ខេត្តកណ្តាល ៖ ពិធីរៀបអាពាហ៍ពិពាហ៍ក្លែងក្លាយមួយរវាងកូនក្រមុំជនជាតិខ្មែរ និងកូនកំលោះជនជាតិកូរ៉េ ដែលធ្វើឡើងជ្រកក្រោមស្លាកពិធីភ្ជាប់ពាក្យ និងមិនមានច្បាប់អនុញ្ញាតពីក្រសួងមហាផ្ទៃ ត្រូវបានសមត្ថកិច្ចជំនាញ ចុះផ្អាក និងនាំសាមីខ្លួនទាំងសងខាងមកពន្យល់ណែនាំពីទិដ្ឋភាពច្បាប់ ព្រមទាំងតម្រូវឱ្យធ្វើកិច្ចសន្យា បញ្ឈប់សកម្មភាពបែបនេះតទៅទៀត។
ប្រតិបត្តិការចុះផ្អាកអាពាហ៍ពិពាហ៍ក្លែងក្លាយខាងលើនេះ ត្រូវបានធ្វើឡើងកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ នៅចំណុចភូមិឡឥដ្ឋ ឃុំព្រែកដំបង ស្រុកមុខកំពូល។
តាមប្រភពពីសមត្ថកិច្ចស្រុកមុខកំពូល បានបញ្ជាក់ប្រាប់ថា កាលពីព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ ក្រោយពីទទួលបានព័ត៌មានថា មានអាពាហ៍ពិពាហ៍ក្លែងក្លាយខុសច្បាប់ រវាងកូនក្រមុំខ្មែរ និងកូនកំលោះកូរ៉េមក ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី ស្នងការ រងទទួលផែនអន្តោប្រវេសន៍ កម្លាំងការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សហការជាមួយកម្លាំង ផ្នែកសន្តិសុខនៃអធិការនគរបាលស្រុកមុខកំពូល និងប៉ុស្តិ៍រដ្ឋបាលឃុំព្រែកដំបង បានចុះធ្វើការត្រួតពិនិត្យពិធីការរៀបអាពាហ៍ពិពាហ៍ ដែលជ្រក ក្រោមស្លាក ភ្ជាប់ពាក្យរវាងនារីខ្មែរជាមួយជនបរទេសសញ្ជាតិកូរ៉េ។
សមត្ថកិច្ចស្រុកមុខកំពូល បន្តថា ក្រោយពីចុះពិនិត្យរួច សមត្ថកិច្ចបានអញ្ជើញសាម៉ីខ្លួនទាំងសងខាង មកធ្វើការអប់រំណែនាំពន្យល់អំពីទិដ្ឋភាពច្បាប់ ជុំវិញការរៀបអាពាហ៍ពិពាហ៍ រវាងនារីខ្មែរ និងជនបរទេស។
ក្រោយពីទទួលបានការពន្យល់ណែនាំរួចមក នារីជាកូនក្រមុំ បានសម្រេចធ្វើកិច្ចសន្យានៅចំពោះមុខសមត្ថកិច្ចថា “នាងខ្ញុំឈ្មោះចាន់ ដានី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ កើតថ្ងៃទី០៤ ខែមីនា ឆ្នាំ១៩៩០ ស្រុកកំណើត ស្រុកមុខកំពូល ខេត្តកណ្តាល មុខរបរពលករវេចខ្ចប់ នៅប្រទេស កូរ៉េ សព្វថ្ងៃស្នាក់នៅភូមិឡឥដ្ឋ ឃុំព្រែកដំបង ស្រុកមុខកំពូលខេត្តកណ្តាល កាន់អត្តសញ្ញាណប័ណ្ណលេខ ០២០៨១៦១៥៣ និងលិខិតឆ្លងដែនលេខ ១៣៤២៧៧២។ សូមធ្វើកិច្ចសន្យាចំពោះមុខសមត្ថកិច្ចថា នាងខ្ញុំមិនធ្វើពិធីរៀបអាពាហ៍ពិពាហ៍ ជាមួយជនជាតិកូរ៉េខាងត្បូងឈ្មោះ LEE SEOK WOO ភេទប្រុស អាយុ៥៥ឆ្នាំ កើតថ្ងៃទី០៥ ខែឧសភា ឆ្នាំ១៩៦៣ ទីលំនៅបច្ចុប្បន្ន តំបន់តុងជូរ ប្រទេសកូរ៉េខាងត្បូង កាន់លិខិតឆ្លងដែនលេខ M98505708 សុពលភាពលិខិតឆ្លងដែនដល់ឆ្នាំ២០២៧ មានទិដ្ឋាការលេខ TI 14218953 ចូលមកកម្ពុជា ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ ដោយមិនមានការអនុញ្ញាតិពីក្រសួងមហាផ្ទៃឡើយ។ បើសិននាងខ្ញុំមិនគោរពតាមការសន្យាខាងលើ សូមទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ក្រែងពុំពិត សូមផ្តិតមេដៃស្តាំ ទុកជាភ័ស្តុតាង និងមានសាក្សីដឹងឮផង…”។
ក្រោយពីធ្វើការត្រួតពិនិត្យ និងពន្យល់ច្បាប់ស្តីពីការរៀបអាពាហ៏ពិពាហ៏រវាងជនបរទេស និងពលរដ្ឋកម្ពុជា រួចមកសាម៉ីខ្លួនទាំងសង ខាងបានយល់អំពីច្បាប់ និងឯកភាពបញ្ឈប់សកម្មភាពខាងលើជាស្ថាពរ នៅវេលាម៉ោង១១ព្រឹក នាថ្ងៃខែឆ្នាំដដែល៕