ភ្នំពេញ ៖ អតីតសមាជិកព្រឹទ្ធសភាគណបក្សភ្លើងទៀន (អតីតគណបក្សសម រង្ស៊ី) និង ជាអតីតប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិ ប្រចាំខេត្តបន្ទាយមានជ័យដែលជាប់ក្នុង បញ្ជីខ្មៅ ត្រូវសាលដីកាតុលាការកំពូល ផ្អាក សកម្មភាពនយោបាយរយៈពេល៥ឆ្នាំ លោក សោ ចាន់ដេត បានអះអាងថា មានប៉ួលិស ពិសេស កំពុងតាមឃ្លាំមើលសកម្មភាពប្រចាំ ថ្ងៃរបស់លោកគ្រប់ពេលវេលា។
លោកសោ ចាន់ដេត បានសរសេរនៅក្នុង ទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ ថា “សេរីភាព នៅក្នុងសីមាអំបោះ!
រយៈពេលជាង៣ខែនេះ ខ្ញុំពិតជាមាន សេរីភាពរស់នៅ និយាយស្តី ដើរហើរ នៅក្នុង ប្រទេសកំណើតរបស់ខ្ញុំយ៉ាងធំធេងល្វឹងល្វើយ។ ប៉ុន្តែសេរីភាពរបស់ខ្ញុំត្រូវបានរឹតបន្តឹង ដូចគេយកសរសៃ “អំបោះ” មកចងរឹតខ្ញុំអ៊ីចឹង។ មានន័យថា ទាំងការរស់ក្នុងផ្ទះ ទាំងការទំនាក់ទំនង សង្គម ទាំងការដើរហើរ និងទាំងការនិយាយស្តី គឺត្រូវបានក្រុម “ប៉ូលិសពិសេស” តាមឃ្លាំមើល និងធ្វើរបាយការណ៍ជាប្រចាំ ជារៀងរាល់ម៉ោង រាល់ថ្ងៃ។ ម៉្យាងវិញទៀត ពេលខ្ញុំធ្វើដំណើរចេញ ចូលឆ្លងដែនម្តងៗ ប៉ាស្ព័រខ្ញុំត្រូវបានត្រួតពិនិត្យ យ៉ាងតិចពី៣០នាទី ទៅ៦០នាទី ទើបមានការ អនុញ្ញាត។ ដូច្នេះខ្ញុំត្រូវបានមិត្តភក្តិ និងអ្នក រាប់អានមួយចំនួន កាត់បន្ថយក្នុងការទំនាក់ទំនងជាមួយ រីឯការបញ្ចោញ “មតិ” ត្រូវមាន ការប្រុងប្រយ័ត្នខ្ពស់បំផុត ចៀសវាងជ្រុល ចូលរឿង “នយោបាយ”។ ហេតុផលនេះហើយ ដែលខ្ញុំមិនអាចនិយាយ ឬធ្វើសកម្មភាពនយោបាយ ពិសេស “ការប្រកាសគាំទ្រចលនាសង្គ្រោះជាតិ” ទោះខ្ញុំបានយល់ដឹងយ៉ាងច្បាស់ថា “ចលនា សង្គ្រោះជាតិ” នេះ ជាចលនាដើម្បីជំរុញឱ្យគណបក្សសង្គ្រោះជាតិ រស់ឡើងវិញ និងធ្វើឱ្យបុគ្គល ខ្ញុំផ្ទាល់ មានសិទ្ធិធ្វើ “នយោបាយ” វិញ យ៉ាង ណាក៏ដោយ។ ពេលនេះ តើខ្ញុំត្រូវធ្វើអ្វីទៀត?”។
លោកសោ ចាន់ដេត មិនអាចសុំការបញ្ជាក់ បន្ថែមលើខ្លឹមសារសំណេរខាងលើនេះទេ កាល ពីម្សិលមិញដោយសារលោកមិនមានវត្តមាន នៅក្នុងប្រទេស គឺលោកកំពុងស្ថិតនៅឯប្រទេស កាណាដា។
ប៉ុន្តែប្រធានគណបក្សភ្លើងទៀន លោក ទាវ វណ្ណុល ដែលធ្វើការយ៉ាងជិតស្និទ្ធជាមួយ លោកសោ ចាន់ដេត បានប្រាប់ “នគរធំ” ថា បើសិនជាមានករណីនេះ កើតឡើង លោកពិត ជាមានការសោកស្តាយ។
លោកទាវ វណ្ណុល បានមានប្រសាសន៍ថា “ក្នុងនាមខ្ញុំអ្នកដែលបានធ្វើការជាមួយលោក សោ ចាន់ដេត ខ្ញុំមានការសោកស្តាយចំពោះ តុលាការ ដែលបានដាក់លោកសោ ចាន់ដេត ឱ្យមិនមានសិទ្ធិធ្វើនយោបាយ ក្នុងរយៈពេល ៥ឆ្នាំហ្នឹង ពីព្រោះសោ ចាន់ដេត គាត់ជាសមាជិកព្រឹទ្ធសភា ហើយពីមុនមាន មុនពេលដែល គាត់ចូលបម្រើការនៅក្នុងស្ថាប័ន ព្រឹទ្ធសភាហ្នឹង គាត់ជាសមាជិករបស់គណបក្សសង្គ្រោះជាតិ មែន ប៉ុន្តែក្រោយមក គាត់ក៏បានឈប់ពីគណបក្សសង្គ្រោះជាតិ ហើយគាត់ក៏បានមកចូលរួម នយោបាយនៅក្នុងគណបក្សភ្លើងទៀន។ អ៊ីចឹង មែនទែន ខ្ញុំគិតថា ផ្លូវច្បាប់ស្តីពីគណបក្សនយោបាយ នៅពេលណាដែលគាត់ នៅក្នុង គណបក្សណាចុងក្រោយ គឺជាពេលវេលាដែល គាត់ជាសមាជិករបស់គណបក្សនោះ។ អ៊ីចឹង ខ្ញុំគិតថា គាត់មិនត្រូវមានការហាមឃាត់ទេ ប៉ុន្តែជាសាលដីកាចេញពីតុលាការកំពូលមក ហើយក៏ហាមឃាត់គាត់ មិនឱ្យធ្វើនយោបាយ។ អ៊ីចឹងខ្ញុំក៏មិនមានសិទ្ធិអីទៅប្រឆាំងដែរ ប៉ុន្តែ មានការសោកស្តាយ មិនមានសម្តីតវ៉ា បានន័យ ថា មានការសោកស្តាយអំពីការបាត់បង់តំណែង គាត់ជាសមាជិកព្រឹទ្ធសភា ហើយជាអ្នកដែល ចូលក្នុងនយោបាយនៅក្នុងគណបក្សប្រឆាំង”។
លោកទាវ វណ្ណុល បានបន្តថា “ចំពោះ គាត់ថា មានប៉ូលិសតាមឃ្លាំមើលគាត់នោះ អាហ្នឹងខ្ញុំមិនបានដឹងទេ ខ្ញុំមិនអាចនិយាយអី កើតទេ ព្រោះខ្ញុំមិនបានដឹងរឿងហ្នឹង ហើយខ្ញុំ អត់អាចទៅអះអាងថា មានសមត្ថកិច្ចអីតាមដានគាត់អីយ៉ាងម៉េច ខ្ញុំមិនដឹងទេ ប៉ុន្តែបើសិន ជាមាន ខ្ញុំមានការសោកស្តាយ ពីព្រោះដូចខ្ញុំ បាននិយាយអ៊ីចឹង ប្រជាពលរដ្ឋខ្មែរទាំងអស់ គួរតែមានសិទ្ធិគូសវាសនយោបាយតាមរដ្ឋធម្មនុញ្ញ។ ដូច្នេះការរឹតបន្តឹងរឿងជីវិតនយោបាយរបស់គាត់ អាហ្នឹងខ្ញុំមិនអាចមានយោបល់ យ៉ាងម៉េចទេ ពីព្រោះបុគ្គលមនុស្សម្នាក់ៗវា មានលក្ខណៈខុសគ្នា។ អ៊ីចឹងខ្ញុំមិនដឹងថា ការ រឹតបន្តឹងហ្នឹងវាមានលក្ខណៈយ៉ាងម៉េចឱ្យច្បាស់លាស់។ ប៉ុន្តែជាសរុបរួម ខ្ញុំគ្រាន់តែថា មាន ការសោកស្តាយដែលតុលាការកំពូល បានដក សិទ្ធិឯកឧត្តមសោ ចាន់ដេត មិនឱ្យធ្វើនយោបាយ ក្នុងរយៈពេល៥ឆ្នាំ ពីព្រោះខ្ញុំយល់ថា គាត់ជាសមាជិករបស់គណបក្សភ្លើងទៀន ដូច្នេះ គាត់មិនគួរហាមឃាត់អំពីសិទ្ធិធ្វើនយោបាយ ក្នុងរយៈពេល៥ឆ្នាំនោះទេ”។
ការប្រកាសត្អូញត្អែររបស់លោកសោ ចាន់ដេត ខាងលើនេះ បានធ្វើឡើងស្របពេល ដែលកងកម្លាំងប្រដាប់អាវុធកម្ពុជា រួមមាន ក្រសួងការពារជាតិ អគ្គបញ្ជាការកងទ័ព កងរាជអាវុធហត្ថលើផ្ទៃប្រទេសក្រសួងមហាផ្ទៃ ស្នងការនគរបាលជាតិជាដើម បានប្រកាសត្រៀម កម្ទេចចលនាសង្គ្រោះជាតិ របស់លោកសម រង្ស៊ី បន្ទាប់ពីអតីតមេបក្សប្រឆាំងរូបនោះ ប្រកាស ថា ដាច់ខាតត្រូវតែបង្កើតចលនានេះឱ្យបាន។
ជាមួយគ្នានោះដែរ អ្នកនាំពាក្យក្រសួង យុត្តិធម៌ លោកគឹម សន្តិភាព ក៏បានបញ្ជាក់ ហើយថា អតីតបក្សប្រឆាំង នឹងក្លាយជាទណ្ឌិត ក្នុងរឿងព្រហ្មទណ្ឌ ចំពោះសកម្មភាពគឃ្លើន ប្រឆាំងច្បាប់ និងសកម្មភាពមិនអនុវត្តសេចក្តី សម្រេចរបស់តុលាការបែបនេះ។ សកម្មភាព អ្នកដែលបានអនុវត្ត និងកំពុងបន្តអនុវត្ត ក្នុង កាលៈទេសៈដែលបក្សត្រូវបានរំលាយ ឬក្នុងពេល ដែលអ្នកត្រូវបានហាមប្រាមមិនឱ្យធ្វើនយោបាយរួចហើយ ដោយតុលាការ គឺជាភ័ស្តុតាងដាក់ បន្ទុកនៃអំពើល្មើសរបស់អ្នកក្នុងច្បាប់ព្រហ្មទណ្ឌ…។
លោកគឹម សន្តិភាព បានមានប្រសាសន៍ ថា “បើឃើញថា អំពើនេះ ជាអំពើល្មើស ហើយ គឺយើងមិនបណ្តែតបណ្តោយឱ្យអំពើនេះ កើតឡើងហើយ បានយើងទៅធ្វើការបង្ក្រាបនោះ ទេ។ បើសិនជាដឹងថា អំពើល្មើសប្រុងនឹងកើតឡើងហើយ គឺសមត្ថកិច្ចមានកាតព្វកិច្ច ក្នុង ការបង្ការនិងទប់ស្កាត់។ ក្រសួងយុត្តិធម៌គាំទ្រ ទាំងអស់ រាល់ការអនុវវត្តច្បាប់។ ដូច្នេះហើយ ការអនុវត្តតាមផ្លូវច្បាប់របស់អាជ្ញាធរសាធារណៈ ពាក់ព័ន្ធទៅនឹងការទប់ស្កាត់ ការបង្ការ ឬការ បង្ក្រាបបទល្មើស គឺជាជំហររួមរបស់ក្រសួង យុត្តិធម៌ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា។ ជារួម ខ្ញុំសូមបញ្ជាក់បន្ថែមថា យើងទាំងអស់គ្នាដឹង ហើយថា ចលនានេះជាចលនាខុសច្បាប់ ហើយ អ្នកដែលដឹកនាំ ឬអ្នកចូលរូមចលនានេះ ក៏ត្រូវ ប្រឈមមុខចំពោះមុខច្បាប់ដែរ។ ដូច្នេះហើយ សូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានការជឿខ្លះទៅលើបញ្ហាបោកបញ្ឆោត ក្នុងចលនានេះ សូមដកខ្លួនចេញឱ្យឆ្ងាយពីចលនា ខុសច្បាប់នេះ ព្រោះគ្មានបានផលប្រយោជន៍អី ទេ នៅក្នុងការចូលរួមចលនាមួយដែលខុសច្បាប់ ក្រៅតែពីបង្កឱ្យមានបញ្ហាហានិភ័យដល់ខ្លួនទេ គឺបញ្ហាប្រឈមនឹងផ្លូវច្បាប់របស់ខ្លួន”។
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោកគៀត ច័ន្ទថារិទ្ធ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ ថា ជាការ ពិតហើយ ដែលប៉ូលិសត្រូវតាមដានឃ្លាំមើល សកម្មភាពរបស់លោកសោ ចាន់ដេត និងអតីត ថ្នាក់ដឹកនាំបក្សប្រឆាំងដទៃទៀត តាមអំណាច សាលដីការបស់តុលាការកំពូល ដូច្នេះគ្មានអ្វី ត្រូវភ្ញាក់ផ្អើលទេ នេះជាការអនុវត្តភារកិច្ច របស់សមត្ថកិច្ច ដែលតុលាការបានប្រគល់ឱ្យ។
លោកគៀត ច័ន្ទថារិទ្ធ បានមានប្រសាសន៍ ថា “អត់ខុសទេ ! ព្រោះពួកគាត់ទាំងនោះត្រូវបាន តុលាការកំពូល សម្រេចហាមឃាត់ មិនឱ្យធ្វើ នយោបាយ។ អ៊ីចឹងថ្ងៃក្រោយ តុលាការ អាច សួរថា តើ១១៨នាក់ហ្នឹង គាត់នៅធ្វើនយោបាយទៀតឬអត់? តើអ្នកណាឆ្លើយអាហ្នឹង ? មិនមានតែប៉ូលិសអ្នកឆ្លើយ? អ៊ីចឹងប៉ូលិស មាន ភារកិច្ចត្រូវតែតាមមើលហើយ មិនបាចភ័យទេ អាហ្នឹង ព្រោះដើម្បីដឹងគាត់អនុវត្តតាមសាលដីការបស់តុលាការឬអត់ ? អ៊ីចឹងមិនមែនតាមដានតែលើបុគ្គលម្នាក់ហ្នឹងទេ គឺ១១៨ យើង មើលទាំងអស់ ព្រោះអាហ្នឹងជាការអនុវត្តដីកា របស់តុលាការ។ ចំពោះថា ការចូលឆ្លងដែន ម្តងៗ ត្រូវពិនិត្យប៉ាស្ព័រយ៉ាងតិចពី៣០ទៅ៦០ នាទីនោះ អាហ្នឹងសុំបង្វែរសំណួរទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលគាត់អ្នកទទួលភារកិច្ចតាមព្រំដែន ឯអគ្គស្នងការដ្ឋាននគរបាល អត់មានភារកិច្ចទេ”។
លោកគៀត ច័ន្ទថារិទ្ធ បន្តថា “ជាសរុបរួម ខ្ញុំចង់បញ្ជាក់ឱ្យច្បាស់ថា នគរបាល ជាស្ថាប័ន អនុវត្តច្បាប់ ហើយសេចក្តីសម្រេច ឬក៏សាលដីការបស់តុលាការ គឺជាការបង្គាប់ឱ្យអនុវត្ត ច្បាប់។ អ៊ីចឹង មានអ្នកណាមើល មានតែនគរបាលហ្នឹងហើយ ដែលមើល តើគាត់អនុវត្តច្បាប់ ឬអត់ហ្នឹង ព្រោះឥឡូវមានក្រុមប្រឹក្សាឃុំ-សង្កាត់ ឯណាទៅមើលរឿងហ្នឹង ឬក៏គណបក្សណាទៅ មើលរឿងហ្នឹង មានតែនគរបាលហ្នឹងហើយទៅ មើលហ្នឹង។ ដូច្នេះ គាត់ (លោកសោ ចាន់ដេត) និយាយហ្នឹងមិនខុសទេ ហើយច្បាប់ត្រូវប្រគល់ ឱ្យនគរបាលហ្នឹងហើយអ្នកមើល ព្រោះនគរបាលអ្នកអនុវត្តច្បាប់។ ដូច្នេះ អត់មានរឿងអី ដែលភ្ញាក់ផ្អើលផង គាត់ធ្វើអីធ្វើតែគាត់ទៅ គ្រាន់តែថា បើគាត់គោរពច្បាប់ វាអត់មានប៉ូលិស ធ្វើរបាយការណ៍ទៅតុលាការ តាមរយៈក្រសួង មហាផ្ទៃ ក្រោមអាណាព្យាបាលរបស់ក្រសួងមហាផ្ទៃ ប៉ូលិសធ្វើរបាយការណ៍ជូនក្រសួងមហាផ្ទៃៗ ធ្វើរបាយការណ៍រដ្ឋាភិបាល ឬក៏របាយការណ៍ ទៅតុលាការ តាមតម្រូវនៃច្បាប់ ឬក៏នីតិវិធីនៃ ច្បាប់។ បានន័យថា បើគាត់អត់ធ្វើខុសច្បាប់ ក៏ប៉ូលិសគេរាយការណ៍ដែរ ប៉ូលិសរាយការណ៍ ថា គាត់ហ្នឹងគោរពច្បាប់”។
ដោយមានក្តីបារម្ភចំពោះរឿងនេះ លោក ជាម ច័ន្ទនី អតីតសមាជិកគណៈកម្មាធិការ អចិន្ត្រៃយ៍គណបក្សសង្គ្រោះជាតិ និងជាអតីត តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ អំពាវនាវដល់ អតីតអ្នកនយោបាយនៃអតីតគណបក្សប្រឆាំង ដែលជាប់បញ្ជីខ្មៅហាមឃាត់ធ្វើសកម្មភាព នយោបាយរយៈពេល៥ឆ្នាំនោះ កុំធ្វើសកម្មភាព អ្វីឱ្យគេចោទថា ខុសនឹងច្បាប់ ជាពិសេស ការ ចូលរួមចលនាសង្គ្រោះជាតិ។
លោកជាម ច័ន្ទនី បានមានប្រសាសន៍ថា “ចាប់តាំងពីពេលដែលតុលាការកំពូល បានចេញ សេចក្តីសម្រេចលុបសិទ្ធិនយោបាយពួកខ្ញុំមក ខ្ញុំមិនមានសកម្មភាពអីដែលផ្ទុយនឹងពីសាលដីកា ហ្នឹងទេ ទី១។ ទី២ ខ្ញុំមានការព្រួយបារម្ភចំពោះ សហការីរបស់ខ្ញុំ ក្រែងលោគាត់បានធ្វើមួយ ជ្រុលជ្រួស ឬក៏ពាក្យសម្តីអ្វីមួយដែលថា អាច ជាការចាប់កំហុសរបស់ពួកអ្នកមានអំណាច ជាពិសេស ពួករដ្ឋាភិបាលហ្នឹង។ តែចំពោះខ្ញុំៗ អត់បានធ្វើអីខុសទេ អត់បានឆ្លើយតបអ្វីទាំងអស់។ អ៊ីចឹងខ្ញុំគិតថា ខ្ញុំមិនព្រួយបារម្ភអីទេ ប៉ុន្តែតាមដែលការព្រមានហ្នឹងច្រើនណាស់ តាំងពី រដ្ឋមន្ត្រីក្រសូងការពារជាតិ នៅក្នុងជួរកងទ័ព ហ្នឹងគាត់ព្រមានច្រើនណាស់ អាហ្នឹងចង់មិនចង់ ជាការគំរាមហើយ ទាំងក្រសួងយុត្តិធម៌ ទាំង ក្រសូងការពារជាតិហ្នឹង ហើយនៅចុងក្រោយ នេះ វាមានចលនាសង្គ្រោះជាតិ។ ប៉ុន្តែ យើងខ្ញុំ ក្នុងប្រទេសនេះ គឺថាមិនបានចូលរួម ឬក៏បញ្ចោញ សកម្មភាពដែលពាក់ព័ន្ធទៅនឹងចលនាសង្គ្រោះជាតិនោះទេ។ ដូច្នេះ ខ្ញុំសូមអំពាវនាវដល់សហការីរបស់ខ្ញុំទាំងអស់ ជាពិសេស អតីតសមាជិក គណបក្សសង្គ្រោះជាតិ តាំងពីថ្នាក់មូលដ្ឋាន ដល់ថ្នាក់ជាតិ សូមពិចារណាឱ្យច្បាស់ ចំពោះ បញ្ហាដែលពាក់ព័ន្ទទៅនឹងនយោបាយសព្វថ្ងៃ នេះ ពីព្រោះខាងរដ្ឋាភិបាល ហាក់ដូចជាមានការ គំរាមច្រើន អ៊ីចឹងសូមកុំឱ្យធ្វើរឿងដែលមាន ការពាក់ព័ន្ធទៅនឹងចលនាសង្គ្រោះជាតិនេះ។ ជាពិសេស គឺអ្នកដែលមិនមានសិទ្ធិធ្វើនយោបាយ ទាំង១១៨រូប”៕
កុលបុត្រ