Thursday, January 16, 2025
Homeសង្គម និងជីវិតស្ត្រីមានផ្ទៃពោះម៉ែឪកាត់កាល់ ប្រើល្បិចឈឺពោះសម្រាល ដើម្បីរកលុយ

ស្ត្រីមានផ្ទៃពោះម៉ែឪកាត់កាល់ ប្រើល្បិចឈឺពោះសម្រាល ដើម្បីរកលុយ

ភ្នំពេញ ៖ ជារឿងគួរឱ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីទទួលបានព័ត៌មានថា តាមពិតស្ត្រីមានផ្ទៃពោះម្នាក់ ដែលអះអាងថា ត្រូវប្តីបោះបង់ និងត្រូវឪពុកម្តាយកាត់កាល់ ព្រមទាំងឈឺពោះសម្រាលកូននៅតាមដងផ្លូវ ធ្វើឱ្យប្រជាពលរដ្ឋ និងអ្នកដំណើរអាណិតអាសូរ ផ្តល់ជាលុយកាក់ និងបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីល្ងាចថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ នៅចំណុចមុខហាងស៊ុប អ៊ីណា តាមផ្លូវព្រះស៊ីសុវត្តិ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញនោះ តាមពិតគឺជាល្បិចបោកប្រាស់ដើម្បីរកលុយប៉ុណ្ណោះ ព្រោះក្រោយពីបានលុយកាក់ហើយទៅដល់មន្ទីរពេទ្យ ស្ត្រីរូបនោះបែរជាដើរចេញពីពេទ្យវិញយ៉ាងរំភើយ។

ស្ត្រីមានផ្ទៃពោះដែលប្រើល្បិចធ្វើជាឈឺពោះសម្រាលកូនតាមផ្លូវ ដើម្បីឱ្យគេអាណិតអាសូរ និងទទួលបានលុយកាក់ឧបត្ថម្ភនេះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែពិនិត្យតាមភិនភាគមានវ័យប្រមាណជាង២០ឆ្នាំ និងមានស្រុកកំណើតនៅខេត្តក្រចេះ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញស្ត្រីខាងលើដើរតែម្នាក់ឯង ក្នុងសភាពទឹកមុខស្លេកស្លាំង និងអស់កម្លាំងល្ហិតល្ហៃ ហើយអ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺស្ត្រីរូបនោះថែមទាំងកំពុងពពោះប៉ុនកញ្ជើទៀតផង។

លុះពេលដើរមកដល់ចំណុចកើតហេតុខាងលើ ស្ត្រីរូបនោះបានដាក់គូទអង្គុយផ្ទាល់ដី រួចស្រែកហៅគេឯងឱ្យជួយ ដោយប្រាប់ថា នាងឈឺពោះសម្រាលកូន ធ្វើឱ្យមានការភ្ញាក់ផ្អើលទាក់ទងផ្តល់ដំណឹងឱ្យសមត្ថកិច្ចចុះមកជួយអន្តរាគមន៍ដឹកបញ្ជូនតាមរ៉ឺម៉កម៉ូតូកង់៣ ទៅកាន់មណ្ឌលសុខភាពខណ្ឌដូន ពេញភ្លាមៗ ដើម្បីឱ្យក្រុមគ្រូពេទ្យជំនាញជួយសម្រាល។

តាមសម្តីស្ត្រីមានផ្ទៃពោះខាងលើ បានឱ្យដឹងថា នាងទើបនឹងធ្វើដំណើរមកពីខេត្តក្រចេះ ហើយប្តីរបស់នាងរត់ចោលបាត់ទៅហើយ ចំណែកឪពុកម្តាយ បានកាត់កាលនាងចោលទៀត ទើបធ្វើឱ្យនាងចេះតែដើររសាត់អណ្តែត ដោយអស់សង្ឃឹម និងគ្មានទីដៅច្បាស់លាស់ រហូតមកដល់ក្រុងភ្នំពេញ ក៏ឈឺពោះសម្រាលតែម្តង។

ដោយឃើញសភាពគួរឱ្យអាណិតអាសូរខ្លាំងពេក ទើបប្រជាពលរដ្ឋ និងអ្នកដំណើរខ្លះ បានផ្តល់ជាថវិកាតិចតួចតាមលទ្ធភាពទុកគ្រាន់ ទិញអាហារហូបចុកពេលសម្រាកនៅមន្ទីរពេទ្យ។
ប៉ុន្តែអ្វីដែលជារឿងគួរឱ្យកត់សម្គាល់ នៅពេលបញ្ជូនស្ត្រីខាងលើទៅដល់មណ្ឌលសុខភាព គ្រូពេទ្យបានពិនិត្យឃើញថា ស្ត្រីរូបនេះនៅមិនទាន់គ្រប់ខែត្រូវសម្រាលនៅឡើយ ស្រាប់តែភ្លាមនោះ ស្ត្រីខាងលើដែលមុននេះបន្តិចស្រែកត្អូញថាឈឺពោះសម្រាលស្ទើរទ្រាំមិនបាន បែរជាក្រោកដើរចេញទៅសុំលុយគេឯងនៅជុំវិញនោះ បន្ទាប់មកក៏ដើរចេញពីមន្ទីរពេទ្យយ៉ាងរំភើយបាត់ទៅ។

ក្រោយកើតហេតុ ទាំងអាជ្ញាធរ ទាំងក្រុមគ្រូពេទ្យ ព្រមទាំងប្រជាពលរដ្ឋដែលខ្នះខ្នែងដឹកបញ្ជូនស្ត្រីរូបនេះទៅមន្ទីរពេទ្យ ព្រោះនឹកស្មានថានាងឈឺពោះសម្រាលមែន បាននាំគ្នាភ្ញាក់ខ្លួនថា តាមពិតចាញ់ល្បិចស្ត្រីរូបនេះសោះ ព្រោះនាងមិនទាន់គ្រប់ខែសម្រាលនៅឡើយ តែធ្វើល្បិចជាឈឺពោះតាមផ្លូវ ដើម្បីឱ្យគេឯងអាណិតអាសូរ និងទទួលបានលុយកាក់ជួយឧបត្ថម្ភ លុះបានប្រាក់សមបំណងហើយ ក៏ក្រោកដើរចេញពីពេទ្យយ៉ាងរំភើយ។ ជាមួយនេះ ក៏មានការអំពាវនាវដល់ប្រជាពលរដ្ឋផ្សេងទៀត ចំណាំមុខស្ត្រីខាងលើឱ្យច្បាស់ ចៀសវាងចាញ់ល្បិចបោកប្រាស់របស់នាងតទៅទៀត៕

RELATED ARTICLES