Thursday, January 16, 2025
Homeព័ត៌មានជាតិគួរឲ្យអាណិតណាស់!!! លោកយាយអាយុ១០៧ឆ្នាំ មិនសុំអ្វីច្រើនទេ សុំត្រឹមក្តារមឈូស ទុកគ្រាន់ចូលទៅសម្រាន្ត កុំឲ្យរងា

គួរឲ្យអាណិតណាស់!!! លោកយាយអាយុ១០៧ឆ្នាំ មិនសុំអ្វីច្រើនទេ សុំត្រឹមក្តារមឈូស ទុកគ្រាន់ចូលទៅសម្រាន្ត កុំឲ្យរងា

ខេត្តកំពត ៖ ដូនចាស់រូបនេះ មានអាយុវែងខ្លាំងណាស់ ដល់ទៅ១០៧ឆ្នាំទៅហើយ ចំណែកសុខភាពក៏ទ្រុឌទ្រោម ឈឺដេកដួលលើកន្ទេល ក្រោកមិនរួច និងត្អូញត្អែរថា ចាញ់រងាខ្លាំងណាស់ ពេលអាកាសធាតុចុះត្រជាក់បន្តិច គាត់ចាប់ផ្តើមឈឺសព្វពេញខ្លួនប្រាណស្ទើរទ្រាំមិនបាន ហើយគាត់មានបំណងប្រាថ្នាចុងក្រោយមួយ គឺចង់បានមឈូសមួយទុកគ្រាន់សម្រាន្តក្នុងនោះ ដើម្បីកុំឱ្យរងា។

លោកយាយដែលមានអាយុវែងរហូតដល់ទៅ១០៧ឆ្នាំរូបនេះ មានឈ្មោះយាយម៉ម សព្វថ្ងៃរស់នៅភូមិដំណាក់សុក្រំ ឃុំស្នាយអញ្ជិត ស្រុកជុំគិរី។

ដោយសារតែវ័យកាន់តែជរា ជំងឺរួមរឹតកាន់តែច្រើន ចំណែកការចងចាំក៏មិនសូវមាន ទើបលោកយាយមិនអាចរៀបរាប់ពីខ្សែជីវិតដោយផ្ទាល់បានឡើយ ដោយមានកូនស្រីលោកយាយម្នាក់ជាអ្នករៀបរាប់ជំនួសថា លោកយាយមានប្តីឈ្មោះតាលុយ រួមរស់ជាប្តីប្រពន្ធនឹងគ្នា តាំងពីដើមរៀងមក បង្កើតបានកូន៣នាក់ (ប្រុស១ ស្រី២)។ តាំងពីចាប់ដៃគ្នាមក លោកយាយនិងប្តីធ្វើតែស្រែចិញ្ចឹមជីវិត និងកូនៗរហូតមក ចំណែកការហូបចុក មិនសូវសម្បូរហូរហៀរប៉ុន្មានឡើយ ពោលគឺតាមបែបជីវិតរបស់អ្នកស្រុកស្រែចម្ការ ហូបតែក្តាមខ្យង បន្លែ ច្រើនជាងសាច់គោ សាច់មាន់។

កូនស្រីលោកយាយអាយុ១០៧ឆ្នាំ បន្តថា ម្តាយរបស់គាត់បានធ្លាក់ខ្លួនមេម៉ាយ ដោយសារប្តីឈឺស្លាប់ចោល ហើយគាត់ត្រូវទទួលរែកពន់ចិញ្ចឹមកូនទាំង៣នាក់ ទាំងត្រដាបត្រដួស ដោយប្រឹងដើរស៊ីឈ្នួលជួលព័ទ្ធកម្លាំងគេផង ធ្វើស្រែចម្ការផង ប្រឹងចិញ្ចឹមកូនរហូតដល់ធំធាត់ មានប្តីប្រពន្ធរៀងៗខ្លួនអស់។ លោកយាយទើបនឹងធ្លាក់ខ្លួនឈឺដេកដួលលើកន្ទេល ក្នុងចន្លោះពេល២-៣ឆ្នាំចុងក្រោយនេះទេ ដោយគាត់មានជំងឺជាច្រើនមុខក្នុងខ្លួន ដោយមានអាការៈចុកចាប់ ដូចគេយកម្ជុលចាក់ពេញក្នុងខ្លួន ហើយពិសេសឱ្យតែមានមេឃភ្លៀង ឬធាតុអាការចុះត្រជាក់ម្តងៗ លោកយាយតែងដេកស្រែកថ្ងូរគួរឱ្យសង្វេគ និយាយរួម គឺលោកយាយចាញ់អាកាសធាតុត្រជាក់រងាខ្លាំងណាស់។

កូនស្រីលោកយាយម៉ម បានឱ្យដឹងទៀតថា ជួនពេលខ្លះលោកយាយមានកម្លាំងអាចក្រោកអង្គុយដោយខ្លួនឯងបាន និយាយបាន គាត់តែងនិយាយថា គាត់ចង់បានមឈូស និងគ្រឿងបន្លុងមកទុកមើលឱ្យហើយ ព្រោះមនុស្សម្នាក់ៗគ្មានអ្នកណាគេចផុតពីរឿងស្លាប់នោះទេ។ មិនតែប៉ុណ្ណោះ លោកយាយថែមទាំងបានពោលទៀតថា ប្រសិនបើគាត់មានមឈូសមួយយកមកតម្កល់ទុកនៅផ្ទះ លោកយាយនឹងចូលទៅសម្រាន្តនៅក្នុងមឈូសនោះតែម្តង ដើម្បីការពារកុំឱ្យរងា។

ប្រជាពលរដ្ឋដែលរស់នៅជិតខាង បានលើកឡើងដូចៗគ្នាថា នៅក្នុងស្រុកជុំគិរីនេះ គ្មានអ្នកណាម្នាក់អាយុវែងស្មើលោកយាយម៉ម ឡើយ ហើយកាលពីមុនមិនទាន់ធ្លាក់ខ្លួនឈឺដេកកន្ទេល លោកយាយតែងដើរទៅវត្តជារៀងរាល់ថ្ងៃសីល ហើយគាត់គឺជាមនុស្សចាស់ដែលគួរឱ្យគោរពស្រលាញ់ណាស់ មិនធ្លាប់បង្កបញ្ហាជាមួយអ្នកជិតខាងណា ឬសូម្បីសម្តីធំតូចក៏គ្មានជាហេតុធ្វើឱ្យអ្នកស្រុកភូមិអាណិតស្រលាញ់ តែងជូនលុយកាក់ នំចំណី បាយទឹកដល់លោកយាយមិនសូវដាច់។

យ៉ាងណាក្តី ពួកគាត់សូមអំពាវនាវដល់សប្បុរសជនជិតឆ្ងាយ មេត្តាជួយឧបត្តម្ភដល់លោកយាយម៉ម ផង ព្រោះគាត់សព្វថ្ងៃរស់នៅ លំបាកវេទនាខ្លាំងណាស់ កូនចៅសុទ្ធតែទីទ័លក្រ សង់កូនខ្ទមមួយឱ្យលោកយាយស្នាក់នៅក្បែរផ្ទះ គ្រាន់បានមើលថែបម្រើទឹកក្តៅត្រជាក់ តែការហូបចុកមិនសូវគ្រប់គ្រាន់ប៉ុន្មានទេ ដោយសារជីវភាពក្រីក្រពេក។ ជាមួយនេះ សូមឱ្យសប្បុរសជនជួយបរិចាគជាទេយ្យទានមឈូស និងគ្រឿងបន្លុងដល់លោកយាយផងចុះ ព្រោះធ្វើបុណ្យទាន់ខែភ្លឺ៕

RELATED ARTICLES