផ្ទះគូស្នេហ៌ទាំង០២

យុវជនសុខ ហេង បន្តទៀតថា កាលទៅជួប នាងលើកទី១ មិនទាន់ហ៊ានប៉ះពាល់គ្នាទេ ព្រោះមិត្តភក្តិច្រើនពេក លុះទៅជួបលើកទី២ ស្ងាត់មនុស្ស ក៏ត្រូវរ៉ូវដឹកដៃគ្នាទៅលេងឋានសួគ៍ សម្ពោធឆ្លងភាព កំលោះក្រមុំអស់ទៅ។ ឥឡូវរូបគេបាននាងជាប្រពន្ធ យ៉ាងចំហ មិនលាក់លៀមទៀតទេ ហើយក៏មិនអាច ទៅចោលភរិយាបានដែរ ព្រោះនាងមានផ្ទៃពោះជិត គ្រប់ខែទៅហើយ មានតែខំរកការងារធ្វើសន្សំលុយ ទុកឱ្យប្រពន្ធឆ្លងទន្លេ។ ក្រុមគ្រួសារសាច់ញាតិខាង ប្រពន្ធ គ្មានអ្នកណាជំទាស់នឹងស្នេហាពួកគេទេ ទាស់ ត្រង់ជីវភាពក្រីក្រពេក គ្មានលទ្ធភាពរៀបការឱ្យគគ្រឹកគគ្រេងបាន។

លោកព្រាប តុលា

អ្នកស្រីសាយ ណម អាយុ៥៨ឆ្នាំ ជាម្តាយធំ ខាងស្រី និងលោកព្រាប តុលា ជាអ៊ំប្រុស បានឱ្យដឹងស្របគ្នាថា រឿងស្នេហាក្មួយៗនេះ ពួកគាត់ជាចាស់ទុំ មិនបំបែកបំបាក់អ្វីទេ។ សំខាន់ត្រង់ពួកគេចាប់ដៃគ្នា ហើយត្រូវខំរកស៊ីយ៉ាងណាឱ្យឆាប់មានបាននឹងគេ បើនៅតែក្រយ៉ាងនេះ ខ្លាចបាត់បង់សុភមង្គល ព្រោះ មនុស្សយើងតែក្រហើយឈ្លោះគ្នាមិនឈប់។

រីឯមិត្តភក្តិខាងស្រីមួយចំនួន បានប្រាប់អ្នកយកព័ត៌មាន ដោយមិនបញ្ចោញឈ្មោះថា រឿងស្នេហានេះ ផ្តើមចេញពីឆាតចុះឆាតឡើងភ្លេចបាយភ្លេចទឹក ទីបំផុតខាងប្រុសស្កាត់ទៅជួប ក៏ជ្រុលជ្រួសនឹងគ្នាទៅ។ ឥឡូវខាងប្រុសទៅស្រុកវិញមិនរួចទេ ព្រោះស្រលាញ់ ប្រពន្ធខ្លាំង ក៏នៅរកស៊ីជិតៗផ្ទះ ត្រឹមតែរស់ប៉ុណ្ណោះ ខណៈដែលប្រពន្ធពោះធំជិតគ្រប់ខែទៅហើយ។

អ្នកស្រីសាយ ណម

គួរបញ្ជាក់ថា សម័យនេះ យុវវ័យស្ទើរតែទាំងអស់ បានប្រើទូរស័ព្ទទំនើបផ្សងស្នេហ៍ ដែលពីមុន គេ ឆ្លើយឆ្លងគ្នាបានឮតែសំឡេង ប៉ុន្តែសព្វថ្ងៃ គេមើលមុខ គ្នាឃើញតាមប្រព័ន្ធហ្វេសប៊ុក។ រឿងយកទូរស័ព្ទធ្វើ មេអណ្តើកបែបនេះ ទើបតែកើតមានក្នុងសតវត្សថ្មី នេះ ធ្វើឱ្យភ្លើងស្នេហ៍ឆាបឆេះលឿនណាស់ តែរលត់ ទៅវិញក៏លឿនដែរ បើគូស្នេហ៍មិនស្មោះត្រង់នឹងគ្នានោះ…” ៕

RELATED ARTICLES