ភ្នំពេញ ៖ ស្របពេលដែលលោកសម រង្ស៊ី អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ បានប្រកាសបង្កើតចលនាសង្គ្រោះជាតិ នៅឯ ក្រៅប្រទេស ដោយប្រកាសរៀបចំបណ្តាញ សម្ងាត់នៅក្នុងប្រទេសផងនោះ ក្រៅពីលោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ពន្ធនាគារពីបទ ក្បត់ជាតិ “សន្ទិដ្ឋភាពជាមួយបរទេស” បានប្រកាស មិនគាំទ្រ និងមិនចូលរួមជាមួយនោះ អតីតថ្នាក់ដឹកនាំ និងអតីតតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិ មួយចំនួន (ពិសេសក្រុមលោក កឹម សុខា) បានប្រកាសមិនគាំទ្រ និងមិនចូល រួមចលនាសង្គ្រោះជាតិ នោះទេ។
ជាមួយគ្នានេះដែរ លោកលិម គិមយ៉ា អតីតតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិ មណ្ឌលខេត្តកំពង់ធំ ក៏ប្រកាសមិនគាំទ្រ និងមិនចូលរួមចលនាសង្គ្រោះជាតិ ដែលបង្កើត ដោយលោកសម រង្ស៊ី នេះដែរ ដោយលោក យល់ថា ការបង្កើតចលនានេះ គ្មានប្រយោជន៍ អ្វីទេ ហើយអ្នកតាមដាននយោបាយជាច្រើន យល់ថា លោកសម រង្ស៊ី បង្កើតចលនាសង្គ្រោះជាតិ គឺមានគំនិតយកទៅចរចាជាមួយសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធាន គណបក្សប្រជាជនកម្ពុជា។
លោកលិម គិមយ៉ា លើកឡើងតាមរយៈ លិខិតចំហ៦ទំព័ររបស់លោកថា អតីតគណបក្សសង្គ្រោះជាតិ ទោះបីត្រូវតុលាការកំពូលកម្ពុជា សម្រេចរំលាយចោលទៅហើយមែន តែអន្តរជាតិនៅតែទទួលស្គាល់ជាកណបក្សស្របច្បាប់។ ដូច្នេះមិនចាំបាច់អីត្រូវបង្កើតចលនាសង្គ្រោះតិ នាំឱ្យបែកបាក់គ្នានោះទេ។
លោកលិម គិមយ៉ា បានសរសេរក្នុងលិខិត ចំហនោះថា “ដោយសារសមាជិកបក្សនៅក្នុងប្រទេស មិនហ៊ានធ្វើសកម្មភាពអ្វីៗដោយបញ្ហាសន្តិសុខ ក៏សមាជិកនៅបរទេសរបស់ គ.ស.ជ រៀបចំ រចនាសម្ព័ន្ធជាគណៈកម្មការចំពោះកិច្ច មាន ៥នាក់ ដែលមានឈ្មោះ ៖ លោកស្រីមួរ សុខហួរ លោកអេង ឆៃអ៊ាង យឹម សុវណ្ណ យ៉ែម បុញ្ញឫទ្ធិ និងកញ្ញាកឹម មនោវិទ្យា។ មកដល់សព្វថ្ងៃ គណៈកម្មការនេះ មានសកម្មភាពមមាញឹក ជាពិសេសជួបនឹងប្រទេសអាមេរិក និងសហគមន៍ អឺរុប ដែលគេរៀបចំសម្ពាធទៅលើពួកដឹកនាំ ពួកប្រ.ជ ដើម្បីជំរុញឱ្យគេអនុវត្តសេចក្តីសម្រេច របស់គេឱ្យបានលឿន ពីព្រោះកាលបរិច្ឆេទ បោះឆ្នោត ជិតមកដល់ហើយ។ គណៈកម្មការ នេះ នឹងទៅជួបជប៉ុន និងអូស្ត្រាលី ថែមទៀត។ ប្រទេសទាំងពីរនេះ នឹងចាត់វិធានការដែរ បើ ប្រសិនណាអាមេរិកចាប់ផ្តើម។ អាមេរិក នឹង ចាត់វិធានការនៅពេលខាងមុខដ៏ឆាប់នេះ ពីព្រោះ ការចោទប្រកាន់ ចាប់លោកប្រធានកឹម សុខា និងរំលាយ គ.ស.ជ គឺជាប់ទាក់ទងនឹងអាមេរិក ផ្ទាល់ ដោយថា លោកកឹម សុខា ស្តាប់បញ្ជា អាមេរិក ដើម្បីផ្តួលរដ្ឋាភិបាលហ៊ុន សែន។
កិច្ចការអស់នេះ បានរលូនទៅមុខ ស្រាប់តែ លោកអតីតប្រធានសម រង្ស៊ី និងមានគ្នា៩នាក់ ប្រកាសកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ បង្កើត “ចលនាសង្គ្រោះជាតិ” ដែលសេចក្តីថ្លែងការណ៍បញ្ជាក់ពីគោលបំណងដូចសហគមន៍អន្តរជាតិ ទាមទារដែនោះ។ ព្រមទាំងគាត់បន្ថែម គំនិត ៖ បំផុសឱ្យប្រជាពលរដ្ឋក្រោកឡើងតវ៉ា ប្រឆាំង និងកងកម្លាំងប្រដាប់អាវុធ កុំគោរព តាមបញ្ជារបស់មេបញ្ជាការ។ គំនិតទាំង២នេះ គឺគាត់បញ្ចោញមិនត្រូវពេលវេលា ដែលធ្វើឱ្យ មានផលវិបាកដល់ប្រជាពលរដ្ឋ និងកងកម្លាំង ប្រដាប់អាវុធទៅវិញទេ។ គំនិតនេះ បើប្រើ កាលពីប្រជាពលរដ្ឋធ្វើបាតុកម្ម កាលពីខែធ្នូ ឆ្នាំ២០១៣ នោះ បានត្រឹមត្រូវ តែពេលនោះ លោកសម រង្ស៊ី អត់បានគិតអ្វីច្បាស់លាស់ ហើយ មិនទាំងយកចិត្តទុកដាក់ ព្រមទាំងទៅអើតមួយ ភ្លែតៗ នៅទីលានប្រជាធិបតេយ្យ ដែលប្រជាពលរដ្ឋរាប់ម៉ឺននាក់ ដេកហាលភ្លៀង ហាល ថ្ងៃនៅលើថ្ម។ ហើយគាត់ទៅបរទេស ចោល បាតុកររាប់សែននាក់ ដោយមកការកូននិង ដេកនៅបរទេស មិនខ្វល់នឹងបាតុករទេ ។
មិនបានប៉ុន្មានថ្ងៃផង មានសមាជិក២ នាក់ ក្នុងចំណោម៩នាក់ បានសុំលាលែងដោយ មូលហេតុ “ស្ថិតក្នុងដំណាក់កាលពិភាក្សាមិន ទាន់ដាច់ស្រេច និងមិនទាន់សម្រេចនៅឡើយ ទេ”។ បានសេចក្តីថា នៅព្រាងនៅឡើយ តែគេ ប្រកាសជាផ្លូវការមិនបានបញ្ជាក់ទៅសមាជិក ទាំងអស់នៃ ៩នាក់នោះទេ។
សព្វថ្ងៃលោកអតីតប្រធានសម រង្ស៊ី បាន ដើរពន្យល់គម្រោងរបស់គាត់ថា “ចលនាសង្គ្រោះជាតិ” មានទំហំធំជាងគណបក្សសង្គ្រោះជាតិ ដែលប្រជាពលរដ្ឋបានផ្តល់សេចក្តីទុកចិត្ត ជាង ៣លានសំឡេង ស្មើនឹងជិតពាក់កណ្តាលប្រទេស។ ហើយគាត់បន្ថែមថា ចលនាគាត់នេះ មិនព្រួយ បារម្ភនឹងរំលាយទេ គង់តែលើក្រដាសក៏ដោយ។ ត្រង់នេះ រកយល់មិនបាន តើគាត់ចង់និយាយ យ៉ាងដូចម្តេច? ហើយគាត់បន្ថែមទៀតថា ធ្វើ នៅកន្លែងណាក៏បានដែរ អត់ព្រួយសោះឡើយ។ តែពេលថ្មីនេះគាត់បានប្រកាសបន្ថែមថា ដោយ ហេតុផលសន្តិសុខចំពោះការបង្កើតចលនាថ្មី នេះ ហើយដើម្បីធ្វើការងារនេះឱ្យមានប្រសិទ្ធភាពនោះ លោកបានស្នើឱ្យមេដឹកនាំចលនា សង្គ្រោះជាតិ ទាំងនៅក្នុងប្រទេសកម្ពុជា ទាំង នៅក្រៅប្រទេស កុំប្រកាសពីការគាំទ្រនេះ ជា សាធារណៈ ហើយកុំបង្ហាញឈ្មោះផងដែរ។ ឃើញថា ការប្រកាស មុននិងក្រោយ មិនស៊ី សង្វាក់គ្នាទេ ឬមួយគាត់ខ្លាចគេដឹងពីចំនួនអ្នកគាំទ្រគាត់តិច បានមិនឱ្យបង្ហាញឈ្មោះ គង់តែ នៅបរទេសក៏ដោយ។
ជាច្រើននាក់ មានការឆ្ងល់ជាខ្លាំងហេតុអ្វី បានជាគាត់បង្កើត CNRM បើគាត់ជាប្រធាន ដោយនិមិត្តរូបរបស់ CNRP ហើយចំណង់ របស់គាត់គឺ CNRP យល់ព្រមទាំងអស់ គង់តែគាត់មិនមែនជាប្រធានក៏ដោយ។ ដូចជាប្រជុំ ថ្មីៗនេះ គណៈអចិន្ត្រៃយ៍របស់ CNRP បានប្រជុំគ្នា ដោយគ្នាតិច បានយល់ព្រមក្នុងការបង្កើត CNRM ដោយគំនិត “គណបក្សសង្គ្រោះជាតិ និងចលនាសង្គ្រោះជាតិ ២ដាច់ពីគ្នា តែគណបក្សសង្គ្រោះជាតិ គាំទ្រលោកសម រង្ស៊ី ប្រធាន ចលនានេះ ដោយសារមានគោលដៅរួមគ្នា គឺ ទាមទារគណបក្សសង្គ្រោះជាតិមកវិញ ដោះលែងលោកប្រធានកឹម សុខា និងអ្នកទោស នយោបាយ ព្រមទាំងធានាការបោះឆ្នោតដោយ សេរី ត្រឹមត្រូវ និងយុត្តិធម៌។
គោលបំណងទាំងនេះ គឺដូចគ្នារវាង CNRP និង CNRM។ ហើយអ្នកបង្កើត CNRM មានពីរនាក់ ជាសមាជិករបស់គណៈកម្មការចំពោះ កិច្ចរបស់ CNRP ក្នុងចំណោម៥នាក់ គឺលោកស្រី មួរ សុខហួរ លោកអេង ឆៃអ៊ាង។ បើបូកលោក និងលោកស្រីសម រង្ស៊ី មានតែ៣នាក់ទៀត ដែលជាស្ថាបនិកចលនានេះ ដោយគេមិនសូវស្គាល់ និងមិនសកម្ម។ ហេតុនេះហើយបានជា មានសំណួរ និងចម្ងល់ថា ហេតុដូចម្តេច បានជា លោកសម រង្ស៊ី មិនព្រមធ្វើសកម្មភាពតាមរយៈ CNRP ចាំបាច់ទៅបង្កើតចលនាថ្មីអី បើអន្តរជាតិគេទទួលស្គាល់ គាំទ្រនិងការពារឱ្យរស់រានមានជីវិតមកវិញនោះ? ហើយគាត់អាច សម្រេចបានកិច្ចការយ៉ាងច្រើន បើប្រសិនណាជា មិនខុសនឹងគំនិត CNRP។ ការដែលលោកស្រី មួរ សុខហួរ លោកអេង ឆៃអ៊ាង ទៅចូលរួម បង្កើតចលនានេះ សំណួរនឹងសួរថា តើគណៈកម្មការចំពោះកិច្ចរបស់ CNRP អាចបន្តកិច្ចការ តទៅទៀតបានឬទេ?
បើតាមអ្នកសង្កេតការនយោបាយជាច្រើន ដែលធ្លាប់ស្គាល់លោកសម រង្ស៊ី និងសកម្មភាព របស់គាត់តាំងពីដើមមក ការបង្កើត CNRM មិនមែនក្នុងគំនិតដូចថា នោះទេ គឺមានគំនិត យកទៅចរចាជាមួយហ៊ុន សែន ដែលវានឹងត្រូវ គំនាបកាន់តែខ្លាំងពីសហគមន៍អន្តរជាតិ បាន សេចក្តីថា លោកសម រង្ស៊ី ទៅប្រោសហ៊ុន សែន ដូចពីអតីតកាលជាច្រើនដងមកហើយ។
កាលពីចុងឆ្នាំ២០០៥ ដកពាក្យបណ្តឹង នៅតុលាការទីក្រុងញូយ៉ក គ្រាន់តែដើម្បីដូរ ចូលស្រុកតែប៉ុណ្ណោះ។
ដើមឆ្នាំ២០០៦ សម រង្ស៊ី សុខចិត្តធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ ពីការអនុម័តអ្វីៗ ពី ២ភាគ៣ មក ៥០បូក១ ដោយគ្មានមូលហេតុច្បាស់លាស់។ បើតាមមូលហេតុរបស់លោកសម រង្ស៊ី គឺគ្រោង នៅអាណត្តិក្រោយគណបក្សសម រង្ស៊ី អាចនឹង ឈ្នះ អាចគ្រប់គ្រងបាន ដោយមិនចាំបាច់ ២ ភាគ៣ទេ។ តែបើយើងមើលពីលទ្ធផល ដែល គណបក្សសម រង្ស៊ី ទទួលបាន ឆ្នាំ១៩៩៨ បាន ១៥កៅអី ហើយ ២០០៣ បានតែ២៤កៅអី ហើយស្ថានភាពនយោបាយបក្សក៏គ្មានអំណោយ ផលអ្វីច្បាស់លាស់ ដល់ទៅសង្ឃឹមថា ពី ២៤ កៅអី ទៅជាង៦០កៅអីនោះ ដូចរកជឿមិន កើត គឺជាការស្រមៃសុទ្ធសាធ។ ដល់ឆ្នាំ២០០៨ បានតែ២៦កៅអី កុំបន្ទោសគណបក្សសិទ្ធិមនុស្ស ដែលបង្កើតកាលពីឆ្នាំ២០០៧។ គង់ តែសំឡេងបក្សទាំង២ បូកគ្នាក៏អត់ឈ្នះដែរ។
ដូចកាលនៅឆ្នាំ២០១៥ ពេលធ្វើច្បាប់ បោះឆ្នោត លោកសម រង្ស៊ី យល់ព្រមតាមហ៊ុន សែន ដែលស្រែក ៣ថ្ងៃមុនថា បើបក្សណាមិន ព្រមចូលសភា ក្រោយប្រកាសលទ្ធផលជាផ្លូវការណ៍ទេ គេយកអាសនៈទៅចែកឱ្យបក្សដទៃ លោកសម រង្ស៊ី ក៏សុខចិត្តអត់ទាំងពិគ្រោះ ជាមួយក្រុមការងារទៅជជែកធ្វើច្បាប់បោះឆ្នោតផង ដោយយល់ថា ពួក ប្រ.ជ នឹងចាញ់ ហើយមិនព្រមចូលសភា ដែលមានចែងក្នុង មាត្រា ១៣៨ នៃច្បាប់បោះឆ្នោត។ តើគេជឿ កើតទេ បើពួកប្រ.ជ ជាអ្នករៀបចំបោះឆ្នោត ហើយបើចាញ់ វាចោទថា គ.ស.ជ ជាអ្នកលួច សន្លឹកឆ្នោតទៅវិញ។ លោកសម រង្ស៊ី សម្រេច យ៉ាងនេះ រកពន្យល់ឱ្យសមសួនមិនកើត មាន តែម៉្យាង គឺគាត់បំពេញបំណងរបស់ហ៊ុន សែន តែប៉ុណ្ណោះ។
ហើយគេបានយកមាត្រានេះ មកធ្វើវិសោធនកម្ម ទៅជាមាត្រា១៣៨ថ្មី យក៥៥ កៅអី ទៅចែកឱ្យបក្សថ្មី ក្រោយពីគេរំលាយ ប.ស.ជ។
ការបំពេញបំណងរបស់ហ៊ុន សែន មាន ច្រើនករណី ដូចជាយល់ព្រមធ្វើវិសោធនកម្ម មាត្រា២ នៃរដ្ឋធម្មនុញ្ញ ស្តីពីផែនទី។ គង់តែ ហ៊ុន សែន លើកឡើងពីពាក្យចចាមអារ៉ាមថា វាឱ្យលុយចំនួន២០លានដុល្លារ ក៏មិនធ្វើការ កែតម្រូវ។ ដឹកដៃគ្នាដើរលេង ឱ្យប្រជាពលរដ្ឋ ដែលយល់ថា ហ៊ុន សែន ជាមនុស្សមួយមិនគួរ រាប់អាន បែរទទួលរាក់ទាក់ទៅវិញ។ នៅបរទេស លោកសម រង្ស៊ី ទទួលសមាជិកគណបក្សប្រជាជន ដូចជាសមាជិករបស់បក្សសង្គ្រោះជាតិ ដែល ពីដើមមិនទាំងហ៊ានថា ជាអ្នកគាំទ្របក្សប្រជាជន តែដល់សព្វថ្ងៃ គេមានតំណាងសឹងតែនៅគ្រប់ ប្រទេស។ មិនត្រឹមតែប៉ុណ្ណឹងទេ គាត់ព្រមទាំង ប្រកាសនៅប្រទេសបារាំងថា ក្នុងនាមគាត់ជា មេគណៈបក្សប្រឆាំង ដែលមានងារស្មើនឹង នាយករដ្ឋមន្ត្រី គាត់អាចនិយាយក្នុងនាមជា នាយករដ្ឋមន្ត្រី ហើយគាត់ក៏អាចនិយាយក្នុង នាមគណបក្សប្រជាជនដែរ។ តើគាត់យល់សប្តិ ឬយ៉ាងណា?”
លោកលិម គិមយ៉ា សរសេរបន្តទៀតថា “បើតាមដំណឹងពីក្នុងគណបក្សប្រជាជន មក ថា ហ៊ុន សែន ចុះឥទ្ធិពលយ៉ាងខ្លាំងក្នុងបក្ស ដោយសារតែបោះឆ្នោតសភា ពីឆ្នាំ២០១៣ ចុះពី ៩០កៅអី មក ៦៨ ដែលធ្វើឱ្យអំណាច រង្គោះរង្គើ តែក្រោយវប្បធម៌សន្ទនា ហ៊ុន សែន បានពង្រឹងអំណាចមកវិញ។ ហើយថ្មីៗនេះ លោកសម រង្ស៊ី និយាយថា លោកស ខេង ចង់ដោះដៃពីហ៊ុន សែន។ រឿង លោកស ខេង នេះ ពិតឬមិនពិត មិនដឹងទេ តែបណ្តាលឱ្យហ៊ុន សែន កាន់តែរឹតត្បឹតទៅលើលោកស ខេង ហេតុដូច្នេះហើយបានហ៊ុន សែន ប្រើលោកស ខេង ឱ្យធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលកិច្ចការនេះគឺនៅក្រោមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌។ ហេតុដូច្នេះ លោកស ខេង មិនហ៊ានប្រកែកអ្វី ទាំងអស់ ដោយសារការប្រកាសលោកសម រង្ស៊ី។ ការប្រកាសនេះហើយដែលពង្រឹងអំណាចរបស់ ហ៊ុន សែន។ មានរឿងជាច្រើនទៀត ដែលលោក សម រង្ស៊ី ធ្វើដើម្បីពង្រឹងជំហររបស់ហ៊ុន សែន ដោយចេតនាក្តី ដោយអចេតនាក្តី នេះជាភាព ជាក់ស្តែង។
ការចរចាជាមួយគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ គឺអត់ បានព្រាងអ្វីទាំងអស់ គង់តែទៅជួបគេ គឺដូច ទៅសុំគេជួប ដោយទៅអង្គុយចាំគេមុន ដោយ នៅពេលនោះ យើងមានឥទ្ធិពលយ៉ាងខ្លាំង។ ហើយការចរចាបានលទ្ធផលយ៉ាងស្តួចស្តើង ដូចជាទាមទារបង្កើតទូរទស្សន៍ ដែលយើងដឹង ថាគ្មានមធ្យោបាយនឹងធ្វើ គង់តែអាជ្ញាធរមិន រំខានក្នុងរឿងច្បាប់នោះក៏ដោយ។ រឿងដែល ត្រូវទាមទារអត់បានលើកមកនិយាយ ដូចជា លើកលែងទោសដល់សកម្មជនទាំងអស់ ដែល ទាក់ទងនឹងបាតុកម្ម ១៥ កក្កដា ឆ្នាំ២០១៤ ដឹកនាំដោយលោកស្រីមួរ សុខហួរ និងទោស ទាំងអស់របស់លោកសម រង្ស៊ី ដែលគាត់ដឹងដែរ ដោយសារគាត់ចេញពីស្រុកជាច្រើនដងនោះ ដោយសារគេអត់លើកលែងទោសឱ្យទាំងអស់។
បើតាមអ្នកសង្កេតការណ៍នយោបាយស្តីពី ស្រុកខ្មែរ និងធ្លាប់ស្គាល់លោកប្រធាន សម រង្ស៊ី ការដែលបង្កើតចលនាសង្គ្រោះជាតិ CNRM គឺយកតែឈ្មោះ មិនខ្វល់នឹងចំនួនអ្នកគាំទ្រទេ គឺគាត់យកតែឈ្មោះចលនាទៅចរចាជាមួយ ហ៊ុន សែន ដើម្បីដោះគំនាបអន្តរជាតិចេញ ដែលគេនឹងដាក់យន្តការដោយគេបានសម្រេច ទៅហើយនោះ។ គេជឿថា លោកសម រង្ស៊ី មិនគោរពការសន្យាទេ ដោយគេស្គាល់គាត់ថា ជាមនុស្សក្រឡាស់ពាក្យសម្តី។
យើងទាំងអស់គ្នា ត្រូវតែគាំទ្រគណបក្សសង្គ្រោះជាតិ ដែលអន្តរជាតិគេទទួលស្គាល់ និងគាំទ្រ ហើយបើយើងឈ្នះឆ្នោត គេនឹងចាត់វិធានការជំរុញឱ្យហ៊ុន សែន ផ្ទេរតំណែងឱ្យអ្នក ឈ្នះជាពុំខាន”។
ទោះជាយ៉ាងណា លោកសម រង្ស៊ី បាន ប្រកាសថា ដាច់ខាតលោកត្រូវតែបង្កើតចលនា សង្គ្រោះជាតិ ដើម្បីតស៊ូយកជ័យជម្នះលើសម្តេច ហ៊ុន សែន។ ឯចំពោះអ្នកដែលចោទថា លោក ធ្វើនយោបាយជាង២០ឆ្នាំមកនេះ ដើម្បីគ្រាន់តែ កំដរសម្តេចហ៊ុន សែន នោះមិនពិតទេ។
ថ្លែងក្នុងពិធីប្រកាសជាផ្លូវការនៃចលនា សង្គ្រោះជាតិ នៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨។
លោកសម រង្ស៊ី បានមានប្រសាសន៍នៅ ពេលនោះថា “ខ្ញុំឡើងមកនេះ ក្នុងឋានៈជា សមាជិកសាមញ្ញគណបក្សសង្គ្រោះជាតិ មួយ រូប ខ្ញុំឡើងមកនេះ ក្នុងឋានៈជាអ្នកគាំទ្រមួយ រូប នៃចលនាសង្គ្រោះជាតិ។ ខ្ញុំត្រូវតែបញ្ជាក់ ថា ការតស៊ូរបស់យើង គឺត្រូវតែបន្តដាច់ខាត អត់មានចុះចាញ់ទេ យើងត្រូវធ្វើយ៉ាងដូចម្តេច ឱ្យគណបក្សសង្គ្រោះជាតិ រស់ឡើងវិញ មាន សន្ទុះថ្មីឡើងវិញ។ អ្នកណាថាខ្ញុំធ្វើនយោបាយ ២៥ឆ្នាំ គ្រាន់តែដើម្បីកំដរហ៊ុន សែន មិនមែនទេ បងប្អូន។ បងប្អូនមើលការវិវឌ្ឍមួយឆាកនយោបាយនៃប្រទេសកម្ពុជា ក្នុងរយៈពេល២៥ឆ្នាំ ក្រោយពីការបោះឆ្នោតរៀបចំដោយអង្គការ សហប្រជាជាតិ យើងឃើញថា កម្លាំងប្រជាធិបតេយ្យ កម្លាំងស្នេហាជាតិ គឺកើនឡើងជា និច្ច ពីមួយឆ្នាំទៅមួយឆ្នាំ ពីការបោះឆ្នោតមួយ ទៅការបោះឆ្នោតមួយ។ កាលពីឆ្នាំ១៩៩៥ ខ្ញុំ បានបង្កើតគណបក្សប្រឆាំងមុនគេបង្អស់ ប្រឆាំង នៅក្នុងរដ្ឋសភា។ ពេលនោះ ខ្ញុំម្នាក់ឯងគត់ មានតំណាងរាស្ត្រតែមួយគត់ ដែលហ៊ានចេញ មុខប្រឆាំងនឹងហ៊ុន សែន។ បោះឆ្នោតបន្ទាប់ មកទៀត ៥ឆ្នាំក្រោយ ពី១នាក់ ១រូប កើនឡើង ដល់១៥រូប បោះឆ្នោត ១អាណត្តិទៀត ពី១៥ រូប កើនឡើង២៤រូប បោះឆ្នោតមួយអាណត្តិ ទៀត កម្លាំងប្រជាធិបតេយ្យទទួលបានអាសនៈ នៅរដ្ឋសភា ២៩រូប។ ពេលនោះ យើងបាន បង្កើតគណបក្សសង្គ្រោះជាតិ ពី២៩កៅអីនៅ រដ្ឋសភា យើងដណ្តើមបាន៥៥កៅអី នៅរដ្ឋសភា។ មិនមែនកំដរលេងៗទេ កំដរដើម្បីឆ្ពោះទៅរក ជ័យជម្នះចុងក្រោយ ហើយបើគ្មានលួចបន្លំសន្លឹក ឆ្នោត យើងឈ្នះបាត់ទៅហើយនៅឆ្នាំ២០១៨ នេះ។ ដូច្នេះមិនមែនកំដរហ៊ុន សែន ទេ ការងារ របស់យើងដែលរៀបចំកម្លាំងប្រជាធិបតេយ្យ គឺបានដំណើរការយ៉ាងល្អជាទីបំផុត។ ទោះជា យើងមិនទាន់បានដឹកនាំប្រទេស តែយើងបាន រៀបចំកម្លាំងយើង យើងបានត្រៀមលក្ខណៈ យើងបានបំពេញលក្ខខណ្ឌមួយចំនួន ដើម្បីធានា ជ័យជម្នះប្រជារាស្ត្រខ្មែរ ក្នុងពេលឆាប់ៗខាង មុខៗនេះ។ កុំភ្លេចថា យើងតទល់ជាមួយអ្នក ណា មិនមែនតទល់ជាមួយហ៊ុន សែន ទេ តទល់ ជាមួយយួនលេបទឹកដីខ្មែរ…។ ដូច្នេះបងប្អូនកុំ អស់សង្ឃឹម បងប្អូនត្រូវមើលកម្លាំងរបស់យើង គ្មានកម្លាំងអ្វីដែលខ្លាំងជាងកម្លាំងប្រជារាស្ត្រ ទេ ដរាបណាប្រជារាស្ត្រ កម្លាំងស្នេហាជាតិ គាំទ្រ ថ្នាក់ដឹកនាំកឹម សុខា-សម រង្ស៊ី កម្លាំងប្រជារាស្ត្រ នឹងទទួលជ័យជម្នះជាពុំខាន។ កម្លាំងរបស់ យើង គឺប្រគល់សងប្រទេសកម្ពុជា ជូនប្រជារាស្ត្រខ្មែរវិញ ដែលជាម្ចាស់ទឹកម្ចាស់ដីតែមួយ គត់។ បើយើងឱ្យហ៊ុន សែន ដឹកនាំប្រទេស តទៅទៀត ក្រោមបញ្ជារបស់យួន ជនជាតិយើង នឹងរលាយហើយ។ ដូច្នេះយើងត្រូវសង្គ្រោះជាតិ យើងឱ្យទាល់តែបានដាច់ខាត។ ឥឡូវនេះ ក្នុង ឋានខ្ញុំជាមួយលោកកឹម សុខា យើងទាំង២នាក់ បានបង្កើតគណបក្សសង្គ្រោះជាតិ យើងគ្មាន ស្រលាញ់អ្វីជាងអ្វីដែលយើងបង្កើតទេ ដូច ឪពុកម្តាយ គ្មានអ្វីស្រលាញ់ជាងស្រលាញ់កូន ដែលយើងបានបង្កើត។ ចំពោះលោកកឹម សុខា ហើយរូបខ្ញុំ សម រង្ស៊ី ក៏ស្រលាញ់គណបក្សសង្គ្រោះជាតិ ដែលយើងជាសហស្ថាបនិកទាំង ២នាក់ ទាំងកឹម សុខា ទាំងសម រង្ស៊ី តែឥឡូវ នេះ យើងត្រូវទទួលស្គាល់ការពិត បើយើងមិន ទទួលស្គាល់ការពិត យើងមិនអាចធ្វើអីបានទេ។ គណបក្សសង្គ្រោះជាតិជាប់គាំង ហ៊ុន សែន គាត់ ប្រើអំណាចរបស់គាត់គ្រប់បែបយ៉ាងទាំងអស់ ប៉ូលិស ទាហាន តុលាការ លុយ ដើម្បីធ្វើឱ្យ គណបក្សយើងគាំង។ គាំងយ៉ាងម៉េច? គេចាប់ ប្រធានកឹម សុខា ដាក់ពន្ធនាគារ ខ្ញុំដែលជា ដៃគូស្លាប់រស់ជាមួយលោកកឹម សុខា ជាប្រធាន គណបក្ស ខ្ញុំខំអស់ពីសមត្ថភាពរបស់ខ្ញុំ ដើម្បី រំដោះប្រធានគណបក្សសង្គ្រោះជាតិ គឺប្រធាន កឹម សុខា ពីពន្ធនាគារឱ្យបាន…”។
លោកសម រង្ស៊ី បានបន្តថា “ចលនាសង្គ្រោះជាតិ ត្រូវជំរុញដាចខាតឱ្យមានការបោះឆ្នោត ពិតប្រាកដ មិនមែនបោះឆ្នោតលេងសើចទេ។ អ្វីដែលហ៊ុន សែន កំពុងរៀបចំ ជាការបោះឆ្នោត លេងសើច ដូច្នេះការបោះឆ្នោតណាដែលគ្មាន គណបក្សសង្គ្រោះជាតិ ជាការបោះឆ្នោតលេង សើច ដែលយើងមិនអាចទទួលយកបាន។ ដូច្នេះ បំណង គោលដៅចលនាសង្គ្រោះជាតិ ទន្ទឹមនឹង ការទាមទារដោះលែងលោកកឹម សុខា និង អ្នកទោសនយោបាយ អ្នកទោសមនសិការ ដូចជាអ្នកស្រីទេព វន្នី ទើបយើងត្រូវតែបើកផ្លូវ ឱ្យមានការបោះឆ្នោតឱ្យបានត្រឹមត្រូវ ពីព្រោះ យើងជឿជាក់ថា ពេលណាមានការបោះឆ្នោត ត្រឹមត្រូវ ពេលនោះ គណបក្សសង្គ្រោះជាតិ នឹង ទទួលជ័យជម្នះជាពុំខាន។ ត្រូវតែមានចលនា អ្វីក៏ដោយខ្លួនប្រាណរបស់យើង បើគ្មានចលនា មិនធ្វើចលនាទេ ខ្លួនប្រាណរបស់យើងស្ពឹកហើយ។ អ្វីក៏ដោយ អង្គការណាក៏ដោយ អ្វីដែលមនុស្ស រៀបចំ មនុស្សត្រូវតែធ្វើចលនា ដើម្បីដើរទៅ មុខជានិច្ច ចំពោះយើង គឺដើរឆ្ពោះទៅរកជ័យជម្នះ ដើម្បីសង្គ្រោះជាតិយើង…។ មុននឹងបង្កើត ចលនាសង្គ្រោះជាតិនេះ យើងបានស្ទាបស្ទង់ សួរយោបល់ដោយប្រយោល គឺយើងបានបង្ហាញ ឆន្ទៈរបស់យើងថា ត្រូវតែប្រមូលកម្លាំងស្នេហា ជាតិ។ អ្នកដែលនៅក្នុងជួរគណបក្សសង្គ្រោះជាតិ ត្រូវយល់ឱ្យច្បាស់ថា ត្រូវតែធ្វើអីមួយ មិន អាចនៅស្ងៀមទេ បើយើងមិនធ្វើ បើយើងមិន ជំរុញ បើយើងមិនខិតខំធ្វើម៉េចឱ្យគណបក្សសង្គ្រោះជាតិ ដំណើរការឡើងវិញ មានសន្ទុះ ផុសផុលឡើងវិញ គឺយើងមិនអាចបំពេញបេសកកម្មសង្គ្រោះជាតិ របស់យើងបានទេ។ ដូច្នេះ ចលនាសង្គ្រោះជាតិ គឺមានបំណងតែមួយគត់ គឺបើកផ្លូវឱ្យគណបក្សសង្គ្រោះជាតិ ទទួលបាន ជ័យជម្នះ ដើម្បីសង្គ្រោះជាតិរបស់យើងទាំងអស់ គ្នា…”។
អតីតតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិ មណ្ឌលខេត្តតាកែវ លោកអ៊ូ ច័ន្ទរ័ត្ន ដែលមកពីក្រុមលោកកឹម សុខា បានបញ្ជាក់ ថា ការបង្កើតចលនាសង្គ្រោះជាតិ ហាក់ដូចជា មិនមានប្រសិទ្ធភាពអ្វីទេ ព្រោះកាលគណបក្ស នៅមានអត់នាំគ្នាការពារ អត់ដាក់មេធាវី ដើម្បី រក្សា ការពារគណបក្ស ទុកឱ្យរលាយ ហើយមក បង្កើតចលនាក្រៅស្រុក ដើម្បីសង្គ្រោះគណបក្ស ឡើងវិញ គឺលោកគ្មានជំនឿសោះឡើយ។ ដូច្នេះ លោកអត់គាំទ្រ អត់ចូលរួមចលនាសង្គ្រោះជាតិ នេះទេ ខណៈដែលលោកបានដាក់បណ្តឹងទៅ តុលាការ ដើម្បីតវ៉ាតាមនីតិវិធីឡើងវិញ ដោយ លោកអត់ជ្រើសផ្លូវបង្កើតចលនាសង្គ្រោះជាតិ ក្នុងការទាមទារនោះទេ។
លោកអ៊ូ ច័ន្ទរ័ត្ន បានមានប្រសាសន៍ថា “ខ្ញុំមិនដែលបានចូលរួមប្រជុំជាមួយថ្នាក់ដឹកនាំ ចលនាហ្នឹងទេ ហើយខ្ញុំអត់ដឹងថា មានគំនិតអី យ៉ាងម៉េចអីក្រោយខ្នង ព្រោះខ្ញុំគិតពីរឿង បណ្តឹងតវ៉ាតាមនីតិវិធីច្បាប់ តាមតុលាការកំពូល នៃព្រះរាជាណាចក្រកម្ពុជានោះ។ ប៉ុន្តែយល់ ថាអ៊ីចេះ អ្វីក៏ដោយ វាចៀសមិនរួចពីការចរចា ទេ ទោះជាយ៉ាងម៉េចក៏ដោយ ដំណោះស្រាយ ត្រូវតែមានការចរចាតាមរបៀបម៉េចមិនដឹង ប៉ុន្តែចុងក្រោយត្រូវតែមានការជជែកគ្នា ការ ចរចាគ្នា ដើម្បីទាញប្រទេសឱ្យមកសភាពដើម វិញ ឱ្យមានការបោះឆ្នោតត្រឹមត្រូវ យុត្តិធម៌ សេរីអីអ៊ីចឹងទៅ តាមបែបប្រជាធិបតេយ្យ ឡើងវិញ។ ដូច្នេះខ្ញុំថាចៀសមិនរួចទេ ប៉ុន្តែ គ្រាន់តែយើងកុំជ្រើសរើសវិធីណាដែលប៉ះពាល់ដល់ប្រទេសជាតិខ្លាំងពេក វាធ្វើឱ្យប៉ះពាល់ ដល់ប្រជាពលរដ្ឋអីក្តីហ្នឹង ខ្ញុំយល់ថា គួរតែរក វិធីអីផ្សេង ទាំងគណបក្សកាន់អំណាច ទាំង អតីតគណបក្សប្រឆាំងក៏ដោយ ក៏រកដំណោះស្រាយដែលមិនធ្វើឱ្យប៉ះពាល់ដល់ប្រទេសជាតិ ហ្នឹង មិនឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋខ្មែរហ្នឹង ជាពិសេស”។
ជុំវិញបញ្ហាការបង្កើតចលនាសង្គ្រោះជាតិ របស់លោកសម រង្ស៊ី នេះដែរ អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា លោកបណ្ឌិតឈឹម ផលរវុណ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី ២៩ ខែមករា ឆ្នាំ២០១៨ ថា ផ្ទៃក្នុងរវាងលោក កឹម សុខា និងលោកសម រង្ស៊ី គណបក្សប្រជាជនកម្ពុជា មិនចាប់អារម្មណ៍ទេ ពីព្រោះរវាង លោកកឹម សុខា និងលោកសម រង្ស៊ី មិនដែល ត្រូវគ្នាម្តងណាទេ។ ប៉ុន្តែអ្វីដែលចង់និយាយ នោះ ទោះបីជាការតស៊ូក្នុងទម្រង់អីក៏ដោយ ដូចជាទម្រង់ដែលកូនស្រីលោកកឹម សុខា ហើយ និងលោកយ៉ែម បុញ្ញឫទ្ធិ ខំប្រើស្លាកគណបក្សសង្គ្រោះជាតិ ទៅញុះញង់បរទេសក្តី ឬក៏ លោកសម រង្ស៊ី ខំទៅបង្កើតចលនាថ្មីក្តី គឺសុទ្ធ តែជារឿងខុសច្បាប់ទាំងអស់ ពីព្រោះពួកគាត់ នេះ ធ្វើនយោបាយឧទ្ទាម ហើយបានបរាជ័យ នូវឧបាយឧទ្ទាមក្នុងស្រុក ដែលត្រូវបានតុលាការ រំលាយចោលនូវគណបក្សសង្គ្រោះជាតិ ដែល មានន័យថា ជាអង្គការចាត់តាំងរបស់បរទេស នៅលើទឹកដីកម្ពុជា ក៏ធ្វើនយោបាយឧទ្ទាមនៅ ក្រៅប្រទេស។ ប៉ុន្តែសម្រាប់កម្ពុជា មិនអនុញ្ញាតឱ្យបុគ្គលទាំងឡាយណា ចូលរួមជាចំហ ឬមិនចំហនៅលើទឹកដីកម្ពុជា ជាមួយនឹងចលនា របស់លោកសម រង្ស៊ី ឬចលនាណាមួយរបស់ អតីតគណបក្សសង្គ្រោះជាតិទេ គឺមិនអនុញ្ញាត ឱ្យពួកទាំងនោះ ប្រព្រឹត្តខុសច្បាប់នៅលើទឹកដី ខ្មែរ បានជាដាច់ខាត ។
លោកឈឹម ផលវរុណ បានមានប្រសាសន៍ ថា “ដូចជាគ្មានអ្វីដែលត្រូវចរចាផង ពីព្រោះ កាលដែលគណបក្សសង្គ្រោះជាតិ នៅមានភាព ស្របច្បាប់ មិនទាន់មានការរំលាយចោលក៏ដោយ គឺយើងបានបញ្ចប់ការចរចារួចទៅហើយ ដោយសារតែបុគ្គលជួរដឹកនាំនេះ មិនស្មោះត្រង់ហើយ។ ដូច្នេះយើងបានបញ្ចប់ការចរចាហ្នឹងយូរ ការ សន្ទនាគ្នានេះ វាអត់មានអីទៀត ហើយឥឡូវ នេះ គណបក្សសង្គ្រោះជាតិ ក្លាយទៅជាខ្មោច តាយហោងទៅហើយៗគណបក្សនេះងាប់ ដោយ សារតែដើរតួនាទីជាអង្គការចាត់តាំងនយោបាយរបស់អាមេរិកនោះ។ ដូច្នេះ យើងរឹតតែ គ្មានកាតព្វកិច្ចអ្វីទៅចរចាជាមួយពួកអាយ៉ង ដែលកំពុងធ្វើចលនាឧទ្ទាមទេ។ សូម្បីតែសហរដ្ឋ អាមេរិក ដែលជាចៅហ្វាយនាយរបស់ពួកអាយ៉ងនេះ ក៏ពុំមានសម្ពាធអ្វីមកដាក់សម្ពាធមក លើកម្ពុជា ដែរ យើងឃើញទាំងអស់គ្នាដែរ តាំងពី ថ្ងៃរំលាយគណបក្សសង្គ្រោះជាតិ ថ្ងៃ១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅ មកដល់ពេលនេះ គឺគ្មាន សហគមន៍អន្តរជាតិណាមកឈឺឆ្អាល ឬក៏ធ្វើ តាមការអូសទាញរបស់សហរដ្ឋអាមេរិក ដើម្បី ដាក់សម្ពាធមកលើកម្ពុជា ទេ ផ្ទុយទៅវិញ សហគមន៍អន្តរជាតិ រដ្ឋាភិបាលនៃប្រទេសនានា គេ មានសុភវិនិច្ឆ័យ វិចារណញ្ញាណច្បាស់ណាស់ មកលើកម្ពុជា…។ ដូច្នេះ គឺគ្មានអ្វីដែលយើង ទៅបារម្ភ ឬក៏យល់ឃើញថា ចៅហ្វាយនាយ របស់លោកសម រង្ស៊ី លោកកឹម សុខា អាច ប្រស់ជីវិតគណបក្សសង្គ្រោះជាតិ ដោយវិធីណា ឱ្យរស់ឡើងវិញនោះទេ គឺគណបក្សនេះស្លាប់ ហើយ ងាប់ហើយ ចប់ហើយ ទោះបីខំទៅបង្កើត ចលនាអី ឬសេណារីនយោបាយអីផ្សេងទៀត ក៏ វាអត់អាចទប់ស្កាត់ដំណើរការបោះឆ្នោតកម្ពុជា និងដំណើរអភិវឌ្ឍន៍កម្ពុជា តទៅទៀតទេ”។
ដោយឡែក អ្នកវិភាគសង្គម និងនយោបាយ លោកមាស នី បានបញ្ជាក់ថា បើមើលពី ឥទ្ធិពលដែលអាចយកទៅចរចាជាមួយប្រធាន គណបក្សកាន់អំណាច សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន លើបញ្ហាអីផ្សេងៗ នៅមិនទាន់ឃើញទេ។
លោកមាស នី បានមានប្រសាសន៍នៅ ថ្ងៃដដែលនោះថា “ល្អ មិនល្អ វាអាស្រ័យទៅលើ ចលនាហ្នឹង សំខាន់ លើការងារទេ បើយើងថាល្អ តែចលនាហ្នឹងវា មិនត្រូវ បែរជាបែកបាក់គ្នា ក៏វាមិនកើត អ៊ីចឹង យើងចាំមើលតទៅទៀត។ អ៊ីចឹងជាផ្នែកមួយ ជាជម្រើសមួយទៀត ដែល សង្គ្រោះជាតិ ត្រូវធ្វើដោយមិនគ្រាន់តែរង់ចាំ មើលពីសម្ពាធពីអន្តរជាតិ ដែលជារឿងមិន នៅក្នុងដៃយើង។ បើសិនជាយើងមើលនៅក្នុង ប្រតិកម្មដំបូងៗនេះ ហើយយើងគិតមើលស្ថាប័ន ហ្នឹងអនុវត្តលទ្ធិប្រជាធិបតេយ្យ យើងគ្រាន់តែ និយាយថា វានឹងមិនឈានទៅដល់ការបែកបាក់ គ្នាទេ ក៏ប៉ុន្តែបើសិនជាស្ថាប័នហ្នឹងមានចំណុច ខ្សោយ មិនអាចសម្របសម្រួល មិនអាចជជែក គ្នាបាន ពេលដែលមានការខ្វែងគំនិតគ្នានៅក្នុង ទំនាស់ផ្សេងៗ ហើយយើងមិនដោះស្រាយនោះ វាអាចឈានទៅដល់ការបែកបាក់គ្នា។ អ៊ីចឹង ប្រតិកម្មដំបូងៗ ហ្នឹង ខ្ញុំគិតថា សម្រាប់ក្រុម ឯកឧត្តមកឹម សុខា គឺមានការពិបាកបន្តិច ដោយសារមេបានត្រូវគេយកទៅដាក់នៅក្នុង មន្ទីរឃុំឃាំង។ អ៊ីចឹង បើសិនជាគាត់ឆ្លើយថា គាំទ្រទៀត វានាំឱ្យពាក់ព័ន្ធកាន់តែធ្ងន់ធ្ងរទៀត។ ក៏ប៉ុន្តែសម្រាប់យើងៗ មើលទៅ ទោះបីចូល ឬក៏មិនចូល គាំទ្រ ឬមិនគាំទ្រ ហាក់ដូចជាអ្វីៗ នៅក្នុងកណ្តាប់ដៃរបស់រដ្ឋាភិបាលទាំងអស់។ ដូច្នេះក្នុងបរិបទនយោបាយបច្ចុប្បន្ននេះ យើង រំពឹងថា វានឹងមិនមានដំណើរការរលូនសម្រាប់ សង្គមខ្មែរយើងទេ ទោះបីមានការអះអាងពី រដ្ឋាភិបាលថា អ្វីៗនឹងបន្តដោយមិនបាច់ខ្វល់ខ្វាយពីសម្ពាធអន្តរជាតិអីយ៉ាងម៉េចក៏ដោយ ក៏ប៉ុន្តែយើងដឹងថា ដំណើរទៅថ្ងៃមុខ មិនជា ដំណើរដែលមានភាពរលូនប៉ុន្មានទេ យើងនឹង ត្រូវជួបឧបសគ្គច្រើន ហើយរឿងសំខាន់ត្រង់ ថា បើសិនប្រទេសយើងមួយ ហើយមិនត្រូវ បានគេទទួលស្គាល់ពីអន្តរជាតិ ពេលនោះនឹង ឈានទៅរកភាពឯកោ ហើយធ្វើឱ្យប្រទេស យើងហ្នឹងងាកទៅរកចិន កាន់តែខ្លាំងឡើងៗ”៕
កុលបុត្រ