Thursday, January 16, 2025
Homeសង្គម និងជីវិតប្រពន្ធទៅឃ្វាលក្របី! ប្តីតខ្សែភ្លើងចាក់ធុងបាស ឆ្លងចរន្តឆក់ស្លាប់ 

ប្រពន្ធទៅឃ្វាលក្របី! ប្តីតខ្សែភ្លើងចាក់ធុងបាស ឆ្លងចរន្តឆក់ស្លាប់ 

ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់ បានរៀបចំតធុងបាស់ទុកគ្រាន់ចាក់ស្តាប់កម្សាន្តនៅក្នុងផ្ទះ លុះខ្វះការប្រុងប្រយ័ត្ន ក៏បណ្តាលឱ្យឆ្លងចរន្តឆក់ស្លាប់យ៉ាងអាណោចអាធ័ម ទាំងដៃកាន់កន្ត្រៃជាប់នឹងខ្សែភ្លើងបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី២៦ ខែមករា ឆ្នា២០១៨ នៅចំណុចផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិមេលំ ឃុំមេលំ ស្រុកបរិបូណ៌។
បុរសរងគ្រោះ មានឈ្មោះឡុច ញឿន អាយុ៤០ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមសម្តីស្ត្រីជាប្រពន្ធជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ គាត់រវល់ចេញទៅមើលក្របីនៅឯស្រែ ចំណែកកូនៗបានដើរចេញពីផ្ទះអស់ នៅសល់តែប្តីចាំផ្ទះតែម្នាក់ឯង បន្ទាប់មក ប្តីរបស់គាត់ក៏បានតខ្សែភ្លើងជាមួយនឹងធុងបាស់ ទុកគ្រាន់ចាក់ស្តាប់កម្សាន្ត ជាលក្ខណៈគ្រួសារនៅក្នុងផ្ទះ ស្រាប់តែមិនដឹងយ៉ាងម៉េច ចរន្តអគ្គិសនីបានឆក់ប្តីរបស់គាត់ស្លាប់នៅនឹងកន្លែង លុះពេលគាត់ត្រឡប់មកដល់ផ្ទះវិញ ឃើញប្តីដេកស្តូកស្តឹងដោយដៃម្ខាងមានកាន់កន្ត្រៃជាប់ជាមួយនឹងខ្សែភ្លើង ទើបដឹងថា ប្តីឆក់ខ្សែភ្លើងស្លាប់ ក៏រត់ទៅបិទបារ៉ែតភ្លើង រួចស្រែកឆោឡោហៅអ្នកជិតខាងឱ្យជួយ និងរាយការណ៍ប្រាប់សមត្ថកិច្ចតែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ច បានចុះពិនិត្យដល់ទីតាំងកើតហេតុ លុះពេលធ្វើកោសល្យវិច័យសពរួចរាល់ សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារខ្សែភ្លើងឆក់ប្រាកដមែន មូលហេតុដោយសារតែជនរងគ្រោះធ្វើការតខ្សែភ្លើងជាមួយនឹងធុងបាស់ ដោយខ្វះ ការប្រុងប្រយ័ត្ន និងមិនបានបិទបារ៉ែតភ្លើងសិន។

សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ច ប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES