ភ្នំពេញ ៖ លោកមាជ សុវណ្ណារ៉ា អតីតប្រធាននាយកដ្ឋានព័ត៌មាននៃអតីតគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ពន្ធនាគារព្រៃស បានលើកឡើងថា កូនខ្មែរបាត់បង់ដុំពេជ្រមួយ គ្រាប់ បន្ទាប់ពីបានទទួលដំណឹងពីមរណភាព របស់លោកស៊ាន ប៉េងសែ ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា នៅប្រទេសបារាំង ដែល មានមូលដ្ឋាននៅប្រទេសបារាំង។
នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ តាម រយៈគណនីហ្វេសប៊ុករបស់អ្នកស្រីសិទ្ធ ចំរើន ភរិយារបស់លោក ដែលសព្វថ្ងៃកំពុងរស់នៅ ឯសហរដ្ឋអាមេរិក លោកមាជ សុវណ្ណារ៉ា បាន លើកឡើងថា “កូនខ្មែរបាត់បង់ដុំពេជ្រមួយ គ្រាប់ រសាត់នៅឯនាយសមុទ្រ អ្នករិះគន់គោលនយោបាយព្រំដែនកម្ពុជា-យួន លោកស៊ាន ប៉េងសែ បានទទួលមរណភាពហើយ។
-ខ្ញុំ មាជ សុវណ្ណារ៉ា សូមសម្តែងទុក្ខសោក ជាមួយក្រុមគ្រួសារអតីតរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម រ៉ែ ក្នុងរបបសាធារណរដ្ឋខ្មែរ នាទសវត្សរ៍ ឆ្នាំ១៩៧០ លោកស៊ាន ប៉េងសែ ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា ដែលមានមូលដ្ឋាន នៅប្រទេសបារាំង ដែលបានទទួលមរណភាព កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨។
-រម្លឹកពីអតីតកាល ខ្ញុំបានជួបលោកផ្ទាល់ នៅឯគេហដ្ឋានរបស់លោកស៊ាន ប៉េងសែ នៅឯ ស្រុកបារាំង ៣លើក និងលោកស៊ាន ប៉េងសែ បានផ្តល់តម្លៃដល់ខ្ញុំ គាត់បានជួប និងស្នាក់នៅ ផ្ទះរបស់ខ្ញុំនៅឯសហរដ្ឋអាមេរិក បាន២ថ្ងៃផង ដែរ ក្នុងភាពស្និទ្ធស្នាល រាក់ទាក់ អតីតជាអ្នកនយោបាយជើងចាស់មួយរូប ហើយក៏ជាបញ្ញវន្ត ម្នាក់ មានជំនាញឯកទេសខ្ពង់ខ្ពស់ ធ្វើការជា រដ្ឋការបារាំង ផ្នែកជំនាញរ៉ែ ឧស្ម័ន និងឯកទេសកិច្ចការព្រំដែនកម្ពុជា។ លោកតែងតែ ប្រាស្រ័យទាក់ទងជាមួយខ្ញុំជាងមួយទសវត្សរ៍ មកហើយ រហូតមកដល់ថ្ងៃដែលខ្ញុំត្រូវជាប់ ពន្ធនាគារជាអ្នកទោសនយោបាយ ដោយលោក តែងតែផ្តល់គំនិតនូវទស្សនៈនយោបាយឱ្យរូប ខ្ញុំក្លាយជាអ្នកនយោបាយម្នាក់ ត្រូវតែប្រកាន់ ខ្ជាប់នូវសច្ចធម៌ សីលធម៌ គុណធម៌ និងសុចរិតភាពនយោបាយ ពិសេសសូមឱ្យយើងក្មេងជំនាន់ ក្រោយ កុំភ្លេចស្មារតី និងឆន្ទៈស្រលាញ់ ការពារអធិបតេយ្យ បូរណភាពដែនដី កុំឱ្យបរទេសឈ្លានពាន”។
លោកមាជ សុវណ្ណារ៉ា បានសរសេរបន្ត ថា “កាលខ្ញុំនៅជាស្ថាបនិក និងនាយកវិទ្យុខ្មែរ ប៉ុស្តិ៍ 7 កាសែតខ្មែរប៉ុស្តិ៍ ដែលមានមូលដ្ឋាន នៅឯសហរដ្ឋអាមេរិក កាលអំឡុងឆ្នាំ២០០៧-២០១៣ លោកស៊ាន ប៉េងសែ គឺជាវាគ្មិនក្នុង កម្មវិធីប្រចាំសប្តាហ៍របស់ខ្មែរប៉ុស្តិ៍ ស្តីពីកិច្ចការ ជំនាញព្រំដែនកម្ពុជា ជាមួយរូបខ្ញុំ។
-លោកស៊ាន ប៉េងសែ តែងតែសម្តែង ការសោកក្នុងជីវិតនយោបាយរបស់គាត់ជាមួយ វិប្បដិសារី មិនបានជួយអភិវឌ្ឍន៍សង្គមជាតិឱ្យ បានពេញលេញ ព្រោះតែវិបត្តិនិន្នាការនយោបាយក្រឡាប់ចាក់នៅកម្ពុជា ពីមួយជំនាន់ទៅ មួយជំនាន់ ហើយជីវិតលោកស៊ាន ប៉េងសែ ក្នុងរយៈពេលជិត២០ឆ្នាំកន្លងទៅនេះ ត្រូវបាន លោកហ៊ុន សែន តាមចាប់ខ្លួន ប្រសិនបើលោក ស៊ាន ប៉េងសែ ឈានជើងចូលជាន់ទឹកដីខ្មែរ ព្រោះតែបញ្ហាជម្លោះព្រំដែនកម្ពុជា-យួន បន្ទាប់ ពីលោកស៊ាន ប៉េងសែ បានចោទប្រកាន់ថា រដ្ឋាភិបាលលោកហ៊ុន សែន បានប្រគល់ដីទៅ ឱ្យរដ្ឋាភិបាលយួន ព្រោះតែការវាស់វែងគ្មាន តម្លាភាព តាំងពីឆ្នាំ២០១៥ ដោយសារតែប្រតិកម្មរិះគន់ និងការចុះសន្ធិសញ្ញាបំពេញបន្ថែម ព្រំដែនកម្ពុជា-យួន រហូតដល់ដង្ហើមចុងក្រោយ របស់លោក ដែលបានបាត់បង់ជីវិតក្នុងជន្មាយុ ៨២ឆ្នាំ ដែលគួរឱ្យសោកស្តាយបំផុត សម្រាប់ កូនខ្មែរ នៃដុំពេជ្រមួយគ្រាប់ ដែលត្រូវអ្នកដឹកនាំខ្មែរបច្ចុប្បន្នបោះបង់ចោលមិនចេះរើស យកមកកែច្នៃក្នុងការប្រើប្រាស់ជាប្រយោជន៍ សង្គមជាតិ។
-តើវាអាចជាកំហុសឆ្គងរបស់អ្នកដឹកនាំ ជំនាន់មុន ឬបច្ចុប្បន្ន នៅក្នុងកង់ប្រវត្តិសាស្ត្រ កម្ពុជា ដែលអ្នកបញ្ញវន្តខ្មែរ តែងតែត្រូវបាន គេធ្វើទុក្ខបុកម្នេញរំខានញាំញីជីវិតដោយការ បាញ់សម្លាប់ ចាប់ដាក់គុក និងត្រូវបង្ខំចិត្តនិរទេស ខ្លួនទៅក្រៅស្រុក ព្រោះត្រឹមតែការវិភាគ ឬ ការបញ្ចោញមតិកសាងគំនិតចូលរួមអភិវឌ្ឍន៍ ឱ្យខ្មែរនោះសោះ?”។
លោកមាជ សុវណ្ណារ៉ា បានបន្ថែមទៀត ថា “ចុងបញ្ចប់នេះ ខ្ញុំមាជ សុវណ្ណារ៉ា សូម ផ្ញើសារពីគុកព្រៃស ចូលរួមរំលែកទុក្ខ និងឧទ្ទិស កុសលផលបុណ្យជូនដល់លោកស៊ាន ប៉េងសែ ឱ្យបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាត។ ខ្ញុំ មិនបានទៅចូលរួមគោរពវិញ្ញាណក្ខន្ធលោក ដោយផ្ទាល់ទេ ដូចលោកអ៊ំដឹងស្រាប់ហើយ តាំងពីរូបលោករស់រានមានជីវិតនៅពេលដែល ខ្ញុំបានហក់ចូលប្រឡូកក្នុងឆាកនយោបាយមក ខ្ញុំត្រូវបានរំខានដោយការគំរាមកំហែង បំភិតបំភ័យ និងការប៉ុនប៉ងបាញ់សម្លាប់រូបខ្ញុំរហូត ទៅដល់ទឹកដីអាមេរិកដូចដែលរូបលោកអ៊ំដឹង ស្រាប់ហើយដែលរូបលោក និងភរិយាធ្លាប់បាន ទៅស្នាក់ផ្ទះរបស់ខ្ញុំ កាលពីឆ្នាំ២០១១ និង បន្តបន្ទាប់ក្រោយមក ខ្ញុំក៏ត្រូវបានរដ្ឋអំណាច របស់លោកហ៊ុន សែន ចាប់ដាក់គុក ក្រោម ហេតុផលនយោបាយទៀតដោយទឹកភ្នែករបស់ ខ្ញុំស្រក់ដោយមិនដឹងខ្លួន”។
លោកមាជ សុវណ្ណារ៉ា បានបន្ថែមទៀតថា “ក្រោយពីលឺដំណឹងពីការទទួលមរណភាព របស់លោកអ៊ំខ្ញុំតក់ស្លុតរន្ធត់ដោយការសោកស្តាយបំផុត ដែលបាត់បង់អ្នកប្រៀនប្រដៅ ផ្តល់ដំបូន្មានឱ្យខ្ញុំធ្វើជាក្មេងល្អជំនាន់ថ្មីនៃអ្នក បន្តវេន ចៀសវាងក្លាយជាអ្នកនយោបាយ ឬ អ្នកដឹកនាំប្រើប្រាស់អំណាចហួសព្រំដែនដោយ តែការលោភលន់ និងការប្រមាថ។ បើខ្ញុំចាំមិន ភ្លេចទេ បន្ទាប់ពីខ្ញុំចេញពីគុកលើកដំបូង អំឡុង ខែកក្កដា ឆ្នាំ២០១៥ បន្ទាប់ពីរូបខ្ញុំជួបគ្រោះ ថ្នាក់ចរាចរណ៍ដោយសារគេបុកឡានខ្ញុំមុននឹង ជាប់គុកជាលើកទី២ម្តងទៀត ខ្ញុំបានទូរស័ព្ទពី សហរដ្ឋអាមេរិកទាំងឈឺចុកចាប់ស្នាមរបួសពី គ្រោះថ្នាក់ចរាចរណ៍ និងនយោបាយតាមរលក ធាតុអាកាសទៅកាន់លោកអ៊ំនៅឯស្រុកបារាំង ដើម្បីសួរសុខទុក្ខពីសុខភាព និងជំងឺតម្កាត់របស់ លោកអ៊ំ ដោយលោកអ៊ំបានផ្តាំនិងលើកទឹកចិត្ត ជាចុងក្រោយថា ធ្វើជាអ្នកនយោបាយ កុំរួញរានឹងការស្លាប់ និងជាប់គុក ត្រូវតែតស៊ូបន្តទៀត ដើម្បីបុព្វហេតុប្រជាជាតិ និងប្រជារាស្ត្រ ក្នុង ការជួយការពារនិងថែរក្សាទឹកដីមាតុភូមិ”។
ក្រៅពីលោកមាជ សុវណ្ណារ៉ា ដែលផ្ញើសារ ពីគុកព្រៃស សម្តែងការសោកស្តាយចំពោះការ បាត់បង់លោកស៊ាន ប៉េងសែ មុននេះ លោកអ៊ុំ សំអាន អតីតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ពន្ធនាគារព្រៃស ដូចគ្នាដែរនោះ ក៏បានផ្ញើសារពីគុកព្រៃស សម្តែង ការសោកស្តាយចំពោះមរណភាពរបស់លោក ស៊ាន ប៉េងសែ ផងដែរ។
ជាមួយគ្នានេះ លោកអ៊ុំ សំអាន ក៏បាន រំលឹកនូវអនុស្សាវរីយ៍មិនអាចបំភ្លេចបានដែល លោកធ្លាប់បានធ្វើកិច្ចការព្រំដែនជាមួយលោក ស៊ាន ប៉េងសែ តាំងពីឆ្នាំ២០០៤មក ហើយលោក អ៊ុំ សំអាន បានហៅលោកស៊ាន ប៉េងសែ ថាជា “វីរបុរសព្រំដែន” ទៀតផង។
គួរបញ្ជាក់ថា លោកស៊ាន ប៉េងសែ អតីត រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម រ៉ែ ក្នុងរបបសាធារណរដ្ឋខ្មែរ និងជាអតីតអ្នកជំនាញកិច្ចការ ព្រំដែនកម្ពុជា បានទទួលមរណភាព នៅថ្ងៃទី ២៣ ខែមករា ឆ្នាំ២០១៨ ក្នុងជន្មាយុ៨២ឆ្នាំ នៅមន្ទីរពេទ្យមួយ ក្នុងប្រទេសបារាំង ដោយ រោគាពាធ។ សពលោកស៊ាន ប៉េងសែ នឹងត្រូវ បូជា នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ នៅ ប្រទេសបារាំង៕
ខៀវទុំ