Thursday, January 16, 2025
Homeព័ត៌មានជាតិមេម៉ាយរូបស្រស់សាច់សខ្ចី ខូចចិត្តរឿងស្នេហ៍ ចងកសម្លាប់ខ្លួនចោលកូន៣នាក់

មេម៉ាយរូបស្រស់សាច់សខ្ចី ខូចចិត្តរឿងស្នេហ៍ ចងកសម្លាប់ខ្លួនចោលកូន៣នាក់

ខេត្តតាកែវ ៖ ស្ត្រីមេម៉ាយរូបស្រស់សោភាម្នាក់ ដោយសារតែខូចចិត្តនឹងរឿងស្នេហាមិនសមបំណង ត្រូវធ្លាក់ខ្លួនមេម៉ាយទាំងវ័យក្មេង និងទទួលបន្ទុកចិញ្ចឹមកូន៣នាក់តែម្នាក់ឯងផង ក៏សម្រេចចិត្តគិតខ្លី ចងកបញ្ចប់ជីវិតនៅក្នុងផ្ទះ ដោយបន្សល់ទុកកូនៗ៣នាក់ ឱ្យក្លាយជាក្មេង កំព្រា។

ករណីស្ត្រីមេម៉ាយរូបស្រស់ ចងកសម្លាប់ខ្លួននេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ នៅចំណុចផ្ទះជួលរបស់ស្ត្រីរងគ្រោះ ដែលជួលធ្វើអាជីវកម្មផ្ទាល់ខ្លួន ស្ថិតក្នុងភូមិផ្សារតាកោរ សង្កាត់រការក្នុង ក្រុងដូនកែវ។

ស្ត្រីគំនិតខ្លីដែលចងកធ្វើអត្តឃាត មានឈ្មោះចេវ សុវឌ្ឍនា អាយុ៣៦ឆ្នាំ ជាមន្ត្រីបម្រើការនៅរដ្ឋសភា ហើយក៏ជាសមាជិកមួយរូបនៅក្នុងក្រុមយុវជនគណបក្សប្រជាជនកម្ពុជាលើការងារពង្រីកចលនាយុវជននៅក្រៅប្រទេសផងដែរ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះ បានសម្ងំនៅក្នុងបន្ទប់ក្នុងផ្ទះយ៉ាងយូរពោលគឺតាំងពីថ្ងៃរសៀល។ រហូតដល់ល្ងាចឡើង ដោយមានការសង្ស័យ ទើបអ្នកបម្រើក្នុងផ្ទះ បានដើរទៅគោះទ្វារហៅ តែមិនឮសូរមាត់ឆ្លើយតប ទើបបើកទ្វារចូលទៅមើល ក៏ប្រទះឃើញស្ត្រីរងគ្រោះ បានចងកស្លាប់បាត់ទៅហើយ ទើបធ្វើឱ្យកើតមានការផ្អើលឆោឡោឡើង និងរាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ច។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យដល់ទីតាំងកើតហេតុ និងបានធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ស្ត្រីរងគ្រោះពិតជាបានចងកធ្វើអត្តឃាតប្រាកដមែន ដោយប្រើខ្សែពណ៌ស ចងកភ្ជាប់នឹងចម្រឹងដែកវាំងននជាប់មាត់បង្អួច។ ជាមួយនេះ នៅក្នុងបន្ទប់ដែលស្ត្រីរងគ្រោះចងកសម្លាប់ខ្លួន សមត្ថកិច្ចបានរកឃើញសំបុត្រ១ច្បាប់ ដែលក្នុងខ្លឹមសារបានសរសេររៀបរាប់ពីទុក្ខសោករឿងស្នេហ៍។

លោកឆាយ សាវុធ អធិការនគរបាលក្រុងដូនកែវ បានបញ្ជាក់ប្រាប់ថា ស្ត្រីរងគ្រោះឈ្មោះចេវ សុវឌ្ឍនា ពិតជាបានចងកធ្វើអត្តឃាតមែន ពោលគឺមិនពាក់ព័ន្ធទៅនឹងករណីអ្វីផ្សេងនោះទេ។

ចំណែកមូលហេតុ សមត្ថកិច្ចនៅមិនទាន់ដឹងច្បាស់នៅឡើយ ប៉ុន្តែនៅក្នុងបន្ទប់ធ្វើអត្តឃាតនោះ សមត្ថកិច្ចបានរកឃើញសំបុត្រមួយច្បាប់ ដែលស្ត្រីរងគ្រោះបន្សល់ទុក និងបានសរសេររៀបរាប់ពីវិបត្តិស្នេហ៍របស់ខ្លួន ដែលនាំឱ្យ សមត្ថកិច្ចសន្និដ្ឋានថា ការធ្វើអត្តឃាតនេះអាចបណ្តាលមកពីវិបត្តិស្នេហា ឬស្នេហាត្រីកោណជាដើម។

ដោយឡែក លោក ខៀវ សាមុត អធិការរងនគរបាលទទួលផែនព្រហ្មទណ្ឌ ក្រុងដូនកែវ បានអះអាងថា ស្ត្រីរងគ្រោះឈ្មោះចេវ សុវឌ្ឍនា មានកូន៣នាក់ តែបច្ចុប្បន្នកំពុងស្នាក់នៅជាមួយជីដូននៅឯរាជធានីភ្នំពេញ។

ចំណែកស្ត្រីរងគ្រោះ មកជួលផ្ទះកន្លែងកើតហេតុ នៅក្រុងដូនកែវ ដើម្បីស្នាក់នៅ និងធ្វើអាជីវកម្មអស់ជាច្រើនឆ្នាំមកហើយ ហើយសព្វថ្ងៃគេក៏មិនដែលឃើញស្ត្រីរងគ្រោះ ចេញទៅណាមកណាជាមួយស្វាមីនោះដែរ ជាហេតុនាំឱ្យមានការសន្និដ្ឋានថា ស្ត្រីរងគ្រោះរូបនេះ គឺជាស្ត្រីមេម៉ាយ។

បន្ទាប់ពីសមត្ថកិច្ចបានពិនិត្យសពរួចរាល់ហើយ សាកសពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ ដឹកមកកាន់លំនៅដ្ឋាន ឯរាជធានីភ្នំពេញ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES