ភ្នំពេញ ៖ គណបក្សសិទ្ធិមនុស្ស ដែលជា គណបក្សរបស់លោកកឹម សុខា មុនពេលរួម បញ្ចូលគ្នាជាមួយគណបក្សសម រង្ស៊ី ក្លាយជា គណបក្សសង្គ្រោះជាតិ នោះ បានប្រកាសរំលាយ ចោលដោយខ្លួនឯង តាមគណបកសសង្គ្រោះជាតិ ដែលត្រូវបានតុលាការកំពូលរំលាយចោល កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នោះដែរ ចាប់ពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ តទៅ។
ប្រធានគណបក្សសិទ្ធិមនុស្ស លោកសឺន ស៊ូបែរ្តិ៍ បានធ្វើលិខិតគោរពជូនសម្តេចស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ជូន ដំណឹងស្តីពីអំពីការរំលាយគណបក្សសិទ្ធិមនុស្ស យោងស្មារតីនៃអង្គប្រជុំរបស់គណៈកម្មាធិការ អចិន្ត្រៃយ៍ នៃគណបក្សសិទ្ធិមនុស្ស កាលពី រសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨។
លិខិតរបស់លោកសឺន ស៊ូបែរ្តិ៍ ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ បានជម្រាបជូនសម្តេច ឧបនាយករដ្ឋមន្ត្រី ស ខេង ថា “តាមសម័យ ប្រជុំនៃគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សសិទ្ធិមនុស្ស ដូចយោងខាងលើ បានសម្រេចជា ឯកច្ឆន្ទ រំលាយគណបក្សសិទ្ធិមនុស្ស ចាប់ពីថ្ងៃ នេះតទៅ។ អាស្រ័យហេតុនេះ សូមសម្តេច ក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ ជ្រាបជាព័ត៌មាន”។
ពាក់ព័ន្ធនឹងការប្រកាសរំលាយគណបក្សសិទ្ធិមនុស្ស ខាងលើនេះ លោកសឺន សូប៊ែរ្តិ៍ បានបញ្ជាក់ប្រាប់ “នគរធំ” នៅល្ងាចថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៧ ថា មូលហេតុដែលរំលាយ គណបក្សសិទ្ធិមនុស្ស ដោយសារគណបក្សនេះ នៅមានតែឈ្មោះ ឯសមាជិកទាំងថ្នាក់ជាតិ និង ថ្នាក់មូលដ្ឋាន បានទៅចូលរួមក្នុងគណបក្សសង្គ្រោះជាតិ អស់ ហើយពេលនេះគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយចោលដោយសាលដីកាស្ថាពររបស់តុលាការកំពូល ខណៈដែល លោកកឹម សុខា ក៏ជាប់ពន្ធនាគារ និងផ្អាកសកម្មភាពធ្វើនយោបាយ រយៈពេល៥ឆ្នាំទៅហើយ តើ ទុកឈ្មោះគណបក្សសិទ្ធិមនុស្ស មានន័យអ្វីទៀត? មានតែប្រកាសរំលាយចោល។
លោកសឺន ស៊ូប៊ែរ្តិ៍ បានមានប្រសាសន៍ ថា “គណបក្សសិទ្ធិមនុស្ស បានសម្រេចតាំងពី យូរណាស់ហើយ តាំងពីអាណត្តិមុននោះ ៥ឆ្នាំ មុនយ៉ាងតិច ពេលដែលផ្ទេរប្រធានពីឯកឧត្តម កឹម សុខា មកខ្ញុំហ្នឹង គឺគណបក្សហ្នឹងជាគណបក្សមួយចាំយាម ដើម្បីឱ្យសមាជិកគណបក្ស សិទ្ធិមនុស្ស ហ្នឹង ដែលជាប់ឆ្នោតជាឃុំ-សង្កាត់ នឹងចូលរួមទៅក្នុងគណបក្សសង្គ្រោះជាតិ ព្រោះ សមាជិកទាំងអស់ហ្នឹង ឥឡូវហ្នឹងគេចូលទៅក្នុង គណបក្សសង្គ្រោះជាតិ ទៅហើយ ដូចគណបក្សសម រង្ស៊ី កាលហ្នឹងក៏អ៊ីចឹងដែរ ដែលគេស្ថិត នៅ ដោយសារតែរឿងមិនទាន់បានចូលក្នុង សង្គ្រោះជាតិ។ ចាប់ពីបោះឆ្នោតមុននេះ តូនាទី យើងចង់សព្វគ្រប់ហើយ គឺធម្មតា ទុកសិទ្ធិឱ្យ គេចូលទៅក្នុងគណបក្សសសង្គ្រោះជាតិ ទាំង អស់ហ្នឹង។ ដូច្នេះបើនៅឈរឈ្មោះ វាអត់ន័យ ព្រោះយើងនាំគ្នាចូលគណបក្សសង្គ្រោះជាតិ ហើយ ប៉ុន្តែចៃដន្យ ដោយសារមានគេខ្លាចថា គណបក្សហ្នឹង (សង្គ្រោះជាតិ) អាចមានឥទ្ធិពលយ៉ាងម៉េច គេនាំគ្នាបំបាត់ខុសច្បាប់ អយុត្តិធម៌ និងមិនសមនឹងរដ្ឋធម្មនុញ្ញោសាះ”។
លោកសឺន ស៊ូប៊ែរ្តិ៍ បន្តថា “យើងបាន បំពេញតួនាទីយើងដោយសកម្ម ហើយបាននាំ ឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរយើងហ្នឹងដឹងពីគោលបំណងរបស់យើង ពីលទ្ធិប្រជាធិបតេយ្យ ពីតួនាទី នៃបងប្អូនប្រជាពលរដ្ឋហ្នឹង ដើម្បលទ្ធិប្រជាធិបតេយ្យ។ យើងបានបង្ហាត់បង្រៀន បានបំពេញ តួនាទីទាំងអស់ហ្នឹង ហើយយើងអត់មានអីទៅ សោកស្តាយ ព្រោះយើងចង់បានស្អីមួយដែល ឱ្យប្រជាពលរដ្ឋហ្នឹងរួមគ្នាទាំងអស់ ផ្សះផ្សាជាតិ។ ឥឡូវហ្នឹងរបៀបនយោបាយថ្មី គេហ្នឹងបំបាត់ នេះ បំបាត់នោះហ្នឹង មិនមែនជាលទ្ធិប្រជាធិបតេយ្យ ហើយមូយទៀត មិនមែនជាការផ្សះផ្សា ជាតិ ដើម្បីទប់ទល់នឹងបរទេស ដែលបរទេស គេចង់បាន ហើយគ្រប់វិស័យហ្នឹង សេដ្ឋកិច្ច ទឹកដី ស្អីៗហ្នឹង តែខ្មែរឈ្លោះគ្នាវាទៅអ៊ីចឹង។ អ្នក ណាក៏ដឹងដែរ ជាង៣លាននាក់ដែលគាំទ្រ មាន សិទ្ធិអីទៅធ្វើអ៊ីចឹង មានស្រុកណាទៅប្រព្រឹត្ត អ៊ីចឹងបានមានតែស្រុកយើងហ្នឹងមិនដែលឃើញ។ ប្រជាពលរដ្ឋត្រូវតែឃ្លាំមើលរឿងហ្នឹង គឺពួកអស់លោកហ្នឹងចង់បានលទ្ធិប្រជាធិបតេយ្យ ឬ របបផ្តាច់ការប៉ុល ពត ដូចកាលពីមុនហ្នឹង កាល ណាមានគ្រោះថ្នាក់ដល់អាយុជីវិតប្រទេសជាតិ ប្រជាពលរដ្ឋរត់ចោលអស់ហើយ អ្នកនេះក៏ អ៊ីចឹងដែរ ថ្ងៃណាមួយដែលអត់មានផ្សះផ្សាជាតិ អត់មានរួបរួមជាតិ មិនមែនរូបរូមដោយបង្ខំទេ រួបរួមដោយមតិសេរីភាពរបស់គេ បើមិនអ៊ីចឹង ទេ គ្រោះថ្នាក់ដល់ប្រទេសជាតិយើង”។
លោកសឺន ស៊ូប៊ែរ្តិ៍ បន្តទៀតថា “ចំពោះ ឯកឧត្តមកឹម សុខា តាំងពីដើមទីមក លោក ក៏ដឹងដែរ ពេលដែលលោកចូលទៅសង្គ្រោះជាតិ ហ្នឹង លោកនាំគណបក្សសិទ្ធិមនុស្ស ចូលទៅដល់ ហ្នឹង ហើយម៉្យាងទៀត ដូចខ្ញុំបានជម្រាប អ្វីដែល យើងស្ថិតនៅបាន ដោយសារយើងចង់បញ្ចូល ឃុំ-សង្កាត់ហ្នឹងទៅក្នុងសង្គ្រោះជាតិ។ ឥឡូវ តួនាទីហ្នឹងបានបំពេញហើយ ដូច្នេះមានឈ្មោះ សិទ្ធិមនុស្សបានប្រយោជន៍អី? ខ្ញុំជួយឯកឧត្តម កឹម សុខា តិចប្រហែលបន្តិចទៀតហ្នឹង គេចោទ ខ្ញុំដៃជើងក្បត់ជាតិណាទៀតហើយ តែពួកខ្លួន ឯងហ្នឹងក្បត់ជាតិ។ ប៉ុន្តែសតិសម្បជញ្ញៈខ្ញុំជ្រះថ្លា ខ្ញុំអត់ទៅខ្លាចអ្នកណាចោទទេ”។
នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ ទំព័រ ហ្វេសប៊ុកលោកកឹម សុខា ដែលត្រូវបានដឹង ថា ត្រូវបានកញ្ញាកឹម មនោវិទ្យា កូនស្រីច្បង របស់លោកកឹម សុខា ប្រើប្រាស់ជំនួសនោះ បានសរសេរពាក់ព័ន្ធនឹងការរំលាយគណបក្សសិទ្ធិមនុស្ស នេះថា “គណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណបក្សសិទ្ធិមនុស្ស បានសម្រេចរំលាយ គ.ស.ម ដោយឈរលើគោលការណ៍ ៣យ៉ាង ៖
១-ដើម្បីបញ្ជាក់ពីជំហរនៃការរួបរួមក្រោម ផ្លាកគណបក្សសង្គ្រោះជាតិ តែមួយគត់ មិនមាន ការបែកបាក់របស់អ្នកប្រជាធិបតេយ្យ និង អ្នកជាតិនិយម។
២-មិនធ្វើតាមអ្វីដែលគូប្រកួតឱ្យយើង ដើរ គឺក្រោយពីការរំលាយគណបក្សសង្គ្រោះជាតិ គេមានបំណងឱ្យយើងបែកគ្នាទៅរកគណបក្សចាស់រៀងៗខ្លួន។
៣-គោរពឆន្ទៈរបស់ប្រជាពលរដ្ឋ និង ម្ចាស់ឆ្នោត ជាង៣លាននាក់ ដោយនៅជាមួយ គណបក្សសង្គ្រោះជាតិ”។
នៅថ្ងៃដដែលនោះដែរ កញ្ញាកឹម សម្មាធីតា កូនស្រីច្បងទី២ របស់លោកកឹម សុខា បានសរសេរក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ នាងថា “ស្របនឹងឆន្ទៈលោកកឹម សុខា ដែល ផ្តោតទៅលើគណបក្សសង្គ្រោះជាតិ តែមួយ គណៈកម្មាធិការអចិន្ត្រៃយ៍នៃគណបក្សសិទ្ធិមនុស្សសម្រេចស្នើសូមរំលាយគណបក្សសិទ្ធិមនុស្ស ចាប់ពីពេលនេះតទៅ”៕
កុលបុត្រ