Thursday, January 16, 2025
Homeព័ត៌មានជាតិហេតុម្តេចក៏ទុកដល់បែបនេះ! ពស់ចឹកជើង ឱ្យគ្រូខ្មែរស្តោះផ្លុំ រហូតរលួយសល់តែឆ្អឹង

ហេតុម្តេចក៏ទុកដល់បែបនេះ! ពស់ចឹកជើង ឱ្យគ្រូខ្មែរស្តោះផ្លុំ រហូតរលួយសល់តែឆ្អឹង

ខេត្តកំពង់ឆ្នាំង ៖ ស្ត្រីម្នាក់ត្រូវបានសត្វពស់មានពិសចឹកចំជើង បណ្តាលឱ្យរងរបួសធ្ងន់ និងត្រូវបានក្រុមគ្រួសារដឹកទៅឱ្យគ្រូខ្មែរព្យាបាលតាមបែបបុរាណ (ស្តោះផ្លុំ) ជាច្រើនថ្ងៃ តែមិនបានធូរស្រាលសោះ ផ្ទុយទៅវិញអាការៈកាន់តែធ្ងន់ធ្ងរ ដោយជើងត្រូវហើមរលួយសល់តែឆ្អឹង ទើបភ័យឆោឡោ ដឹកបញ្ជូនមកកាន់មន្ទីរពេទ្យ ដើម្បីឱ្យក្រុមគ្រូពេទ្យជំនាញជួយ តែហួសពេលទៅហើយ ដោយជើងស្ត្រីរងគ្រោះ ត្រូវប្រឈមនឹងការកាត់ចោលមួយកំណាត់។

ស្ត្រីរងគ្រោះដែលត្រូវពស់ចឹកខាងលើ ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនមកកាន់មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨។

ស្ត្រីរងគ្រោះដែលត្រូវពស់ចឹកមានឈ្មោះជ័យ សម្បត្តិ អាយុ៥៣ឆ្នាំ មុខរបរកសិករ រស់នៅជាមួយម្តាយមីងជាស្ត្រីមេម៉ាយចាស់ជរា ឈ្មោះជ័យ យ៉ាត អាយុ៧៥ឆ្នាំ មានលំនៅក្នុងភូមិក្បាលដំរី ឃុំច្រេស ស្រុកកំពង់ត្រឡាច។

តាមប្រភពពីក្រុមគ្រួសារស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ (មិនចាំថ្ងៃ) ស្ត្រីជនរងគ្រោះឈ្មោះជ័យ សម្បត្តិ បានដើរចេញពីផ្ទះនៅពេលយប់ សំដៅទៅសាលាបុណ្យភូមិ ក៏ស្រាប់តែត្រូវសត្វពស់មួយក្បាលចឹកនៅតាមផ្លូវ។ ក្រោយពីត្រូវពស់ចិកឹភ្លាមៗ ស្ត្រីរងគ្រោះមិនបានទៅមន្ទីរពេទ្យនោះទេ រហូតដល់ជើងហើមកាន់តែធំ ក៏បែរជាទៅរកគ្រូខ្មែរ ដើម្បីព្យាបាលតាមវិធីបុរាណស្តោះផ្លុំទៅវិញ។ លុះក្រោយពីឱ្យគ្រូខ្មែរស្តោះផ្លុំជាច្រើនថ្ងៃ ឃើញថា មិនបានធូរស្បើយសោះ ផ្ទុយទៅវិញជើងកាន់តែហើមធំទៅៗប្រេះ ទើបធ្វើឱ្យមានការព្រួយបារម្ភទៅរកគ្រូពេទ្យ នៅមន្ទីរពេទ្យខេត្តដើម្បីព្យាបាលវិញម្តង។

ប្រភពដដែលបន្តថា នៅពេលទៅដល់មន្ទីរពេទ្យ គ្រូពេទ្យពិនិត្យរួច បានបញ្ជាក់ថា ពិសជ្រាបខ្លាំង ហើមខ្លាំង មិនអាចមើលកើតទេ ត្រូវបញ្ជូនទៅព្យាបាលនៅភ្នំពេញ។ លុះពេលទៅដល់ពេទ្យភ្នំពេញព្យាបាលបានបន្តិច ក៏យកត្រឡប់មកមើលនៅផ្ទះវិញ ធ្វើឱ្យជើងម្ខាងនោះ កាន់តែហើមរលួយខ្លាំងឡើងៗ រហូតសល់តែឆ្អឹង ទើបនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ ក៏ត្រូវក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។

តាមប្រភពពីក្រុមគ្រូពេទ្យជំនាញ បានបង្ហើបប្រាប់ថា ស្ត្រីរងគ្រោះខាងលើ ប្រឈមនឹងត្រូវកាត់ជើងចោលមួយកំណាត់ ដើម្បីសង្គ្រោះជីវិត ព្រោះតែស្ត្រីរងគ្រោះ បានទុកឱ្យស្ថានភាពជំងឺធ្ងន់ធ្ងរ ដល់ដំណាក់កាលហួសពេលទៅហើយ (ជើងរលួយសល់តែឆ្អឹង) ទើបបញ្ជូនមកមន្ទីរពេទ្យ។

យ៉ាងណា ពេលនេះក្រុមគ្រូពេទ្យជំនាញ កំពុងតែខ្នះខ្នែងព្យាបាល និងសង្គ្រោះស្ត្រីរងគ្រោះហើយ។
តាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្បែខាងស្ត្រីរងគ្រោះ បានប្រាប់ថា ស្ត្រីរងគ្រោះរស់នៅក្នុងជីវភាពក្រីក្រ លំបាកវេទនាណាស់ រកព្រឹកខ្វះល្ងាច ហើយថែមទាំងមានគ្រោះថ្នាក់បែបនេះទៀត មិនដឹងជាយ៉ាងណានោះទេ។

ជាមួយនេះ ស្ត្រីរងគ្រោះ បានលើកដៃសំពះអំពាវនាវដល់សប្បុរសជន មេត្តាជួយឧបត្ថម្ភសង្គ្រោះជីវិតគាត់ផង ព្រោះពេលនេះគាត់មិន មានទីពឹងអ្វីទាំងអស់ សូម្បីលុយកាក់ព្យាបាលក៏មិនមាន និងត្រូវប្រឈមនឹងការកាត់ជើងចោលម្ខាងទៀត មិនដឹងថា ទៅថ្ងៃមុខ នឹងរស់នៅ វេទនាបែបណានោះទេ៕

RELATED ARTICLES